រដូវគឺជាផ្លូវបង្ហាញពីសុខភាពរបស់ស្ដ្រី។ មានស្ដ្រីមួយចំនួនជួបប្រទះអាការឈឺចុកចាប់ម្ដុំខាងក្រោមពោះនៅពេលមករដូវ ហើយជួនកាលធ្វើឱ្យគាត់ពិបាកទ្រាំជាខ្លាំង។ ម្យ៉ាងទៀតវាអាចបង្កនូវផលរំខានដល់ការងារប្រចាំថ្ងៃទៀតផង។ ការឈឺចាប់នេះចាំ បាច់ត្រូវតែរកដើមចមដើម្បីធ្វើការព្យាបាលទើបអាចទទួលបានជោគជ័យ។ តើការឈឺចាប់នៅពេលមករដូវនេះកើតឡើងដោយសារ អ្វី?
លោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធអនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតចូលរួមបកស្រាយបំភ្លឺជូនសុភាពនារីទាំងអស់ អំពីបញ្ហាដែលទាក់ទងនឹងការឈឺចាប់នៅពេលមករដូវ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ឈឺចាប់នៅពេលមករដូវអាចជារោគសញ្ញានៃជម្ងឺ
ការឈឺចាប់នៅពេលមករដូវនេះត្រូវបានចែកចេញជាពីរប្រភេទ គឺការឈឺចាប់ធម្មតា និងការឈឺចាប់មិនធម្មតា។
1. ការឈឺចាប់ធម្មតា ៖ នៅពេលមករដូវ ស្ដ្រីអាចមានការឈឺចាប់បន្ដិចបន្ដួចនៅមុនពេលមករដូវមួយថ្ងៃនោះមិនមាន បញ្ហាអ្វីដែលគួរឱ្យចាប់អារម្មណ៍ទេ អាការទាំងនេះនឹងបាត់ទៅនៅថ្ងៃដែលឈាមរដូវធ្លាក់មក។ ការឈឺចាប់បែបនេះច្រើនកើតមាន លើស្ដ្រីវ័យក្មេងដែលមិនទាន់បានឆ្លងកាត់ការរួមភេទ និងការសម្រាលកូន។
2. ការឈឺចាប់មិនធម្មតា ៖ ភាគច្រើនកើតឡើងចំពោះស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ និងការសម្រាលកូន។ ការឈឺ ចាប់ខ្លាំងនៅពេលមករដូវ ដែលជួនកាលធ្វើឱ្យស្ដ្រីទ្រាំមិនបាន ហើយអាចសន្លប់បាត់ស្មារតីក៏មានដែរ។ ចំពោះស្ដ្រីដែលកាលពីមុនមិន ធ្លាប់មានការឈឺចាប់ ហើយទើបតែចាប់ផ្ដើមឈឺចាប់នៅពេលនេះអាចជារោគសញ្ញានៃជម្ងឺអង់ឌីម៉ែតទីយ៉ូ។ មានន័យថាកោសិកាអង់ដូម៉ែតដែលធ្លាប់នៅក្នុងស្បូនហើយមានតួនាទីបញ្ចេញឈាមរដូវមកក្រៅបានទៅទំនៅនឹងដៃស្បូន ឬក្រៅស្បូន ជាហេតុធ្វើឱ្យ ឈាមរដូវបញ្ចេញមិនបានល្អ នាំឱ្យស្អិតបង្កឱ្យមានការឈឺចាប់។
មូលហេតុដែលបង្កឱ្យមានការឈឺចាប់
មានហេតុផលជាច្រើនផ្សេងៗគ្នាកើតឡើងពីការឈឺចាប់នៅពេលមករដូវ។
- ដោយសារស្បូនរបស់ស្ដ្រីនោះមានភាពមិនប្រក្រតី ជាហេតុធ្វើឱ្យដំណើរនៃការធ្លាក់ឈាមរដូវមិនបានល្អ
- ដោយសារការកន្ដ្រាក់របស់សាច់ដុំស្បូនដែលធ្វើឱ្យចរន្ដឈាមដែលហូរទៅចិញ្ចឹមស្បូនមិនបានគ្រប់គ្រាន់ធ្វើឱ្យមានការ ចុកចាប់នៅក្នុងស្បូន
- ការកន្ដ្រាក់សាច់ដុំស្បូនទាក់ទងដល់ការបញ្ចេញអ័រម៉ូន បញ្ចេញអុកស៊ីតូស៊ីន អុកម៉ាប្លង់បីននៅពេលមករដូវម្ដងៗ
- នៅក្នុងស្បូនស្ដ្រីមានដុះសាច់ដែលជាហេតុនាំឱ្យមានការឈឺចាប់
- ស្ដ្រីដែលប្រើមធ្យោបាយពន្យារកំណើតដោយការដាក់កងក្នុងស្បូន នៅពេលមករដូវអាចមានការឈឺចាប់ជាងស្ដ្រីធម្មតា
- ស្ដ្រីដែលធ្លាប់រំលូតកូនហើយ មានការប៉ះទង្គិចទៅនឹងជញ្ជាំងស្បូនដោយសារការកោសយកកូនចេញក៏អាចធ្វើឱ្យមាន ការឈឺចាប់នៅពេលមករដូវដែរ។
ការព្យាបាលការឈឺចាប់នៅពេលមករដូវ
ការព្យាបាលចាំបាច់ត្រូវធ្វើឡើងដោយយោងទៅតាមមូលហេតុបង្ក។ គ្រូពេទ្យជំនាញខាងរោគស្ដ្រីនឹងធ្វើការព្យាបាលទៅ តាមលក្ខណៈនៃការឈឺចាប់។ មានកត្ដាបន្ទាប់បន្សំមួយចំនួនដែលស្ដ្រីអាចជួយខ្លួនឯងនៅពេលដែលមានការឈឺចាប់ ដូចជាអាចប្រើ ថ្នាំបន្ថយការឈឺចាប់ និងប្រើទឹកក្ដៅស្អំនៅបរិវេណខាងក្រោមពោះអាការឈឺចាប់អាចកាត់បន្ថយបានមួយកម្រិត។ ទោះបីជាយ៉ាងណាប្រការដែលល្អបំផុតសម្រាប់លោកស្រីអ្នកនាងកញ្ញាគឺការពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
ផលប៉ះពាល់នៃការឈឺចាប់នៅពេលមករដូវ
ក្រៅពីមានបញ្ហាផ្នែកសុខភាពហើយនោះ ការឈឺចាប់នៅពេលមករដូវអាចធ្វើឱ្យមានការរំខានមួយចំនួនទៀតដូចជាប៉ះ ពាល់ដល់ការសិក្សារៀនសូត្រ(ចំពោះស្ដ្រីវ័យក្មេងកំពុងសិក្សា) ធ្វើឱ្យរាំងស្ទះដល់ការងារប្រចាំថ្ងៃខាតពេលវេលានិងខាតថវិកាទៀត ផង ចំពោះស្ដ្រីដែលបំពេញការងារ។ ជាងនេះទៅទៀតប្រសិនបើក្នុងករណីធ្ងន់ធ្ងរអាចមានជម្ងឺផ្សេងៗមួយចំនួនទៀត។
ដំបូន្មានអ្នកជំនាញ
សូមគ្រប់ស្ដ្រីទាំងអស់នៅពេលមានអាការមិនប្រក្រតីនៅពេលមករដូវ សូមប្រញាប់រួសរាន់ទៅរកពេទ្យជំនាញជាពិសេស ចំពោះអ្នកម្ដាយទាំងឡាយដែលមានកូនស្រី។ សូមកុំអៀនខ្មាសឱ្យសោះព្រោះភាពខ្មាសអៀនមិនអាចជួយបំបាត់ការឈឺចាប់បាន ឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply