ច្រមុះមានទីតាំងនៅចំកណ្ដាលនៃផ្ទៃមុខដែលអាចជួយឱ្យសម្រស់របស់លោកអ្នកកាន់តែស្អាតឡើងបាន។ ជាមួយបញ្ហា សម្រស់ច្រមុះនៅមានបញ្ហាមួយចំនួនទៀតដែលទាក់ទងនឹងសុខភាព ធ្វើឱ្យលោកអ្នកពិបាកទ្រាំ ហើយជួនកាលមានការឈឺចាប់ ទៀតផងនោះគឺជម្ងឺរលាកច្រមុះ។ ជម្ងឺរលាកច្រមុះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ បើមានការធ្វេសប្រហែសក្នុងការព្យាបាល។
លោកវេជ្ជបណ្ឌិត សុខ សំអាត ប្រធានផ្នែកព្យាបាលជម្ងឺច្រមុះ បំពង់ក ត្រចៀក នៃមន្ទីរពេទ្យព្រះអង្គឌួង បានបកស្រាយជម្រាបជូនលោកអ្នកឱ្យយល់ដឹងអំពីរឿងរ៉ាវផ្សេងៗដែលទាក់ទិននឹងការរលាកច្រមុះដែលមានលក្ខណៈរ៉ាំរ៉ៃ តាមរយៈទស្សនាវដ្ដី សុខ ភាពយើង។
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ ជាអ្វី?
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃសំដៅដល់ការអន់ថយរួម ឬរលាករ៉ាំរ៉ៃនៃភ្នាសរន្ធច្រមុះ ដែលធ្វើឱ្យភ្នាសច្រមុះឡើងហើមផ្គួបផ្សំនឹងវិបត្ដិសំណើមផង។ វិបត្ដិសំណើមស្ដែងឡើងដោយមានសម្បោរច្រើន ឯការរលាកភ្នាសវិញស្ដែងឡើងដោយភាពរីកធំ ពិសេសនៅម្ដុំ សាច់ទួលក្រោមនៃជញ្ជាំងច្រមុះ។ ភាពរ៉ាំរ៉ៃអាចរាលដាលដល់ភ្នាសបំពង់ក ឬទងសួតដែលរោគសញ្ញាទាំងនោះធ្វើឱ្យអ្នកជម្ងឺយល់ ច្រឡំខ្លួនឯងថាជាជម្ងឺសួតនិងធ្វើឱ្យមានបម្រែបម្រួលរូបសាស្ដ្រឬទម្រង់ ព្រមទាំងមានភាពអន់ថយនៃប្រព័ន្ធផ្លូវខ្យល់។ ជម្ងឺនេះមាន លក្ខណៈធ្ងន់ល្មម ហើយបន្ដជាភាពញឹកញាប់និងកាន់តែខ្លាំងឡើងៗជាអចិន្ដ្រៃយ៍ធ្វើឱ្យអ្នកជម្ងឺបាត់បង់នូវសុខុមាលភាពជាបណ្ដើរៗ។
មូលហេតុជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃភាគច្រើនបណ្ដាលមកពីរលាកច្រមុះអាលែស្ស៊ី ឬការរលាកផ្សេងៗ។ ការរីកសាច់ច្រមុះតឹងមិនមែន មានន័យថាដុះសាច់ច្រមុះដូចលោកអ្នកមួយចំនួនយល់ច្រឡំឡើយ ធម្មតាសាច់នោះមានគ្រប់ៗគ្នា ហើយគ្រប់គ្រងដោយប្រព័ន្ធ សរសៃប្រសាទដោយឱ្យច្រមុះតឹងឆ្លាស់គ្នារាល់ពេលពី២ទៅ៨ម៉ោងម្ដង ហើយមានលក្ខណៈតឹងជាប្រចាំបើវាមានលក្ខណៈរ៉ាំរ៉ៃ។ មានមូលហេតុជាច្រើនដែលអាចបង្កឱ្យមានជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ។
- លោកអ្នកធ្លាប់មានប្រវត្ដិរលាកច្រមុះស្រួចស្រាវច្រើនដង ដែលជាហេតុធ្វើឱ្យភ្នាសច្រមុះមិនអាចវិលមករកសភាពប្រក្រតីវិញបាន
- លោកអ្នកមានការរលាកស៊ីនុសនៃច្រមុះ ឬក៏មានវិបត្ដិនៃការរីករួមសាច់ច្រមុះ
- លោកអ្នកមានសាច់ដុះធំនៅលើផ្នែកខាងក្រោយនៃរន្ធច្រមុះបណ្ដាលឱ្យមានឧបសគ្គដល់ការបង្ហូរសម្បោរ
- លោកអ្នកដែលមានប្រតិកម្មជាមួយធូលី សារធាតុគីមី និងសារធាតុពុលមួយចំនួន ដូចជាផ្សែងបារី ឬក៏លោកអ្នកជាអ្នកជក់បារីផ្ទាល់តែម្ដង
- ការរលាកច្រមុះរ៉ាំរ៉ៃអាចបណ្ដាលមកពីមជ្ឈដ្ឋានរស់នៅ បរិស្ថានជុំវិញ ឬកត្ដាអាកាសធាតុ(ត្រជាក់ សើម ក្ដៅ)។
រោគសញ្ញាជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
រោគសញ្ញាដំបូង អ្នកជម្ងឺចាប់តឹងច្រមុះពីម្ខាងប្ដូរទៅម្ខាង ជួនកាលតឹងទាំងសងខាងមានកម្រិតកាន់តែខ្លាំងជាលំដាប់ រួមជាមួយមានហៀរសម្បោរស្អិតគ្មានពណ៌ ជួនកាលមានខ្ទុះហូរចាក់ទៅផ្នែកក្រោយនៃរន្ធច្រមុះ។ ក្រៅពីនេះមានសញ្ញាបន្ទាប់បន្សំមួយ ចំនួនទៀត ដូចជាហៀរសម្បោរក្រហមបំពង់កញឹកញាប់ សម្លេងក្រងួរ ហៀរទឹកភ្នែក ឬរលាកបំពង់ក។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជម្ងឺ ច្រើនអស់កម្លាំង គេងមិនលក់ ធ្ងន់ក្បាលឈឺក្បាល តានតឹងចិត្ដជាដើម។ ក្នុងស្ថានភាពរ៉ាំរ៉ៃ អ្នកជម្ងឺត្រូវមានប្រវត្ដិជាមូលហេតុក្នុង ចំណោមចំណុចខាងលើទាំងអស់នេះរយៈពេលជាយូរមកហើយ។
រោគវិនិច្ឆ័យជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ដើម្បីឱ្យដឹងថាច្រមុះរបស់អ្នកជម្ងឺមានការរលាក ឬយ៉ាងណានោះ ជាដំបូងត្រូវពិនិត្យច្រមុះ រកឱ្យឃើញរន្ធច្រមុះដែលមានភាពតូចចង្អៀតដោយសាច់ច្រមុះដុះនៅសងខាងឡើងក្រហមរីកធំ ពិសេសនៅត្រង់ទួលសាច់ច្រមុះក្រោម(គឺជាដំណាក់កាលរលាកច្រមុះរ៉ាំរ៉ៃ)ធម្មតាការប្រើថ្នាំបន្ដក់ពពួកបន្ធូរច្រមុះវានឹងរួញ ហើយអាចឱ្យដកដង្ហើមតាមច្រមុះបានធូរ ជួនកាលមានលក្ខណៈជាដុំពក តូចៗ ឬក្លាយជាដុះសាច់ចេញតូចៗ។ ឥទ្ធិពលនៃការវិវត្ដន៍ និងទីតាំងនៃការប៉ះពាល់រន្ធច្រមុះបណ្ដាលឱ្យមានរោគសញ្ញាខុសប្លែកៗគ្នា។ បើសភាពរីកធំនោះមាននៅលើក្បាលនៃទួលសាច់ច្រមុះកណ្ដាលវិញ អ្នកជម្ងឺមានវិបត្ដិស្រង់ក្លិន ឈឺក្បាលខ្លាំង និងធ្វើឱ្យស្ទះប្រព័ន្ធ សម្បោរនៃកោសិកានានានៃច្រមុះ។ ផ្ទុយទៅវិញបើសភាពរីកធំនៅលើកន្ទុយក្រោយនៃទួលសាច់ច្រមុះក្រោម អ្នកជម្ងឺមានវិបត្ដិ ដង្ហើមច្រមុះចេញចូល។
រោគសញ្ញាខាងលើអាចឱ្យគេយល់ច្រឡំទៅនឹងជម្ងឺផ្សេងៗទៀតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ដូចជារលាកស៊ីនុសដោយសារការញាត់របស់ផ្សេងចូលច្រមុះលេង ជាពិសេសកូនក្មេងធ្វើឱ្យដាច់សាច់អាដេណាអ៊ីតរីកធំ ឬរលាកច្រមុះដោយអាលែស្ស៊ី។ មានតែការពិនិត្យបន្ថែមដោយធ្វើការវិភាគឈាម វិទ្យុសាស្ដ្រ ឬឆ្លុះអង់ដូច្រមុះដោយគ្រូពេទ្យឯកទេសទេ ទើបអាចបញ្ជាក់មូលហេតុ ជូនលោកអ្នកបានច្បាស់លាស់។
ការព្យាបាលជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ការព្យាបាលជម្ងឺរលាកច្រមុះរ៉ាំរ៉ៃមាន២ដំណាក់កាល គឺការប្រើប្រាស់ថ្នាំ និងការវះកាត់។
1. ការប្រើប្រាស់ថ្នាំ
ដើម្បីបំបាត់នូវមូលហេតុនានាខាងលើដែលស្គាល់ច្បាស់ ឬសង្ស័យចោល លោកអ្នកចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបន្ដក់ពពួកបន្ធូរច្រមុះ ព្រោះប្រសិទ្ធភាពវាអាចបន្ធូរច្រមុះបានតែមួយរយៈពេលតែប៉ុណ្ណោះ។ ក្រៅពីនេះលោកអ្នកត្រូវស្វែងយល់អំពី ហេតុផលផ្សេងៗដូចជាបរិស្ថាន និងស្ថានភាពការងារប្រចាំថ្ងៃរបស់លោកអ្នក។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការដុត ឬលាបលើសាច់ដែលរីកធំដោយប្រើអាស៊ីតក្រូម៉ិកមួយភាគបី ឬអាស៊ីតទ្រីក្លអាសេទិក(ភាគច្រើនលើទួលសាច់ច្រមុះក្រោម)។
2. ការវះកាត់
ទោះបីជាការរលាកច្រមុះដោយអាលែស្ស៊ីត្រូវព្យាបាលជាចម្បងដោយវេជ្ជសាស្ដ្រក៏ដោយ ក៏ការព្យាបាលដោយវះកាត់នៅតែជាចំណែកមួយជួយឱ្យបាននូវលទ្ធផលល្អ ប្រសិនបើសាច់រីករ៉ាំរ៉ៃនោះមានលក្ខណៈចាំបាច់ត្រូវអនុវត្ដន៍ និងធ្វើឡើងនៅពេលដែលការព្យាបាលដោយថ្នាំមិនអាចធូរស្បើយបាន។ ដើម្បីបន្ថយផ្ទៃរីកធំនៃទួលសាច់ច្រមុះក្រោម គ្រូពេទ្យអាចធ្វើការវះកាត់តាមវិធីជា ច្រើនដូចខាងក្រោម។
- ការដុតដោយភ្លើង
- ការចាក់ថ្នាំក្រិនឱ្យវារួញ
- គ្រីយ៉ូដោយប្រើបំពង់តូចរត់ចូលដោយអាសូតរាវ
- ដុតដោយកាំរស្មីឡាស៊ែរ ដោយប្រើឧស្ម័នកាបូនិក ឬជាតិអាហ្គរ (Argor)
- ការកាត់សាច់ទួលច្រមុះក្រោមចេញ ដោយប្រើកន្ដ្រៃកាត់នៅផ្នែកក្រោមនៃទួលសាច់ច្រមុះក្រោម ឬនៅផ្នែក កន្ទុយឬក៏កាត់យកសាច់ដុះតូចៗចេញ ដោយប្រើធ្នាក់កឆ្កែ។
វិធីការពារជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃជាជម្ងឺដែលអាចបង្ការបានដោយលោកអ្នកត្រូវប្រតិបត្ដិនូវវិធីមួយចំនួន។
- លោកអ្នកមិនគប្បីប្រើថ្នាំបន្ដក់ច្រមុះរយៈពេលយូរ គ្មានវេជ្ជបញ្ជាត្រឹមត្រូវ លើសពី២សប្ដាហ៍ទេ ព្រោះថ្នាំនេះអាចធ្វើឱ្យច្រមុះមានសភាពតឹង
- បើមានអាការតឹងច្រមុះយូរក៏អាចបណ្ដាលមកពីការរលាកផ្នែកផ្សេងៗ ដូចជារលាកស៊ីនុសជាដើម។ លោកអ្នកត្រូវអញ្ជើញទៅឱ្យគ្រូពេទ្យពិនិត្យ ដើម្បីឱ្យព្យាបាលនូវជម្ងឺនោះជាសះស្បើយ ទើបការតឹងច្រមុះអាចបាត់ទៅតាមនោះដែរ។
- ការរលាកតឹងច្រមុះដោយរោគផ្ដាសាយឆ្លងនោះ លោកអ្នកក៏មិនគួរបារម្ភច្រើននោះទេ ព្រោះវានឹងអាចធូរស្រាលក្នុងរយៈពេលមួយអាទិត្យ។ ជាងនេះទៅទៀត ការប្រើថ្នាំមួយចំនួនអាចធ្វើឱ្យមានការតឹងច្រមុះបាន ដូចជាក្រុមថ្នាំបន្ដក់បន្ធូរច្រមុះ ក្រុម ថ្នាំបញ្ចុះសម្ពាធឈាមពពួកថ្នាំអាស្ពីរីនជាដើម។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកមានអាការតឹងច្រមុះលើសពី២សប្ដាហ៍ឡើងទៅ ចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ចំណែកឯការកាត់ ឬដុតសាច់ច្រមុះមិនអាចធ្វើតាមចិត្ដបានទេ ព្រោះថាបើការកាត់នោះមានលក្ខណៈធំពេក ពេលនោះអ្នកអាចនឹងទទួលនូវការរលាកច្រមុះរ៉ាំរ៉ៃបន្ថែមទៀត គឺឫសដូងស៊ីច្រមុះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧
Leave a Reply