ដំបៅ​ប្រដាប់​បន្ដ​ពូជ​ស្ដ្រី អាច​បាត់​បង់​ឱកាស​មាន​កូន​ប្រក្រ​តី

ជម្ងឺ​ឆ្លងតាម​ការរួម​ភេទ និង​ប្រដាប់​បន្ដពូជ​អាចកើត​មានឡើង​គ្រប់ស្ដ្រី​ទាំងអស់​នៅក្នុង​វ័យ​បន្ដពូជ។ ដូចនេះ​ស្ដ្រី​គ្រប់រូប​គួរ តែយក​ចិត្ដទុក​ដាក់​បំផុត​ទៅលើ​សុខភាព​របស់ខ្លួន។ ជម្ងឺ​ប្រភេទ​នេះភាគ​ច្រើន​អាចកើត​មានឡើង​ដោយ​មិនស្ដែង​ចេញនូវ​រោគ​សញ្ញា អ្វី​ទាំងអស់។ វាជា​ការ​ប្រសើរ​ណាស់ ប្រសិន​បើស្ដ្រី​ឧស្សាហ៍​ទៅ​ពិគ្រោះ​និង​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើមី្ប​ទទួល​យក ចំណេះដឹង និងអាច​អនុវត្ដន៍​តាម​ការណែ​នាំរបស់​គ្រូពេទ្យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​យល់ដឹង​ឱ្យកាន់​តែច្បាស់​អំពី​បញ្ហានេះ លោកស្រី សុច គន្ធា មន្ដ្រី​សម្រប​សម្រួល​កម្ម​វិធី​ផ្នែក​ជម្ងឺ​កាមរោគ​និង​លោក​ស្រី ប៊ុន រ៉ាវី មន្ដ្រី​កម្ម​វិធី​កាមរោគ នៃ​អង្គការ​សុខភាព​គ្រួសារ​អន្ដរ​ជាតិ​បានចូល​រួមបក​ស្រាយ​ដោយជួប​សម្ភាស​ជាមួយ​ទស្ស​នាវដ្ដី សុខភាព​យើង។

តើអ្វី​ទៅជា​ដំបៅ​លើ​ប្រដាប់​បន្ដពូជ?

ដំបៅ​ប្រដាប់​ភេទគឺ​ជាជម្ងឺ​កាម​រោគ​ដែល​ឆ្លងជា​ចម្បង​តាមការ​រួមភេទ​ជាមួយ​អ្នកដែល​មានផ្ទុក​មេរោគ​ជម្ងឺ​នេះ ដោយ​មិនបាន​ប្រើ​មធ្យោ​បាយ​ការពារ។ ជម្ងឺ​នេះកើត​មានលើ​ស្ដ្រីពី​៦០ទៅ​៨០​ភាគរយ​ដែលមិន​បានដឹង​ថាខ្លួន​មាន​រោគ​សញ្ញា​នៃជម្ងឺ​នោះទេ លើក​លែងតែ​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​ជម្ងឺ​ឆ្លងតាម​ផ្លូវភេទ ប្រដាប់​បន្ដពូជ​ទេ ទើបអាច​ដឹងបាន​ច្បាស់។

មូល​ហេតុ​បង្ក​ដំបៅ​ប្រដាប់​ភេទ

កត្ដា​ចម្បង​គឺការ​មិនបាន​ប្រើ​មធ្យោ​បាយ​ការពារ​នៅពេល​រួមភេទ​ជាមួយ​ដៃគូ​ដែលមាន​ជម្ងឺ។ ឥរិយា​បថ​មួយ​ចំនួន​ដែល ជំរុញ​ឱ្យមាន​ការឆ្លង​ជម្ងឺគឺ​ដោយ​សារ​បុគ្គល​ខ្លួនឯង​ផ្ទាល់ជា​អ្នកមាន​ដៃគូ​រួមភេទ​ច្រើន ជាជន​ចំណាក​ស្រុករយៈ​ពេលយូរ​អ្នក​ប្រើប្រាស់ ថ្នាំញៀន ឬ​គ្រឿង​ស្រវឹង​ជាដើម។ ម្យ៉ាង​វិញទៀត​មាន​កត្ដា​ជីវ​សាស្ដ្រ​មួយ​ចំនួន​ដែលធ្វើ​ឱ្យស្ដ្រី​ងាយរង​នូវការ​ឆ្លងជម្ងឺ​នេះ គឺដោយ​សារ ភ្នាស​សើមនៃ​ទ្វារមាស​មាន​ទំហំ​ធំដែល​ងាយនឹង​ដាច់​រលាត់ នៅពេល​ធ្វើ​សកម្មភាព​រួមភេទ។ កង្វះ​អនាម័យ​មិន​បណ្ដាល​ឱ្យស្ដ្រី​កើត ដំបៅ​នៅលើ​ប្រដាប់​ភេទទេ តែអាច​ប្រឈម​នឹងការ​ធ្លាក់ស រមាស់ ឬ​ធុំក្លិន​ដែល​ជាកត្ដា​មួយជួយ​ជំរុញ​ឱ្យមាន​ការដាច់​រលាត់ នៅតំបន់ ភ្នាស​សើមនេះ​ដែរ។ ការលាង​សម្អាត​ទ្វារ​មាស​ខាងក្នុង​ដោយទឹក​សម្លាប់​មេរោគ ឬ​ផលិត​ផល​ផ្សេងៗ ក៏ជា​មូលហេតុ​ធ្វើឱ្យ​ស្ដ្រី​រលាក នៅតំបន់​ទ្វារមាស​ដែរ​ព្រោះ​បាត់បង់​ឡាក់​តូបាក់​ស៊ីឡាយ​(កោសិកា​ដែលធ្វើ​ឱ្យមាន​ភាព​សំណើម​នៅទ្វារ​មាស) និង​បាត់​តុល្យ​ភាព រវាង​បាក់តេរី​សាប្រី​ហ្វីត និង​សាប្រូ​ហ្វីត​ផ្សេងៗ​ដែលជា​ភ្នាក់ងារ​ជួយការ​ពារការ​រលាក​ទ្វារមាស។

រោគ​សញ្ញា​ដំបៅ​ប្រដាប់​បន្ដ​ពូជ

ដំបៅ​ប្រដាប់​បន្ដពូជ​ជាញឹក​ញាប់​បង្កឡើង​មកពី​មេរោគ​ដំបៅ​ស្វាយ និង​មេរោគ​ដំបៅ​ឆេន​ក្រ័យ​ដែល​ស្ដែងចេញ​នូវរោគ សញ្ញា​ប្រហាក់​ប្រហែល​គ្នា។ ដំបៅ​ស្វាយជា​ទូទៅ​មាន​ដំបៅ​តែមួយ មាន​សណ្ឋាន​គែម​ច្បាស់​លាស់ បាត​ដំបៅ​រលោង​ហើយ​មិនមាន​ការ ឈឺចាប់​ទេ។ ចំណែក​ឯ​ដំបៅ​ឆេន​ក្រ័យ ដំបូង​ឡើងកូន​កណ្ដុរ​លើ​ក្រលៀន​ទាំង​សងខាង ឈឺចាប់​ខ្លាំង​ដំបៅ​អាចមាន​ចំនួន​លើសពី​មួយ។ កូន​កណ្ដុរ​ក្រលៀន​នឹងវិវ​ឌ្ឍន៍​ឡើង​ធំ​រហូត​ដល់​បែក​ប្រសិន​បើអ្នក​ជម្ងឺ​មិន​ព្យា​បាល​ទេនោះ។ ករណី​មួយផ្សេង​ទៀតគឺ​ស្ដ្រីមាន​បូសនៅ លើប​បូរធំ​នៃទ្វារ​មាស ហើយ​មានការ​ឈឺចាប់​ខ្លាំង​ដែលស្ដ្រី​អាច​ច្រឡំ​ថាខ្លួន​មានដំបៅ​ប្រដាប់​បន្ដពូជ។ បូសនៅ​លើប​បូរធំ​នៃទ្វារ មាសនេះ​គឺជា​ផល​វិបាក​នៃជម្ងឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹកថ្លា​ដែលពុំ​បានព្យា​បាលឱ្យ​បានជា​សះ​ស្បើយ។ បូសនេះ​តាម​បច្ចេក​ទេស ហៅថា​ជម្ងឺ​រលាក​ក្រពេញ​បាត់តូ​ឡាំង​ដែលជា​ក្រពេញ​សម្រាប់​បញ្ចេញ​ទឹករំអិល​ទ្វារមាស។ ទោះបី​ករណី​ខ្លះអ្នក​ជម្ងឺ​មាន​លេច​ចេញ រោគ​សញ្ញា​ដំបៅ​ស្វាយ​ក៏ដោយ​ប៉ុន្ដែ​ដំបៅ​នោះនឹង​អាចបាត់​ទៅវិញ​ដោយ​ឯកឯង​ក្នុងអំឡុង​១០ថ្ងៃ​ក្រោយ ទោះជា​ពុំមាន​ការព្យា​បាល ក៏ដោយ។ នេះមិន​មានន័យ​ថាអ្នក​ជម្ងឺបាន​ជាសះ​ស្បើយនោះ​ទេ តែផ្ទុយ​ទៅវិញ​មេរោគ​ស្វាយនឹង​វិវឌ្ឍន៍​ទៅរក​ជម្ងឺ​ស្វាយ​ដំណាក់​កាល ទី២​ដែល​ជាទូ​ទៅកើត​មានឡើង​ពី៣​ទៅ៦​សប្ដាហ៍ ក្រោយពី​ដំបៅ​ដំណាក់​កាលទី១។ រោគ​សញ្ញា​ដែលជួប​ប្រទះ​ញឹកញាប់​ក្នុង​ដំណាក់​កាលនេះ​រួមមាន​ស្នាម​កន្ទួល​ពេញខ្លួន រួមទាំង​នៅបាត​ដៃ និងបាត​ជើង ហើម​កូន​កណ្ដុរ ជ្រុះសក់ រលាក​ស្រោម​ខួរ រលាក​ថ្លើម រលាក​សន្លាក់​រលាក​សរសៃ​ប្រសាទ។ល។ អ្នកជម្ងឺ​ដែលមិន​បាន​ព្យាបាល​នឹងវិវ​ឌ្ឍន៍​ទៅជា​ជម្ងឺ​ស្វាយ​ដំណាក់​កាលទី៣​ប្រមាណ​ជា៣០​%​ដែល​បណ្ដាល​ឱ្យមាន​ការប៉ះ​ពាល់ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល ការ​ប៉ះពាល់​ទៅ​សរសៃរ​ឈាម និង​បេះដូង ហើយ​និងមាន​ការប៉ះ ពាល់​ដល់ជា​លិកា​ភ្ជាប់នឹង​ឆ្អឹង។ ជម្ងឺ​ស្វាយ​ភាគច្រើន​ឆ្លងក្នុង​ដំណាក់​កាលទី១ និង​ទី២​មាន​ឱកាស​ប្រហែល​៣០% តែមិន​មានលទ្ធ​ភាព ឆ្លងទេ ក្រោយ​រយៈពេល​៤ឆ្នាំ។

ការ​ព្យាបាល និង​ផល​វិបាក​នៃដំបៅ​ប្រដាប់​បន្ដពូជ

ស្ដ្រី​គ្រប់រូប​មិនគួរ​ប្រើថ្នាំ​ផ្ដេសផ្ដាស​ដោយ​មិនបាន​ជួប​ពិគ្រោះ​គ្រូពេទ្យ​ជំនាញ​នោះឡើយ។ បើស្ដ្រី​សង្ស័យ​ថាមាន​បញ្ហានេះ គួរតែ​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល។

ផល​វិបាក​ជាច្រើន​អាចកើត​មានលើ​ស្ដ្រី​គ្រប់រូប​ក្នុង​ករណី​ដែលពុំ​បាន​ទទួល​ការ​ព្យាបាល ឬព្យា​បាល​មិនបាន​ត្រឹមត្រូវ​ដូចជា ៖ ការ​រលូត​កូន ឬកូន​ស្លាប់ក្នុង​ពោះ ជម្ងឺ​ទារក​ទើបនឹង​កើត ឆ្អឹង ភ្នែក ថ្លើម លំពែង ស្បែក ឡើង​កន្ទួល​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល ជាដើម។

ការ​ព្យាបាល​សមស្រប​ក្នុង​អំឡុង​ពេលមាន​ផ្ទៃពោះ មិនមែន​ដើម្បី​បង្ការទេ ប៉ុន្ដែ​ដើម្បី​ព្យាបាល​ទារក។ ចំពោះ​ស្ដ្រីមាន ផ្ទៃពោះ​ហើយ​មានជម្ងឺ​ស្វាយ​អាច​ប្រឈម​មុខនឹង​រលូតកូន កូន​ស្លាប់ក្នុង​ពោះ កូនកើត​មកស្លាប់​និង​ពិការ​ភាពពី​កំណើត។ ម្យ៉ាងវិញ ទៀត​ជម្ងឺ​ដំបៅ​លើ​ប្រដាប់​ភេទនេះ ជា​ទំនាក់​ទំនង​មួយយ៉ាង​ខ្ពស់ក្នុង​ការ​ចម្លង​មេរោគ​អេដស៍។ អ្នកជម្ងឺ​ដំបៅ​លើ​ប្រដាប់​បន្ដពូជ​មាន ការ​ប្រឈម​មុខនឹង​ការចម្លង​មេរោគ​អេដស៍ ៣ទៅ​៥ដង​ខ្ពស់ជាង​អ្នក​ធម្មតា។

វិធី​បង្ការ និង​ការពារ

ដើម្បី​ការពារ​ជម្ងឺនេះ​បន្ថែម​ទៀត លោកអ្នក​ដែលមាន​ដៃគូ​រួមភេទ គួរ​អនុវត្ដ​ប្រការ​ដូចខាង​ក្រោម ៖

  • ប្រើ​ស្រោម​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់ពេល​រួមភេទ​ទាំងអស់
  • ប្រសិន​បើមាន​ការ​សង្ស័យ​ថា មាន​ជម្ងឺ​ដំបៅ​លើ​ប្រដាប់​បន្ដពូជ ស្ដ្រី​គួរតែ​ទៅជួប​គ្រូពេទ្យ​ជំនាញ
  • មិនត្រូវ​ឆាប់​ប្រឡូក​ក្នុងការ​រួមភេទ​ពេកទេ
  • សូមកុំ​ទទួល​ទាន​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន ព្រោះ​អាច​បណ្ដាល​ឱ្យមាន​ចំណង់​ផ្លូវភេទ
  • មិនត្រូវ​ប្រើ​ផលិត​ផល​ផ្សេងៗ​លូកលាង​សម្អាត​ក្នុងទ្វារ​មាស។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ស្ដ្រីគ្រប់​រូបមិន​គួរប្រើ​ថ្នាំផ្ដេស​ផ្ដាស ឬប្រើ​ផលិត​ផល​ផ្សេងៗ​សម្រាប់​លាងផ្នែក​ខាងក្នុង​នៃទ្វារ​មាស​ព្រោះអាច​ធ្វើឱ្យ​ទ្វារ មាស​ក្លាយជា​ច្រកចូល​យ៉ាង​សំខាន់​នៃមេរោគ។ ទោះបី​ជា​ដំបៅ​លើ​ប្រដាប់​បន្ដពូជ​ជាជម្ងឺ​ដែល​មាន​អត្រា​ទាប​តែវា​បង្កនូវ​ផល​វិបាក ធ្ងន់ធ្ងរ​ដល់ស្ដ្រី ជា​ពិសេស​ដល់ទារក​ក្នុងផ្ទៃ។ ស្ដ្រី​គួរតែ​ស្វែងរក​ការ​ព្យាបាល​នៅកន្លែង​ដែល​មាន​សុវត្ថិ​ភាព​និងជឿ​ទុកចិត្ដ​បាន។ ស្ដ្រី សង្ស័យ​ថាមាន​បញ្ហានេះ គួរតែ​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ និង​ទទួល​យកការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *