ជម្ងឺឈីគុនហ្គុនយ៉ាដ៏ចម្លែកនៅខេត្តតាកែវ

វិទ្យា​សាស្រ្ត កាន់​តែជឿន​លឿន រីឯ​ជម្ងឺ​រាតត្បាត​ចម្លែក​ក៏កាន់​តែរីក​ចម្រើន​ផង​ដែរ។ កាលពី​ពេល​ថ្មីៗនេះ​ នៅ​ខេត្ត​តាកែវ ​មាន​ជម្ងឺ​រាត​ត្បាត​ថ្មីមួយ ដែល​ក្រុម​គ្រូពេទ្យ​សន្និដ្ឋាន​ថា ជាជម្ងឺ «ឈីគុន​ហ្គុន​យ៉ា»។ ជម្ងឺ​ដ៏ចម្លែក​នេះ បាន​ធ្វើឲ្យ​អ្នកភូមិ​ជាច្រើន​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺដូចៗ​គ្នាមក​ទល់​នឹង​ពេល​នេះ​ដោយ​ពុំដឹង​មូល​ហេតុ​ច្បាស់​លាស់ និង​មាន​សភាព​ធ្ងន់ធ្ងរ​ជិត១០​ថ្ងៃមក​ហើយ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ករណី​ផ្ទុះ​ជម្ងឺ​រាតត្បាត​ម្យ៉ាង​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ ដែល​គេ​នៅ​មិន​ទាន់​ដឹង​ថា ជា​ប្រភេទ​ជម្ងឺ​អ្វី​នៅ​ឡើយ​នោះ បានធ្វើឲ្យអ្នក​ភូមិ​ជា​ច្រើន​នាក់ ​បាន​ធ្លាក់​ខ្លួន​ឈឺ​ដូចៗគ្នាជាបន្តបន្ទាប់។ អ្នក​ភូមិ​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ​ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្លាក់​ឈឺ​បន្ត​បន្ទាប់​គ្នា ដោយ​ពុំ​ដឹង​មូលហេតុ និង​មាន​សភាព​ធ្ងន់ធ្ងរ ជិត១០ថ្ងៃ​មក​ហើយ។ នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌​មាន​វិទ្យ​អាស៊ី​សេរី។

សារ​ព័ត៌មាន​ដដែល​នេះបាន​រាយ​ការណ៍​បន្តថា ក្រុម​គ្រូ​ពេទ្យ​ផ្នែក​កម្មវិធី​ឆ្លង និង​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ បាន​ត្រួត​ពិនិត្យ​និង​ធ្វើតេស្ត​ឈាម​អ្នក​ភូមិ​កំពុង​មាន​ជម្ងឺ ដើម្បី​វិភាគ​រក​ប្រភេទ​មេរោគ ដែល​បង្ក​ឲ្យ​អ្នក​ភូមិ​ឈឺ​បន្ត​បន្ទាប់​គ្នា​នេះ។ ក្រុម​គ្រូ​ពេទ្យ​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​មក​ពី​មេរោគ​ម្យ៉ាង​ឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya) ដែលកើត​តាម​រយៈមូស​ខាំ។ រីឯមន្ត្រី​សុខាភិបាលវិញ បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពីប្រជា​ពលរដ្ឋថា ប្រជាពលរដ្ឋ​ទាំង​ចាស់​និង​កូន​ក្មេង រស់​នៅ​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​សម៉​ក្រោម និង​ភូមិ​តា​ស្រែន ឃុំ​ខ្វាវ ស្រុក​ទ្រាំង បាន​កើត​ជម្ងឺរាតត្បាត​បន្ត​បន្ទាប់​គ្នា។

អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដូនកែវ លោក សួន ចាន់ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១០ ឧសភា ថា ក្រុម​គ្រូពេទ្យ​ចម្រុះ​មក​ពី​មន្ទីរសុខាភិបាល គ្រូពេទ្យ​មក​ពី​កម្មវិធី​ឆ្លង គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​កំពុង​មាន​ជម្ងឺ​ចម្លែក​នោះ។ លោក​បន្តថា តាម​ការ​សង្កេត​ផ្ទាល់ឃើញ​ថា​ ពលរដ្ឋ​មាន​អាការៈ ក្ដៅ​ខ្លួន កន្ទួល​នៅ​លើ​ស្បែក និង​ឈឺ​តាម​សន្លាក់​ឆ្អឹង​ជា​ដើម។ ហើយការ​ប៉ាន់ស្មាន​ជា​បឋមលោក​ថា អាច​ជា​ជម្ងឺឈ្មោះ ឈីគុនហ្គុនយ៉ា (Chikunkunya) ដែល​បណ្ដាល​មក​ពី​មូស​ខាំ។ ជម្ងឺ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ជម្ងឺ​គ្រុនឈាម​ដែរ។ លោក សួន ចាន់ធី បានបន្ថែមថា អ្នកជម្ងឺ​ចាប់​ផ្ដើម​ក្ដៅ​ខ្លួន​ ហើម​មុខ​ ចុក​រោយ​សន្លាក់​ដៃ​ជើង ហើយចុង​ក្រោយ​ខ្លះ​ទុន​ជើង​ដើរ​អត់​រួច ឡើង​កន្ទួត​ដូច​ស្អូច​អ៊ីចឹង។

អ្នកស្រី​ សុទ្ធ ណែម អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​សម៉​ក្រោម ដែលមាន​សមាជិក​ក្រុម​គ្រួសារ ៧នាក់ ឈឺ​ព្រមទាំង​អស់គ្នាតែម្តង បាន​ថ្លែង​ថា សមាជិក​ក្នុង​គ្រួសារ​គាត់​ចំនួន៦នាក់​ដំបូង បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល ៤ ថ្ងៃ​មក​ហើយ។ ប៉ុន្តែ ដល់​ថ្ងៃ​ទី ១០ នេះ កូន​ស្រី​អាយុ ៣ ឆ្នាំ​ម្នាក់​ទៀត ចាប់​ផ្ដើម​ក្ដៅ​ខ្លួន​ដែរ។ អ្នកស្រីបានបន្តថា «គេ​ឲ្យ​ទៅ​បើក​ថ្នាំ​ ឥឡូវ​គ្មាន​នរណា​ទៅ​បើក ព្រោះឈឺ​ជង្គង់​ ឈឺ​សន្លាក់​​ដើរ​មិន​កើត​សោះ។ គេ​ជួស​ឈាម​យក​ទៅ​ពិនិត្យ​មើល ហើយ​គាត់​ឲ្យ​ទៅ​យក​ថ្នាំ​នៅ​មណ្ឌល គេថា​មិន​អី​ទេ ជម្ងឺហ្នឹង​តែ​បួន​ប្រាំ​ថ្ងៃ​ទៅ​ជា​ហើយ»។

ពលរដ្ឋម្នាក់​ឲ្យ​ដឹង​ថា នៅ​ក្បែរ​ផ្ទះ​របស់​គាត់​បាន​ឈឺ​ជា​បន្ត​បន្ទាប់ និង​ដំបូង​បង្អស់​ជម្ងឺ​នេះ​បាន​កើត​លើ​អ្នក​ភូមិ​តា​ស្រែន ឃុំ​ខ្វាវ ហើយ​ក៏​បាន​ឆ្លង​រាលដាល​ដល់​អ្នក​ភូមិ​ផ្សេងៗទៀត​ជា​បន្តបន្ទាប់។ ពាក់ព័ន្ធ​នឹងបញ្ហា​នេះ ប្រធាន​ភូមិ​សម៉​ក្រោម លោក ប៉ែន ណាត បានថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី ១០ ឧសភា មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​អនាម័យ ផ្ដល់​ថ្នាំ​អាប៊ែត (Abet) ដល់​ពលរដ្ឋ​នៅ​ភូមិ​ដែល​ផ្ទុះ​ជម្ងឺ​នេះ។ ហើយក្រុម​ការងារ​សុខាភិបាល ដែល​ចុះ​ត្រួត​ពិនិត្យ​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ក្នុង​ភូមិ​សម៉​ក្រោម​មាន​ប្រមាណ ៥០នាក់។ ក្រុម​ការងារ​នេះ​នឹង​បន្ត​ចុះ​ភូមិ​នៅ​ក្បែរៗ នោះ​ទៀត។

គួរ​រំឮក​ផង​ដែរថា កាល​ពី​ចុង​ខែ​មីនា ឆ្នាំ ២០១២ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក៏​មាន​អាការៈ​គ្រុន​ក្ដៅ ទន់​ដៃ​ជើង ឈឺ​សន្លាក់​ឆ្អឹង និង​ហើម​សន្លាក់​ដៃជើងផងដែរ។ ហើយជម្ងឺនេះបាន​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ និងធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​នេះ​ម្ដង​រួច​មក​ហើយ។ ក្រោយ​ការ​ពិនិត្យ​ស្រាវជ្រាវ មន្ត្រី​ក្រសួង​សុខាភិបាល បាន​ដាក់​ឈ្មោះ​ជម្ងឺនោះ​ថា ជា​ជម្ងឺ​គ្រុន ឈីក វី (CHIKV) ដែល​បណ្ដាល​មក​ពី​មេរោគ​ម្យ៉ាង​ឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya)។ ជម្ងឺ​នេះ គឺ​មាន​ប្រភព​មក​ពី​មូស​ខ្លា​ខាំ ហើយ​អ្នក​ដែល​ត្រូវ​មេរោគ​រាតត្បាត មិន​បណ្ដាល​ឲ្យ​ស្លាប់​ទេ គ្រាន់​តែ​មាន​អាការៈ​ជម្ងឺ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ឈឺ​ទន់​ដៃ​ជើង ឈឺ​សន្លាក់ ឈឺ​ឆ្អឹង ហើម​ក ​និង​គ្រុន​ក្ដៅ​តែ​ប៉ុណ្ណោះ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១២ ឧសភា ឆ្នាំ​ ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *