សព្វថ្ងៃនេះមិនត្រឹមតែវិទ្យាសាស្ដ្ររីកចម្រើនទេសូម្បីតែជម្ងឺផ្សេងៗក៏រីកលូតលាស់ទៅតាមនោះដែរតួយ៉ាងដូចជាជម្ងឺរលាកថ្លើមប្រភេទបេជាដើម។ បច្ចុប្បន្នកម្មវិធីជាតិរបស់ក្រសួងសុខាភិបាលបានរៀបចំការចាក់ថ្នាំការពារដល់កុមារចាប់ពីពេលកើត ភ្លាម។ រីឯប្រជាពលរដ្ឋភាគច្រើន ជាពិសេសអ្នករស់នៅតាមទីក្រុង និងទីប្រជុំជននានាមានការយល់ដឹងហើយនាំគ្នាមកចាក់ថ្នាំ ការពារជម្ងឺថ្លើម ដែលមានតួលេខកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកចាក់ថ្នាំការពារកើនរីឯអ្នកមានជម្ងឺថ្លើមក៏កើនឡើងដូចគ្នា។ បញ្ហាទាំងនេះអាចបណ្ដាលមកពីការចាក់ថ្នាំការពារគ្មានប្រសិទ្ធភាព ឬយ៉ាងណា?
លោកវេជ្ជបណ្ឌិត ប៊ុត សុខល់ នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈចូលរួមជម្រាបជូនមិត្ដអ្នកអានអំពី ប្រការគួរយល់ដឹងមួយចំនួនដែលទាក់ទងទៅនឹងថ្នាំការពារជម្ងឺរលាកថ្លើមនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
កំណើននៃអ្នកជម្ងឺថ្លើម
តាមរយៈការអង្កេតថ្មីមួយរបស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈបានបង្ហាញថា បច្ចុប្បន្ននេះនៅកម្ពុជាមាន អត្រាអ្នករងគ្រោះដោយសារជម្ងឺរលាកថ្លើមប្រភេទបេច្រើនគួរឱ្យកត់សម្គាល់។ ជម្ងឺរលាកថ្លើមប្រភេទបេបានកើតលើកុមារដែលមាន អាយុក្រោម៥ឆ្នាំចំនួន៣,៤ភាគរយ។ កុមារអាយុពី១៣ទៅ១៥ឆ្នាំមាន៩,២ភាគរយ។ រីឯមនុស្សពេញវ័យពី២០ទៅ៣៥ឆ្នាំមាន ១១,៨ភាគរយ។ អត្រាកើនឡើងទាំងនេះហើយដែលជំរុញឱ្យលោកអ្នកត្រូវចាក់ថ្នាំការពារជម្ងឺថ្លើមព្រោះលោកអ្នកមិនអាចសម្គាល់ លើសម្បកក្រៅ ដោយវិនិច្ឆ័យថានរណាម្នាក់មានផ្ទុកមេរោគថ្លើមនោះទេ។
ផលប្រយោជន៍របស់ថ្នាំការពារ
ដោយហេតុថាជម្ងឺរលាកថ្លើមប្រភេទបេងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់នោះ ទើបលោកអ្នកទាំងអស់គ្នាត្រូវមានការប្រុង ប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ។ ការចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេអាចនាំឱ្យលោកអ្នកទាំងអស់ចៀសផុតពីការឆ្លងរាល ដាលនៃជម្ងឺនេះ។ ម្យ៉ាងទៀតការចាក់ថ្នាំការពារនេះប្រៀបដូចជាលោកអ្នកកំពុងបង្កើតកងអង្គរក្សការពារសុខភាពលោកអ្នកដូច្នេះ ដែរ។ លោកអ្នកលែងមានការព្រួយបារម្ភពីប្រការឆ្លង ដូចជាការបញ្ចូលឈាម ការរួមភេទការប៉ះពាល់ជាមួយអ្នកមានជម្ងឺថ្លើម ជាដើមទៀតហើយ។
កាលវិភាគនៃការចាក់ថ្នាំការពារ
មិនទាមទារលក្ខខណ្ឌអ្វីច្រើនទេ សម្រាប់ការចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេនេះ។ ចំពោះទារកទើបនឹងកើតអាច ចាក់បានភ្លាមក្នុងរយៈពេលមួយសប្ដាហ៍ បើលើសពីនេះចាំបាច់ត្រូវពិនិត្យឈាមជាមុនសិន។ ដោយឡែកសម្រាប់កុមារឬមនុស្សពេញ វ័យដែលមិនទាន់បានចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេនេះក៏ត្រូវពិនិត្យឈាមដែរដើម្បីរកឱ្យឃើញនូវមេរោគរលាកថ្លើមនេះ ឬប្រព័ន្ធការពារជម្ងឺ(អង់ទីក័រ)។ បើលទ្ធផលបង្ហាញថាមានមេរោគថ្លើមប្រភេទបេនោះពុំចាំបាច់ចាក់ថ្នាំការពារទេ ព្រោះថ្នាំនឹងគ្មាន ប្រសិទ្ធភាពឡើយ។ ជាមួយគ្នានេះផងដែរចំពោះអ្នកដែលមានប្រព័ន្ធការពារជម្ងឺ(អង់ទីក័រ)នៅក្នុងខ្លួនស្រាប់ហើយ ក៏ពុំចាំបាច់ចាក់ ថ្នាំការពារដែរ ព្រោះមានកូនទាហានជួយការពាររួចជាស្រេចហើយ។ ចំពោះលោកអ្នកដែលមិនមានមេរោគ ឬប្រព័ន្ធការពារជម្ងឺទេ នោះ អាចចាក់ថ្នាំការពារបានដោយត្រូវគោរពទៅតាមកាលវិភាគនៃការចាក់ឱ្យបានត្រឹមត្រូវទើបទទួលលទ្ធផលល្អ។
ដំណាក់កាលនៃការចាក់ថ្នាំការពារត្រូវធ្វើឡើង៣ដង នៅខែទីមួយ ខែទី២ និងខែទី៦។ ប៉ុន្ដែប្រសិនបើលោកអ្នកចង់បាន ប្រព័ន្ធការពារ(អង់ទីក័រ)ឆាប់ ត្រូវចាក់ថ្នាំការពារចំនួន៤ដងគឺ នៅខែទី១ ខែទី២ ខែទី៣ និងមួយឆ្នាំ។ ក្រោយពេលចាក់ថ្នាំការពារ បាន២ ឬ៣លើករួចហើយ លោកអ្នកត្រូវពិនិត្យឈាមរកមើលប្រព័ន្ធកាពារ(អង់ទីក័រ)ដើម្បីឱ្យដឹងថាការចាក់ថ្នាំនោះបានជោគជ័យ ឬក៏អត់។ បើក្នុងករណីដែលមិនទាន់មានអង់ទីក័រ លោកអ្នកត្រូវរងចាំរហូតដល់ការចាក់ថ្នាំបញ្ចប់ហើយពិនិត្យម្ដងទៀត។ បើការពិនិត្យលើកចុងក្រោយនៅតែពុំមានអង់ទីក័រនោះ លោកអ្នកត្រូវរកមូលហេតុឱ្យឃើញហើយចាប់ផ្ដើមចាក់សារជាថ្មីឡើងវិញ។
មូលហេតុដែលនាំឱ្យថ្នាំការពារមិនមានប្រសិទ្ធភាព
ក្រោយពេលដែលបានចាក់ថ្នាំការពារតាមពេលវេលាកំណត់ហើយនោះ នៅពេលដែលពិនិត្យឈាមដើម្បីរកប្រព័ន្ធការពារ លោកអ្នកមួយចំនួនបែរជាមិនមានទៅវិញ។ បែបនេះមានមូលហេតុមួយចំនួនដែលធ្វើឱ្យការចាក់ថ្នាំការពារជម្ងឺថ្លើមប្រភេទបេនេះ មិនបានជោគជ័យ។
- ដោយសារការពិនិត្យឈាមមិនបានត្រឹមត្រូវ មុនការចាក់ថ្នាំការពារ
- ការទុកដាក់ថ្នាំការពារមិនបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ដ្រ
- អាយុក្មេង ឬចាស់ពេក ប្រព័ន្ធការពារនៅខ្សោយឬមិនមាំទាំ ធ្វើឱ្យថ្នាំការពារមិនមានប្រសិទ្ធភាព
- ក្មេងដែលមានអាយុតិចជាង២ឆ្នាំ ហើយចាក់ថ្នាំចំពេលដែលមានជម្ងឺផ្សេងៗដូចជាជម្ងឺផ្ដាសាយ ក្ដៅខ្លួន ជម្ងឺរាក(មនុស្ស ចាស់)គ្រុនចាញ់ជាដើម។ ជម្ងឺទាំងនេះបានធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ បើចាក់ថ្នាំការពារនៅពេលនេះនោះមិនអាច ជោគជ័យទេ។
- កុមារ ឬមនុស្សពេញវ័យដែលមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងស្ដ្រីមានផ្ទៃពោះ ដែលប្រព័ន្ធការពារចុះខ្សោយក៏ធ្វើ ឱ្យការចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេ មិនមានប្រយោជន៍ដែរ។
- មួយវិញទៀតអាចបណ្ដាលមកពីកត្ដាតំណពូជ ដែលមិនអនុញ្ញាតឱ្យមានប្រព័ន្ធការពាររាងកាយ
- ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនក៏ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយដែរ
- លោកអ្នកមួយចំនួនពេលដែលចាក់ថ្នាំការពារជម្ងឺរលាកថ្លើមនេះមានប្រតិកម្មដោយលេចចេញជាកន្ទួលរមាស់នោះក៏ពុំ មានប្រព័ន្ធការពារដែរទេ។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសវាងនូវការចាក់ថ្នាំការពារ ហើយពុំមានប្រសិទ្ធភាពនោះលោកអ្នកគួរតែទៅរកសេវាចាក់ថ្នាំការពារណាដែល ត្រឹមត្រូវស្របច្បាប់។ ជាពិសេសលោកអ្នកមិនគួរធ្វេសប្រហែស ឬក៏កំណាញ់ចំពោះការចំណាយប្រាក់តិចតួចដើម្បីបានកូនទាហាន ការពាររាងកាយនោះទេ ព្រោះលោកអ្នកដឹងហើយថាជម្ងឺរលាកថ្លើមប្រភេទបេងាយឆ្លងហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះ អាយុជីវិតលោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply