មើល​ទូរទ​ស្សន៍ ខូច​ភ្នែក

ភ្នែកជា​សរីរាង្គ​មួយក្នុង​ចំណោម​សរីរាង្គ​សំខាន់ៗ​ផ្សេងទៀត​នៃខ្លួន​ប្រាណ​មនុស្ស​យើង។ ៨០%នៃព័ត៌​មាននៅ​ខាងក្រៅ គឺ​បានមក​ពីភ្នែក​ទាំងគូរ​បស់យើង។ ការអាន​និងការ​ទស្សនា​មានផល​ប្រយោជន៍​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប។ ទន្ទឹមនឹង​នេះដើម្បី រក្សា​គំហើញ​របស់ភ្នែក​ឱ្យមាន​និរន្ដរ​ភាពយូរ​អង្វែង លោកអ្នក​ត្រូវមាន​អនាម័យ​ភ្នែក ផ្ទៃមុខ​និងគម្លាត​នៃការ​មើលឱ្យ​បាន​ត្រឹមត្រូវផងដែរ។បើយើង​មិនបាន​យកចិត្ដ​ទុកដាក់​ពីរបៀប​អានមិន​បានត្រឹម​ត្រូវ​ជាមូល​ហេតុមួយ​ដែលនឹង​បណ្ដាល​ឱ្យមាន​បញ្ហាចោទ​ចំពោះភ្នែក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បើកក​កាយ​បង្ហាញនូវ​វិធាន​ផ្សេងៗ​ក្នុងការ​ប្រតិបត្ដិ​ទាក់ទិន​រវាង​គំហើញ​និងការ​អានបាន​ត្រឹមត្រូវ ទស្ស​នាវដ្ដី​សុខភាពយើង ទទួល​បានការ​ស្រាយ​បំភ្លឺពី​លោកវេជ្ជ​បណ្ឌិត ម៉ារ អមរិន្ទ ម្ចាស់គ្លី​និកភ្នែក​អមរិន្ទ។

គំហើញ និងការ​អានសម​ស្រប

ការអាន និងការ​ទស្សនា​ទាំងឡាយ​ណាដែល​នាំឱ្យ​ភ្នែកមាន​បញ្ហា​ចោទទោះ​តិចតួច​ក្ដី​យើងគួរ​ចៀសវាង​ឱ្យអស់​ពីលទ្ធ ភាព។

1. គំហើញ​សមស្រប ៖ គំហើញ​ពាក់ព័ន្ធ​នឹងការ​ទស្សនា តាមការ​ឱ្យដឹង​ពីអ្នក​ចក្ខុ​សាស្ដ្រ​ពេល​ទស្សនា​ទូរទស្សន៍​លោកអ្នក​ត្រូវស្ថិត​នៅចម្ងាយ​យ៉ាងតិច​៦ដង​នៃទំហំ​អង្កត់ផ្ចិត​របស់​កញ្ចក់​ទូរទស្សន៍។ អាណា​ព្យាបាល​ក៏ត្រូវ​យកចិត្ដ​ទុកដាក់​ផងដែរ​ទៅលើ​វ័យ និងការ​ទស្សនា​របស់កូន។​មានន័យ​ថាមិន​គួរ​បណ្ដោយ​ឱ្យកុមារ​តូចស្ថិត​នៅជិត​មុខកញ្ចក់​ទូរទស្សន៍​ញឹកញាប់​នោះពេក​ទេ។ ចំពោះ លោកអ្នក​ធ្វើការ​នៅមុខ​កញ្ចក់​កុំព្យូ​ទ័រជា​ប្រចាំ តែង​ប្រឈម​នឹងបញ្ហា​មីញ៉ូប​ភ្នែក។ ដូច្នេះ​លោកអ្នក​គួរឧស្សាហ៍​សម្រាក​ភ្នែកខ្លះ ដោយ​សម្លឹងទៅ​ទីផ្សេង​ក្រៅពី​កញ្ចក់​កុំព្យូទ័រ។ លើសពី​នេះក៏គួរ​ឧស្សាហ៍​ព្រិចធ្វើ​ចលនា​ភ្នែក​ដើម្បី​កុំឱ្យ​ភ្នែក​ស្ងួត​ហើយមិន​គប្បី​ព្យាយាម មើលទៅ​កញ្ចក់​ទូរទស្សន៍ ឬ​កុំព្យូទ័រ ដែលមាន​ពន្លឺជះ​ចាំងខ្លាំង​ពេក ឬឃើញ​ជា​ស្រមោល​នៅក្នុង​កញ្ចក់​នោះទេ​ដូចជា​ពន្លឺ​អំពូល​ម៉ែត្រ ចំណាំង​ដោយការ​ដាក់បែរ​កញ្ចក់ទៅ​ទ្វារបង្អួច​ជាដើម។

2. ការអាន​សមស្រប ៖ ការអាន​អក្សរ​ដែលមាន​ខ្នាតតូច​ម្ដងម្កាល​មិនជា​បញ្ហា​ចោទទេ​លើកលែង​តែអាន​ជាប្រចាំ។ ការ​មាន​ទម្លាប់ល្អ និងការ​ណែនាំ​ត្រឹមត្រូវ​អាចជួយ​ឱ្យកុមារ​មាន​សុខភាព​ភ្នែកល្អ និង​គំហើញ​បានល្អ​យូរ​អង្វែង។ ដូច្នេះ​លោកអ្នក​គួរ​ទម្លាប់ អាន​និង​ណែនាំ​កូនឱ្យ​អានដោយ​ដាក់ក្រដាស​ដែលត្រូវ​អាននៅ​ចម្ងាយពី​ភ្នែក​ប្រមាណ​៣៥សង់​ទីម៉ែត្រ។ លោកអ្នក​គួរអាន​នៅទី​កន្លែង ដែលមាន​ពន្លឺគ្រប់​គ្រាន់មិន​ភ្លឺចាំង​ភ្នែកពេក​ដូចជា​ពន្លឺ​ព្រះអាទិត្យ ពន្លឺ​អំពូល​ជាដើម។ បើពន្លឺ​តិចពេក​ធ្វើឱ្យ​ភ្នែកប្រឹង ជាហេតុ​នាំឱ្យ ភ្នែកឆាប់​ចុះខ្សោយ។

គំហើញ និងការ​អានដែល​មានផល​មិនល្អ​ដល់ភ្នែក

គំ​ហើញ និងការ​អានរបស់​មនុស្ស​ម្នាក់ៗប្រែ​ប្រួលទៅ​តាមវ័យ។ ប៉ុន្ដែ​លោកអ្នក​ក៏អាច​ខូចភ្នែក​មុនវ័យ​ដែរ​បើសិន​ជាមើល​ឬអាន​មិនបាន​សមស្រប​ជារឿយ​ៗនោះ។ ការមើល​ឬការ​អានដែល​អាចឱ្យ​មាន​បញ្ហា​ចោទគឺ ៖

1. គំហើញ​ផ្សេងៗ

  • កុមារ​តូចដែល​ចូលចិត្ដ​មើល​ទូរទស្សន៍​ជាប្រចាំ​ច្រើនម៉ោង
  • ការមើល​ទូរទស្សន៍​ជិតពេក
  • ការមើល និងនៅ​មុខ​កុំព្យូទ័រ​ជាប្រចាំ
  • ការមើល​ទៅកាន់​ពន្លឺ​ខ្លាំងពេក ឧទា​ហរណ៍​ពន្លឺព្រះ​អាទិត្យ ឧបករណ៍​ផ្សារដែក ឬកន្លែង​ងងឹត​ពេក

2. អំណាន​ផ្សេងៗ

  • ការ​ព្យាយាម​អានអក្សរ​តូចៗ​ពេក
  • ការអាន​ដែលពុំ​មានពន្លឺ​គ្រប់គ្រាន់
  • ការអាន និងការ​សរសេរ​ដែលមាន​គម្លាត​កៀកពេក​រវាង​ពីភ្នែក​ទៅតួ​អក្សរ។ ឧទាហរណ៍​តុអង្គុយ​សម្រាប់ មនុស្ស​ធំ តែបែរ​ជាកុមារ​តូចអង្គុយ​អាន ឬ​សរសេរ។

ការមើល​ទាំងនេះ​អាច​បណ្ដាល​ឱ្យភ្នែក​ងាយចុក​រោយ ផ្សាភ្នែក ហៀរ​ទឹកភ្នែក​ជា​ពិសេស​ភ្នែកត្រូវ​ប្រឹង​ជានិច្ច​ទាំងកែវ​ភ្នែក និងសាច់​ដុំភ្នែក។ ដូច្នេះ​ភ្នែកឆាប់​ចុះខ្សោយ​ផ្នែក​គំហើញ នឹងអាច​ធ្វើឱ្យ​មីញ៉ូប​ទៀតផង។

ករណី​ភ្នែកមាន​បញ្ហាដោយ​គំ​ហើញ និង​ការអាន

បើសិន​ជាភ្នែក​មានបញ្ហា​ចោទឡើង​ដោយសារ​គំហើញ និងការ​អានមិន​សមស្រប​គ្រោះថ្នាក់​បឋម​គឺមិន​មានលក្ខណៈ​ធ្ងន់-​ធ្ងរទេ។ ជាដំបូង​អ្នកជម្ងឺ​អាចចុក​រោយគ្រាប់​ភ្នែក រោយ​ថ្ងាស ឈឺក្បាល និង​ស្រវាំង​ភ្នែកទោះ​មើលជិត​ឬឆ្ងាយ។ បន្ទាប់​មកអ្នក​ជម្ងឺ អាចមើល​ឃើញជា​ស្រមោល ឬរូប​ភាពបែក​ជាពីរ។ បើមាន​អាការ​ទាំងនេះ​ហើយត្រូវ​ប្រញាប់​រកសេវា​ពិនិត្យ​ព្យាបាល​ព្រោះអ្នក​ជម្ងឺ អាចឈាន​ដល់កើត​ជម្ងឺ​មីញ៉ូប​ភ្នែកបាន។

ការព្យា​បាលភ្នែក​មាន​បញ្ហា​គំហើញ និង​ការអាន

ការព្យា​បាលគឺ​អាស្រ័យ​ទៅតាម​ដំណាក់​កាលនៃ​ស្ថានភាព​អាការ​រោគជាក់​ស្ដែង។ ដំណាក់​កាល​ដំបូង​លោកអ្នក​គ្រាន់តែ​អនុវត្ដ​តាម​ដំបូន្មាន​អ្នក​ជំនាញ​ក៏អាច​ធ្វើឱ្យភ្នែក​ត្រឡប់​មករក​សភាព​ដើមវិញ​បានដែរ។ ក្នុងនោះ​អ្នកជម្ងឺ​គួរមាន​ឥរិយា​បថ ទម្លាប់​អាន​នៅទី​កន្លែង​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ អានខ្នាត​អក្សរធំ​ៗសម​ស្របតាម​បទដ្ឋាន​ការ​សម្រាក​ភ្នែកពេល​អានច្រើន​ឬពេល​ប្រើកុំព្យូ​ទ័រ ច្រើន​ជាដើម។ ជួនកាល​លោកអ្នក​ក៏អាច​ត្រូវប្រើ​វ៉ែនតា​ជំនួយ ប្រសិន​បើដល់​ដំណាក់​កាលត្រូវ​ប្រើ។ ការ​សម្រេច​ចិត្ដ​ព្យាបាល​តាម​វិធី ផ្សេង​ទៀត អាស្រ័យ​ទៅលើ​ទម្ងន់​នៃជម្ងឺ។

វិធី​បង្ការ​គំហើញ និង​អំណាន

ចាំបាច់​លោកអ្នក​ត្រូវ​ប្រតិបត្ដិ​តាំងពី​កុមារ​ភាពដោយ​មានការ​មើលថែ​ពីអាណា​ព្យាបាល។ ពោល​គឺមាតា​បិតាពុំ​គប្បី​បណ្ដោយ​ឱ្យកូន​ដែលនៅ​ក្មេងវ័យ​ទស្សនា​ទូរទស្សន៍​ញឹកញាប់​ច្រើនម៉ោង​ពេកទេ។ មិនត្រូវ​សម្លឹង​មើលអ្វី​ដែលមាន​ពន្លឺខ្លាំង​ពេក​ឬតិច​ពេក។ គួរអាន​នៅកន្លែង​ដែលមាន​ពន្លឺ​គ្រប់គ្រាន់។ គួរអាន​តួអក្សរ​ដែលមាន​ខ្នាតចាប់​ពីជី៥ (J5)​ឡើងទៅ​ដែលជា​ទំហំ​អក្សរ​ទូទៅ​ក្នុង កាសែត ឬទស្ស​នាវដ្ដី។ គួរកុំ​មានទម្លាប់​ឈ្ងោក ឬ​ផ្អៀងក សរសេរ​អក្សរជិត​នឹង​ក្រដាស​ពេក។

ដំ​បូន្មាន​អ្នក​ជំនាញ

ការថែ​ទាំភ្នែក​ជាកត្ដា​មួយដ៏​សំខាន់​សម្រាប់​ឱ្យគំហើញ​នៃភ្នែក​របស់​លោកអ្នក​នៅបាន​ល្អយូរ។ ក្រៅពី​ទម្លាប់​ល្អក្នុង​ការអាន ដូចរៀប​រាប់ខាង​លើ លោកអ្នក​ត្រូវចេះ​ការពារ និងថែ​រក្សាភ្នែក​ពីធូ​លីដី ខ្យល់បក់​ខ្លាំង ពីកាំ​រស្មីយូវី​ឬកាំ​រស្មីពណ៌​ខៀវពី​ព្រះអាទិត្យ ដោយត្រូវ​ប្រើវ៉ែន​តាសម​ស្រប។ គួរពាក់​មួក​ការពារ មិនត្រូវ​យកដៃ​កខ្វក់ញី​ភ្នែក លុបលាង​មុខឱ្យ​ស្អាត​និងម្ដង​ម្កាលគួរ​ប្រើទឹក សម្រាប់​លាងភ្នែក។ ពេលភ្នែក​មាន​បញ្ហាមិន​ប្រក្រតី គួរតែ​ជួបគ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ឱ្យបាន​សមស្រប។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *