ធ្មេញអាចជួយលើកសម្រស់នៅលើផ្ទៃមុខរបស់លោកអ្នកបានមួយកម្រិត។ ធម្មជាតិបង្កើតឱ្យមនុស្សមានធ្មេញមិនដូចគ្នា នោះទេ អ្នកខ្លះមានធ្មេញត្រង់ស្មើ តូច ធំ អ្នកខ្លះទៀតមានធ្មេញមិនស្មើគ្នា មិនត្រង់ជួរ(ចំពើស)ជាដើម។ មនុស្សក៏មានចំណង់ ចំណូលចិត្ដខុសគ្នាដែរ លោកអ្នកខ្លះចូលចិត្ដធ្មេញដែលដុះមិនត្រង់ជួរ(ចំពើស) ចំណែកលោកអ្នកខ្លះចូលចិត្ដនិងចង់បានធ្មេញត្រង់ស្មើ។ ហេតុនេះហើយទើបលោកអ្នកទាំងនោះស្វែងរកដំណោះស្រាយដោយរកទន្ដបណ្ឌិតដើម្បីពុតធ្មេញឱ្យត្រង់ជួរ។
លោកទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចឹមចូលរួមបកស្រាយបំភ្លឺអំពីបញ្ហានេះជូន មិត្ដអ្នកអានតាមរយៈទស្សនាវដ្ដី សុខភាយើង។
ពុតធ្មេញ ជាអ្វី?
ពុត គឺជាការធ្វើវត្ថុអ្វីមួយដែលមិនត្រង់ មិនមានជួរ ឱ្យត្រង់ ឱ្យមានជួរឡើងវិញ។ ក៏ដូចគ្នានោះដែរពុតធ្មេញគឺធ្វើឱ្យធ្មេញ ដែលមិនត្រង់ជួរ(ចំពើស)បានចូលជួរជាមួយធ្មេញដទៃទៀត។ ប៉ុន្ដែការពុតធ្មេញមិនដូចគ្នានឹងការពុតវត្ថុឬរបស់ផ្សេងនោះឡើយ។ មុននឹងពុតធ្មេញ ទន្ដបណ្ឌិតចាំបាច់ត្រូវពិនិត្យទៅលើឆ្អឹង និងចន្លោះធ្មេញថាត្រូវពុត ឬមិនត្រូវពុត។
ហេតុអ្វីត្រូវពុតធ្មេញ?
ជាធម្មតាមនុស្សត្រូវការភាពស្រស់ស្អាតគួរឱ្យស្រឡាញ់ អាស្រ័យទៅលើចំណូលចិត្ដនៃបុគ្គលម្នាក់ៗ។ លោកអ្នកខ្លះស្រឡាញ់ធ្មេញចំពើស លោកអ្នកខ្លះស្រឡាញ់ធ្មេញត្រង់ជួរ មិនមានមុខក្រោយ។ កត្ដានេះហើយធ្វើឱ្យលោកអ្នកដែលមិនពេញចិត្ដនឹង ធ្មេញចំពើស មិនត្រង់ជួររបស់ខ្លួន ចាំបាច់ត្រូវទៅពុតធ្មេញដើម្បីបំពេញចិត្ដខ្លួនដែលយល់ថាស្រស់ស្អាត។ ម្យ៉ាងទៀតប្រការដែល តម្រូវឱ្យលោកអ្នកទៅពុតធ្មេញ អាចដោយសារធ្មេញដែលមិនត្រង់ជួរចំពើសមានការពិបាកក្នុងការថែរក្សានិងពិបាកក្នុងការសម្អាត ឱ្យបានស្អាត។
វិធីពុតធ្មេញ
ការពុតធ្មេញ មិនមែនអ្នកណាៗក៏អាចធ្វើបាននោះទេ។ ព្រោះបើមិនមានការពិនិត្យទៅលើឆ្អឹងធ្មេញឱ្យបានត្រឹមត្រូវពេល ពុតអាចធ្វើឱ្យមានការប៉ះពាល់ដល់ឆ្អឹង។ មួយទៀតបើពុតមិនបានត្រឹមត្រូវ អាចធ្វើឱ្យប៉ះពាល់ដល់ធ្មេញជិតខាង។ ដូចនេះដើម្បីចៀសវាងប្រការទាំងនេះលោកអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញពិតប្រាកដដើម្បីពុតធ្មេញប្រកបដោយសុវត្ថិភាព។
មានវិធីពីរយ៉ាងសម្រាប់ការពុតធ្មេញ។
1 . វិធីទីមួយ ៖ ពុតធ្មេញដោយការទាញ ឬរុញធ្មេញពីក្នុងក្រអូមដែលមិនត្រង់ជួរនោះឱ្យចូលក្នុងជួរធ្មេញ។ នេះជាវិធី ដែលចាស់បុរាណធ្លាប់បានធ្វើកន្លងមក។ វិធីនេះមានការលំបាក និងឈឺចាប់បន្ដិចឯលទ្ធផលក៏ពុំសូវទទួលបានគាប់ប្រសើរដែរ។ ព្រោះ ពេលខ្លះពុតរុញមិនទៅដោយសារតែឆ្អឹងធ្មេញរឹងពេកជាដើម។
2 . វិធីទីពីរ ៖ ជាបច្ចេកវិទ្យាថ្មីមានភាពងាយស្រួលនិងឆាប់រហ័សដោយគ្រាន់តែពាក់ឧបករណ៍ម្យ៉ាង(ដែកប្រេកខេប) នៅលើធ្មេញដើម្បីទាញធ្មេញឱ្យត្រង់ជួរ។ វិធីនេះកំពុងទទួលបាននូវការពេញនិយមនៅបរទេសនិងមានលទ្ធផលជោគជ័យជាវិជ្ជមាន មិនសូវចំណាយពេលវេលាយូរ និងមានភាពងាយស្រួល។
គួរចាប់ផ្ដើមពុតធ្មេញនៅពេលណា?
ការពុតធ្មេញអាចប្រព្រឹត្ដទៅបានទាំងមនុស្សចាស់ ទាំងវ័យក្មេង។ ពេលដែលក្មេងចាប់ផ្ដើមដុះធ្មេញស្រុកក៏ជាពេលដែល ត្រូវពិនិត្យមើលធ្មេញរបស់ពួកគេថាត្រូវពុតធ្មេញ ឬមិនត្រូវ។ ការពុតធ្មេញរបស់ក្មេងមានភាពងាយស្រួលនិងឆាប់រហ័សជាងមនុស្ស ចាស់ ព្រោះឆ្អឹងធ្មេញរបស់ក្មេងនៅខ្ចី និងមិនពិបាកពុត។ ចំណែកឆ្អឹងធ្មេញមនុស្សចាស់ជាឆ្អឹងរឹងពិបាកពុតនិងត្រូវចំណាយពេលវេលា យូរ។
គុណសម្បត្ដិនៃការពុតធ្មេញ
ដូចបានជម្រាបជូនក្នុងមូលហេតុខាងលើ ការពុតធ្មេញគឺដើម្បីសោភ័ណភាព និងភាពស្រស់ស្អាត។ ក្រៅពីធ្វើឱ្យធ្មេញរត់ ត្រង់ជួរបានល្អ ការពុតធ្មេញក៏ផ្ដល់នូវគុណសម្បត្ដិម្យ៉ាង ដូចជាធ្វើឱ្យមានភាពងាយស្រួលក្នុងការថែរក្សាងាយស្រួលក្នុងការសម្អាតនិងធ្វើអនាម័យធ្មេញជាដើម។
គុណវិបត្ដិនៃការពុតធ្មេញ
ទន្ទឹមនឹងគុណសម្បត្ដិ ការពុតធ្មេញក៏ផ្ដល់នូវគុណវិបត្ដិសម្រាប់លោកអ្នកផងដែរ។ ការពាក់ឧបករណ៍ពុតធ្មេញអាចធ្វើឱ្យ ទើសមាត់ និងមានការលំបាកក្នុងការបើកបិទមាត់។ ជួនកាលអាចធ្វើឱ្យមានការឈឺចាប់បន្ដិចបន្ដួចឬរលាកក្រអូមមាត់និងផ្នែកខាង ក្នុងនៃបបូរមាត់ផងក៏មាន។ ម្យ៉ាងទៀតអាចថាមកពីទំនៀមទម្លាប់ប្រពៃណីខ្មែរនិងការដែលមិនទម្លាប់ធ្វើអ្វីប្លែកៗដូចនេះពេល ពាក់ឧបករណ៍ពុតធ្មេញធ្វើឱ្យក្លាយទៅជាគុណវិបត្ដិផ្នែកសម្រស់ មើលទៅមិនស្រស់ស្អាតនិងមិនជាទីគាប់ចិត្ដនៃអ្នកផងទាំងពួងដែល នៅជុំវិញខ្លួន។
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើចង់ពុតធ្មេញ សូមលោកអ្នកប្រុងប្រយ័ត្ន។ ថ្វីត្បិតមិនមានផលប៉ះពាល់ណាមួយធ្ងន់ធ្ងរប៉ុន្ដែក៏អាចមានគ្រោះថ្នាក់ ប្រសិនបើការពុតមិនប្រកបដោយជំនាញច្បាស់លាស់។ សូមពិគ្រោះយោបល់និងពុតធ្មេញជាមួយអ្នកឯកទេសពិតប្រាកដ ទើបអាច ជួយបង្កើនសម្រស់ពីធម្មជាតិតាមដែលលោកអ្នកចង់បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧
Leave a Reply