កង្វះអាហារូបត្ថម្ភគឺជាមូលហេតុធំបំផុតតែមួយគត់ដែលបណ្តាលអោយមានកុមារជាច្រើននាក់ ត្រូវបានស្លាប់លើពិភពលោក។ អាហារូបត្ថម្ភ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សាពាង្គកាយមនុស្សឲ្យបានរីកធំធាត់ និងមានសុខភាពល្អប្រសើរ។ កាលណាបើមនុស្សគ្រប់រូប ទទួលបាននូវការបរិភោគអាហាររូបត្ថម្ភបានគ្រប់គ្រាន់ នោះការកើតមានជម្ងឺក៏ត្រូវបានកាត់បន្ថយផងដែរ។ ជាពិសេសការផ្គត់ផ្គង់អាហារូបត្ថម្ភសម្រាប់កុមារ និងយុវវ័យ ព្រោះថា កុមារ និងយុវវ័យត្រូវការអាហារូបត្ថម្ភទាំងនោះទៅចិញ្ចឹមសារពាង្គកាយ។
កុមារ ក្មេងជំទង់មួយចំនួននៅក្នុងប្រទេសកម្ពុជាជាច្រើន ត្រូវបានប្រឈមមុខនឹងបញ្ហាផ្សេងៗ ចំពោះសុខភាពដែលបណ្តាលមកពីកត្តាកង្វះអាហាររូបត្ថម្ភ។ បញ្ហាដែលកុមារ និងក្មេងជំទង់ តែងតែជួបប្រទះគឺ កើតមុនលើមុខ រាងកាយស្គមស្គាំង ធាត់ជ្រុល ជម្ងឺកង្វះអាហារូបត្ថម្ភរុំារ៉ៃ និងកើតមានជម្ងឺញឹកញាប់ជាដើម ដែលការណ៍នេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព រាងកាយរបស់គេមានបញ្ហា។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឲ្យមានភាពប្រសើរឡើងវិញនោះ គេហទំព័រ សុខភាពកម្ពុជា សូមជម្រាបជូនប្រិយមិត្តអ្នកអានអំពីរបបនៃការទទួលទានអាហាររូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់អស់លោកអ្នក ដូចខាងក្រោម ៖
1.ត្រូវបរិភោគអាហារឲ្យបានច្រើនប្រភេទ៖ លោកអ្នក ត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវដោយជ្រើសរើសអាហារឲ្យបានច្រើនប្រភេទ (អាហារទាំង ៣ក្រុម) និងជាតិទឹកចំនួន ៨ កែវក្នុងមួយថ្ងៃ នោះពិតជាជួយឲ្យអ្នកមានសុខភាពល្អ និងកម្លាំងមាំមួន ។
2. តមអាហារសំបូរជាតិសូដ្យូម៖ លោកអ្នកមិនត្រូវបរិភោគអាហារណាដែលមានជាតិសូដ្យូមច្រើនពេកនោះទេ ព្រោះវាអាចបណ្តាលឲ្យមានជម្ងឺបេះដូង និងលើសឈាម។ ការបរិភោគអាហារដែលមានជាតិសូដ្យូមច្រើន អាចធ្វើឲ្យសំពាធឈាមឡើងដែលនាំឲ្យប៉ះពាល់ដល់សរសៃខួរក្បាល មានជម្ងឺប្រកាំងឈឺមួយចំហៀងក្បាល ។ លោកអ្នកអាចកាត់បន្ថយជាតិសូដ្យូមបានដោយកុំទម្លាប់បរិភោគអាហារប្រៃពេក ចម្អិនអាហារដោយដាក់អំបិល ឬទឹកត្រីតិច និងស្វែងយល់ពីសេចក្តីណែនាំដែលមាននៅលើកំប៉ុង រឺកញ្ចប់អាហារ ដើម្បីឲ្យដឹងពីចំនួនសូដ្យូមដែលមាននៅក្នុងអាហារទាំងនោះ។
3.គ្រប់គ្រងបរិមាណស្ករ៖ លោកអ្នកមិនត្រូវបរិភោគស្ករច្រើនទេ ព្រោះស្ករអាចបណ្តាលឲ្យពុកធ្មេញ បើសិនជាលោកអ្នកមិនដុសសម្អាតធ្មេញ ក្រោយពេលបរិភោគស្កររួច។ ស្ករបង្កើតបានជាអាស៊ីតដែលងាយបណ្តាលឲ្យមានជម្ងឺបេះដូង។ ដើម្បីកាត់បន្ថយបរិមាណជាតិស្ករ អ្នកត្រូវបរិភោគផ្លែឈើស្រស់ឲ្យបានច្រើន។ អ្នកមិនត្រូវផឹកទឹក្រូច (កំប៉ុង ដប) បរិភោគបង្អែម នំផ្អែមច្រើនឡើយ (អាចនាំឲ្យមានជម្ងឺទឹកនោមផ្អែម)។
4.ការរក្សាទម្ងន់រាងកាយ៖ ទម្ងន់ដែលលោកអ្នកចង់បានគឺជាទម្ងន់ដែលសមស្របទៅនឹងអាយុ ភេទ កម្ពស់ និងទំហំខ្លួន។ បរិមាណរបស់ជាលិកាខ្លាញ់និងសាច់ បង្កើតបានជាកោសិការបស់សារពាង្គកាយ។ នៅពេលបរិមាណខ្លាញ់ក្នុងខ្លួនតិច អ្នកអាចរក្សាទម្ងន់ របស់អ្នកបាន ខ្លួនអ្នកនឹងមានភាពរឹងប៉ឹង ហើយអាយុនឹងកើនឡើង ។
៥.ត្រូវតមអាហារមានជាតិខ្លាញ់ច្រើន៖ ការបរិភោគខ្លាញ់ច្រើន នាំឲ្យមានជម្ងឺមហារីក និងអាចបណ្តាលឲ្យឡើងទម្ងន់ទៀតផង ។
6.ត្រូវបរិភោគអាហារសំបូរជាត់គ្លុយស៊ីត៖ លោកអ្នកត្រូវបន្ថយការបិរិភោគអាហារមានជាតិខ្លាញ់ តែលោកអ្នកត្រូវបរិភោគអាហារដែលសំបូរជាតិគ្លុយស៊ីតវិញ ដើម្បីរក្សាថាមពលក្នុងខ្លួន និងអាចរក្សាទម្ងន់អ្នកឲ្យស្ថេរ ។ ជាតិគ្លុយស៊ីតច្រើនមាននៅក្នុង ស្រូវ ពោត គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ ។
7.គ្រប់គ្រងការពិសារជាតិស្រវឹង៖ គ្រឿងស្រវឹងមានថាមពលខ្ពស់ តែមានសារធាតុចិញ្ចឹមទាប។ ពេលផឹកគ្រឿងស្រវឹងចូល ជីវជាតិក្នុងខ្លួននឹងថយចុះ។ អ្នកផឹកគ្រឿងស្រវឹងរាល់ថ្ងៃពុំមានជីវជាតិបេគ្រប់គ្រាន់ទេ ។ គ្រឿងស្រវឹងអាចធ្វើឲ្យប្រព័ន្ធសរសៃប្រសាទចុះខ្សោយ បំផ្លាញកោសិកាខួរក្បាល និងបណ្តាលឲ្យមានជម្ងឺរលាកថ្លើម ក្រលៀន បេះដូង និងប៉ះពាល់ដល់សម្ពាធឈាម។
ការបរិភោគអាហារឲ្យបានត្រឹមត្រូវ គឺជាអាហាររូបត្ថម្ភមួយប្រភេទដែលជួយឧបត្ថម្ភដល់រាងកាយរបស់អស់លោកអ្នក។
ដូច្នេះដើម្បីឲ្យដឹងថា លោកអ្នកបានបរិភោគអាហារគ្រប់គ្រាន់ឬនៅ លោកអ្នកត្រូវពិនិត្យទម្ងន់ឲ្យបានដឹងជាមុនថាតើ លោកអ្នកធ្ងន់ពេក រឺស្រាលពេក។ បើសិនជាលោកអ្នកមានទម្ងន់មិនសមស្រប លោកអ្នកត្រូវកត់ត្រាអាហារដែលលោកអ្នកបានបរិភោគប្រចាំថ្ងៃ ពីព្រោះការបរិភោគ អាហារគ្រប់ប្រភេទមានសារប្រយោជន៍បំផុតសម្រាប់កូនរបស់លោកអ្នក រួមទាំងក្រុមគ្រួសារ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១២
Leave a Reply