ផ្ទះគឺជាជម្រកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន។ ផ្ទះមានច្រើនបែបច្រើនសណ្ឋានទៅតាមការនិយមសាងសង់របស់មនុស្សម្នាក់ៗ និងទៅតាមតំបន់ដែលខ្លួនរស់នៅ។ មានផ្ទះដូចជាមានធនធានដ៏ធំនៅក្នុងដៃ តែបើផ្ទះសាងសង់ខ្វះបច្ចេកទេសវិញ តើសំណង់ផ្ទះមួយនោះនឹងទៅជាយ៉ាងណា? ដើម្បីឲ្យផ្ទះមានផាសុកភាពដល់អ្នករស់នៅ លោកអ្នកដែលមានបំណងចង់សាងសង់ផ្ទះត្រូវគិតអំពីបញ្ហាជាច្រើន ដូចជាការគូសប្លង់ ការរចនាម៉ូតផ្ទះ ស្ថានភាពដី ការបុកគ្រឺះ និងការរៀបចំតបណ្តាញទឹកភ្លើងឲ្យបានល្អិតល្អន់ដើម្បីចៀសវាងសាងសង់ហើយវាយកម្ទេចចោល ហើយទើបសាងសង់សារជាថ្មី។
ទស្សនាវដ្តី សុខភាពយើង និងគេហទំព័រសុខភាពកម្ពុជា បានជួបជាមួយកញ្ញា ណុំ សុធារី នាយិកាវិទ្យាស្ថាន សិនេរុនិងជាប្រធានក្រុមហ៊ុនសំណង់រេប៊ីលឌីង ពន្យល់អំពីការសាងសង់ផ្ទះតាមបែបសម័យទំនើប។ តើម្ចាស់ផ្ទះទាំងឡាយដែលមានបំណងចង់សាងសង់ផ្ទះត្រូវយល់ដឹងដូចម្តេចខ្លះដើម្បីឲ្យផ្ទះមានសុវត្ថិភាពនិងមានផាសុកភាព។
តើអ្វីទៅជាការសង់ផ្ទះតាមបែបសម័យទំនើប?
ដើម្បីសាងសង់ផ្ទះមួយឲ្យចេញជារូបរាង មិនមែនជាការងាយស្រួលនោះទេ។ យ៉ាងណាមិញការសាងសង់ផ្ទះតាមបែបសម័យទំនើប គឺទាមទារឲ្យមានការសហការគ្នារវាងម្ចាស់ផ្ទះ និងអ្នកម៉ៅការសាងសង់ យ៉ាងយកចិត្តទុកទៅលើបញ្ហាបច្ចេកទេសក្នុងការសាងសង់។ ការសាងសង់ផ្ទះតាមបែបសម័យទំនើបគឺជាការសាងសង់ផ្ទះមួយដែលគោរពទៅតាមបទដ្ឋានបច្ចេសទេសត្រឹមត្រូវ ប្រកបដោយភាពទុកចិត្ត និងមានសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ។
ការកំណត់ទំហំទឹកប្រាក់សម្រាប់ធ្វើការសាងសង់ផ្ទះ
រាល់សម្មិទ្ធិផលសព្វបែបយ៉ាង ភាគច្រើនត្រូវការថវិការដើម្បីបង្កើត។ ដើម្បីសាងសង់ផ្ទះតាមបែបសម័យទំនើបដែលម្ចាស់ផ្ទះគ្រប់រូបតែងប្រាថ្នាចង់បាន ដាច់ខាតលោកអ្នកត្រូវមានថវិការគ្រប់គ្រាន់ដើម្បីធ្វើការសាងសង់។ បើសិនជាលោកអ្នកមានគម្រោងថវិការនៅក្នុងដៃមិនគ្រប់គ្រាន់នោះ ផ្ទះនៃក្តីសង្ឃឹមរបស់លោកអ្នកនឹងត្រូវបានផ្អាកពាក់កណ្តាលទី។ ដើម្បីដឹងឲ្យបានច្បាស់ថាតើផ្ទះ និងទំហំទឹកប្រាក់ដែលលោកអ្នកមានអាចសាងសង់បាននោះ លោកអ្នកគួរស្វែងការពិភាក្សាជាមួយអ្នកម៉ៅការសាងសង់បន្ទាប់ពីលោកអ្នកបានសិក្សាគំរូប្លង់ជាមួយអ្នកស្ថាបត្ថយ្យកររួចរាល់។ ជាពិសេសលោកអ្នកក៏ត្រូវមានប្រាក់បម្រុងលើការចំណាយលើសការប៉ាន់ប្រមាណផ្សេងៗផងដែរ។
ការគូសនិងការសិក្សាប្លង់
ដើម្បីឲ្យការសាងសង់ដំណើរការទៅប្រកបដោយភាពទុកចិត្តនិងមានសុវត្ថិភាព ម្ចាស់ផ្ទះទាំងឡាយគួរគប្បីពិភាក្សាការគូសប្លង់ជាមួយអ្នកជំនាញផ្នែកគូសប្លង់ ឬអ្នកស្ថាបត្យករ។ ជាពិសេសលោកអ្នកត្រូវប្រាប់ពីអ្វីដែលលោកអ្នកចង់សាងសង់ដល់ស្ថាបត្យករ។ នៅពេលនោះស្ថាបត្យករនឹងបង្ហាញនូវគំនិតល្អសម្រាប់ការរៀបចំទីតាំងផ្សេងៗដូចជាការរៀបចំផ្ទះបាយ បន្ទប់គេងបន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ និងកន្លែងផ្សេងៗទៀតតាមដែលយើងពេញចិត្ត។
ការពិភាក្សាជាមួយអ្នកម៉ៅការសាងសង់
បន្ទាប់ពីលោកអ្នកបានពិភាក្សាការគូសប្លង់ជាមួយអ្នកជំនាញខាងស្ថាបត្យកររួចមក ក៏មិនមានន័យថារាល់អ្វីដែលលោកអ្នកចង់បានគឺត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់នោះទេ។ លោកអ្នកត្រូវជួបពិភាក្សាទាក់ទងទៅនឹងការរៀបចំសំណង់អគារឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយត្រួតពិនិត្យទៅលើគុណភាពដី ទិសដៅចរន្តខ្យល់ចេញចូលខាងក្នុងនិងខាងក្រៅអគារនិងបញ្ហាផ្សេងៗទៀតជាមួយអ្នកម៉ៅការសាងសង់។
ច្បាប់នៃការសាងសង់សំណង់អគារ
ដើម្បីឲ្យការសាងសង់មានភាពល្អប្រសើរ លោកអ្នកគួរគប្បីត្រូវសុំច្បាប់ការសាងសង់សំណង់ផ្ទះរបស់លោកអ្នកនៅក្រសួងរៀបចំដែនដី និងនគរោបនីកម្មនិងសំណង់ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។
ការចរចាកិច្ចសន្យា
លោកអ្នកត្រូវច្បាស់ថាលោកអ្នកបានរៀបចំកិច្ចសន្យា ជាលាយល័ក្ខអក្សរដែលត្រូវបានចុះហត្ថលេខាកំណត់កាលបរិច្ឆេទជាមួយភាគីអ្នកម៉ៅការសាងសង់ និងស្ថាបត្យកររួមនិងលោកអ្នកផ្ទាល់ដើម្បីទុកជាភស្តុតាងសម្រាប់ការសាងសង់ផ្ទះរបស់លោកអ្នកនិងដើម្បីជាផលប្រយោជន៍ទៅថ្ងៃក្រោយនៅពេលមានបញ្ហាអ្វីកើតឡើងបណ្តាលមកពីបញ្ហាមិនប្រក្រតីមួយចំនួននៅពេលសាងសង់និងក្រោយពេលសាងសង់។ ជាពិសេសត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុនណាដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ និងមានការធានាអះអាងលើការសាងសង់នៃសំណង់អគារទាំងមូល។
តាមទម្លាប់ជនជាតិខ្មែរជាពិសេសជនជាតិខ្មែរកាត់ចិនតែងមានបម្រុងប្រយ័ត្នជានិច្ចក្នុងការរៀបចំគេហដ្ឋានឲ្យមានហុងស៊ុយ។ ការមើលលើទីតាំងដីសម្រាប់សាងសង់មុននឹងគូសប្លង់និងការរៀបចំបន្ទប់់ ផ្ទះបាយ បន្ទប់ទឹកជាដើម។ ដើម្បីឲ្យមានសិរីសួស្តីដល់ក្រុមគ្រួសារ ម្ចាស់ផ្ទះទាំងឡាយតែងទៅសាកសួរយោបល់ឬសុំយ័ន្តសក្តិសិទ្ធិពីព្រះសង្ឃ គ្រូហោរាឬចិនសែដើម្បីទស្សទាយលើសំណង់ផ្ទះថ្មី។
ការជ្រើសរើសថ្នាំលាបពណ៌ផ្ទះ
បើក្រឡេកមើលទៅកាន់សំណង់អគារធម្មតានៅក្នុងប្រទេសកម្ពុជា រាល់សំណង់អគារទាំងនោះ ភាគច្រើនប្រើថ្នាំលាបពណ៌ដែលមានផ្ទៃពណ៌ស ពណ៌ប្រផេះ និងពណ៌ពងមាន់ជាដើម។ សម្រាប់សំណង់អគារធំៗមួយចំនួនវិញ ភាគច្រើនគឺប្រើប្រាស់កញ្ចក់ដើម្បីរំលេចនូវភាពស្រស់ស្អាតរបស់អគារ។ យ៉ាងណាមិញការជ្រើសរើសពណ៌ និងការប្រើប្រាស់កញ្ចក់គឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់លោកអ្នកដើម្បីធ្វើឲ្យផ្ទះរបស់លោកអ្នកកាន់តែមានសោភ័ណភាពគួរឲ្យចង់រស់នៅ។
ការបុកគ្រឹះ
ការបុកគ្រឹះគឺជាបញ្ហាសំខាន់មួយសម្រាប់ការសាងសង់ផ្ទះរបស់លោកអ្នកឲ្យកាន់តែមានភាពរឹងមាំ និងមានសុវត្តិភាព។ មុននឹងមានការបុកគ្រឹះដើម្បីធ្វើសំណង់អគារផ្សេងៗ ដំបូងអ្នកជំនាញខាងសំណង់ស៊ីវិលនឹងខួងដីនៅទីតាំងដែលត្រូវសាងសង់អគារយកទៅពិនិត្យនិងធ្វើតេស្ត។ ការធ្វើតេស្តគុណភាពដីនេះទៀតសោតគឺដើម្បីដឹងថាតើដីនៅទីតាំងដែលត្រូវសាងសង់ជាដីប្រភេទអ្វី ជាប្រភេទដីរឹងឬដីទន់។ បន្ទាប់ពីធ្វើតេស្តរួចរាល់ អ្នកជំនាញនឹងប្រាប់ពីលទ្ធផលថាតើដីនៅទីតាំងនោះអាចបុកគ្រឹះសាងសង់អាគារបានត្រឹមកម្រិតណា។ មួយវិញទៀត នៅពេលដែលលោកអ្នកមានគម្រោងចង់សាងសង់អគារបន្ថែមទៅថ្ងៃអនាគតលោកអ្នកគួរប្រាប់ទៅដល់អ្នកម៉ៅការសាងសង់ឲ្យដឹងជាមុនសិន ដើម្បីឲ្យខាងអ្នកជំនាញធ្វើការបុកគ្រឹះឲ្យបានត្រឹមត្រូវទៅតាមតម្រូវការ។ ព្រោះថាបើសំណង់អគាររបស់លោកអ្នកសាងសង់រួចរាល់ លោកអ្នកមិនអាចធ្វើការបុកគ្រឹះដើ់ម្បីសាងសង់បន្ថែមជាន់របស់អគារបានទៀតទេ។
ការតុបតែងនិងការរចនាផ្នែកខាងក្នុងនិងផ្នែកខាងក្រៅផ្ទះ
ដើម្បីឲ្យគេហដ្ឋានរបស់លោកអ្នកកាន់តែមានសោភ័ណភាព លោកអ្នកត្រូវគិតដល់ការតុបតែងនិងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅផ្ទះដោយពិភាក្សាជាមួយអ្នករចនា ឬស្ថាបត្យករ ប្រាប់នូវអ្វីដែលយើងពេញចិត្តចង់ឲ្យកើតមាន។ ការប្រើប្រាស់ថ្នាំលាបពណ៌ ការប្រើប្រាស់កញ្ចក់ ការរចនាម៉ូតផ្ទះបាយ បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ការរៀបចំសួនច្បារខាងមុខផ្ទះ និងការរៀបចំអ្វីផ្សេងជាច្រើនទៀតតាមដែលលោកអ្នកចង់បាន។ នៅពេលនោះលោកអ្នកនឹងទទួលបានគំនិតយោបល់ល្អៗពីស្ថាបត្យករដើម្បីសាងសង់ផ្ទះរបស់លោកអ្នកតាមដែលលោកអ្នកគិតទុក។
ដំបូន្មានអ្នកជំនាញ
មុននឹងលោកអ្នកសម្រេចចិត្តសាងសង់ផ្ទះ លោកអ្នកគប្បីពិគ្រោះជាមួយក្រុមហ៊ុនសំណង់ ស្ថាបត្យកម្ម ឲ្យបានត្រឹមត្រូវ ហើយសូមកុំគិតថាការពិភាក្សា និងការចេញប្លង់អស់ប្រាក់កាសច្រើន។ លោកអ្នកអាចអស់ប្រាក់តិចវិញទេបើលោកអ្នកបានគិតគូទៅលើការរៀបចំដូចការបកស្រាយខាងលើ ហើយនឹងធ្វើឲ្យផ្ទះរបស់លោកអ្នកមានសុវត្ថិភាព និងមានភាពរឹងមាំយូរអង្វែងដល់កូនចៅជំនាន់ក្រោយៗទៀត។ សូមលោកអ្នកបន្តការអាននិងស្វែងយល់ អំពីការសាងសង់ផ្ទះតាមបែបសម័យទំនើបនៅភាគ២បន្តទៀត។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៩ ឧសភា ឆ្នាំ ២០១២
Leave a Reply