ទេសចរណ៍បៃតង បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ព្យាបាលមនុស្សគ្រប់រូប ទាំងជម្ងឺផ្លូវកាយ និងជម្ងឺផ្លូវចិត្តកាលណាបើតំបន់ទេសចរណ៍បៃតង គ្មានកាកសំណល់ និងសម្រាមច្រើននៅតំបន់ទាំងនោះ។ ការរក្សានិរន្តភាពនៃការប្រើប្រាស់វត្ថុប្រើប្រាស់ ទៅតាមលក្ខណៈសន្សំសំចៃ គឺជាកិច្ចការដែលមនុស្សជាតិគ្រប់រូបត្រូវចូលរួមអភិវឌ្ឃ ដើម្បីភពផែនដីរបស់យើងទាំងអស់គ្នា។ តើប្រជាជនកម្ពុជាគ្រប់រូប ត្រូវចូលរួមធ្វើដូចម្តេចដើម្បីបង្កើនសុវត្ថិភាពសុខភាពទេសចរណ៍បៃតងនៅកម្ពុជា?
នៅល្ងាចថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារណាហ្កាវើល លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងឲ្យដឹងថា ការរៀបចំគោលនយោបាយថ្នាក់ជាតិ ស្ដីពីការគ្រប់គ្រង និងការកាត់បន្ថយកាកសំណល់ និងក្រដាសវាពិតជាមានសារៈសំខាន់ និងជាតម្រូវការបច្ចុប្បន្នក្នុងការធានានិរន្តភាព ស្របពេលជាមួយនឹងការប្រកួតប្រជែងសំដៅដល់ការពង្រឹងតុល្យភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សម្រាប់មនុស្សជាតិ និងភពផែនដីទាំងមូល។ លោករដ្ឋមន្រ្តីបានបន្តទៀតថា ការណ៍នេះពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ជាមូលដ្ឋាន ដែលជាគំរូដល់ការអភិវឌ្ឍន៍ទេសរណ៍បៃតង និងស្អាត ដែលជាជម្រើសដ៏ឆ្លាតវៃ និងសក្ដិសមបំផុតនាពេលបច្ចុប្បន្ន ដោយត្រូវធានាឲ្យបាននូវនិរន្តរភាព និងតុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន សំដៅឈានឆ្ពោះទៅរកការកសាងសង្គមមួយ ដែលមានបរិស្ថានល្អស្អាត និងមានពណ៌បៃតងស្រស់បំព្រង។
នៅក្នុងពិធីបិទសិក្ខាសាលាស្ដីពីការរៀបចំឯកសារគោលនយោបាយថ្នាក់ជាតិ ស្ដីពីការគ្រប់គ្រង និងការកាត់បន្ថយកាកសំណល់ដែលជាផលិតផលប្លាស្ទិក និងក្រដាស តាមរយៈនៃបទបង្ហាញរបស់វាគ្មិនទាំងអស់ យើងសង្កេតឃើញថាការគ្រប់គ្រង និងការកាត់បន្ថយនូវបញ្ហាទាំងអស់នេះ វាមិនត្រឹមតែចូលរួមដល់ការថែរក្សាបរិស្ថានឲ្យល្អស្អាតតែប៉ុណ្ណោះទេ វាថែមទាំងអាចកាត់បន្ថយនូវការបំពុល និងគ្រោះថ្នាក់ ដែលអាចកើតមានពីប្រភេទសំណល់ទាំងនេះ មកលើដី ទឹក ជីវិត ការរស់នៅរបស់សត្វ រុក្ខជាតិ និងមនុស្សថែមទៀតផង។ ក្រៅពីនេះ វាក៏បានរួមចំណែកដល់ការធានានិរន្តរភាព នៃការអភិវឌ្ឍន៍រួម តាមរយៈការបង្កើននូវប្រសិទ្ធផល ផ្នែកសេដ្ឋកិច្ច ដែលជាគ្រិះកសាងកំណើនវិស័យទាំងឡាយ ប្រកបដោយចីរភាពនៅកម្ពុជា ដោយកាត់បន្ថយបាននូវការចំណាយ លើកាកសំណល់ និងការពង្រឹងនិរន្តរភាព នៃការប្រើប្រាស់ប្រភពធនធានផ្សេងៗសម្រាប់ផលិតកម្មបានមួយចំណែកថែមទៀតផង។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីអង្គសិក្ខាសាលានេះបញ្ចប់ទៅ នឹងមានការបូកសរុបនូវគំនិត និងទស្សនៈសំខាន់សម្រាប់រៀបចំឯកសារគោលនយោបាយថ្នាក់ជាតិ ស្តីពីការគ្រប់គ្រង និងការកាត់បន្ថយសំណល់ពីផលិតផលប្លាស្ទិក និងក្រដាស ដោយនឹងដាក់ចេញនូវវិធានការបន្ទាន់ វិធានការរយៈពេលមធ្យម និងវិធានការវែងផងដែរ។ លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការរៀបចំ ទិវាគ្មានថង់ប្លាស្ទិក ដើម្បីលើកទឹកចឹត្ត និងបញ្រ្ជាបការយល់ដឹងដល់សាធារណជនអំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ថង់ប្លាស្ទិក និងសារៈសំខាន់ នៃការចូលរួមរបស់សាធារណជនក្នុងការប្រើប្រាស់សំណល់ផងដែរ។
គួររំឮកផងដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអនុវត្តចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលក្នុងនោះក៏មានរាប់បញ្ចូលទាំងការមិនឲ្យមានថង់ប្លាស្ទិក និងក្រដាសសម្រាមនៅតាមទីសាធារណៈ ព្រមទាំងការបញ្ឈប់មិនឲ្យមានការធ្វើអាជីវកម្មដុតគោ ដាក់លក់តាមដងផ្លូវសាធារណៈផងដែរ។
សូមគូសបញ្ជាក់បន្ថែមផងដែរថា សម្រាមនៅទីក្រុងភ្នំពេញទាំងមូលមានប្រមាណ ១៦០០តោន ដែលត្រូវបានប្រមូលទៅចាក់ចោលជារៀងរាល់ថ្ងៃ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៣ ឧសភា ឆ្នាំ ២០១២
Leave a Reply