ក្រៅពីអាជីពជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពហើយនោះតារាឯកស្រីនៅក្នុងរឿងបង្គងវល្លិមាសបាន ក្លាយខ្លួនទៅជាពិធីការិនីមួយរូបដែលគួរឱ្យស្រឡាញ់ប្រចាំស្ថានីយទូរទស្សន៍បាយ័ននោះគឺកញ្ញាស៊ីន នារីរ័ត្ន។ ភាពល្បីល្បាញ ទាំងនេះក៏បានមកពីការឆ្លាតវ័យនិងរួមផ្សំជាមួយរូបសម្បត្ដិដ៏ផូរផង់របស់នារីរ័ត្នផងដែរ។ មកដល់សព្វថ្ងៃនេះនារីរ័ត្នបានប្រឡូក ចូលសិល្បៈជាង៣ឆ្នាំមកហើយឥឡូវនេះមានទស្សនិកជនមិនតិចទេដែលបានគាំទ្រនារីរ័ត្ននោះ។
នារីរ័ត្នបានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដីសុខភាពយើងដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សាសម្រស់និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិសិល្បៈ
មុនពេលចូលសិល្បៈនារីរ័ត្នធ្លាប់ជាសិស្សដែលសិក្សានៅវិទ្យាល័យសន្ធរម៉ុក។ នៅក្នុងឆ្នាំ២០០៧ នារីរ័ត្នក៏បានប្រឡូកចូលសិល្បៈហើយរឿងដំបូងដែលនារីរ័ត្នបានសម្ដែងនោះគឺរឿងបង្គងវល្លិមាស ជាសាច់រឿងរបស់វិទ្យុ១០២មជ្ឈមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា។ចាប់តាំងពីពេលនោះមកនារីរ័ត្នក៏មានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ។នៅដើមឆ្នាំ២០០៨ នារីរ័ត្នក៏បានចូលធ្វើជាពិធីការិនីនៅស្ថានីយប៉ុស្ដិ៍ទូរទស្សន៍បាយ័ន។ក្រៅពីធ្វើជាពិធីការិនីហើយ នារីរត្ន័ក៏បានថតជាខ្សែភាពយន្ដបានចំនួនពីររឿងទៀតសម្រាប់ស្ថានីយប៉ុស្ដិ៍ទូរទស្សន៍បាយ័នគឺរឿងភូមិខ្ញុំស្រស់ឆើតឆាយនិងរឿងហាមសិនមុនស្នេហ៍។ ទោះជាមានការមមាញឹកជាមួយសិល្បៈយ៉ាងណាក៏ដោយក៏នារីរ័ត្នមិនបានបោះបង់ការសិក្សាចោលនោះទេ គឺនារីរ័ត្នបានបន្ដការសិក្សានៅសាកលវិទ្យាល័យចេនឡាឆ្នាំទី៤ ផ្នែកធនាគារ និងហិរញ្ញវត្ថុ។
វិធីថែរក្សាសម្រស់
សព្វថ្ងៃនេះកញ្ញាស៊ីននារីរ័ត្នមានការមមាញឹកច្រើននឹងការងារ តែទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏នារីរ័ត្នមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការថែរក្សាសុខភាពរបស់ខ្លួនផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការ ថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញា ស៊ីន នារីរ័ត្ន ដែលបានអនុវត្ដជាប្រចាំ។
- ការថែរក្សាសក់ ៖ ក្នុងនាមជាអ្នកសិល្បៈមួយរូប នារីរ័ត្នតែងតែធ្វើម៉ូតសក់ជាប្រចាំ ជាពិសេសក្នុងពេលសម្ដែង ដូច្នេះ ហើយនារីរ័ត្នក៏បានជ្រើសរើសប្រភេទសាប៊ូកក់សក់ដែលត្រូវជាមួយនឹងសរសៃសក់ និងស្បែកក្បាលរបស់នារីរ័ត្ន។ នៅក្នុងរយៈពេលមួយសប្ដាហ៍នារីរ័ត្នតែងតែកក់សក់៣ដងហើយជារៀងរាល់ពេលកក់សក់ នារីរ័ត្នតែងតែប្រើក្រែមបន្ទន់សក់ជាប្រចាំនិងអប់សក់១ដងនៅក្នុងមួយសប្ដាហ៍។ក្រៅពីនេះ នារីរ័ត្នក៏បានជ្រើសរើសថ្នាំយកមកលាបសក់ដើម្បីការពារកុំឱ្យសក់ជ្រុះផងដែរ។
- ការថែរក្សាស្បែកមុខ ៖ ចំពោះស្បែកមុខ នារីរ័ត្នតែងតែប្រឈមមុខនឹងការផាត់មុខច្រើនដងដូច្នេះក្រោយពីការ សម្រាកពីការងារនារីរ័ត្នបានធ្វើការលាងសម្អាតស្បែកមុខចេញជាមួយនឹងហ្វូមលាងមុខ និងមានឡូសិនសម្រាប់ជូតសម្អាតផ្ទៃមុខ។ នៅពេលនារីរ័ត្នចេញទៅក្រៅម្ដងៗ នារីរ័ត្នតែងតែប្រើឡេការពារកម្ដៅថ្ងៃជានិច្ច។
- ការថែរក្សាស្បែកដងខ្លួន ៖ នារីរ័ត្នតែងតែប្រើឡេដែលមានកម្រិតខ្ពស់ ដើម្បីការពារពន្លឺព្រះអាទិត្យ។ ហើយពេលយប់ នារីរ័ត្នលាបឡេការពារ និងផ្ដល់សំណើមដល់ស្បែក។ នារីរ័ត្នតែងតែប្រើសាប៊ូដុសខ្លួនដែលមានក្លិនក្រអូប និងផ្ដល់សំណើមដល់ស្បែក ជាពិសេសសាប៊ូកម្ចាត់មេរោគ។ អ្វីដែលពិសេសជាងនេះ នៅក្នុង១សប្ដាហ៍ នារីរ័ត្នតែងតែធ្វើការខាត់ស្បែកម្ដង។
- ការថែរក្សាធ្មេញ ៖ ចំពោះសុខភាពមាត់ធ្មេញនារីរ័ត្នតែងតែយកចិត្ដទុកដាក់ខ្លាំងបំផុត។ ដូចនេះជារៀងរាល់១ខែម្ដង នារីរ័ត្នតែងតែទៅមន្ទីរពេទ្យធ្មេញម្ដង។ នារីរ័ត្នតែងធ្វើការសម្អាតធ្មេញនៅក្នុងមួយថ្ងៃបីដង។
- ការថែរក្សាភ្នែក ៖ ចំពោះសុខភាពភ្នែកនារីរ័ត្នមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មាននោះទេនៅក្នុងការថែរក្សា ព្រោះភ្នែករបស់នារីរ័ត្នមិនដែលមានបញ្ហានោះទេ។ទោះបីជាមិនបានធ្វើការថែរក្សាឱ្យបានដិតដល់ ក៏នារីរ័ត្នមិនដែលធ្វេសប្រហែសដែរ គឺនារីរ័ត្ន តែងតែប្រើវ៉ែនតាការពារកម្ដៅថ្ងៃ និងមានទឹកសម្រាប់ជូតសម្អាតភ្នែកជានិច្ច។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះការថែរក្សារោមភ្នែកភាគច្រើន នារីរ័ត្នមិនបានថែរក្សាឱ្យបានដិតដល់ នោះទេ ដោយគ្រាន់តែមានទឹកសម្រាប់ជូតសម្អាតរោមភ្នែកនៅក្រោយពេលតុបតែងមុខហើយតែប៉ុណ្ណោះ។ ចំពោះចិញ្ចើមនារីរ័ត្ន តែងតែកោរទើបគូសជាក្រោយ។ ចំណែកឯបបូរមាត់វិញ នារីរ័ត្នចូលចិត្ដលាបក្រេមដែលមិនធ្វើឱ្យមានបញ្ហាចំពោះបបូរមាត់ ហើយគឺ ជាក្រេមដែលអាចរក្សាបបូរមាត់កុំឱ្យប្រេះ។
- ការថែរក្សាក្រចកដៃ ក្រចកជើង ៖ ជារៀងរាល់១ខែ នារីរ័ត្នតែងតែទៅហាងដើម្បីលាងសម្អាតក្រចកដៃក្រចកជើងម្ដង និងលេងម៉ូតក្រចកជាដើម។
ការថែរក្សាសុខភាពរាងកាយ
នារីរ័ត្នមិនដែលធ្វេសប្រហែសឡើយនៅក្នុងការថែរក្សាសុខភាពរាងកាយ ជាពិសេសគឺការធ្វើលំហាត់ប្រាណតែម្ដង។ ជា រៀងរាល់១សប្ដាហ៍នារីរ័ត្នតែងតែធ្វើលំហាត់ប្រាណម្ដងនៅក្លឹបហាត់ប្រាណ ដូចជាហែលទឹក វាយប៉េងប៉ុង ស្ទីម និងសូណា។ ចំពោះ អាហារនារីរ័ត្នមិនសូវជាចូលចិត្ដចំពោះអាហារសាច់ៗនោះទេ គឺចូលចិត្ដបន្លែច្រើនជាង។ សម្រាប់ការទទួលទានដំណេកវិញ នារីរ័ត្នមិន ដែលធ្វេសប្រហែសឡើយ។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីសិល្បៈ នារីរ័ត្នក៏មានគោលបំណងទៅថ្ងៃអនាគតដែរ គឺចង់បើកហាងរកស៊ីមួយកន្លែង តែបើសិនជាទស្សនិកជននៅ តែគាំទ្រ នារីរ័ត្ននៅតែបន្ដអាជីពជាអ្នកសិល្បៈដដែល។
បណ្ដាំផ្ញើរបស់កញ្ញា ស៊ីន នារីរ័ត្ន
នារីរ័ត្នសូមថ្លែងអំណរគុណដល់ប្រជាជនខ្មែរទាំងចាស់ក្មេង និងយុវវ័យគ្រប់ស្រទាប់វណ្ណៈ ដែលតែងតែចូលចិត្ដ និងគាំទ្រ ស្រឡាញ់រាប់អាននារីរ័ត្ន។ លើសពីនេះលោកអ្នកនាងកញ្ញាគ្រប់រូបគួរតែឆ្លៀតពេលនៅក្នុងការថែរក្សាសុខភាព និងសម្រស់ឱ្យបានល្អហើយត្រូវតែធ្វើលំហាត់ប្រាណជានិច្ច យ៉ាងហោចណាស់គួរតែធ្វើលំហាត់ប្រាណ១សប្ដាហ៍១ដងទើបជាការប្រសើរ។
ខាងលើនេះគឺជាការយល់ឃើញនិងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា ស៊ីន នារីរ័ត្ន តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ស៊ីន នារីរ័ត្ន
- អាយុ ៖ ២៥ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៦ ០៨ ១៩៨៧
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៣គីឡូក្រាម
- ទំហំទាំងបី ៖ ៣៤ ២៧ ៣២
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- បងប្អូន ៖ ៤នាក់ ស្រី៣ប្រុស១(ជាកូនទី៣)
- អាជីពនាពេលបច្ចុប្បន្ន ៖ ជាពិធីការិនី
- ស្ថានភាពគ្រួសារ ៖ នៅលីវ
Leave a Reply