ដោយសារទេពកោសល្យគួបផ្សំនឹងនិស្ស័យខាងសិល្បៈពីកំណើតផងនោះ លោក ខាន់ ជែមបានក្លាយជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាព និងទទួលបាននូវការគាំទ្រពីសំណាក់អ្នកស្ដាប់ជាច្រើនមិនចាញ់តារាចម្រៀងជើងចាស់ប៉ុន្មានឡើយ។ សម្រែកបេះដូង បុប្ផាក្រពុំ ស្នេហ៍អូនជានិច្ចទាំងនេះគឺជាចំណងជើងនៃបទចម្រៀងដំបូងដែលបានកសាងកេរ្ដិ៍ឈ្មោះរបស់លោកឱ្យ មានភាពល្បីល្បាញនៅក្នុងស្រទាប់យុវវ័យ។ ទឹកដមសម្លេងដ៏ពីរោះ រូបសម្រស់ដ៏ស្រស់សង្ហានិងភាពមាំមួននៃរាងកាយរបស់លោក បានធ្វើឱ្យកើតមាននូវចម្ងល់ចង់ដឹងពីអាថ៌កំបាំង និងវិធីសាស្ដ្រនៃការថែរក្សាខ្លួន។
ឆ្លើយតបទៅនឹងចម្ងល់ខាងលើ លោក ខាន់ ជែមបានចេញមកធ្វើការរ៉ាយរ៉ាប់ប្រាប់ពីរបៀបនៃការថែរក្សាសុខភាពនិង សម្រស់របស់លោកតាមរយៈទស្សនាវដ្ដី សុខភាពយើង ជូនដល់មិត្ដអ្នកអានទាំងអស់ ដើម្បីទុកជាការស្វែងយល់និងជាជម្រើសនូវវិធី ល្អខ្លះៗសម្រាប់ថែរក្សាសុខភាព និងសម្រស់ឱ្យនៅតែស្រស់សង្ហា។
ប្រវត្ដិមុនចូលសិល្បៈ
លោក ខាន់ ជែម បានប្រសូតនៅក្នុងគ្រួសារមួយដែលមានកម្រិតជីវភាពមធ្យម ឪពុកជាមន្ដ្រីរាជការ និងម្ដាយជាអ្នកលក់ដូរស្ថិតនៅស្រុកត្រាំកក់ ខេត្ដតាកែវ។ ជែម ចូលប្រឡូកក្នុងពិភពសិល្បៈនៅក្នុងឆ្នាំ២០០២ដោយសារលោកបានបកស្រាយចម្រៀង ក្នុងពិធីអាពាហ៍ពិពាហ៍មិត្ដភក្ដិ។ ដោយសារទេពកោសល្យ និងទឹកដមសម្លេងល្អទើបប្រធានក្រុមតន្ដ្រីហៅរូបលោកឱ្យចូលច្រៀងនៅ ក្នុងក្រុមដែលស្ថិតនៅស្រុកឈូក ខេត្ដកំពត។ លោកច្រៀងក្នុងក្រុមភ្លេងនោះបានជិត២ឆ្នាំហើយក៏ប្ដូរមកច្រៀងនៅតាមរង្គសាលនៅ ភ្នំពេញវិញ ដោយមានការគាំទ្រពីភ្ញៀវយ៉ាងច្រើន។ ជាសំណាងល្អជែមក៏បានស្គាល់លោកអ៊ឹង រដ្ឋា ហៅទុយដោយចៃដន្យ។ លុះ ក្រោយមកដោយបានឃើញ និងដឹងពីការតស៊ូព្រមទាំងទេពកោសល្យខាងសិល្បៈរបស់ជែម លោកទុយបានណែនាំ និងជួយបណ្ដុះ បណ្ដាលឱ្យចូលច្រៀងនៅមជ្ឈមណ្ឌលកម្សាន្ដរ៉ុក។ ស្របពេលដែលមានការបង្កើតនូវផលិតកម្មរ៉ុកឡើង លោកទុយក៏ផ្ដល់ឱកាសឱ្យ ជែមសាកល្បងច្រៀងនៅក្នុងស្ទូឌីយោ។ ដោយសារសម្លេងរបស់ជែមមានទឹកដមល្អ ទើបជែមបានចូលច្រៀងនៅក្នុងផលិតកម្មរ៉ុក រហូតមកដល់សព្វថ្ងៃនេះ។
ការថែរក្សាសម្រស់
សម្រស់មានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប ជាពិសេសសម្រាប់សិល្បករ តារាសម្ដែង ឬតារាចម្រៀងដូចជាខាន់ ជែមដែលចាំបាច់ត្រូវតែថែរក្សាសម្រស់ឱ្យបានល្អ។
- ការថែរក្សាស្បែកមុខ
ទោះបីជាមានការរវល់ក្នុងការថតបទចម្រៀងថ្មីៗយ៉ាងណាក៏ដោយ ក៏ជែមមិនដែលភ្លេចពីការថែរក្សាស្បែកមុខដែរ។ ពេលព្រឹកក្រោកពីដំណេក ជែមតែងតែលុបលាងមុខជាមួយសាប៊ូសម្រាប់លាងមុខជាប្រចាំ។ ហើយក្រោយពីត្រឡប់មកពីថតចម្រៀងវិញ លោកលុបលាងមុខជាមួយសាប៊ូម្ដងទៀត ដើម្បីជម្រះធូលីឬម្សៅផ្ទៃមុខ។ លុះពេលយប់ជែមតែងតែប្រើក្រែមសម្រាប់ លាបពេលយប់ជាប្រភេទផ្ដល់សំណើម និងបំប៉នស្បែក។
- ការថែរក្សាស្បែកដងខ្លួន
ស្បែកសរលោងនៅលើដងខ្លួនរបស់ជែមគឺជាលក្ខណៈពីធម្មជាតិ។ ពេលនៅផ្ទះ ជែមមិនដែលលាបឡេឬផលិតផលអ្វីដើម្បី ធ្វើឱ្យស្បែកសទេ គឺគ្រាន់តែប្រើសាប៊ូដុសខ្លួនដែលមានសារៈប្រយោជន៍ដល់ស្បែកជាប្រចាំនៅពេលងូតទឹកតែប៉ុណ្ណោះ។
- ការថែរក្សាសក់
សក់មានសារៈសំខាន់សម្រាប់ជួយលើកទម្រង់មុខមនុស្ស។ ដូច្នេះហើយ ជែមបានយកចិត្ដទុកដាក់ទៅលើការថែរក្សាដោយ ប្រើសាប៊ូដែលត្រូវនឹងសរសៃសក់ ហើយធ្វើការអប់រៀងរាល់៤ថ្ងៃម្ដងនិងមានប្រើផលិតផលលាបសក់ដើម្បីងាយស្រួលក្នុងការកែច្នៃ ម៉ូដ នៅពេលចេញទៅសម្ដែង ឬចូលរួមក្នុងកម្មវិធីផ្សេងៗ។
- ការថែរក្សាភ្នែក
ពន្លឺ ឬកម្ដៅព្រះអាទិត្យ ផ្សែង ធូលី សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់កែវភ្នែក។ ដូច្នេះហើយទើបលោកជ្រើសរើសនូវ វ៉ែនតាដែលមានកញ្ចក់ពណ៌ខ្មៅមកពាក់ការពារភ្នែករបស់លោក ដើម្បីបញ្ចៀសពីបញ្ហាទាំងនេះ។
- ការថែរក្សាសុខភាព
សម្រស់ស្រស់ស្អាត និងសុខភាពល្អ ត្រូវតែដើរទន្ទឹមនឹងគ្នា។ ខាន់ជែមមិនដែលព្រងើយកន្ដើយពីការថែទាំសុខភាពឡើយ ។
- ការទទួលទានអាហារ
ជម្ងឺក្រពះកើតឡើងពីការទទួលទានអាហារមិនទៀងទាត់ពេល។ ដូច្នេះដើម្បីចៀសវាងពីជម្ងឺនេះលោកតែងតែព្យាយាម ទទួលទានអាហារទៀងពេល ជាពិសេសអាហារណាដែលមានប្រយោជន៍ដល់សុខភាពរាងកាយនិងមិនប៉ះពាល់ដល់បំពង់សម្លេង។
- ការទទួលទានដំណេក
ការទទួលទានដំណេកមានប្រយោជន៍ចំពោះសុខភាព និងសម្រស់។ បើគេងមិនបានគ្រប់គ្រាន់វានឹងបង្កឱ្យមានបញ្ហាជាមិន ខាន។ រាល់ថ្ងៃ លោកជែមព្យាយាមគេងឱ្យបានយ៉ាងតិច៨ម៉ោង ដើម្បីសុខភាព និងបញ្ចៀសពីជម្ងឺផ្សេងៗ។
- សុខភាពមាត់ធ្មេញ
ជាធម្មតា ខាន់ ជែមសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងយ៉ាងតិចជាមួយថ្នាំដុសធ្មេញដែលមានសារជាតិជួយធ្វើឱ្យធ្មេញស និង រឹងមាំ ជាពិសេសក្រោយពេលទទួលទានអាហារ។ ជែមតែងតែទៅពិគ្រោះជាមួយពេទ្យធ្មេញជាប្រចាំដើម្បីពិនិត្យ និងសម្អាត៣ខែ ម្ដង។
- ការហាត់កីឡា
កីឡាអាចធ្វើឱ្យសុខភាពល្អ រាងកាយមាំមួន និងសម្រស់ស្រស់ថ្លា។ រាល់ល្ងាចពេលទំនេរពីការងារជែមតែងតែឆ្លៀតធ្វើ លំហាត់ប្រាណខ្លះ ដើម្បីបញ្ចេញជាតិពុលចេញពីក្នុងខ្លួន និងជួយដល់ដំណកដង្ហើម និងចលនាសួត ងាយស្រួលក្នុងពេលច្រៀង។
បំណងថ្ងៃអនាគត
ទោះបីនៅពេលបច្ចុប្បន្ននេះ លោកមានអាជីពជាតារាចម្រៀង តែនៅពេលថ្ងៃអនាគតប្រសិនបើលោកមានលទ្ធភាពលោក នឹងបើកហាងលក់សម្លៀកបំពាក់ទាន់សម័យមួយ ដើម្បីទ្រទ្រង់នូវជីវភាពគ្រួសាររបស់លោក។
បណ្ដាំផ្ញើរបស់លោក ខាន់ ជែម
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្ដទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដើម្បីចៀសផុតពីជម្ងឺដែលមកបៀតបៀន។ ហើយក៏សូមអរគុណដល់បងប្អូនដែលជួយគាំទ្រនូវបទចម្រៀងរបស់លោក ដែលជាបទចម្រៀងនិពន្ធដោយខ្មែរស្នាដៃរបស់ខ្មែរពិតៗ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះពិត ៖ ខាន់ មករា
- ឈ្មោះក្នុងសិល្បៈ ៖ ខាន់ ជែម
- អាយុ ៖ ២៧ឆ្នាំ
- កម្ពស់ ៖ ១,៦២ ម៉ែត្រ
- ទម្ងន់ ៖ ៦១គីឡូក្រាម
- បងប្អូន ៖ ៦នាក់ ស្រី៣ (ជាកូនទី២)ក្នុងគ្រួសារ
- ឪពុកឈ្មោះ ៖ ខាន់ ចឹម, ម្ដាយឈ្មោះ ៖ ផុន ភា
- បច្ចុប្បន្ន ៖ ជាតារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply