ភាពកក្រើករំជើបរំជួលដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងព្រឹត្ដិការណ៍បួនឆ្នាំម្ដងនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកដើម្បីជ្រើសរើសប្រទេសម្ចាស់ពានរង្វាន់បាល់ទាត់។ មិនមែនមានតែការប្រកួតជាលក្ខណៈពិភពលោកប៉ុណ្ណោះទេកីឡាបាល់ទាត់មានការប្រជាប្រិយភាពនៅតាមតំបន់ និងប្រទេសទូទាំងពិភពលោក ហើយក៏ជាការលេងកម្សាន្ដដើម្បីសុខភាពល្អផង ដែរ។ ជាពិសេសនាពេលបច្ចុប្បន្នបាល់ទាត់ក្លាយជាទីពេញនិយមសម្រាប់យុវវ័យមានគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ហើយកីឡាបាល់ទាត់ក៏កំពុងក្លាយជាល្បែងភ្នាល់ដ៏មានគ្រោះថ្នាក់ទៀតផង។
សូមតាមដានស្វែងយល់អំពីកីឡាបាល់ទាត់ជាមួយនឹងការស្រាយបំភ្លឺរបស់លោក យាន ឈៀង អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាបាល់ទាត់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិកីឡាបាល់ទាត់នៅកម្ពុជា
ទាក់ទងនឹងបញ្ហានេះពុំមានព័ត៌មានច្បាស់លាស់ណាមួយស្ដីអំពីប្រវត្ដិ ឬបុព្វហេតុដែលនាំឱ្យកើតមានកីឡាប្រភេទនេះ ឡើយហើយក៏គ្មានភ័ស្ដុតាងណាមួយបញ្ជាក់ថាវាកើតនៅក្នុងប្រទេសកម្ពុជា ឬនាំចូលមកពីបរទេសដែរ។ អ្វីដែលយើងអាចដឹងបាន គឺកីឡាបាល់ទាត់គ្រាន់តែជាការលេងកម្សាន្ដសម្រាប់លោកអ្នកដែលស្នេហាវិស័យកីឡាតែប៉ុណ្ណោះ។ នៅប្រទេសកម្ពុជា កីឡាបាល់ទាត់ជាវិញ្ញាសាដែលធ្លាប់ចូលរួមការប្រកួតជាលក្ខណៈអន្ដរជាតិជាច្រើនលើករួចមកហើយ ប៉ុន្ដែការលេងជាទូទៅនៅពុំទាន់មានភាពទូលំ ទូលាយនៅឡើយទើបតែមួយរយៈពេលចុងក្រោយនេះទើបមានភាពផុសផុលឡើង។ បច្ចុប្បន្នកីឡានេះកំពុងជាទីពេញនិយម ពិសេសសម្រាប់យុវវ័យពេលលេងពួកគេមិនទាមទារនូវលក្ខន្ដិកៈអ្វីច្រើនទេ ពួកគេអាចជួបជុំជាក្រុមតូចៗចាប់ពី៣ទៅ៤នាក់ឡើងទៅ សម្រាប់មួយក្រុម រួមជាមួយនឹងទីធ្លាតូចល្មម។ ដោយឡែកសម្រាប់កុមារនៅជនបទស្រែចម្ការ ខ្លះពួកគេអាចកែច្នៃវត្ថុផ្សេងៗឱ្យ មានសណ្ឋានដូចបាល់ និងដាក់ចំណុចចំណាំថា ជាទីត្រូវទាត់បាល់បញ្ចូលជាការស្រេច។
របៀបហាត់កីឡាបាល់ទាត់
បើតាមក្រឹត្យក្រមច្បាស់លាស់ កីឡាបាល់ទាត់ជាប្រភេទកីឡាមួយធ្ងន់ធ្ងរដែលចាំបាច់និងទាមទារការអនុវត្ដន៍ច្រើនប្រការ ។ ការហាត់ត្រូវបែងចែកទៅតាមដំណាក់កាលនីមួយៗតាំងពីចំណុចចាប់ផ្ដើមរហូតដល់ក្លាយជាកីឡាករម្នាក់ដ៏ឆ្នើម។ មុននឹងឈានទៅដល់ការហាត់បច្ចេកទេសកីឡាករត្រូវហាត់ដំណាក់មូលដ្ឋានជាមុនសិន។ បទមូលដ្ឋាននេះរួមមានការហាត់ឱ្យមានជំហរ ដើម្បីឱ្យ រាងកាយរឹងមាំរួមទាំងការហាត់រត់ដើម្បីឱ្យមានភាពអំណត់។ ព្រោះថាការប្រកួតបាល់ទាត់សំខាន់បំផុត គឺស៊ុសនៃការរត់នេះឯង ដែលមានរយៈពេលយ៉ាងតិច១ម៉ោងដែលកីឡាករត្រូវរត់។ បន្ទាប់មកចូលដល់ដំណាក់បច្ចេកទេស កីឡាករត្រូវហ្វឹកហាត់ រួមមាន បច្ចេកទេសទប់បាល់ បញ្ជូនបាល់ ការពារនិងគ្រប់គ្រងបាល់បច្ចេកទេសវាយលុក ដកថយរួមទាំងបច្ចេកទេសជាច្រើនផ្សេងទៀត ដែលអាចជួបនៅពេលប្រកួត។ រីឯពេលវេលាហ្វឹកហាត់អាស្រ័យទៅលើរដូវកាលតាមផែនការវិទ្យាសាស្ដ្រ និងទៅតាមកម្រិត(ក្រុម ស្ម័គ្រចិត្ដ ឬក្រុមជម្រើសជាតិ)។ ក្រុមខ្លះហាត់បីពេលក្នុងមួយសបា្ដហ៍ ខ្លះដប់ពេលក្នុងមួយសបា្ដហ៍ហើយក្នុងមួយពេលៗអាចមាន រយៈចាប់ពី១ម៉ោងឡើងទៅ។
ការប្រកួតកីឡាបាល់ទាត់
ការប្រកួតមានក្រឹត្យក្រមច្បាស់លាស់ដោយមានអាជ្ញាកណ្ដាល ឬគណៈកម្មការសម្រាប់ត្រួតពិនិត្យ។ ហើយគណៈកម្មការ មានច្រើនដូចជាស្នងការការប្រកួត អធិការ អាជ្ញាកណ្ដាល អ្នកសម្របសម្រួល និងអាជ្ញាកណ្ដាល។ ប្រកួតជាលក្ខណៈក្រុម ដែលក្នុងមួយក្រុមមានកីឡាករ១១រូប និងមានកីឡាករបម្រុងអាស្រ័យទៅតាមបទបញ្ជានៃការប្រកួត។ ប៉ុន្ដែកីឡាករដែលអាចដូរបាន នោះត្រឹមតែ៣នាក់ប៉ុណ្ណោះនិង៦នាក់សម្រាប់ការប្រកួតជាលក្ខណៈមិត្ដភាព។ ក្នុងចំណោមកីឡាករទាំង១១រូបនោះ បែងចែកទៅ តាមតួនាទីរៀងៗខ្លួនមានដូចជាអ្នកចាំទី ខ្សែការពារខ្សែបម្រើ ខ្សែប្រយុទ្ធ និងស្លាបសង្ខាង។ ឯរបៀបនៃការបែងចែកចំនួនខ្សែ នីមួយៗអាស្រ័យទៅលើបច្ចេកទេសអ្នកដឹកនាំក្រុម។ ការផ្ដល់ពិន្ទុមានលក្ខណៈច្បាស់លាស់ គឺឈ្នះទទួលបាន៣ពិន្ទុ ស្មើបាន១ពិន្ទុដូចគ្នា និងចាញ់បានសូន្យពិន្ទុ។ ក្រៅពីនេះនៅមានគណៈកម្មការមួយទៀតដែលផ្ដល់ពិន្ទុសម្រាប់កីឡាករណាដែលលេងបានល្អជាងគេ ទាត់ បាល់បញ្ចូលទីបានច្រើនជាងគេ អ្នកចាំទីល្អជាងគេរួមទាំងផ្ដល់ពិន្ទុសម្រាប់កីឡាករខ្សែការពារដែលអាចការពារបានល្អ សម្រាប់ទទួល រង្វាន់ពិសេសផ្ទាល់ខ្លួនទៀតផង។
អត្ថប្រយោជន៍នៃការហាត់កីឡាបាល់ទាត់
មិនត្រឹមតែដើម្បីមានសុខភាពល្អតែប៉ុណ្ណោះទេ កីឡាបាល់ទាត់អាចជាឱកាសក្នុងការផ្ដល់អាជីពសម្រាប់លោកអ្នកដែលចង់មានភាពរហ័សរហួន ក្លាយជាមនុស្សដែលមានការតស៊ូព្យាយាម ពិសេសធ្វើឱ្យលោកអ្នកមានភាពវាងវៃ។ ព្រោះថាគ្រប់រយៈពេលនៃការហ្វឹកហាត់ត្រូវមានការតស៊ូអំណត់ និងព្យាយាម រួមជាមួយនឹងការដុសខាត់ផ្នែកប្រាជ្ញាស្មារតីដើម្បីទទួលយកនូវបច្ចេកទេសល្អ ៗពីការហាត់។
លក្ខណៈសម្បត្ដិរបស់កីឡាករ
កីឡាបាល់ទាត់ទាមទារឱ្យមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីឈានទៅដល់ដំណាក់កាលហ្វឹកហាត់។ គុណសម្បត្ដិទាំងនោះមានដូចជាកាយសម្បទារឹងមាំ មានការតស៊ូ អំណត់ ព្យាយាម មោះមុត និងមានជំនឿលើខ្លួនឯង។ ហើយអ្វីដែលចាំបាច់ បំផុតនោះគឺការមានជំនឿលើគ្នាទៅវិញទៅមក សាមគ្គីភាព និងមានភាពវាងវៃរហ័សរហួន។ ក្រៅពីនេះការហ្វឹកហាត់ និងការគោរព វិន័យបានខ្ជាប់ខ្ជួនចៀសវាងបាននូវការប្រើគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ជាពិសេសរាល់អបាយមុខទាំងឡាយដែលមិន គួរប្រព្រឹត្ដ។
ដំបូន្មានអ្នកប្រឹក្សា
កីឡាពិតជាបានផ្ដល់នូវសុខភាពល្អសម្រាប់លោកអ្នក ប៉ុន្ដែសូមឱ្យការហាត់នោះដើម្បីប្រយោជន៍ដោយចៀសវាងការហាត់ហួសហេតុពេកនិងមិនបានត្រឹមត្រូវ។ សូមលោកអ្នកចេះថែរក្សាសុខភាពឱ្យបានល្អ និងធ្វើជាមនុស្សដ៏ល្អសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧
Leave a Reply