អាហា​រូបត្ថម្ភ​របស់​កុមារ

កុមារ​ជាវ័យ​កំពុង​លូត​លាស់​ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​អាហារ​សម្រាប់​ទ្រទ្រង់​រាយ​កាយឱ្យ​ធំធាត់់​ចាប់តាំង​ពីពេល​ដែល​ទើប​នឹងកើត​ដំបូង។ មិនមែន​គ្រប់​ចំណី​អាហារ​ទាំងអស់​សុទ្ធតែ​អាចនាំ​ឱ្យកុមារ​មាន​សុខភាព​ល្អ និង​លូតលាស់​នោះទេ​ព្រោះមាន​ចំណី អាហារ​មួយចំនួន​មិនមាន​ប្រយោជន៍​ទាល់តែ​សោះដល់​កុមារ​ថែមទាំង​ផ្ដល់​គ្រោះ​ថ្នាក់​ដែល​ប៉ះ​ពាល់​សុខភាព​ទៀត​ផង។ ហេតុនេះ លោក​អ្នក​ជា​មាតា​បិតា​ទាមទារ​ឱ្យមាន​ការ​យល់ដឹង​ឱ្យបាន​ច្រើន​អំពី​គុណ​ប្រយោជន៍​របស់​អាហារ​ដើម្បី​ងាយ​ស្រួលក្នុង​ការ​ជ្រើស​រើស សម្រាប់​កូនៗ​របស់​ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់​អំពី​បញ្ហា​នេះ សូម​លោកអ្នក​តាមដាន​ការបក​ស្រាយ​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត ជី កាំ​ហ៊ូយ​ជំនាញ​ខាងអា ហារ​បំប៉ន​កុមារ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ តាម​រយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

កុមារ​ត្រូវការ​អាហា​រូបត្ថម្ភ

អាហា​រូបត្ថម្ភ​គឺ​សំដៅ​ដល់​អាហារ​ទាំង​ឡាយ​ដែល​សំខាន់​សម្រាប់​ទ្រទ្រង់​រាង​កាយ​កុមារ​ឱ្យមាន​សុខភាព​ល្អ​និង​លូតលាស់​ធំ ធាត់។ អាហា​រូបត្ថម្ភ​ត្រូវបាន​បែងចែក​ទៅតាម​កម្រិត​អាយុ​របស់​កុមារ​មិនមែន​អាចផ្ដល់​អាហារ​ដូចគ្នា​ចំពោះ​កុមារ​គ្រប់វ័យ​បានទេ។

  • កុមារនៅក្រោមអាយុ៦ខែ ក្នុង​កំឡុង​ពេលនេះ ទឹកដោះ​ម្ដាយជា​អាហារ​បំប៉ន​ដ៏​ប្រសើរ​តែមួយ​គត់​របស់​កុមារ។ អ្នក ម្ដាយ​ទាំងឡាយ​ត្រូវ​បំបៅ​ដោះកូន​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​ជាដំ​ណាក់​កាល​ដំបូង​នៃការ​លូតលាស់​របស់​កុមារ។ ដូចដែល​លោកអ្នក​បាន ជ្រាបរួច​មក​ហើយ​តាមរយៈ​ការផ្សព្វ​ផ្សាយ​របស់​ក្រសួង​សុខា​ភិបាល​ក៏ដូច​ជាទស្ស​នាវដ្ដី សុខភាពយើង ផងដែរ​អំពី​សារៈ​ប្រយោ​ជន៍នៃ ទឹកដោះ​ម្ដាយ ព្រោះ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​ជួយ​ការពារ​កុមារ​ឱ្យគេច​ផុតពី​ជម្ងឺ​ផ្សេងៗ​និង​ជួយឱ្យ​កុមារ​លូតលាស់​បានល្អ ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ។ កុមារ​ដែល​មិនបាន​បៅទឹក​ដោះ​ម្ដាយ​រៀន​មិនបាន​ល្អដូច​កុមារ​ដែល​បៅទឹក​ដោះ​ម្ដាយ​សុទ្ធនោះ​ទេ។
  • កុមារមានអាយុពី៦ខែដល់២ឆ្នាំ ៖​កុមារ​នៅតែ​ត្រូវការ​ទឹកដោះ​ម្ដាយ​ហើយ​នឹង​អាហារ​បន្ថែម​៥ដង​ទៀតក្នុង​មួយ​ថ្ងៃ។ អាហារ​ទាំងនោះ​ត្រូវមាន​ជីវ​ជាតិ​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​មានដូច​ជា ៖

1. ជីវ​ជាតិអា កុមារ​ត្រូវការ​ជីវ​ជាតិអា​ដើម្បី​ទប់ទល់​នឹង​ជម្ងឺ និង​ជួយ​ថែរក្សា​ភ្នែក​ជីវ​ជាតិ​អាហារ​មាននៅ​ក្នុងផ្លែ​ឈើ និង​បន្លែជា​ច្រើន ប្រភេទ​ប្រេង​ធញ្ញ​ជាតិ ស៊ុត ថែមទាំង​មាននៅ​ក្នុងទឹក​ដោះ​ម្ដាយ ឬថ្នាំ​គ្រាប់​ជីវ​ជាតិអា។ ក្រៅពី​នេះ​គេឃើញ​មានជីវ ជាតិ​អាមាន​នៅក្នុង​ថ្លើម ស្វាយ​ទុំ ល្ហុងទុំ ដំឡូង​ជ្វាពណ៌​លឿង បន្លែ​ដែលមាន​ស្លឹក​ពណ៌​បៃតង​ចាស់​និង​ការ៉ុត​ជាដើម។ ពេលដែល​កុមារ មិនបាន​ទទួល​ជីវ​ជាតិអា​ឱ្យបាន​គ្រប់គ្រាន់​ពួកគេ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ជម្ងឺ​ខ្វាក់មាន់​ដែល​ធ្វើឱ្យ​កុមារ​ពិបាក​មើល​ឃើញ​នៅពេល ក្បាល​ព្រលប់ និង​ពេល​យប់។ បច្ចុប្បន្ន​ជីវ​ជាតិ​អាមាន​លក្ខណៈ​ជាថ្នាំ​គ្រាប់​ហើយ​ត្រូវបាន​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ ២ដង​ក្នុងមួយ​ឆ្នាំ អំឡុង​ខែ​មិនា និងខែ​វិច្ឆិកា​ដល់​កុមារ​ដែលមាន​អាយុ​ពី៦​ខែដល់​៥ឆ្នាំ។

2. សារជាតិ​ដែក កុមារ​ដែល​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែកមាន​ដូចជា​ឈាម ថ្លើម សាច់​ស៊ុត​និង​គ្រាប់ ធញ្ញជាតិ។ អាហារ​ដែល​សម្បូរ​ជីវ​ជាតិអា​អាចជួយ​ការពារ​កុមារ​កុំឱ្យ​មាន​សភាព​ស្លេក​ស្លាំង។ ភាព​ស្លេក​ស្លាំង​ដែល​បណា្ដល​មកពី​កង្វះ សារ​ជាតិ​ដែក​អាចប៉ះ​ពាល់​ដល់ការ​លូតលាស់​ផ្នែក​ផ្លូវកាយ និង​ផ្លូវចិត្ដ។ រោគ​សញ្ញា​នៃភាព​ស្លេកស្លាំង​រួមមាន​អណ្ដាត​ស្លាំង បាតដៃ ស្លាំង និងផ្នែក​ខាងក្នុងនៃ​បបូរ​មាត់ស្លាំង អស់​កម្លាំង ហត់ជា​ដើម។ ភាពស្លេក​ស្លាំងលើ​កុមារ​ដែលមាន​អាយុ​តិចជាង​២ឆ្នាំ​អាចធ្វើ​ឱ្យ កុមារ​មាន​បញ្ហា​ខួរក្បាល​ដែល​បញ្ជា​ផ្នែក​សម្រប​សម្រួល និង​លំនឹង​ហើយ​កុមារ​ធ្លាក់ក្នុង​ភាពខ្លាច​រអា និង​រារែក​ក្នុងការ​សម្រេច​កិច្ចការ អ្វីមួយ។ បញ្ហា​នេះអាច​កម្រិត​លទ្ធភាព​របស់​កុមារ​ក្នុងការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ហើយ​អាចរាំង​ស្ទះដល់​ការ​អភិវ​ឌ្ឍន៍​ផ្នែក​សតិ​បញ្ញា របស់​កុមារ។

3. សារជាតិ​អ៊ីយ៉ូដ ជាតិ​អ៊ីយ៉ូដ​បន្ដិច​បន្ដួច​មាន​សារ​សំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​កុមារ។ ប្រសិន​បើ​កុមារ​មិន បាន​ទទួល​ជាតិ​អ៊ីយ៉ូដ​គ្រប់​គ្រាន់ ឬម្ដាយ​នៅពេល​ដែលមាន​ផ្ទៃពោះ​កង្វះ​សារជាតិ​អ៊ីយ៉ូដ​កុមារ​កើត​មក​មានភាព​ពិការ​ខាង​ស្មារតី ការស្ដាប់ និងការ​និយាយ ឬធ្វើ​ឱ្យការ​លូតលាស់​មានភាព​យឺតយ៉ាវ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។ ការ​ប្រើប្រាស់​អំបិល​អ៊ីយ៉ូដ​ជំនួស​អំបិល ធម្មតា​អាចជួយ​ឱ្យម្ដាយ​និងកូន​មាន​ជាតិអ៊ី​យ៉ូដ​តាម​សេចក្ដី​ត្រូវការ។ ប្រសិន​បើរក​អំបិល​ដែល​មាន​ជាតិ​អ៊ីយ៉ូដ​មិនបាន​ទេ គួរ​ទទួល​ទាន គ្រាប់ថ្នាំ​ជាតិអ៊ី​យ៉ូដ​បន្ថែម​ពី​គ្រូពេទ្យ។

ការកើន​ទម្ងន់​ជា​លំដាប់ គឺជា​សញ្ញា​សំខាន់​បំផុត​ដែល​បញ្ជាក់​ថាកុមារ​កំពុង​តែ​លូតលាស់ និង​អភិវឌ្ឍន៍​បានល្អ។ ប្រសិន​បើ កុមារ​មិនឡើង​ទម្ងន់​អំឡុង​ពេល​២ខែ​នោះជា​សញ្ញា​ប្រាប់ថា​កុមារ​ត្រូវការ​អាហារ​ដែល​សម្បូរ​សារ​ជាតិ​ផ្សេងៗ​បន្ថែម​ទៀត កុមារ​ប្រ ហែល​ជាឈឺ ឬ​ត្រូវការ​ការយក​ចិត្ដទុក​ដាក់ច្រើន​ជាងមុន។ ទាំង​ឪពុក​ម្ដាយ​និង​គ្រូពេទ្យ​ត្រូវរក​ឱ្យ​ឃើញ​នូវ​បញ្ហា​ជាមូល​ហេតុ។

ប្រការ​គួរ​ប្រតិ​បត្ដិ

លោកអ្នក​ជា​ឪពុក​ម្ដាយ​ចាំបាច់​ត្រូវតែ​យកចិត្ដ​ទុកដាក់​ចំពោះ​កូនៗ ព្រោះ​កុមារ​ជា​វ័យ​ដែល​ងាយ​ប្រឈម​មុខនឹង​ជម្ងឺ​ផ្សេង ៗ។ លោកអ្នក​ដឹងទេ​ថាជាង​ពាក់​កណ្ដាល​នៃ​ទារក​ទាំងអស់​ដែល​បាន​ស្លាប់​កន្លង​មកមាន​ទំនាក់​ទំនង​នឹង​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ដែល ជា​មូល​ហេតុ​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។ កង្វះ​ចំណី​អាហារ ការ​ឈឺញឹក​ញាប់​និងការ​មិនយក​ចិត្ដទុក​ដាក់ថែ​ទាំ​ចំពោះ កុមារ​អាចធ្វើ​ឱ្យ​កុមារ​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ។ ម្យ៉ាងវិញ​ទៀត​ប្រសិន​បើស្ដ្រី​ជាម្ដាយ​មិនបាន​បរិភោគ​អាហារ​ឱ្យបាន​ត្រឹមត្រូវ​ក្នុង អំឡុង​ពេល​មាន​ផ្ទៃពោះ​ឬក៏​កូន​របស់​គាត់មិន​បាន​ទទួល​អាហារ​ត្រឹមត្រូវ​ក្នុងរយៈ​ពេល២​ឆ្នាំ​ដំបូង​នៃជីវិត​នោះ ការ​លូតលាស់​ទាំង​រាយ កាយ និង​ប្រាជ្ញា​របស់​កុមារ​មានការ​យឺត​យ៉ាវ។ បញ្ហា​នេះមិន​អាច​ជួសជុល​ឡើងវិញ​បាន គឺប៉ះ​ពាល់​ដល់​កុមារ​អស់មួយ​ជីវិត។

ដំ​បូន្មាន​អ្នក​ជំនាញ

សូម​មេត្ដា​យកចិត្ដ​ទុកដាក់​លើការ​ថែទាំ​ផ្គត់ផ្គង់​ចំណី​អាហារ​ដល់កូន​ឱ្យបាន​គ្រប់​គ្រាន់ ទើប​កូន​លោកអ្នក​អាចគេច​ផុតពី​ជម្ងឺ ផ្សេងៗ​បាន។ ប្រសិន​បើកូន​លោកអ្នក​បរិភោគ​អាហារ​អស់​ហើយ​ចង់​បរិភោគ​ទៀត​លោកអ្នក​ត្រូវតែ​ផ្ដល់​អាហារ​បន្ថែម។ សូមចាំ​ថា អាហារ​ដែលជួយ​ឱ្យ​កុមារ​ឆាប់​លូតលាស់​មានសាច់​ត្រី ស៊ុត សណ្ដែក គ្រាប់​ធញ្ញ​ជាតិ ប្រេងឆា​ជាដើម។ បើ​កុមារ​មិនសូវ​ចូលចិត្ដ​រស ជាតិ​អាហារ​ណាមួយ គួរតែ​ផ្លាស់ប្ដូរ​អាហារ​ផ្សេង​ទៀត ហើយ​គួរផ្ដល់​ម្ដង​បន្ដិចៗ​ទើប​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *