បេះដូងជាសរីរាង្គមានចលនាលោតជាចង្វាក់ៗ ផ្ដល់ឱ្យមនុស្សនូវការរស់រានមានជីវិត បើសិនជាបេះដូងគ្មានចលនា នោះទេជីវិតមនុស្សក៏ត្រូវបញ្ចប់ទៅតាមនោះដែរ។ បេះដូងនឹងអាចរងគ្រោះថ្នាក់ជាយថាហេតុពីពពួកបាក់តេរីបំផ្លាញ។ ការធ្វេសប្រហែសមិនយកចិត្ដទុកដាក់ពីបញ្ហាទាំងឡាយ ធ្វើឱ្យសុខភាពរងឥទ្ធិពលពីពពួកមេរោគអាចបង្កហេតុគ្រោះថ្នាក់ចំពោះខ្លួន។ មាន ជម្ងឺមួយប្រភេទដែលបណ្ដាលមកពីវីរុស ហើយបានរីករាលដាលទៅដល់ប្រើសបេះដូងបង្កឱ្យមានជម្ងឺប្រើសបេះដូង។
លោកវេជ្ជបណ្ឌិត ហុង សុខឃាង អ្នកឯកទេសផ្នែកបេះដូងកុមារនៃមន្ទីរពេទ្យកុមារជាតិ បានចូលរួមបកស្រាយពីជម្ងឺនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាជម្ងឺប្រើសបេះដូង?
បេះដូងមានបួនថត ថតលើពីរ និងថតក្រោមពីរ ហើយថតលើនិងថតក្រោមត្រូវបានខណ្ឌចែកគ្នាដោយប្រើស។ ជម្ងឺប្រើស បេះដូងជាជម្ងឺដែលមានប៉ះពាល់ទៅដល់ប្រើសបេះដូង ធ្វើឱ្យបេះដូងមិនអាចបំពេញតួនាទីបានក្នុងការអនុញ្ញាតឱ្យឈាមហូរក្នុង ទិសដៅកំណត់មួយ នាំឱ្យមានបញ្ហាឈាមដែលហូរទៅផ្នែកណាមួយហើយមានការជ្រាបត្រឡប់មកវិញ ឬមួយឈាមដែលហូរគឺមាន កកស្ទះដោយសារបើកមិនអស់។ ជម្ងឺនេះកើតចាប់ពីទារកក្នុងផ្ទៃម្ដាយរហូតដល់អាយុ១៥ទៅ១៨ឆ្នាំ។ ជម្ងឺប្រើសបេះដូងចែកជាពីរ ប្រភេទ គឺប្រើសបេះដូងពីកំណើត និងប្រើសបេះដូងក្រោយពេលកើត។ នៅប្រទេសយើងមិនសូវជាជួបប្រទះនឹងជម្ងឺប្រើសបេះដូង ពីកំណើតនោះទេ ជួបប្រទះញឹកញាប់ជាងគេគឺជម្ងឺប្រើសបេះដូងក្រោយពេលកើត។ ជម្ងឺប្រើសបេះដូងដែលកើតមានក្រោយពេល ប្រសូតនេះ ភាគច្រើនគឺកើតមានចំពោះកុមារអាយុពី៥ឆ្នាំទៅ១៥ឆ្នាំ។
រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យជម្ងឺប្រើសបេះដូង
កុមារមានជម្ងឺប្រើសបេះដូងនេះមិនមានការលូតលាស់បានល្អដូចកុមារធម្មតានោះទេ ញ៉ាំបានតែមិនឡើងទម្ងន់ មិនសូវលូត កម្ពស់ ហើយរាល់ពេលមានសកម្មភាពអ្វីមួយឆាប់ហត់ដង្ហក់ បែកញើសខុសធម្មតា និងឈឺទ្រូង។ ចំពោះការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យធ្វើការពិនិត្យរកសញ្ញា ដូចជាពិនិត្យមើលសម្លេងបេះដូង ថតសួត វាស់ចង្វាក់បេះដូង និងការធ្វើអេកូក្រាហ្វីបេះដូង។ ការធ្វើរោគវិនិច្ឆ័យដូចនេះគ្រូពេទ្យនឹងអាចដឹងកាន់តែច្បាស់ថាជម្ងឺប្រើសបេះដូង ជាប្រភេទបើកមិនអស់ ឬជាប្រភេទបិទមិនជិត។
មូលហេតុបង្កជម្ងឺប្រើសបេះដូង
- ជម្ងឺប្រើសបេះដូងក្រោយពេលកើត : គឺ្បណ្ដាលមកពីជម្ងឺសន្លាក់ ហើយជម្ងឺនេះបង្កឡើងដោយមេរោគម្យ៉ាងឈ្មោះ ស្ដ្រឹបតូកូសបែលតាអេមូលីទិកដែលបណ្ដាលឱ្យកុមាររលាកបំពង់ក។ បើកុមារមិនបានទទួលការព្យាបាលការរលាកបំពង់កដោយសារ មេរោគប្រភេទនេះត្រឹមត្រូវទេ បន្ទាប់ពីការជាសះស្បើយរយៈពេល២ទៅ៣សប្ដាហ៍នឹងបណ្ដាលឱ្យមានការប៉ះពាល់ដល់សន្លាក់ ធ្វើឱ្យ ហើម ឈឺ និងរលាកសន្លាក់។ ហើយ៥០ភាគរយនៃកុមារដែលឈឺសន្លាក់នោះគឺមេរោគបានប៉ះពាល់ទៅដល់់ប្រើសបេះដូង ធ្វើឱ្យ ប្រើសបេះដូងបំពេញមុខងារមិនបានត្រឹមត្រូវ ដូចជាបើកមិនអស់ ឡើងរឹង ក្រិន ឬបិទមិនជិតជាដើម។
– ជម្ងឺប្រើសបេះដូងពីកំណើត : ការមានជម្ងឺប្រើសបេះដូងពីកំណើតគឺមូលហេតុមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ គ្រាន់ តែដឹងពីកត្ដារួមផ្សំជាច្រើន ដូចជាតំណពូជ បរិស្ថាន និងកត្ដាជាច្រើនទៀត។
នៅដំណាក់កាលដំបូង គ្រូពេទ្យព្យាបាលដោយការប្រើប្រាស់ថ្នាំដើម្បីពន្យារការវិវឌ្ឍន៍ជម្ងឺនេះ។ បើសិនជម្ងឺប្រើសបេះដូង ឈានដល់ដំំណាក់កាលធ្ងន់ធ្ងរហើយនោះ ការព្យាបាលត្រូវធ្វើឡើងដោយការវះកាត់។ បើប្រើសបេះដូងបើកមិនអស់នៅមិនទាន់ខូច ធ្ងន់ធ្ងរ មិនចាំបាច់ធ្វើការវះកាត់នោះទេ គឺស៊កទុយយោចូលទៅក្នុងបេះដូងដាក់បំប៉ោងប៉ាឡុងពង្រីកដើម្បីឱ្យប្រើសបើកធំ។ ហើយបើ ប្រើសនោះចំហបិទមិនជិត គ្រូពេទ្យអាចធ្វើការវះកាត់ដោយមិនទាន់ផ្លាស់ប្រើសទេ គឺកែច្នៃប្រើសឱ្យបិទមកជិតវិញ និងនៅមានវិធី ព្យាបាលដោយការវះកាត់នេះជាច្រើនវិធីទៀត ទើបជម្ងឺនេះឈានទៅដំណាក់កាលធ្ងន់ធ្ងរ។
ការការពារជម្ងឺប្រើសបេះដូងកុមារ
ការការពារជម្ងឺប្រើសបេះដូងក្រោយពេលកើតគឺអាចការពារបាន១០០ភាគរយ បើសិនជាទទួលបានការព្យាបាលដ៏ត្រឹម ត្រូវ :
– ការពារមុនមានជម្ងឺប្រើសបេះដូង : បើកុមារមានបញ្ហាក្ដៅខ្លួន ឬមានបញ្ហាផ្នែកផ្លូវដង្ហើម គឺត្រូវទៅពិគ្រោះជាមួយ គ្រូពេទ្យដើម្បីឱ្យដឹងច្បាស់ថាមានបញ្ហាអ្វីឱ្យប្រាកដ ហើយគ្រូពេទ្យនឹងវាយតម្លៃថាត្រូវប្រើថ្នាំព្យាបាល និងបង្ការឬមិនប្រើ។
– ការពារក្រោយពេលមានជម្ងឺប្រើសបេះដូង :ត្រូវព្យាបាលកុមារដែលមានជម្ងឺដោយប្រើថ្នាំផ្សះរយៈពេល១សប្ដាហ៍ទៅ ដប់ថ្ងៃ។ បន្ទាប់ពីមានជម្ងឺប្រើសបេះដូងហើយ ត្រូវនៅបន្ដប្រើថ្នាំផ្សះទៅតាមទំហំនៃការប៉ះពាល់ពីជម្ងឺ។ បើប៉ះពាល់តិចតួចយើងប្រើ ត្រឹមអាយុពេញវ័យ តែបើប៉ះពាល់ធ្ងន់ធ្ងរគឺត្រូវប្រើប្រាស់ដល់១០ឆ្នាំ២០ឆ្នាំ ឬអាចមួយជីវិតតែម្ដង។ ទាំងនេះជាការប្រើប្រាស់ថ្នាំទៅ តាមកម្រិត ដើម្បីការពារពីជម្ងឺប្រើសបេះដូង។
ផលលំបាកនៃជម្ងឺប្រើសបេះដូង
បើកុមាររលាកបំពង់ក លោកអ្នកត្រូវនាំកុមារមកព្យាបាលឱ្យត្រឹមត្រូវ។ ហើយបើសង្ស័យថាមានបញ្ហាបេះដូង គប្បីទៅពិ គ្រោះជាមួយគ្រូពេទ្យជំនាញនិងព្យាបាលឱ្យបានទាន់ពេលវេលា។ នៅពេលបានដឹងមុន គ្រូពេទ្យនឹងអាចទប់ស្កាត់ការខូចប្រើសកុំឱ្យវា វិវឌ្ឍន៍ទៅមុខលឿន។ បើសិនជាបណ្ដោយឱ្យវិវឌ្ឍន៍ទៅមុខដោយមិនមានការព្យាបាលនោះ ប្រើសបេះដូងនឹងខូចធ្ងន់ទៅៗ រហូត ដល់ប្រើសបេះដូងមិនអាចដំណើរការបានល្អ នាំឱ្យកុមារមានរោគសញ្ញានៃជម្ងឺខ្សោយបេះដូង បណ្ដាលឱ្យបេះដូងរីក ហត់ដង្ហក់ខ្លាំង ពេលនោះកុមារអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
ដំបូន្មានអ្នកជំនាញ
កាលណាដឹងថាមានជម្ងឺនេះ ត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំពីការរស់នៅប្រចាំ ថ្ងៃ។ សូមអាណាព្យាបាលទាំងអស់យកចិត្ដទុកដាក់តាមដានចំពោះសុខភាពកូនរបស់ខ្លួន។ ប្រសិនបើកូនមានរោគសញ្ញាមិនសូវស្រួល ហត់ខ្លាំងខុសធម្មតា បែកញើសខ្លាំង មិនសូវឡើងទម្ងន់ និងមិនមានការលូតលាស់ប្រក្រតីដូចក្មេងធម្មតា សូមយកមកពិគ្រោះ និងព្យាបាលឱ្យទាន់ពេលវេលា។ សូមយកចិត្ដទុកដាក់មើលអាការទាំងនេះនៅពេលកុមារមានអាយុក្រោម១៥ឆ្នាំ។
Leave a Reply