បច្ចុប្បន្នជម្ងឺប្លែកៗ និងកាចសាហាវជាច្រើន កំពុងតែចូលមកយាយីដល់អាយុជីវិតមនុស្ស សត្វ ដែលរស់នៅលើភពផែនដីមិនចេះចប់មិនចេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ។ មានជម្ងឺរាតត្បាតជាច្រើនដែលមនុស្សលោក បានខិតខំលុបបំបាត់។ ជម្ងឺខ្លះត្រូវ កម្ចាត់បានដោយជោគជ័យ ហើយជម្ងឺខ្លះទៀតមិនងាយនឹងកម្ចាត់ ឬលុបបំបាត់នោះឡើយ។ ថ្មីៗនេះ ការលេចឡើងនូវជម្ងឺរាតត្បាតដ៏ចម្លែកនៅកម្ពុជា បានបន្តជាក្តីព្រួយបារម្ភមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាសារជាថ្មី។
ប្រិយមិត្តអ្នកអាន ប្រហែលជាបានដឹងរួចមកហើយថា កាលពីខែមេសាកន្លងទៅថ្មីៗនេះ នៅក្នុងប្រទេសវៀតណាមបានផ្ទុះឡើងនូវជម្ងឺសើរស្បែកដ៏ចម្លែក និងបានរាតត្បាតដល់ប្រជាជននៅក្នុងតំបន់នៃប្រទេស និងដែលធ្លាប់បានចុះផ្សាយនៅលើគេហទំព័រសុខភាពកម្ពុជា។ ការណ៍នោះ មិនត្រឹមតែបានធ្វើឲ្យប្រជាជនវៀតណាមមានការបារម្ភប៉ុណ្ណោះនោះទេ សូម្បីតែប្រទេសដែលនៅជិតខាង រាប់ទាំងអង្គការសហប្រជាជាតិ ក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហានោះផងដែរ។ ប៉ុន្តែនាពេលថ្មីៗនេះជម្ងឺចម្លែកថ្មីមួយទៀតបានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ដែលជម្ងឺនេះបានកប់បាត់ខ្លួនជាង៤០ឆ្នាំមកហើយ។
បើយោងតាមមន្ត្រីសុខាភិបាលបានឲ្យដឹងថា មជ្ឃមណ្ឌលជាតិបរាសិតវិទ្យា បាណកវិទ្យា និងទប់ស្កាត់ជម្ងឺគ្រុនចាញ់បានរកឃើញថា វិរុសចាស់នៃជម្ងឺគ្រុនឈាម ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានកើតមានឡើងវិញដែលបណ្តាលឲ្យមជ្ឃមណ្ឌលនេះ មានការព្រួយបារម្ភថា ករណីជម្ងឺគ្រុនឈាមនឹងមានការកើនឡើងនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដែលបានរាយការណ៍។
សារព័ត៌មានដដែលនេះ បានបន្តថា ប្រធានមជ្ឃមណ្ឌលជាតិបរាសិតវិទ្យា និងទប់ស្កាត់ជម្ងឺគ្រុនចាញ់ លោក ច ម៉េងជួបានថ្លែងថា មន្ត្រីសុខាភិបាលថ្នាក់ឃុំ សង្កាត់ ត្រូវដាក់ពង្រាយដើម្បីពិនិត្យតាមដានជម្ងឺមួយនេះ។ លោកបានបញ្ជាក់ថា «យើងព្រួយបារម្ភថា ជម្ងឺចាស់ហៅថា CHIKV ដែលបានបាត់ខ្លួនជាង៤០ឆ្នាំមកហើយ ហើយឥឡូវនេះ វាបានលេចចេញសារជាថ្មី។
វាជាជម្ងឺ ដែលស្រដៀងនឹងជម្ងឺគ្រុនឈាម វាកើតពីសត្វមូស។ ឥឡូវនេះ មន្ត្រីកំពុងពិនិត្យសុខភាពអ្នកភូមិ និងពន្យល់ពួកគេ»។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានវិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុន បានឲ្យដឹងថាករណីផ្ទុះជម្ងឺរាតត្បាតម្យ៉ាងនៅស្រុកទ្រាំង ខេត្តតាកែវ បានធ្វើឲ្យអ្នកភូមិជាច្រើននាក់ បានធ្លាក់ខ្លួនឈឺដូចៗគ្នាជាបន្តបន្ទាប់។ ហើយកាលពីចុងខែមីនា ឆ្នាំ ២០១២ ពលរដ្ឋនៅក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏មានអាការៈគ្រុនក្ដៅ ទន់ដៃជើង ឈឺសន្លាក់ឆ្អឹង និងហើមសន្លាក់ដៃជើងផងដែរ។ ជម្ងឺនេះបានកើតមានចំពោះមនុស្សគ្រប់វ័យ និងធ្វើឲ្យមានការភ្ញាក់ផ្អើលដូចគ្នានេះម្ដងរួចមកហើយ។ ក្រោយការពិនិត្យស្រាវជ្រាវ មន្ត្រីក្រសួងសុខាភិបាល បានដាក់ឈ្មោះជម្ងឺនោះថា ជាជម្ងឺគ្រុន ឈីក វី (CHIKV) ដែលបណ្ដាលមកពីមេរោគម្យ៉ាងឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya)។
សារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានរាយការណ៍សម្តីរបស់លោក ច ម៉េងជួ បន្ថែមថា «វាកើនឡើងខ្លាំងដោយសារភ្លៀងប្រសិនយើងប្រៀបធៀបនឹងឆ្នាំមុន ហើយឆ្នាំនេះ ជាវដ្ត៥ឆ្នាំនៃជម្ងឺគ្រុនឈាមតាំងពីឆ្នាំ២០០៧មក។ ឪពុកម្តាយមួយចំនួនបានបញ្ជូនកូនទៅពេទ្យ យឺតយ៉ាវ»។ លោកបន្ថែមថា ឥឡូវនេះ មន្ត្រីសុខាភិបាលបានចែកថ្នាំអាបេត៩០តោន នៅទូទាំងប្រទេសនិងទៅកាន់តំបន់ងាយកើតមានជម្ងឺគ្រុនឈាម ហើយមន្តី្រសុខាភិបាលនឹងចែកថ្នាំបន្ថែមនៅក្នុងរដូវវស្សានេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ក្នុងរយៈពេល១៨សប្តាហ៍ដើមឆ្នាំ ជម្ងឹគ្រុនឈាមមានចំនួន ៣៦៥៥ករណី ដែលបានសម្លាប់មនុស្ស៤៨នាក់។ មន្ត្រីសុខាភិបាល ក៏បានព្រមានផងដែរថា ជម្ងឺគ្រុនឈាមនឹងកើនឡើង ដូចកាលពីឆ្នាំ២០០៧ប្រសិនបើគ្មានការចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ។
លោក ច ម៉េងជួ បានលើកឡើងថា «យើងសូមអំពាវនាវដល់ឪពុកម្តាយ ត្រូវបញ្ជូនកូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ហើយដាក់ថ្នាំអាបេត ដើម្បីបង្ការជាមុន»។
គួររំឮកបន្ថែមថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១២នេះ ជម្ងឺគ្រុនឈាម បានសម្លាប់មនុស្សអស់១៤នាក់រួចមកហើយ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៧ ឧសភា ឆ្នាំ ២០១២
Leave a Reply