របៀប​ថែទាំ​ទារក​ភ្លោះ​៨យ៉ាង

អ្នកម្ដាយ​គ្រប់រូប​មានការ​ពិបាក​ណាស់​ក្នុងការ​ចិញ្ចឹម​ថែទាំ​បុត្រ​ធីតា​របស់​ខ្លួន​ទម្រាំ​បានធំ​ពេញរូប​ពេញរាង។ នេះ​សម្រាប់ អ្នកម្ដាយ​ដែល​ប្រសូត​បានបុត្រ​តែមួយ​ផង។ ដោយ​ឡែកអ្នក​ម្ដាយ​ដែល​សម្រាល​បានបុត្រ​ភ្លោះវិញ​ការ​ចិញ្ចឹម​បីបាច់​រិតតែ​មានការ​លំ បាក និង​នឿយហត់​កើនទ្វេ​ដង។ របៀប​នៃការ​ថែទាំ​ទារក​ទោះភ្លោះ​ក្ដី​ឬទារក​មួយក្ដី​មិនមាន​ការខុស​ប្លែកគ្នា​ច្រើនទេ។ សូម​ទទួល ជ្រាបនូវ​របៀប​ថែទាំ​ទារក​ភ្លោះ​ទាំង៨​យ៉ាង។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើងសូម​ណែនាំ​ប្រិយ​មិត្ដអ្នក​អានឱ្យ​ស្វែង​យល់នូវ​ប្រការ​មួយ​ចំនួនក្នុង​ការថែ​ទាំទារក​ភ្លោះ​តាមរយៈ ការជួប​សម្ភាសន៍​ជាមួយ​លោកស្រី អ៊ូ សារឿន នាយ​សាល​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈ​មណ្ឌល​ជាតិគាំ​ពារមាតា​និង​ទារក។

វិធី​សាស្ដ្រ​ក្នុងការ​ថែទាំ​ទារក​ភ្លោះ​មិនខុស​ពីវិធី​ថែទាំ​ទារក​មួយប៉ុន្មាន​ទេ គ្រាន់តែ​ម្ដាយ​មានការ​នឿយ​ហត់​ជាងការ​មានកូន តែមួយ។ ខាង​ក្រោមនេះ​ជាវិធី​សាស្ដ្រ​៨យ៉ាង​ក្នុងការ​ថែទាំ​ទារក​ភ្លោះ។

1. វិធី​បំបៅ​ដោះកូន

ក្រោយ​ពេល​សម្រាល​បាន១​ម៉ោង អ្នកម្ដាយ​ត្រូវឱ្យ​កូនបៅ​ទឹកដោះ​ដំបូង​ភ្លាម​ព្រោះ​ទឹកដោះ​ដំបូង​មាន​សារៈ​សំខាន់​ណាស់ អាចផ្ដល់​សារធាតុ​ការពារ​ដល់កូន។ ទឹកដោះ​ម្ដាយជា​អាហារ​ដ៏ពិ​សេស​តែមួយ​គត់​សម្រាប់​ទារក​ងាយ​រំលាយ​និង​សម្រប​សម្រួល​ទៅ នឹង​សុខភាព​ទារក។ ជា​ធម្មតា​កូនពីរ​នាក់តែង​តែមាន​ការ​ពិបាក​ជាងកូន​តែម្នាក់។ ដូចនេះ​ការ​ចិញ្ចឹម​ទារក​ភ្លោះ​ទាមទារ​ឱ្យមាន​ការ ជួយគាំ​ទ្រពី​អ្នកជិត​ខាង ជាប្ដី ម្ដាយ បង ឬ​ជាប្អូន។

ចំពោះ​ការ​ឃ្លាន​អាហារ​របស់​ទារក ដូចគ្នា​ក្នុងការ​បំបៅ ម្ដាយត្រូវ​បីកូន​ម្ខាង ហើយ​បង ឬប្អូន​ត្រូវជួយ​បីម្ខាង​ទៀត​ដើម្បី​ឱ្យ កូនទាំង​ពីរបាន​បៅ​ព្រមគ្នា។ ជា​ធម្មជាតិ មិនមាន​ម្ដាយណា​ដែលគ្មាន​ទឹកដោះ​សម្រាប់​កូននោះ​ទេ​ម្ដាយ​មាន​ទឹកដោះ​គ្រប់​គ្រាន់​សម្រាប់ កូន មិនថា​កូនមួយ ឬពីរ គឺអា​ស្រ័យ​លើការ​ជញ្ជក់​របស់កូន។ នៅពេល​កូន​ជញ្ជក់​កាន់តែ​ញឹក​ញាប់​ការ​ផលិត​ទឹកដោះ​កាន់តែ​ច្រើន ដែរ។ នៅពេល​កូនបៅ​លើក​ក្រោយ​ម្ដាយ​ត្រូវប្ដូរ​គ្នាបៅ​ដោយ​ត្រូវឱ្យ​កូនដែល​បៅនៅ​ខាងស្ដាំ​ទៅបៅ​នៅខាង​ឆ្វេង និងកូន​មួយ​ទៀត ត្រូវបៅ​នៅខាង​ស្ដាំម្ដង​វិញ។ ម្ដាយ​ត្រូវបំ​បៅដោះ​កូនម្ខាង​ៗឱ្យ​អស់​ដើម្បី​ឱ្យកូន​បាន​ទទួល​យកនូវ​ទឹកដោះ​ដើម និងទឹក​ដោះចុង ដែល ជាសារ​ធាតុ​សំខាន់​សម្រាប់​ចិញ្ចឹម​រាងកាយ​ទារក។

2. អនាម័យ​ក្បាល​ដោះ

នៅមុន​ពេល​បំបៅ​កូន អ្នកម្ដាយ​ត្រូវ​សម្អាត​ក្បាលដោះ​ឱ្យបាន​ស្អាត ចៀសវាង​នូវការ​ឆ្លង​មេរោគ​ទៅដល់​ទារក។ ម្ដាយមិន ត្រូវ​សម្អាត​ក្បាលដោះ​ដោយដុះ​លាង​ជាមួយ​សាប៊ូ​ទេ ព្រោះកូន​ខ្លះធុំ​ក្លិន​សាប៊ូ​មិនព្រម​បៅ។ ដូចនេះ​ម្ដាយ​គ្រាន់តែ​លាង​សម្អាត​ក្បាល ដោះ​របស់ខ្លួន​ជាមួយ​ទឹក​ធម្មតា​បាន​ហើយ ដើម្បី​រក្សា​ទុកក្លិន​ធម្មជាតិ។

3. ការ​ថែទាំ​ទងផ្ចិត

ជា​ធម្មតា​ក្នុងរយៈ​ពេល៥​ថ្ងៃទៅ​១សប្ដាហ៍​ទងផ្ចិត​នឹងជ្រុះ​ដោយខ្លួន​វា។ នៅតាម​ជនបទ​ប្រជា​ពលរដ្ឋ​ច្រើនតែ​យក​សម្បុក​ឆ្កែ ញ៉ាំង ឬ​ម្រែង​ភ្លើង​ដែល​ជាប់នឹង​ពីងពាង​មក​រោយពី​លើទង​ផ្ចិត។ ចំណុច​នេះម្ដាយ​គួរចៀស​វាង​ព្រោះអាច​ធ្វើឱ្យ​កូនកើត​ជម្ងឺ​តេតា ណូស​បាន។ សូម​កុំដាក់​សារ​ធាតុ​ផ្សេងៗ​ដែល​កខ្វក់​នៅលើ​ផ្សិត​កូន។ ក្នុង​ករណី​ផ្ចិតកូន​មាន​ដំបៅ​ឬមាន​បញ្ហា​អ្វីមួយ ម្ដាយ​ត្រូវយក​កូន ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រាល់​ពេលងូត​ទឹក​ហើយ ត្រូវជូត​សម្អាត​ផ្ចិតកូន​ឱ្យស្ងួត​ទឹក។

4. ការ​ថែទាំ​បង្ហើយ

ម្ដាយ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​មានការ​ប៉ះ​ទង្គិច​ទៅលើ​កន្លែង​ដែលទន់​(បង្ហើយ) ព្រោះ​ឆ្អឹងពុំ​ទាន់ដុះ​ជិតនៅ​ឡើយ​ទេ។ ការបុក​ពន្លៃ ឬលាប​ប្រេង​កូឡា​លើក្បាល​កូនជា​ការមិន​ចាំបាច់​ឡើយ​ព្រោះ​ឆ្អឹង​បង្ហើយ​នឹងដុះ​ជិត​ដោយខ្លួន​វាទៅ​តាមការ​ចម្រើន​វ័យ​របស់ ទារក។

5. ការងូត​ទឹកឱ្យ​ទារក

ត្រូវ​ប្រើប្រាស់​សាប៊ូ​ដែល​ផលិត​សម្រាប់​ទារក ដែល​មិនបង្ក​ភាព​ក្រហាយ​ដល់​ស្បែក​ទារក។ ទារក​ងាយ​នឹងបាត់​បង់កម្ដៅ ណាស់ ដូច្នេះ​ត្រូវងូត​ទឹកក្ដៅ​ឧណ្ហៗ​ចៀស​វាង​ការបាត់​បង់​កម្ដៅ។ ប្រសិន​បើ​ទារក​មាន​សុខភាព​ល្អមិន​ជា​បញ្ហា​អ្វីទេ​តែ​បើទារក​នោះ មាន​សុខភាព​ខ្សោយ​នាំឱ្យ​ទារក​ស្វាយ​ដៃស្វាយ​ជើង។ ទារក​ត្រូវ​បន្ដងូត​ទឹកក្ដៅ​រហូត​ដល់​អាយុ​៤ខែ។ សម្រាប់​ទារក​ដែលកើត​មិនគ្រប់ ខែ ឬស្ទើរ​គីឡូ ត្រូវ​បន្ដងូត​ទឹកក្ដៅ​រហូត​ដល់៦​ខែ ព្រោះវា​ធ្វើឱ្យ​ស្បែក​ទារក​ទន់។ ការងូត​ទឹកឱ្យ​ទារក​ទាំងពីរ​ត្រូវ​ប្រើចាន​ដែក​ផ្សេងគ្នា ដែល​ជាការ​អនាម័យ​មួយ។ ប្រសិន​បើគ្មាន​ចានដែក​ពីរទេ​គួរ​លាង​សម្អាត​ចានដែក​ឱ្យបាន​ស្អាតសិន ទើបងូត​ទឹកឱ្យ​កូនម្នាក់​ទៀត។

6. ការ​កាត់​ក្រចក​ដៃជើង

គួរ​កាត់​ក្រចក​ដៃជើង​របស់​ទារក​ឱ្យបាន​ស្អាត​ជានិច្ច នៅពេល​ក្រចក​ដៃវែង​ទារក​អាចខ្វាច​សាច់​ជា​ហេតុនាំ​ឱ្យកើត​មានដំ​បៅ លើ​ស្បែក។

7. ការ​អនាម័យ​កន្ទប ឬ​សម្លៀក​បំពាក់​ទារក

កន្ទប​របស់​ទារក​ត្រូវបោក​ឱ្យបាន​ស្អាត ប្រសិន​បើបាន​អ៊ុតវា​ទៀត​រិតតែ​ប្រសើរ ព្រោះវា​អាច​សម្លាប់​មេរោគ​បានល្អ។ ម្ដាយ គួរ​ប្រើ​កន្ទប​ដែលមាន​ពណ៌ស ដើម្បី​ងាយ​ស្រួល​មើលថា​តើមាន​ប្រឡាក់​នៅកន្លែង​ណា មាន​ស្រមោច​ឬក៏​សត្វល្អិត​ឬទេ។ សម្រាប់ គ្រួសារ​ដែលមាន​ជីវភាព​ខ្សត់​ខ្សោយ​អាចយក​ក្រណាត់​សារុង​ចាស់ៗ​មកធ្វើ​កន្ទប​បានដែរ​ដោយ​ត្រូវ​បោកគក់​អ៊ុត​ឱ្យស្អាត និង​ហាលថ្ងៃ ឱ្យបាន​ស្ងួតល្អ​ដើម្បី​សម្លាប់​មេរោគ។ សម្រាប់​អ្នកមាន​ជីវភាព​ធូធារ​អាច​ប្រើប្រាស់​កន្ទប​ដែល​មានដាក់​លក់នៅ​តាមផ្សារ​ទំនើប។

8. ការចាក់​ថ្នាំបង្ការ

ឪពុក​ម្ដាយត្រូវ​នាំកូន​ទើបនឹង​កើត​រហូត​ដល់អាយុ​៥ឆ្នាំ ទៅចាក់​ថ្នាំបង្ការ​នៅតាម​មណ្ឌល​សុខភាព​ដែលនៅ​ជិតផ្ទះ​របស់ លោកអ្នក។ ត្រូវឱ្យ​កូន​ទទួល​នូវថ្នាំ​បង្ការ​គ្រប់៨​មុខតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ព្រោះ​ថ្នាំចាក់​បង្ការ​ទាំងនោះ​ធ្វើឱ្យ​កូន​របស់​លោកអ្នក មាន​ប្រព័ន្ធ​ការពារ​ខ្លួន​រឹងមាំ ដែលអាច​បង្ការ​បាននូវ​ជម្ងឺ​កាច​សាហាវ​មួយ​ចំនួន។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូមអ្នក​ម្ដាយទាំង​ឡាយ​បំបៅ​កូនដោយ​ទឹកដោះ ព្រោះ​ទឹកដោះ​ម្ដាយ​មានផល​ចំណេញ​ច្រើន​ចំពោះ​បុត្រធីតា​ធ្វើឱ្យ​កូនមាន ភាពវ័យ​ឆ្លាតនិង​មានទឹក​មុខ​ស្រស់​ស្រាយ។ នៅពេល​កូនមាន​អាយុ​ចាប់់ពី​៦ខែ ម្ដាយត្រូវ​ឱ្យ​អាហារ​បន្ថែម​ដើម្បី​ការ​លូតលាស់​នៃ សព៌ាង្គ​កាយ។ ម្ដាយ​ត្រូវបន្ដ​បំបៅ​កូន​រហូត​កូនមាន​អាយុ​២ឆ្នាំ។ ការឱ្យ​កូនបៅ​កាន់តែ​យូរ​ភាពជិត​ស្និទ្ធ​រវាង​ម្ដាយ និងកូន និង​សារធាតុ ចិញ្ចឹម​សម្រាប់​កូនមាន​កាន់តែ​ច្រើន។ មាតា​បិតា​ត្រូវនាំ​កូនមក​ចាក់ថ្នាំ​បង្ការ​តាមការ​កំណត់​របស់​គ្រូពេទ្យ។

អ្នកម្ដាយ​ត្រូវ​បំប៉ន​អាហារ​បន្ថែម​សម្រាប់​ខ្លួនឯង ដើម្បី​ឱ្យមាន​ទឹកដោះ​សម្រាប់​កូនបៅ​ព្រោះថា​លោកស្រី​អ្នកនាង​ត្រូវ​ចិញ្ចឹម​បុត្រ​ដល់ទៅ​ពីរ។ ហេតុនេះ​សូម​ទទួល​ទាន​អាហារ​ឱ្យបាន​គ្រប់​គ្រាន់ និង​ប្រកប​ដោយ​អនាម័យ​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

 

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *