សុខភាពមាត់ធ្មេញជារឿងចាំបាច់ដែលលោកអ្នកនាងកញ្ញាគួរតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សា និងការពារឱ្យបានល្អ ចៀសវាងកុំឱ្យជួបនូវបញ្ហាផ្សេងៗ ដែលធ្វើឱ្យលោកអ្នកមានបញ្ហា ដូចជាខាតបង់ពេលវេលា ត្រូវចំណាយថវិកាច្រើននៅក្នុងការ ព្យាបាលជាដើម។ អ្វីដែលពិបាកបំផុតនោះ គឺនៅពេលដែលលោកអ្នកមានជម្ងឺពុកធ្មេញ វាបានធ្វើឱ្យលោកអ្នកមានការឈឺចាប់យ៉ាងខ្លាំង ហើយពិបាកទ្រាំបំផុត។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ ជាមួយគ្នានេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា លក្ខណា រស់នៅខេត្ដកណ្ដាល អាយុ២៨ឆ្នាំ។ កញ្ញាបានរៀបរាប់អំពីផល លំបាកនៃជម្ងឺពុកធ្មេញនេះ ដើម្បីឱ្យមិត្ដអ្នកអានបានជ្រាប។
កញ្ញា លក្ខណា បានរៀបរាប់ប្រាប់ទស្សនាវដ្ដី សុខភាពយើង ឱ្យដឹងថា កាលពីឆ្នាំពី២០០៧ កញ្ញាមានអារម្មណ៍ថាធ្មេញ របស់កញ្ញាមានបញ្ហាគឺពុកធ្មេញបន្ដិចបន្ដួច តែកញ្ញាមិនបានមកធ្វើការព្យាបាលនោះទេ។ នៅក្នុងឆ្នាំ២០១១នេះធ្មេញរបស់លក្ខណាពុក រហូតធ្វើឱ្យប្រហោង និងធ្វើឱ្យមានការឈឺចាប់ លក្ខណាក៏បានទៅទិញថ្នាំនៅតាមឱសថស្ថានយកមកលេប អាការឈឺធ្មេញនេះក៏បាន ធូរស្បើយឡើងវិញ។ ការឈឺចាប់នេះបានធូរស្បើយនៅពេលដែលទទួលទានថ្នាំតែប៉ុណ្ណោះ តែនៅពេលដែលឈប់ទទួលទានគឺធ្វើឱ្យ ឈឺដដែល។
កញ្ញា លក្ខណា បានបន្ថែមទៀតថា រៀងរាល់ពេលដែលកញ្ញាទទួលទានបាយ គ្រាប់បាយចូលទៅក្នុងធ្មេញ ការឈឺចាប់ ក៏បង្កឡើង។ លើសពីនេះនៅពេលដែលកញ្ញាទទួលទានទឹកកក ឬផ្លែឈើដែលមានជាតិជូរ វាតែងតែបង្កឱ្យមានការឈឺចាប់ជានិច្ច។ ការឈឺចាប់នេះនៅតែបន្ដរហូត ធ្វើឱ្យថ្គាមឡើងហើម ព្រោះតែការឈឺធ្មេញ ហើយនៅពេលខ្លះនោះកញ្ញាមិនបានគេងនោះទេ ព្រោះតែមានការឈឺចាប់នៃធ្មេញ។ ដោយសារតែមិនអាចទ្រាំបាន កញ្ញាក៏សម្រេចចិត្ដទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ សូវៀត។ មកដល់ពេលនេះកញ្ញាបានធូរស្បើយជាងមុនហើយ។
យោបល់របស់អ្នកជំនាញ
លោកទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចិម មានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថា ជម្ងឺពុកធ្មេញនេះគឺកើតឡើងដោយសារតែចំណីអាហារដែលបំប្លែងខ្លួនទៅជាអាស៊ីត ហើយក៏ធ្វើឱ្យធ្មេញពុកតែម្ដង ដូចនេះនៅក្រោយពេលដែលទទួលទានអាហាររួចលោកអ្នកគួរតែធ្វើការសម្អាតធ្វើឱ្យបានស្អាត ដើម្បីកុំឱ្យមានអាហារនៅជាប់ធ្មេញ ដែលបណ្ដាលឱ្យធ្មេញពុក។ លោកអ្នកនាងកញ្ញាត្រូវកាត់បន្ថយជាតិស្ករឱ្យបានច្រើន ជាពិសេសត្រូវកាត់បន្ថយចំពោះចំណីអាហារដែល ផលិតចេញពីរោងចក្រ ដូចជានំខេក នំកំប៉ុង ព្រោះនំទាំងនេះនៅពេលដែលទទួលទានទៅវាអាចនៅជាប់នឹងចន្លោះធ្មេញ នៅពេល ដែលមិនបានសម្អាតវាឱ្យបានស្អាតល្អ វាអាចបណ្ដាលឱ្យធ្មេញពុក។ ចំណីអាហារទាំងនេះវាអាចបំប្លែងខ្លួនទៅជាអាស៊ីតបាន នៅក្នុងរយៈពេលតែពីរម៉ោងតែប៉ុណ្ណោះ។ ចំពោះរោគពុកធ្មេញដំបូង វាអាចមានលក្ខណៈសៗដូចជាផ្កាក្រចក ហើយយូរទៅវាវិវឌ្ឍន៍ ទៅជាពណ៌ខ្មៅ ហើយធ្វើឱ្យធ្មេញពុកតែម្ដង។ បើសិនជាលោកអ្នកកើតមានរោគពុកធ្មេញ លោកអ្នកគួរតែប្រញាប់ទៅជួបជាមួយអ្នកជំនាញ ដើម្បីធ្វើការព្យាបាល និងប៉ះធ្មេញឱ្យបានទាន់ពេលវេលា ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរអាចឈានទៅដល់ការដកធ្មេញចេញ។
Leave a Reply