ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សមានតួនាទីសំខាន់ណាស់ ដែលមានដូចជាសួត ទងសួតជាដើម។ ការដកដង្ហើមដែលនាំខ្យល់ កខ្វក់ ក្លិនមិនល្អ ឬធូលីដីចូលអាចនាំឱ្យទងសួតរលាក។ ជម្ងឺនេះកើតចំពោះកុមារមានអត្រាខ្ពស់បំផុត។ កាលណាមានករណីរលាក ទងសួត សុខភាពនឹងទ្រុឌទ្រោម។ ជម្ងឺរលាកទងសួតងាយឆ្លង ប៉ុន្ដែជម្ងឺនេះក៏អាចព្យាបាលនិងបង្ការបានដែរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសលោកវេជ្ជបណ្ឌិត នី ចន្ទីប្រធានផ្នែកជម្ងឺសួតប្រចាំមន្ទីរពេទ្យព្រះកុសុមៈ ស្ដីពី ជម្ងឺរលាកទងសួត។
អ្វីទៅជាជម្ងឺរលាកទងសួត?
រលាកទងសួតជាជម្ងឺមួយប្រភេទដែលបង្កពីមេរោគផ្សេងៗ និងនៅពេលមានការផ្លាស់ប្ដូររដូវ ឬអាកាសធាតុ។ ជម្ងឺនេះធ្វើ ឱ្យរលាក និងហើមផ្លូវដង្ហើម ទងសួត ដែលអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ។ ប៉ុន្ដែវ័យកុមារមានការប្រឈមខ្ពស់ជាងមនុស្សវ័យ ចំណាស់។
រោគសញ្ញាជម្ងឺរលាកទងសួត
ក្រោយពេលឆ្លងកាត់ការផ្លាស់ប្ដូររដូវឬអាកាសធាតុ បើមានបញ្ហាចោទដល់ទងសួត រយៈពេលពីរឬបីថ្ងៃក្រោយមកអាច បង្ហាញរោគសញ្ញា ដោយលេចចេញនូវអាការក្ដៅខ្លួន(មិនខ្លាំងពេកទេ) ហើយពេលលេបថ្នាំគឺកម្ដៅឆាប់ធ្លាក់ចុះ។ ក្រៅពីនេះទៀតគឺ មានឈឺបំពង់ក ក្អកមានស្លេស កណ្ដាស់ តឹងច្រមុះ ហៀរសំបោរ ហត់ជាដើម។ នៅពេលពិនិត្យនិងឃើញលេចចេញមានពក គ្រាប់តូចៗដោយសារការហើម មានឡើងក្រហមនៅត្រង់គល់អណ្ដាត និងបំពង់ក។ នៅពេលស្ដាប់សញ្ញាដង្ហើមមានអាការត្បៀត ផ្លូវដង្ហើម។ ក្នុងករណីរលាកទងសួតដែលបង្កឡើងដោយមានមេរោគអ្នកជម្ងឺនឹងមានកំហាកមានពណ៌ខ្ទុះ ពណ៌ស្វាយបន្ដិច។
មូលហេតុរលាកទងសួត
ជម្ងឺរលាកទងសួតមានការពាក់ព័ន្ធនឹងរដូវកាល នៅពេលមានការផ្លាស់ប្ដូររដូវពីក្ដៅមកត្រជាក់ការចាប់ផ្ដើមធ្លាក់ភ្លៀងដំបូង អាកាសធាតុមានការប្រែប្រួលលឿនជាដើម ជាហេតុនាំឱ្យប្រព័ន្ធផ្លូវដង្ហើមមានការរលាកច្រមុះ រលាកបំពង់កនិងឈានទៅរក ការហើម ឬរលាកទងសួតថែមទៀត។ ម្យ៉ាងទៀតអាចបណ្ដាលមកពីបរិស្ថានមិនល្អដូចជាផ្សែងពុលនៃការដុតបំផ្លាញអ្វីមួយ ផ្សែងរថយន្ដ ផ្សែងមានសារធាតុគីមី ធូលីដីក្នុងស្រទាប់ខ្យល់ ក្លិនមិនល្អនៃកាកសំណល់ លូទឹកស្អុយផ្សែងបារីជាដើម។ ការដកដង្ហើម ចូលទៅនូវខ្យល់អុកស៊ីសែនក៏អាចនាំចូលទៅនូវធូលីដីដែលមានមេរោគនិងសារធាតុអាក្រក់ៗផ្សេងទៀតដែរ។ នេះជាដើមចមនៃការ ធ្វើឱ្យរលាកទងសួត។ រលាកទងសួតកើតមានលើមនុស្សគ្រប់វ័យប៉ុន្ដែច្រើនកើតនៅលើក្មេងដែលមានអាយុក្រោម១០ឆ្នាំ។ ឯមនុស្ស ចាស់ដែលកើតជម្ងឺរលាកទងសួត អាចក្លាយជាជម្ងឺរ៉ាំរ៉ៃ ឬជម្ងឺហឺត។
ការព្យាបាលជម្ងឺរលាកទងសួត
ការព្យាបាលជម្ងឺរលាកទងសួតមិនប្រើថ្នាំផ្សះទេ គឺប្រើថ្នាំពពួកប៉ារ៉ាសេតាម៉ុល ថ្នាំបំបាត់អាលែកហ្ស៊ី និងកាត់ស្លេសកាត់សំបោរជាដើម។ បើជម្ងឺរលាកទងសួតមានកម្រិតស្រាល គេអាចព្យាបាលជាសះស្បើយក្នុងពេលប្រមាណជាប្រាំថ្ងៃ។ ក្នុងករណីរលាក ទងសួតធ្ងន់ធ្ងរ ដំបៅមានខ្ទុះ ការព្យាបាលក៏ត្រូវប្រើថ្នាំផ្សះ ថ្នាំកម្រិតខ្ពស់តាមនោះដែរ។ ករណីទងសួតមានហើម អាចត្រូវប្រើថ្នាំ ដើម្បីឆ្ពុងសម្រកការហើម ព្រោះការហើមនេះធ្វើឱ្យស្ទះខ្យល់ដកដង្ហើម។ ដូច្នេះគ្រូពេទ្យជំនាញនឹងធ្វើការសង្គ្រោះតាម ដែលអាចធ្វើ ទៅបាន។ ជួនកាលក៏ត្រូវប្រើថ្នាំចាក់ទៀតក៏មាន ទៅតាមការពិនិត្យជាក់ស្ដែងនិងទៅតាមវិធីសាស្ដ្ររបស់គ្រូពេទ្យជំនាញ។ ប្រសិន បើព្យាបាលមិនទាន់ពេលវេលាជម្ងឺរលាកទងសួតអាចធ្វើឱ្យអ្នកជម្ងឺពិបាកក្នុងការដកដង្ហើម ដោយស្ទះៗនឹងកង្វះអុកស៊ីសែនក្នុងឈាម ដែលអាចបណ្ដាលឱ្យបាត់បង់ជីវិតបាន។
វិធីបង្ការជម្ងឺរលាកទងសួត
លោកអ្នកមិនត្រូវនៅកន្លែងដែលមានអាកាសធាតុក្ដៅពេក ឬត្រជាក់ពេកទេ មិនត្រូវនៅហាលភ្លៀងហាលខ្យល់ត្រូវទឹកសន្សើមទេ។ ក្រៅពីនេះទៀតក៏ត្រូវនៅឱ្យឆ្ងាយពីទីកន្លែងដែលមានធូលីដីហុយ ផ្សែងកខ្វក់កន្លែងមានក្លិនមិនល្អជាដើម។ ប្រសិនបើ នៅក្នុងគ្រួសារមានសមាជិកណាម្នាក់មានជម្ងឺរលាកទងសួត គួរឆាប់ព្យាបាលឱ្យទាន់ពេលវេលា។ ហើយគួរដាក់អ្នកជម្ងឺឱ្យរស់នៅឆ្ងាយ ពីគេឯងតាមដែលអាចធ្វើទៅបាន ព្រោះជម្ងឺនេះងាយឆ្លងណាស់ ជាពិសេសកុមារ។ ជាមួយគ្នានេះ ផ្សែងបារីអាចបង្កការរលាកទងសួត និងជម្ងឺផ្សេងទៀតដែលពាក់ព័ន្ធ។
ដំបូន្មានអ្នកជំនាញ
បើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមរូតរះរកសេវាប្រឹក្សាព្យាបាល។ ការដំអក់យូរអាចនាំឱ្យមានការឆ្លងរាលដាលដល់អ្នកដទៃ។ កុមារមានអាយុក្រោម១០ឆ្នាំ ងាយឆ្លងពីអ្នកដទៃណាស់។ ដើម្បីចៀសវាងការខាតបង់ថវិកាលើសេវាកម្មព្យាបាល ចុះខ្សោយសុខភាព ខូចខាតការងារ និងការសិក្សា លោកអ្នកគួរចេះបង្ការនិងការពារខ្លួនឱ្យបានគ្រប់ៗគ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply