ការគូសចិញ្ចើមជាសិល្បៈតុបតែងមួយដើម្បីរំលេចសម្រស់លើផ្ទៃមុខតាមរយៈចិញ្ចើមមួយគូដែលមានរាងកោងដូចឥន្ធធនូ។ ហេតុដូចនេះហើយទើបស្ដ្រីទាំងអស់រមែងចង់បានរោមចិញ្ចើមស្អាតដែលប្រកបទៅដោយភាពទាក់ទាញ។ មិនមែនជាការលំបាក ក្នុងការគូសចិញ្ចើមនោះទេ សុភាពនារីអាចគូសបានគ្រប់គ្នាដោយគ្រាន់តែស្វែងយល់អំពីទម្រង់ចិញ្ចើមរបស់ខ្លួននិងល្បិចមួយចំនួន សម្រាប់គូសជាការស្រេច។
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើងអំពីវិធីសាស្ដ្រមួយចំនួនដែលនាំឱ្យលោកស្រីអ្នកនាងកញ្ញាមានចិញ្ចើមមួយគូដ៏ស្រស់ស្អាតតាមរយៈការបកស្រាយរបស់លោកស្រី ច័ន្ទ ស្រីណុច ដែលជាម្ចាស់ហាងកែសម្ផស្ស មីកាសា។
វិធីគូសចិញ្ចើម
ចិញ្ចើមកោងមួយគូអាចស្រស់ស្អាតបានអាស្រ័យលើការតុបតែង និងថែរក្សាឱ្យបានត្រឹមត្រូវល្អ។ ចំពោះរបៀបនៃការគូសចិញ្ចើមមានលក្ខណៈធម្មជាតិ និងសម័យទំនើបនោះ លោកស្រីអ្នកនាងត្រូវសង្កេតទំហំចិញ្ចើមនិងរោមចិញ្ចើមជាមុនសិន។ ជាការប្រ សើរ ស្ដ្រីគ្រប់រូបគប្បីគូសចិញ្ចើមទៅតាមទំហំចិញ្ចើម ដូចជាចិញ្ចើមតូច ចិញ្ចើមធំ រោមក្រាស់រោមស្ដើងជាដើម។
1. ចិញ្ចើមធំ ៖ លោកស្រីអ្នកនាងមិនគួរគូសឱ្យខ្មៅពេកទេ ព្រោះមើលទៅមិនសូវសក្ដិសមធ្វើឱ្យមើលទៅឃើញតែរោមចិញ្ចើម។ មិនតែប៉ុណ្ណោះមិនត្រូវគូសឱ្យដល់គល់នៃចិញ្ចើមឡើយ គួរតែចោលចន្លោះពីគល់ចិញ្ចើមបន្ដិចទើបស្រឡះស្អាត។
2. ចិញ្ចើមតូច ៖ សុភាពនារីមួយចំនួនមិនត្រឹមតែមានរោមចិញ្ចើមតូចប៉ុណ្ណោះទេ ថែមទាំងគ្មានរោមចិញ្ចើមតែម្ដង។ មិត្ដនារីដែល មានរោមចិញ្ចើមតូចឬស្ដើង ឬអត់មានរោមចិញ្ចើមសូមគូសចេញជារាងចិញ្ចើមបានដូចអ្នកដែលមានរោមចិញ្ចើមដែរ។ មិត្ដនារីដែល មានរោមចិញ្ចើមតូចហើយស្ដើងនោះត្រូវគូសឱ្យចេញមកក្រៅចិញ្ចើមបន្ដិចទើបមើលទៅចិញ្ចើមមានរាងធំជាងមុនបន្ដិច ឃើញរោម ចិញ្ចើមក្រាស់។
ដំបូន្មានអ្នកប្រឹក្សា
សុភាពនារីទាំងអស់គួរតែប្រុងប្រយ័ត្ននៅពេលតុបតែងចិញ្ចើម ព្រោះការតុបតែងអាស្រ័យទៅតាមទំហំចិញ្ចើមរបស់មនុស្សម្នាក់ៗ មិនអាចតុបតែងដូចគ្នាទាំងអស់បានឡើយ។ ចំណុចល្អបំផុតលោកស្រីអ្នកនាងកញ្ញាត្រូវរៀនគូសដោយខ្លួនឯងនៅមុខកញ្ចក់ ដើម្បីបញ្ជាក់ភាពសក្ដិសម ឬមិនសក្ដិសម និងជាការដកពិសោធន៍លើខ្លួនឯងផ្ទាល់ផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply