នៅប៉ុន្មានខែដើមឆ្នាំ២០០៧នេះ កុមារដែលកើតជម្ងឺគ្រុនឈាម មានការកើនឡើងពី៥ទៅ៦ដង បើធៀបនឹងឆ្នាំ២០០៦ក្នុងកំឡុងពេលដូចគ្នា។ ការកើនឡើងនេះធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រទេសកម្ពុជាមិនដែលមានការរីករាលដាលជម្ងឺនេះទាំងគំហុកដូចឆ្នាំនេះនោះទេ។ ប្រសិនបើមិនមានវិធីទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះ វាប្រាកដជាបង្កសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដល់កុមារតូចៗនៅតាមបណ្ដាខេត្ដក្រុងជាមិនខាន។
នៅលើទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូមញំនាំនូវចម្ងល់នៃការកើនឡើង និងវិធីសាស្ដ្រក្នុងការទប់ស្កាត់ជម្ងឺគ្រុនឈាមនេះជូនប្រិយមិត្ដអ្នកអានជ្រាប។
ការកើនឡើងនៃជម្ងឺគ្រុនឈាម
នៅតាមបណ្ដាខេត្ដក្រុងមួយចំនួន ដូចជាក្រុងភ្នំពេញ កណ្ដាល កំពង់ចាម តាកែវ ព្រៃវែង និងខេត្ដរតនគិរី មានការផ្ទុះឡើងនៃជម្ងឺគ្រុនឈាមយ៉ាងខ្លាំងនៅដើមឆ្នាំ២០០៧នេះ។ ដោយក្នុងនោះមានកុមារចំនួនប្រមាណពី៥០០ទៅ៦០០នាក់ បាន ឆ្លងជម្ងឺនេះតួលេខនេះបើប្រៀបធៀបនឹងឆ្នាំកន្លងមកក្នុងរយៈពេលដូចគ្នាឃើញថាមានការកើនឡើងពី៥ទៅ៦ដង។ ដោយឡែកនៅ មន្ទីរពេទ្យកុមារធំចំនួន២នៅទីក្រុងភ្នំពេញគឺមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគុន្ធបុប្ផាបានចេញរបាយការណ៍ថា ចាប់តាំងពីដើម ខែមេសាកន្លងមកថ្មីៗនេះមានកុមារជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ បានចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យដោយសារកើតជម្ងឺគ្រុន ឈាម។ កុមារទាំងនោះភាគច្រើនពី៨០ទៅ៨៥ភាគរយមកពីខេត្ដក្រុងទូទាំងប្រទេស។
ការប្រឈមមុខក្នុងការទប់ស្កាត់ជម្ងឺគ្រុនឈាម
ការផ្ទុះជម្ងឺគ្រុនឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ ធ្វើឱ្យប្រទេសយើងជួបបញ្ហាប្រឈមយ៉ាងខ្លាំងនូវការខ្វះខាតចំនួនថ្នាំអាបេតដែលត្រូវចែកជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដ។ ដោយបច្ចុប្បន្ននេះនៅក្នុងស្ដុករបស់ក្រសួងសុខាភិបាល មានថ្នាំអាបេត ចំនួន១០តោនតែប៉ុណ្ណោះចំនួននេះរដ្ឋាភិបាលបានត្រៀមទុកធ្វើអន្ដរាគមន៍សម្រាប់តែកន្លែងដែលផ្ទុះខ្លាំងក្លាជាងគេតែប៉ុណ្ណោះ។ ពេលនេះក្រសួងសុខាភិបាលគ្រោងនឹងផ្ដល់ថ្នាំអាបេតឱ្យមជ្ឈមណ្ឌលជាតិកម្ចាត់ជម្ងឺគ្រុនចាញ់ប៉ារ៉ាស៊ិតសាស្ដ្រ និងបាណកសាស្ដ្រចំនួន៥០ តោនបន្ថែមទៀតដើម្បីទប់ស្កាត់ការរីករាលនៃជម្ងឺគ្រុនឈាម។
រួមគ្នាទប់ស្កាត់ជម្ងឺគ្រុនឈាម
ដោយសារឆ្នាំនេះមានការផ្ទុះឡើងនៃជម្ងឺគ្រុនឈាមមានលក្ខណៈរាយប៉ាយ មិនរីករាលដាលតែមួយកន្លែងនោះ ធ្វើឱ្យមានការលំបាកក្នុងការគ្រប់គ្រង។ ដូចនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះឱ្យមានប្រសិទ្ធភាពនោះ លុះត្រាតែមានការសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជូនដំណឹង និងរាយការណ៍ឱ្យទាន់ពេលវេលាពីការផ្ទុះជម្ងឺនេះ ងាយស្រួលត្រៀមលក្ខណៈទប់ស្កាត់ ជាបន្ទាន់។ លោកអ្នកគួរចូលរួមធ្វើអនាម័យតាមលំនៅដ្ឋាន ដើម្បីកម្ចាត់មូសខ្លា និងកប់ចោលឱ្យអស់រាល់អ្វីដែលជាជម្រកសម្រាប់ មូសខ្លាពងបាន។ កុមារត្រូវស្លៀកពាក់ខោអាវជិតៗ និងត្រូវដេកក្នុងមុងជាប្រចាំ។ លោកអ្នកត្រូវអនុញ្ញាតឱ្យភ្នាក់ងារសុខាភិបាល ដាក់ថ្នាំអាបេតក្នុងពាងទឹកឬអាងទឹករបស់ខ្លួនព្រោះថ្នាំអាបេតមិនមានសារធាតុពុលទេ ហើយមានប្រសិទ្ធភាពបានរយៈពេល៣ខែក្នុង ការការពារកុំឱ្យកើតមូសខ្លា។ នៅពេលលាងពាងមិនត្រូវបោះថ្នាំអាបេតនោះចោលទេ។ សូមប្រញាប់យកកូនទៅមន្ទីរពេទ្យជាបន្ទាន់ បើកុមារក្ដៅខ្លួន ដោយមិនត្រូវព្យាបាលដោយខ្លួនឯងនោះឡើយ។
រោគមុន និងជម្ងឺឈាមក្ដៅ
នាងខ្ញុំឈ្មោះ ន.ក អាយុ២១ឆ្នាំ នាងខ្ញុំមានសុខភាពល្អធម្មតា តែនៅលើផ្ទៃមុខរបស់នាងខ្ញុំមានឡើងមុនមិនឈប់សោះអស់រយៈពេល៧ឆ្នាំមកហើយ ហើយបានធ្វើការព្យាបាលជាច្រើនលើក(ចំនួន១៣ដង) នៅតាមហាងកែសម្ផស្សល្បីៗ តាមមន្ទីរ ពេទ្យ និងគ្លីនិកឯកជននានា។ ហើយរយៈពេលព្យាបាលមានពី៣ខែឡើងទៅដល់រាប់ឆ្នាំ នៅតាមទីកន្លែងនីមួយៗ។ ហើយវិធីព្យា បាលក៏មានច្រើនដែរ ខុសៗគ្នាមានទាំងការលេបថ្នាំ លាបថ្នាំ ព្យួរស៊ីរ៉ូម បូមឈាមលាយជាមួយថ្នាំចាក់ត្រគាក លាបម្សៅ លាបឡេ ព្រមទាំងការផឹកឱសថបុរាណផងដែរ។ ហើយការព្យាបាលគឺមានប្រសិទ្ធភាពដែរចាប់ពីដំណាក់កាលព្យាបាលដំបូងរហូតដល់ដំណាក់ កាលបញ្ចប់ តែផុតពេលព្យាបាលប្រហែល២ទៅ៣ខែក៏ចាប់ផ្ដើមឡើងវិញដដែល(មានន័យថាមុនបាត់នៅពេលដែលមានការព្យាបាលប៉ុណ្ណោះ)វាមិនបានបាត់បង់ជារៀងរហូតនោះទេ។ ហើយពេលថ្មីៗនេះនាងខ្ញុំឮគេនិយាយថា ប្រហែលជានាងខ្ញុំមានឈាមក្ដៅ ហើយបានជាវាឡើងមុនមិនឈប់បែបនេះ ជាពិសេសពេលញ៉ាំសាច់ និងស៊ុតវាតែងតែរមាស់ភ្លាមៗ ហើយពីរបីថ្ងៃក្រោយមក វាក៏ ឡើងមុនតែម្ដង។ នាងខ្ញុំចង់ដឹងថា តើនាងខ្ញុំមានជម្ងឺនេះមែនដែរ ឬទេ? តើឈាមក្ដៅនោះវាយ៉ាងម៉េចទៅ? ហើយធ្វើម៉េចទើបវា ត្រជាក់ តើត្រូវទទួលការព្យាបាលតាមរបៀបណា? ត្រូវលេបថ្នាំ? ជាថ្នាំអ្វីដែរ? នាងខ្ញុំសូមឱ្យទស្សនាវដ្ដី សុខភាពយើងជួយរក ដំណោះស្រាយនូវចម្ងល់របស់នាងខ្ញុំផង។
កញ្ញា ន.ក អាយុ ២១ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ តាមការរៀបរាប់របស់ប្អូនស្រី ពិតជាគួរឱ្យកោតសរសើរ និងអាណិតអាសូរណាស់ ខិតខំព្យាបាលខ្លួនគ្រប់ ទិសទីគ្រប់មធ្យោបាយ និងទទួលនូវដំបូន្មានសម្បូរបែប។ សំណួររបស់ប្អូនស្រីពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយពាក្យអកុសលទាំងនេះកំពុងទន្ទ្រានលើជីវភាពរស់នៅរបស់ខ្មែរយើង។ តាមពិតដើម្បីឆ្លើយនឹងប្អូនស្រីឱ្យបានចំបានច្បាស់ ខ្ញុំបាទចង់បាននូវព័ត៌មាន ដទៃទៀត តែទោះបីបែបនេះក្ដីខ្ញុំនឹងខិតខំឆ្លើយតបនឹងប្អូនស្រីឱ្យបានច្រើនសម្រាប់ជាការយល់ដឹងដើម្បីធ្វើការសម្រេចចិត្ដ។ ប្អូនស្រី ចង់សួរពីសំណួរធំៗ គឺរោគមុន និងជម្ងឺឈាមក្ដៅ។ ទាក់ទងនឹងរោគមុន សូមប្អូនស្រីស្វែងយល់ជាសរុបនូវបណ្ដាមូលហេតុដែលបង្កការ កើតមុនលើស្បែកមុខជាច្រើនយ៉ាង។
- ពេលពេញវ័យ សកម្មភាពជាតិអ័រម៉ូនកើនឡើងធ្វើឱ្យមានការផលិតជាតិក្រពេញកើនឡើង ដែលធ្វើឱ្យស្ទះរន្ធស្បែកជាហេតុធ្វើឱ្យកើតមុន ដែលខ្មែរយើងនិយមហៅថា មុនឡើងខ្លួន។
- ការប្រតិកម្មជាមួយសារធាតុគីមីដែលមាននៅក្នុងគ្រឿងសម្អាងដែលប្រើជាប្រចាំ ដូចជាការប្រើថ្នាំសម្រាប់លេប សម្រាប់ចាក់សម្រាប់លាបជាដើម ព្រោះជាតិគីមីធ្វើឱ្យរន្ធញើសមានបញ្ហា។
- ការបញ្ចេញពលកម្ម និងការហាត់ប្រាណចេញញើសច្រើន(មុននៅលើខ្នង ភាគច្រើនកើតលើអ្នកលេងកីឡា)។
- បញ្ហាស្ដ្រេស្ស ពិបាកចិត្ដ ឬគិតច្រើន ក៏បណ្ដាលឱ្យចេញមុនកាន់តែខ្លាំងឡើងដែរ។
- ការបម្រែបម្រួលអ័រម៉ូនរបស់ស្ដ្រីនៅពេលមករដូវ ក៏ជាដើមចមនៃការកើតមុនដែរ ប៉ុន្ដែបញ្ហានេះកើតលើស្ដ្រីប្រមាណជា៤០%តែប៉ុណ្ណោះ។
- មុនខ្លះមានកើតដោយសារកាំរស្មីព្រះអាទិត្យ(ក្ដៅខ្លាំង) ព្រោះកាំរស្មីព្រះអាទិត្យមិនត្រឹមតែធ្វើឱ្យមុនដែលមាននៅលើផ្ទៃមុខដែលមានស្រាប់កាន់តែធ្ងន់ធ្ងរនោះទេ ហើយងាយមានស្លាកស្នាមខ្មៅថែមទៀត។ បរិយាកាសនៅកន្លែងធ្វើការងារដែលមាន សារធាតុគីមីដូចជាថ្នាំសម្លាប់សត្វល្អិតជាដើម ក៏ជាដើមហេតុដែរ។
- បើគ្រួសារធ្លាប់មានប្រវត្ដិកើតមុនច្រើននោះ កូនកើតមកអាចមានមុនច្រើនដែរ តែមុនមិនមែនជាជម្ងឺតពូជទេ គឺដោយសារតែប្រភេទស្បែកមុខតែប៉ុណ្ណោះ។
ឆ្លងតាមមូលហេតុទាំងប៉ុន្មានដែលបានរៀបរាប់មកខាងលើនេះ ករណីប្អូនស្រី គឺពិបាកក្នុងការព្យាបាលណាស់ ដោយសារ មានកត្ដានិងមូលហេតុជាច្រើនច្របូកច្របល់គ្នា ជាពិសេសការម្ដងទៅនេះម្ដងទៅនោះ ជឿពាក្យនេះជឿពាក្យនោះ ជាប្រការមិនល្អ ឡើយ។
ទាក់ទងនឹងជម្ងឺឈាមក្ដៅ ឬឈាមត្រជាក់ដែលប្អូនស្រីហៅនោះ ការពិតជាពាក្យបង្កើតឡើងសម្រាប់ហៅជម្ងឺមេតាប៉ូលីកដែលជាប្រជុំនៃជម្ងឺច្រើនរួមគ្នា ដោយសារការប៉ះពាល់ទៅលើមេតាប៉ូលីកនៅក្នុងខ្លួនមនុស្សម្នាក់ៗ។ ជម្ងឺមេតាប៉ូលីកកើតឡើងដោយសារមានផលប៉ះពាល់ទៅលើសារធាតុសំខាន់ៗនៅក្នុងខ្លួន ដូចជាជាតិស្ករ ជាតិខ្លាញ់ ជាតិប្រូតេអ៊ីន ជាតិវីតាមីន ជាតិរ៉ែជាដើម។ ជារួម មក ជម្ងឺមេតាប៉ូលីកប្រជុំទៅដោយជម្ងឺលើសជាតិស្ករ(ជម្ងឺទឹកនោមផ្អែម) ជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ជម្ងឺលើសជាតិអាស៊ីដ អ៊ុយរិច ជម្ងឺក្រពេញអ័រម៉ូនជាដើម។
ប្រហែលជាប្អូនស្រីបានជ្រាបច្បាស់ហើយអំពីរោគមុនរបស់ប្អូន។ ចំពោះការព្យាបាលរោគមុន និងជម្ងឺឈាមក្ដៅនេះ ខ្ញុំមិន ជម្រាបជូនទេប្រសើរបំផុតសូមប្អូនស្រីទៅស្វែងរកការព្យាបាលជាមួយគ្រូពេទ្យឯកទេសខាងរោគសើស្បែក ដើម្បីទទួលដំបូន្មាន និង ការព្យាបាលត្រឹមត្រូវមួយ។ ទាក់ទងនឹងជម្ងឺទាំងពីរនេះ ទស្សនាវដ្ដី សុខភាពយើង ធ្លាប់បានចេញផ្សាយរួចមកហើយនូវអត្ថបទ មូលហេតុកើតមុន វិធីបង្ការជម្ងឺមុននិងវិធីព្យាបាលជម្ងឺមុន នៅក្នុងលេខ០១២, ០១៣ និង០១៤ ចេញផ្សាយសម្រាប់ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០០៧ ព្រមទាំងអត្ថបទឈាមក្ដៅជាជម្ងឺមេតាប៉ូលីក ចេញផ្សាយនៅក្នុងលេខ០១៦ ខែឧសភា ឆ្នាំ២០០៧ នាពេល កន្លងមកនេះ។
សូមជូនពរប្អូនស្រីឱ្យបានជាសះស្បើយពីជម្ងឺតម្កាត់ទាំងនេះនាពេលឆាប់ៗនេះ និងទទួលបានសម្រស់ស្អាតជាទីមោទនៈឡើង វិញ។ បើនៅមានចម្ងល់ទៀត ប្អូនស្រីអាចសរសេរសំបុត្រមកទស្សនាវដ្ដី សុខភាពយើង ជាថ្មី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧
Leave a Reply