កាលណានិយាយពីសង្គ្រាម ឬចម្បាំង គេតែងនឹកឃើញភ្លាមដែរនូវវិនាសកម្មយ៉ាងច្រើនជាអាទិ៍ ការបាត់បង់អាយុជីវិត ព្រាត់ប្រាស របួស ពិការ ខូចខាតអគារសំណង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ វិបត្ដិសេដ្ឋកិច្ច ភាពក្រីក្រ។ល។ អ្នកធ្វើសង្គ្រាមហាក់ដូចជាមិនមានមនុស្សធម៌បន្ដិចណាឡើយ។ព្រោះគេប្រឹងយកតែឈ្នះចាញ់ប៉ុណ្ណោះចង់អ្នកណាស្លាប់ព្រាត់ប្រាសគេមិនខ្វល់ឡើយ លើក លែងតែមានការប៉ះពាល់ដល់សាច់ញាតិរបស់គេផ្ទាល់ទើបមានការឈឺចាប់ខ្លះ។
សូមប្រិយមិត្ដអ្នកអានស្វែងយល់អំពីមហន្ដរាយនៃសង្គ្រាមនេះ ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការជួបសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យមហាបរិញ្ញា ការ ស៊ុនបូណាតប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដ។
មូលហេតុសង្គ្រាម
សង្គ្រាមបង្កឡើងពីមូលហេតុច្រើនយ៉ាងផ្សេងៗគ្នា ហើយមានភាពស្មុគស្មាញ និងលាយឡំចូលគ្នាច្រើនណាស់។ មូលហេតុ ទាំងនោះអាចបណ្ដាលមកពីការមិនពេញចិត្ដគ្នា ចងគំនុំ ចង់បានអំណាចហួសហេតុការគាបសង្កត់ពីអ្នកមានអំណាចមកលើអ្នកតូច តាចជាដើម។ សង្គ្រាមខ្លះធ្វើឡើងក្នុងផលប្រយោជន៍ជំនួញសេដ្ឋកិច្ច នយោបាយការវាយបំបាក់អ្នកទន់ខ្សោយឱ្យចុះចូលរណបខ្លួនជា ដើម។ សង្គ្រាមហាក់ដូចជាកាន់តែសាហាវឡើងៗ ពីមួយជំនាន់ទៅមួយជំនាន់ទោះជាប្រវត្ដិសាស្ដ្រលើលោកបានរិះគន់ ដាក់បម្រាម ឱ្យនាំគ្នាបញ្ចៀសសង្គ្រាមយ៉ាងណាក៏ដោយក៏មនុស្សជំនាន់ក្រោយៗនៅតែបន្ដប្រព្រឹត្ដអំពើមិនមែនជាមនុស្សនេះដដែល។ យុត្ដិធម៌ គ្រាន់តែជាជើងមេឃមួយដែលគេសន្មត់ទុកតែពុំមាននរណាម្នាក់ទៅដល់ឡើយ។ អ្នកណាខ្លាំងអ្នកនោះឈ្នះ ហើយអ្នកឈ្នះជាអ្នក ត្រូវ រីឯអ្នកចាញ់ជាអ្នកខុសទាំងស្រុង។
ផលវិបាកក្រោយពេលសង្គ្រាម
បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ប្រជាពលរដ្ឋដែលនៅរស់រានមានជីវិតរស់នៅមិនបានសុខទេព្រោះផលវិបាករបស់សង្គ្រាម បានជះឥទ្ធិពលវែងឆ្ងាយ រហូតដល់ច្រើនជំនាន់ក៏មានដែរ។ មិនមែនតែអ្នកចូលរួមធ្វើសឹកសង្គ្រាមនោះទេដែលរងគ្រោះ ទាំងអស់គ្នា ដែលរស់នៅជាមួយសង្គ្រាមក៏ជាជនរងគ្រោះដែរ។
1 . ផលវិបាកផ្នែកសង្គម ៖ ក្រៅពីបំផ្លិចបំផ្លាញលើជីវិតមនុស្ស សង្គ្រាមធ្វើឱ្យមានទុក្ខព្រាត់ប្រាសវិនាសហិនហោច សូម្បី តែអ្នកឈ្នះក៏មិនប្រាកដខ្លួនឯងថាទទួលបានសេចក្ដីសុខនោះដែរ។ អសន្ដិសុខក្នុងសង្គម ការកាប់សម្លាប់អំពើហិង្សា ការគំរាមកំហែង ការចាប់រំលោភ និងការធ្វើទារុណកម្ម សុទ្ធតែជាផលវិបាកបន្សល់ទុកក្រោយសង្គ្រាម។ សង្គ្រាមបានធ្វើឱ្យមនុស្សយកអាវុធប្រើហិង្សា ជាមធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហា។ ឥរិយាបថហិង្សាបានដុះជាប់នឹងខ្លួន និងចិត្ដមនុស្សរហូតក្លាយទៅជាទម្លាប់ទៅ ហើយ។
2 . ផលវិបាកផ្នែកសេដ្ឋកិច្ច ៖ ការអប់រំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ដ ភាពក្រីក្រអវិជ្ជាកាន់តែរីកដុះដាលក្នុងសង្គម ក្រោយសង្គ្រាម។ សង្គមត្រូវឋិតក្នុងអស្ថេរភាពគ្រប់បែបយ៉ាង គ្មានច្បាប់ទម្លាប់ គ្មានអ្នកណាស្ដាប់អ្នកណាឃើញមានតែការប្រើ អំណាចធ្វើជាមធ្យោបាយដោះស្រាយ។ ទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ម្នាក់ៗភ័យជាប្រចាំមិនដឹងថាថ្ងៃណាជាថ្ងៃអង្សារបស់់ខ្លួនម្ដង វិញ។
3 . ផលវិបាកផ្នែកផ្លូវចិត្ដ ៖ ការភិតភ័យដែលធ្លាប់ជួបប្រទះក្នុងសង្គ្រាមបានដក់ជាប់ក្នុងអារម្មណ៍ជានិច្ច្ច។ ពេលខ្លះធ្វើឱ្យ តក់ស្លុតខ្លាំងភ្លាមៗ ហាក់ដូចជាហេតុការណ៍នោះកើតមានឡើងវិញស្រស់ៗ។ ជាឧទាហរណ៍នឹកឃើញឪពុកម្ដាយ ឬសាច់ញាតិ ប្ដី ប្រពន្ឋខ្លួនត្រូវគេសម្លាប់គួរឱ្យរន្ធត់។ ការបាត់បង់កិត្ដិយសនិងទ្រព្យសម្បត្ដិដែលធ្លាប់តែមានបានពីមុនប្រែធ្លាក់ខ្លួនទៅជាក្រខ្សត់ តោកយ៉ាកជាដើម។ រូបភាពទាំងនេះបានដក់ជាប់នៅក្នុងខួរក្បាលរហូតបង្កជាវិបត្ដិផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរបំផុត។ ជម្ងឺបាក់ស្បាត ជម្ងឺធ្លាក់ ទឹកចិត្ដ ជម្ងឺវិកលចរិត ជម្ងឺថប់អារម្មណ៍ វិបត្ដិអត្ដចរិតជាដើមសុទ្ធតែជាជម្ងឺផ្លូវចិត្ដដែលយើងបានឃើញក្រោយសង្គ្រាមបានបញ្ចប់ ដូចជាសង្គ្រាមលោកលើកទីពីរ របបប្រល័យពូជសាសន៍ប៉ុលពតជាដើម។
4. ផលវិបាកលើគ្រួសារ ៖ អ្នកដែលនៅរស់ពីសង្គ្រាម កើតមានជម្ងឺធ្លាក់ទឹកចិត្ដ បាក់ស្បាត ឬវិកលចរិតធ្វើឱ្យការអត់ធ្មត់សង្កត់ចិត្ដចុះថយយ៉ាងខ្លាំង ក្លាយជាមនុស្សឆាប់ឆេវឆាវ។ ហេតុដូចនេះហើយនៅក្នុងគ្រួសារការរស់នៅច្រើនតែមានទំនាស់បង្កជាហិង្សាក្នុងគ្រួសារ កើតឡើងដោយសារមានបញ្ហាផ្លូវចិត្ដមិនប្រក្រតីនេះឯង។ អំពើហិង្សាក្នុងគ្រួសារបង្កសោកនាដកម្មច្រើនត ទៅទៀត ធ្វើឱ្យគ្រួសារមានភាពក្រីក្រ កូនខ្វះភាពកក់ក្ដៅ ហើយកូនអាចមានជម្ងឺផ្លូវចិត្ដដូចជាជម្ងឺថប់អារម្មណ៍ធ្លាក់ទឹកចិត្ដ ភ័យខ្លាច ចង់សម្លាប់ខ្លួនជាដើម។ កូនអាចចេញទៅក្រៅផ្ទះ ជួបក្មេងពាលរហូតក្លាយជាពាលឬប្រើប្រាស់គ្រឿងញៀនទៀតក៏មាន។ សង្គ្រាម ធ្វើឱ្យមនុស្សប្រែពីស្លូតទៅជាកាចសាហាវហើយទម្រាំក្លាយជាមនុស្សសុភាពរាបសារវិញ ត្រូវចំណាយពេលយូរណាស់។ កុមារកំព្រាដោយសង្គ្រាមបានក្លាយជាបន្ទុកសម្រាប់មេគ្រួសារដែលនៅរស់រានមានជីវិតផងនិងជាបន្ទុករបស់ប្រទេសជាតិដែលកំពុងតែត្រូវលិច លង់ដោយសារសង្គ្រាមផង។
5 . ផលវិបាកផ្នែកសីលធម៌ ៖ សីលធម៌ជាមនុស្សកាន់តែបាត់បង់ទៅៗ“មនុស្សកាន់តែមានលក្ខណៈលែងជាមនុស្សទៅៗ” នេះបើនិយាយក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេសមួយ។ តែបើនិយាយក្នុងក្របខ័ណ្ឌពីប្រទេសមួយទៅប្រទេសមួយទៀត សភាពការណ៍នេះ កាន់តែថោកទាបជាងនេះទៅទៀត ព្រោះពិភពលោកដែលត្រូវនាំគ្នាលើកស្ទួយមនុស្សធម៌បែរជាធ្លាក់ខ្លួនថោកទាបមកជ្រើសរើស សង្គ្រាមជាមធ្យោបាយតាមបែបកម្រោលទៅវិញ។ តើយើងគួរហៅអ្នកអស់នោះថាជាអ្វីវិញទើបសម បើអ្នកទាំងនោះមិនមែនជា មនុស្សអវិជ្ជាផងនោះ។ តើភាពជាមនុស្សនៅឯណា?
សេចក្ដីសន្និដ្ឋាន
សង្គ្រាមបង្កឱ្យមានសោកនាដកម្មធំធេងណាស់ ទោះបីជាមានរយៈពេលខ្លីក៏ដោយ។ ទម្រាំតែរៀបចំប្រទេសឱ្យមានសន្ដិភាពស្ថេរភាព និងការអប់រំមនុស្សមកដូចដើមវិញ មិនមែនជារឿងងាយឡើយ។ ប្រៀបបានដូចជាការសង់ផ្ទះដូច្នោះដែរប្រសិន បើជួសជុលផ្ទះមួយដែលបាក់បែក គឺមិនងាយនឹងធ្វើឱ្យបានដូចដើមណាស់តែបើកម្ទេចផ្ទះនោះវិញតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ដូច្នេះ ហើយគេមិនចង់ឱ្យមានអំពើហិង្សា ឬសង្គ្រាមទេ ព្រោះវាមានផលវិបាកវែងឆ្ងាយនិងធ្វើឱ្យមនុស្សបាត់បង់នូវសីលធម៌តម្លៃជា មនុស្ស។
ដំបូន្មានអ្នកជំនាញ
សូមកុំយកសង្គ្រាម ឬហិង្សាមកដោះស្រាយបញ្ហា។ ម្នាក់ៗត្រូវចេះពិចារណាថ្លឹងថ្លែង ស្គាល់ពីមនុស្សធម៌សីលធម៌និង ប្រកាន់ឱ្យបានខ្ជាប់ខ្ជួនក្នុងនាមខ្លួនជាមនុស្សពិតប្រាកដ។ គួរគោរពគ្នាទៅវិញទៅមកតាមគន្លងព្រះពុទ្ធសាសនាដែលអប់រំឱ្យយកអហិ ង្សាមកដោះស្រាយ មិនបៀតបៀន និងកេងប្រវ័ញ្ចអ្នកដ៏ទៃព្រោះគេក៏ចង់រស់នៅដោយសុខសាន្ដដូចជារូបយើងដែរ។ សូមធ្វើអំពើល្អ និងរក្សានូវសេចក្ដីថ្លៃថ្នូរ និងត្រូវចេះខ្មាសអៀនចំពោះមុខសត្វធាតុដែលមិនមានវប្បធម៌ចេះដឹងនិងមិនបានបង្កសង្គ្រាមដូចជា មនុស្ស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply