ជម្ងឺទឹកនោមផ្អែមបានកើតលើលោកអ្នកដែលមានវ័យចំណាស់ មានអត្រាភាគរយច្រើនគួរឱ្យព្រួយបារម្ភ។ បច្ចុប្បន្ននេះ កុមារក៏មានជម្ងឺទឹកនោមផ្អែមដែរ។ ជម្ងឺទឹកនោមផ្អែមកើតលើកុមារជាជម្ងឺថ្មីមួយ មិនធ្លាប់មានតាំងពីពេលមុនមក។ ជម្ងឺទឹកនោម ផ្អែម ជាប្រភេទជម្ងឺដែលតម្រូវឱ្យមានការព្យាបាលស្ទើរតែពេញមួយជីវិត។
លោកវេជ្ជបណ្ឌិត សេង សេរី ប្រធានផ្នែកជម្ងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសមៈបានបកស្រាយអំពីកុមារកើតជម្ងឺទឹក នោមផ្អែមជូនមិត្ដអ្នកអាន និងអាណាព្យាបាលឱ្យបានជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង។
លក្ខណៈជម្ងឺទឹកនោមផ្អែមកុមារ
ជម្ងឺទឹកនោមផ្អែមកុមារបានចាត់ទុកជាជម្ងឺទឹកនោមផ្អែមប្រភេទទីមួយ ដោយសារលំពែងអ្នកជម្ងឺខូចខាតទាំងស្រុងទើប មិនអាចផលិតអ័រម៉ូនបានទៀតឡើយ។ ជម្ងឺនេះបានកើតមានលើទ្វីបអឺរ៉ុបច្រើនជាងប្រទេសនៅអាស៊ីព្រោះទ្វីបអាស៊ីនៅជិតខ្សែអេ ក្វាទ័រ។ ជម្ងឺទឹកនោមផ្អែមកុមារមានអត្រា១០ភាគរយនៃជម្ងឺទឹកនោមផ្អែមទាំងអស់។
រោគសញ្ញាជម្ងឺទឹកនោមផ្អែមកុមារ
រោគសញ្ញាជម្ងឺទឹកនោមផ្អែមកុមារ ឬប្រភេទទី១ មិនខុសគ្នាពីរោគសញ្ញាជម្ងឺទឹកនោមផ្អែមវ័យចំណាស់ឬប្រភេទទី២ប៉ុន្មានទេ។ ខាងក្រោមនេះជារោគសញ្ញាដែលបញ្ជាក់ថាកុមារកើតជម្ងឺទឹកនោមផ្អែម ៖
- កុមារនោមញឹក (ច្រើន)
- ស្រេកទឹកខ្លាំង ហើយផឹកទឹកច្រើន នោមកាន់តែច្រើន
- ទទួលទានច្រើនមិនចេះឆ្អែត តែគ្មានកម្លាំង
- ស្រកទម្ងន់លឿន
- កុមារអាចវិវឌ្ឍន៍ទៅរករោគសញ្ញាធ្ងន់ធ្ងរ ដូចជាហត់ ដង្ហក់ រាក ចុកពោះ ឬសន្លប់បាត់បង់ស្មារតីជាដើម។
មូលហេតុបង្កជម្ងឺទឹកនោមផ្អែមកុមារ
ទឹកនោមផ្អែមជាជម្ងឺមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ ហើយជម្ងឺនេះក៏មិនមែនជាជម្ងឺឆ្លងដែរ។ ប៉ុន្ដែទាមទារការ ព្យាបាលមួយជីវិត។ ជម្ងឺទឹកនោមផ្អែមមានមូលហតុជាច្រើន ដែលបង្កឱ្យមានដូចជា ៖
1. ប្រតិកម្មនៃប្រព័ន្ធការពាររបស់ខ្លួនអ្នកជម្ងឺខុសទិសដៅ ទើបបណ្ដាលឱ្យខូចលំពែងអ្នកជម្ងឺតែម្ដង។
2. ជម្ងឺមួយចំនួនដែលបណ្ដាលមកពីពពួកវីរុស។
3. ការបំបៅកូនដោយទឹកដោះសត្វដែលខុសពីទឹកដោះរបស់ម្ដាយ។
4. អាចជាកត្ដាតពូជ ព្រោះគេសង្កេតឃើញថាឪពុកម្ដាយមានជម្ងឺទឹកនោមផ្អែម កូនអាចឆ្លង៣០ភាគរយ។ ប៉ុន្ដែករណីកូន ភ្លោះ បើមានម្នាក់កើតជម្ងឺទឹកនោមផ្អែមនោះ ម្នាក់ទៀតអាចទទួលរងការកើតជម្ងឺទឹកនោមផ្អែម៥០ភាគរយ។
5. មានការសិក្សាខ្លះបង្ហាញឱ្យឃើញថាជម្ងឺទឹកនោមផ្អែមប្រភេទទីមួយច្រើនកើតលើលោកអ្នកដែលចូលចិត្ដបរិភោគ សាច់ ឬត្រីដែលចម្អិនដោយការឆ្អើរភ្លើង។
វិធីព្យាបាលកុមារកើតជម្ងឺទឹកនោមផ្អែម
ជម្ងឺទឹកនោមផ្អែមប្រភេទទី១ ដែលកើតលើកុមារភាគច្រើនត្រូវការព្យាបាលដោយប្រើអ័រម៉ូនអាំងស៊ុយលីនព្រោះលំពែង អ្នកជម្ងឺលែងផលិតអ័រម៉ូននេះបាន។ អ្នកជម្ងឺត្រូវការអាំងស៊ុយលីនមួយជីវិតដោយការបញ្ចូលតាមក្រោមស្បែក។ សព្វថ្ងៃនេះគេអាច ផលិតបានអាំងស៊ុយលីនដែលប្រើហិតតាមច្រមុះ។ ប៉ុន្ដែអាំងសុលលីនប្រភេទនេះមានតម្លៃខ្ពស់។ អាំងស៊ុយលីនលេបតាមមាត់មិន ទាន់ផលិតបានទេ ព្រោះវាត្រូវបំផ្លាញចោលដោយទឹកក្រពះ។ អ្នកជម្ងឺត្រូវចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃ ហើយមួយថ្ងៃ២ដងទៅ ៤ដងតាមការកំណត់របស់គ្រូពេទ្យជំនាញ។ ពេលព្យាបាលការអប់រំនិងផ្ដល់ការពិភាក្សាដល់អ្នកជម្ងឺអំពីរបៀបរបបនៃការរស់នៅ ចំណីអាហារ និងហាត់ប្រាណក៏ជាប្រការសំខាន់ដែរ។ ជាពិសេសគ្រូពេទ្យពន្យល់ពីរបៀបចាក់អាំងស៊ុយលីន និងពិនិត្យអត្រាជាតិស្ករ ក្នុងឈាមដោយខ្លួនឯង។ ប្រសិនបើមានបញ្ហាមិនប្រក្រតីកើតឡើងអ្នកជម្ងឺត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ប្រទេសជឿន លឿន អ្នកជម្ងឺទឹកនោមផ្អែមប្រភេទទី១នេះខ្លះកើតតាំងពីអាយុ៧ឆ្នាំហើយអាចរស់នៅ រៀនសូត្រ និងប្រកបការងារបានដូចមនុស្ស ធម្មតារហូតដល់អាយុ៧០ឆ្នាំ ឬ៨០ឆ្នាំដោយគ្មានផលវិបាកអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ អ្នកជម្ងឺខ្លះអាចឆ្លាតរហូតដល់ជាប់ចំណាត់ ថ្នាក់ល្អក្នុងការសិក្សា និងការប្រកួតកីឡាជាដើម។
វិធីការពារកុមារកើតទឹកនោមផ្អែម
ជម្ងឺនេះពិបាកការពារបន្ដិច តែអាចកាត់បន្ថយការបង្កជម្ងឺនេះបានដល់លោកអ្នកផ្ទាល់ ឬក៏កុមារដោយមិនត្រូវទទួលទាន ប្រភេទសាច់ឆ្អើរជាញឹកញាប់ពេកឡើយ។ ម្យ៉ាងទៀតបើអ្នកម្ដាយអាចចៀសបានគួរតែបំបៅដោះកូនដោយទឹកដោះធម្មជាតិវិញ ព្រោះទឹកដោះគោម្សៅមិនសូវជាល្អប៉ុន្មានឡើយ។ អ្នកម្ដាយត្រូវយកកូនទៅចាក់វ៉ាក់សាំងការពារជម្ងឺផ្សេងៗមួយចំនួន ជាពិសេស ជម្ងឺដែលបង្កដោយពពួកវីរុស ហើយអាចជាដើមចមឱ្យកុមារកើតជម្ងឺទឹកនោមផ្អែមប្រភេទទី១បាន។
ដំបូន្មានអ្នកប្រឹក្សា
ចំពោះកុមារមានជម្ងឺទឹកនោមផ្អែម សូមអាណាព្យាបាលទាំងឡាយយកចិត្ដទុកដាក់ថែទាំឱ្យបានត្រឹមត្រូវ។ សូមផ្ដល់កម្លាំង ចិត្ដឱ្យកូន និងព្យាយាមរកកន្លែងប្រឹក្សានិងព្យាបាលប្រកបដោយឯកទេសភាព។ មិនត្រូវរើសអើងឬបំភិតបំភ័យផ្ដល់ព័តមាន អវិជ្ជមានដល់កុមារទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧