នោមឈឺ នោមពិបាក ឬនោមក្រហាយ ទាំងនេះគឺសុទ្ធតែបណ្ដាលមកពីមេរោគ។ មេរោគទាំងនេះបានចូលទៅតាមឈាម និងទៅតាមទ្វារមាសដែលបណ្ដាលឱ្យកើតមានជម្ងឺរលាកប្លោកនោម រលាកក្រពេញប្រូស្ដាត និងរលាកបំពង់បង្ហូរទឹកនោមជាដើម។ ចំពោះលោកអ្នកនាងកញ្ញាដែលកើតមានអាការនោមឈឺ ហើយមិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ អាចធ្វើឱ្យ លោកអ្នកកើតមានបញ្ហានេះយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្មានដល់។
នោមឈឺ នោមពិបាក ឬនោមក្រហាយ ទាំងនេះគឺសុទ្ធតែបណ្ដាលមកពីមេរោគ។ មេរោគទាំងនេះបានចូលទៅតាមឈាម និងទៅតាមទ្វារមាសដែលបណ្ដាលឱ្យកើតមានជម្ងឺរលាកប្លោកនោម រលាកក្រពេញប្រូស្ដាត និងរលាកបំពង់បង្ហូរទឹកនោមជាដើម។ ចំពោះលោកអ្នកនាងកញ្ញាដែលកើតមានអាការនោមឈឺ ហើយមិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ អាចធ្វើឱ្យ លោកអ្នកកើតមានបញ្ហានេះយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្មានដល់។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ថុង សុខហ៊ាន ឯកទេសវះកាត់ប្រព័ន្ធម៉ូត្រសាស្ដ្រ និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះកុសុមៈ ពន្យល់លោកអ្នកអំពីមូលហេតុដែលបណ្ដាលឱ្យនោមឈឺ។
នោមឈឺគឺជាអ្វី?
នោមឈឺគឺជាជម្ងឺដែលកើតឡើងដោយសារតែមានការរលាកនៅលើប្រព័ន្ធម៉ូត្រសាស្ដ្រផ្នែកខាងក្រោម ហើយប្រព័ន្ធម៉ូត្រ សាស្ដ្រផ្នែកខាងក្រោមមានដូចជាប្លោកនោម ក្រពេញប្រូស្ដាត បំពង់បង្ហូរទឹកនោមជាដើម។ ការរលាកទាំងអស់នេះគឺជាមូលហេតុ ដែលបណ្ដាលឱ្យអ្នកជម្ងឺនោមចេញមកឈឺ។ នៅក្នុងករណីនោមឈឺមាន :
– នោមឈឺនៅពេលដែលចាប់ផ្ដើមនោមមុនដំបូង
- នោមរួចហើយទើបមានការឈឺចាប់
- នោមឈឺតាំងពីពេលចាប់ផ្ដើមនោមរហូតដល់នោមអស់
ករណីដែលបានរៀបរាប់ខាងលើនេះ លោកអ្នកត្រូវគិតទៅដល់ជម្ងឺរលាកប្លោកនោម ជម្ងឺរលាកក្រពេញប្រូស្ដាត និង ជម្ងឺរលាកបំពង់បង្ហូរទឹកនោម។
មូលហេតុធ្វើឱ្យនោមឈឺ
មូលហេតុដែលធ្វើឱ្យនោមឈឺគឺបណ្ដាលពីមេរោគដែលចូលទៅក្នុងឈាម ករណីនេះគឺកើតឡើងចំពោះបុរស ដោយមេរោគ ចូលទៅតាមឈាម ចូលទៅទំនៅស្រទាប់ខាងក្នុងរបស់ប្លោកនោម របស់ប្រូស្ដាត និងរបស់បំពង់បង្ហូរទឹកនោម។ ចំពោះ ស្ដ្រីវិញភាគច្រើនគឺមេរោគឆ្លងតាមទ្វារមាស ដោយសារតែស្ដ្រីមិនមានអនាម័យ ឬក៏មានអនាម័យដែរ ប៉ុន្ដែការអនាម័យមិនបានធ្វើ ត្រឹមត្រូវទៅតាមក្បួនខ្នាត ទើបបណ្ដាលឱ្យកើតមានជម្ងឺនោមឈឺ។ នៅពេលដែលមេរោគចូលទៅក្នុងបំពង់បង្ហូរទឹកនោម អាចធ្វើឱ្យ រលាកនៅក្នុងបំពង់បង្ហូរទឹកនោម ហើយក៏រាលទៅប្លោកនោម ធ្វើឱ្យរលាកប្លោកនោមតែម្ដង(ករណីដែលមេរោគឆ្លងចូលទៅតាម រយៈឈាមគឺមានតិចតួចណាស់)។ ចំពោះមេរោគដែលសង្កេតឃើញញឹកញាប់ជាងគេនោះគឺមេរោគអឺកូលី(ECOLI) ដែលមានរហូត ទៅដល់៧០ទៅ៨០ភាគរយនៃការរលាកប្រព័ន្ធផ្លូវនោមខាងក្រោម។
ជាទូទៅលោកអ្នកនាងកញ្ញាអាចសង្កេតមើលដោយខ្លួនឯងបានតាមរយៈរោគសញ្ញាមួយចំនួនដូចជា
– នៅពេលដែលចង់នោមម្ដងៗគឺលោកអ្នកមិនចង់ទៅនោមនោះទេ ព្រោះលោកអ្នកខ្លាចឈឺ
– នៅពេលដែលនោមអស់ហើយ នៅតែមានអារម្មណ៍ថាចង់ទៅនោមម្ដងទៀត
– នោមឈឺនៅពេលដែលចាប់ផ្ដើមនោមមុនដំបូង
– នោមរួចហើយទើបមានការឈឺចាប់
– នោមឈឺតាំងពីពេលចាប់ផ្ដើមនោមរហូតដល់នោមអស់
– ពិបាកនៅក្នុងការនោម(ប្រឹងនោម) ជួនកាលនៅពេលដែលនោមឈឺអស់ហើយ ក៏មានទឹកនោមចេញមកតក់ៗមកតាម ក្រោយទៀត ហើយអ្នកជម្ងឺមិនត្រឹមតែមានអារម្មណ៍ឈឺតែម្យ៉ាងនោះទេ គឺមានអារម្មណ៍ក្រហាយនៅពេលនោម។ អ្នកជម្ងឺខ្លះទៀត នៅពេលនោមមានការឈឺចាប់នៅផ្នែកខាងលើ(ថ្ងាស) ខាងក្រោមផ្ចិតថែមទៀត។
ដូចនេះនៅពេលដែលលោកអ្នកកើតមានអាការដូចដែលបានរៀបរាប់ខាងលើ លោកអ្នកគួរតែប្រញាប់ទៅពិភាក្សាជាមួយ គ្រូពេទ្យឯកទេសប្រព័ន្ធម៉ូត្រសាស្ដ្រ ដើម្បីធ្វើវិនិច្ឆ័យរោគ និងធ្វើការព្យាបាល។
ផលប៉ះពាល់នៃអាការនោមឈឺ
អាការនោមឈឺនេះបានធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកជម្ងឺទាំងផ្នែកការងារ និងផ្នែកសុខភាពដូចជា :
- ធ្វើឱ្យអ្នកជម្ងឺមិនចង់ចេញទៅក្រៅផ្ទះនោះទេ ជាហេតុធ្វើឱ្យអ្នកជម្ងឺបាត់បង់ទំនាក់ទំនងផ្នែកសង្គម
ខាងក្រៅ ព្រោះកាល ណាបើសិនជាលោកអ្នកនោមឈឺ នោមញឹក ធ្វើឱ្យលោកអ្នកមិនចង់ដើរក្រៅផ្ទះនោះទេ។
– នៅពេលដែលអ្នកជម្ងឺនោមឈឺដែលបណ្ដាលមកពីមេរោគ នោះការរលាកអាចរាលដាលទៅកន្លែងដទៃទៀត វាមិនត្រឹម តែរលាកប្លោកនោមនោះទេ វាអាចធ្វើឱ្យរលាកសរីរាង្គផ្សេងទៀតដែលនៅក្បែរៗប្លោកនោម ជួនកាលវារាលដាលពីខាងក្រោមឡើង ទៅលើដល់ប្រព័ន្ធផ្លូវនោមខាងលើ ដែលបណ្ដាលឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ ព្រោះវាជាការរលាកដោយសារមេរោគ។
– បើសិនជាអ្នកជម្ងឺមិនបានធ្វើការព្យាបាលឱ្យបានដិតដល់នោះ មេរោគវាឈានទៅដល់ក្រលៀនខាងលើ អាចធ្វើឱ្យអ្នកជម្ងឺ បាត់បង់ជីវិត ប៉ុន្ដែករណីនេះគឺមានតិចតួចណាស់ ដែលអាចកើតឡើងដោយសារតែអ្នកជម្ងឺទ្រាំប្រើថ្នាំតែទិញនៅតាមឱសថស្ថានមួយ ចំនួនដែលមិនមានការចេញវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ហើយមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យ ឬក៏មិនព្រមទៅជួបគ្រូពេទ្យផ្នែកប្រព័ន្ធ ម៉ូត្រសាស្ដ្រជាដើម។
វិធីព្យាបាលអាការនោមឈឺ
វិធីព្យាបាលជម្ងឺនោមឈឺជាដំបូងអ្នកជម្ងឺត្រូវមកជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីរកមូលហេតុដែលធ្វើឱ្យជម្ងឺកើតមាន ជម្ងឺនោមឈឺ។ ឧទាហរណ៍បើសិនជាអ្នកជម្ងឺនោមឈឺដោយសារការរលាក ដែលបណ្ដាលមកពីមេរោគឈ្មោះអឺកូលី ត្រូវតែធ្វើ ការព្យាបាលដោយធ្វើការសម្លាប់មេរោគពពួកមេរោគអឺកូលី ឬក៏មេរោគប្រភេទដទៃទៀតដែលត្រូវស្រាវជ្រាវ ដោយការពិនិត្យ មើលទឹកនោម ដើម្បីរកមេរោគដែលមាននៅក្នុងទឹកនោមឱ្យដឹងថាជាមេរោគប្រភេទអ្វី។ បន្ទាប់មកត្រូវប្រើថ្នាំព្យាបាលដោយសម្លាប់ មេរោគដែលធ្វើឱ្យនោមឈឺ។
វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហានោមឈឺ
ដើម្បីការពារកុំឱ្យកើតមានបញ្ហានោមឈឺ លោកអ្នកនាងកញ្ញាត្រូវមានអនាម័យជានិច្ច ជាពិសេសស្ដ្រីត្រូវតែឧស្សាហ៍លាង សម្អាតប្រព័ន្ធផ្លូវភេទផ្នែកខាងក្រោម ត្រូវតែលាងសម្អាតឱ្យបានស្អាតល្អជានិច្ច។ ចំពោះស្ដ្រីវិញបើសិនជាមានការរលាកផ្នែកខាង ក្រោមហើយ ដាច់ខាតគឺត្រូវតែឡើងទៅរលាកប្រព័ន្ធផ្លូវនោមខាងលើ ចៀសមិនរួចនោះទេ ដោយត្រូវការពារ ដូចជាបើសិនជា ស្ដ្រីមានបញ្ហាធ្លាក់ស ត្រូវតែធ្វើការព្យាបាលជាមួយគ្រូពេទ្យឯកទេសផ្នែករោគស្ដ្រី។ បើសិនជាធ្លាក់ស ហើយកើតមានអាការនោម ឈឺទៀតនោះ អ្នកជម្ងឺត្រូវទៅជួបជាមួយឯកទេសខាងផ្នែករោគស្ដ្រី ហើយក៏ត្រូវតែទៅជួបឯកទេសខាងផ្នែកប្រព័ន្ធម៉ូត្រសាស្ដ្រមួយ ទៀត ដើម្បីព្យាបាលរួមគ្នាកុំឱ្យកើតមានផលវិបាកទៅថ្ងៃក្រោយ។ បើចំពោះបុរសវិញ លោកអ្នកបានដឹងហើយថាមេរោគអឺកូលី អាចចូលទៅតាមឈាម និងអាចចូលទៅតាមប្រព័ន្ធទឹកនោមខាងក្រោម។ ដូចនេះលោកអ្នកត្រូវតែធ្វើការអនាម័យនៅលើផ្លូវភេទឱ្យ បានស្អាតល្អ ជាពិសេសមិនត្រូវមានដៃគូខាងក្រៅច្រើនពេក បើសិនជាមិនអាចចៀសរួចគឺត្រូវប្រើស្រោមអនាម័យ។
ដំបូន្មានអ្នកជំនាញ
ករណីដែលអ្នកជម្ងឺនោមឈឺនៅពេលដែលចាប់ផ្ដើមភ្លាម អ្នកជម្ងឺត្រូវមកជួបជាមួយអ្នកឯកទេស មិនត្រូវទុកចោលមិន រវីរវល់នោះទេ ហើយក៏មិនត្រូវប្រើថ្នាំផ្ដេសផ្ដាសនោះដែរ។ បើសិនជាអ្នកជម្ងឺជាស្ដ្រីមិនបានមកធ្វើការព្យាបាល ដោយសារមានការ ខ្មាសអៀនអាចធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរដោយការរលាកអាចរីករាលដាល។ ដូចនេះចំពោះអ្នកជម្ងឺទាំងស្ដ្រីទាំងបុរស នៅពេល ដែលនោមឈឺខុសប្លែកពីធម្មតា នោមក្ដៅ ពិបាកនោម នោមញាប់ នោមហើយចង់នោមទៀត អ្នកជម្ងឺត្រូវតែមកជួបជាមួយ អ្នកឯកទេស។
Leave a Reply