ទារកត្រូវការទឹកដោះម្ដាយសម្រាប់ការរស់រានមានជីវិត។ ប៉ុន្ដែមានទារកមួយចំនួនមិនព្រមបៅដោះរបស់ម្ដាយតាំងពីដំបូង ឬក៏បៅបានមួយរយៈហើយមិនព្រមបៅតទៅទៀត។ អ្នកម្ដាយមួយចំនួនមិនអាចដឹងអំពីមូលហេតុនៃការមិនព្រមបៅរបស់ ទារកទេ ជាហេតុនាំឱ្យគាត់មានកង្វល់ជាខ្លាំង។ តើហេតុអ្វីបានជាទារកមិនព្រមបៅដោះ?
ដូចដែលលោកអ្នកជាពិសេសអ្នកម្ដាយទាំងទ្បាយបានជ្រាបរួចមកហើយអំពីការផលិតទឹកដោះរបស់ម្ដាយដែលតម្រូវតាមសេចក្ដីត្រូវការរបស់ទារក។ បានន័យថាបើទារកបៅកាន់តែច្រើន ទឹកដោះផលិតកាន់តែច្រើន។ ផ្ទុយទៅវិញបើទារកបៅកាន់តែតិច ការផលិតទឹកដោះក៏កាន់តែតិចដែរ និងអាចឈានទៅរកការឈប់ផលិតតែម្ដង។
សញ្ញាដែលបញ្ជាក់ថាទារកមិនព្រមបៅដោះ
បើទោះបីជាទារកត្រូវការទឹកដោះម្ដាយយ៉ាងណាក៏អាចមានពេលណាមួយមិនប្រក្រតី ទារកអាចលែងចង់ឬមិនព្រមបៅ ដោះម្ដាយតទៅទៀត។ សញ្ញាទាំងនោះស្ដែងឡើងតាមរយ ៖
- ទារកបៅហើយខ្ជាក់ចេញមកវិញ
- ទារកមិនព្រមហាមាត់ស្រវាដោះ
- ទារកយំជាប់ជាប្រចាំព្រោះឃ្លាន តែបៅមិនបាន
មូលហេតុដែលទារកមិនព្រមបៅដោះ
មានមូលហេតុដែលគួរឱ្យកត់សម្គាល់ជាច្រើនដែលអាចបញ្ជាក់ពីដើមហេតុមិនព្រមបៅដោះរបស់ទារក។
1 . មូលហេតុធម្មតា
- ទឹកដោះចេញច្រើនហើយលឿនពេកនាំឱ្យទារកឈ្លក់។
- ទារកខ្លះប្រហែលជាអាយុ៥ខែ មានអារម្មណ៍មិនសូវមូលលើការបៅទេ ឧទាហរណ៍បើមានសម្លេងអ្វីខ្លាំងទារកនឹងឈប់ បៅភ្លាម។
- ទារកខ្លះក្រោយពីបៅបាន១ឆ្នាំ វាផ្ដាច់ដោះដោយខ្លួនឯង។
- ជួនកាលអាចមានករណីខ្លះកើតឡើង ដូចជាការប្រែប្រួលពីទម្លាប់ធម្មតាក្នុងគ្រួសារ ដូចជាទៅលេងផ្ទះគេឬរើផ្ទះទៅនៅ កន្លែងថ្មីជាដើម ប្រហែលជាម្ដាយគ្មានពេលបំបៅដោះទារក នៅពេលដែលទារកចង់បៅនោះទេ។
- ជួនកាលទារកមិនព្រមបៅដោះទេ បើសិនជាម្ដាយមានក្លិនប្លែក ឧទាហរណ៍ម្ដាយបរិភោគខ្ទឹមស ប្រើប្រាស់សាប៊ូឬទឹក អប់ប្រភេទថ្មី ដែលមិនធ្លាប់ប្រើពីមុនមក។
- ទារកអាចប្រកែកមិនព្រមបៅ បើសិនជាម្ដាយឈឺ ឬមានរដូវ ឬក៏មានបញ្ហាលៀសដោះ។
- ទារកដែលបៅមិនបានគ្រប់គ្រាន់អាចរញ៉ាំរញ៉ូវ ហើយមិនព្រមជញ្ជក់ដោះដែល“គ្មានទឹកដោះ”ទេ។ ទឹកដោះអាចចុះថយ ដោយសារមូលហេតុជាច្រើន។
- បើសិនជាទារកជញ្ជក់ក្នុងស្ថានភាពមិនល្អ ហើយទឹកដោះមិនចេញ ទារកអាចជញ្ជក់ទាញទាំងខឹង និងយំ។
2. មូលហេតុមិនធម្មតា
នៅពេលជាមួយគ្នានោះ បើមានសញ្ញាបញ្ជាក់ថាមានជម្ងឺដទៃទៀត ដូចជា ក្អួត រាក ដេកច្រើន កើតលឿងឬប្រកាច់នោះ ទារកអាចឈឺពិតប្រាកដ។
- ទារកអាចតូចហើយខ្សោយពេកក្នុងការជញ្ជក់ បើសិនជាទារកមានទម្ងន់តិចជាង១៨០០ក្រាម(១គីឡូក្រាម៨ខាំ)។
- ទារកមានបញ្ហាក្នុងច្រមុះ ឬមាត់បើសិនជាក្ដៅខ្លួនហើយតឹងច្រមុះ។
- បើសិនជាទារកឈឺមាត់ ឬកើតជ្រាំង។
- មិនព្រមបៅដោះអាចជាសញ្ញាដែលថាទារកឈឺ ឧទាហរណ៍អាចមានជម្ងឺក្លាយរោគ ឬខូចខួរក្បាល។
ដំណោះស្រាយចំពោះទារកមិនព្រមបៅដោះ
- គប្បីទុកឱ្យម្ដាយ និងទារកនៅជាមួយគ្នាទាំងយប់ទាំងថ្ងៃ។ មិនត្រូវឱ្យអ្នកដទៃណាមួយមកកាន់ទារកទេហើយអ្នកម្ដាយត្រូវលើកទារកបី ឱបត្រកងឱ្យបានច្រើន បើអាចធ្វើទៅបាន ម្ដាយត្រូវគេងជាមួយកូន។
- ត្រូវហុចដោះឱ្យកូនបៅនៅពេលដែលឃើញថាទារកចង់ជញ្ជក់ដោះ ឬនៅពេលស្រៀវហើយហូរទឹកដោះ។ មិនត្រូវបង្ខំ ទារកឱ្យបៅទេ។ ជាការប្រសើរបើសិនជាម្ដាយច្របាច់ទឹកដោះបន្ដិចដាក់ទៅក្នុងមាត់របស់ទារកនៅពេលចាប់ផ្ដើមបំបៅ។
- ត្រូវបំបៅទារកក្នុងស្ថានភាពល្អ ម្ដាយយល់ច្បាស់ថាត្រូវឱ្យទារកបៅសាច់ដោះឱ្យបានពេញមាត់។ ទាក់ទងនឹងចំណុចនេះ សូមស្វែងរកអត្ថបទ“ឥរិយាបទបីពទារក”ដែលបានចុះផ្សាយក្នុងទំព័រទស្សនាវដ្ដី សុខភាពយើងលេខ០០៦ប្រចាំខែកក្កដា ២០០៦។
- មិនត្រូវបំបៅដោយដបទេ។ បើសិនជាទារកបៅដោះទាំងពីរហើយមិនឆ្អែតទៀតចូរអ្នកម្ដាយច្របាច់ទឹកដោះរៀងរាល់ ពីរទៅបីម៉ោងម្ដង ហើយបញ្ចុកទារកដោយប្រើកែវ។ ការច្របាច់ទឹកដោះអាចជួយឱ្យដោះនៅបញ្ចេញទឹកដោះដដែល។
- មិនត្រូវឱ្យទារកជញ្ជក់ក្បាលដោះទេ។
បណ្ដាំផ្ញើ
ទោះបីជាយ៉ាងណាក៏ដោយសូមអ្នកម្ដាយទាំងឡាយយកចិត្ដទុកដាក់សង្កេតមើលអាការមិនប្រក្រតីរបស់កូនកុំមើលស្រាល ថាជាលក្ខណៈប្រក្រតីឱ្យសោះ។ ជួនកាលវាមិនដូចលោកអ្នកគិតទេតែអាចមានគ្រោះថ្នាក់ដល់កូនលោកអ្នកទៀតផង។ សូមព្យា យាមបន្ថែមការចាប់អារម្មណ៍ទៅលើផ្លែផ្កានៃសេចក្ដីស្នេហារបស់លោកអ្នក។ ក្នុងករណីមិនធម្មតាគ្រូពេទ្យជំនាញអាចជួយលោក អ្នកបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply