ជម្ងឺបេះដូងត្រូវបានគេសង្កេតឃើញថា កើតមានលើមនុស្សស្ទើរគ្រប់វ័យ ពិសេសមនុស្សវ័យចំណាស់។ ជម្ងឺបេះដូងនេះ អាចបង្កពីមូលហេតុផ្សេងៗគ្នា ជាអាទិការរលាកបំពង់ករ៉ាំរ៉ៃក៏ជាមូលហេតុមួយដែរនៃជម្ងឺបេះដូងដែលជាជម្ងឺប្រើសបេះដូង។ ប្រើស បេះដូងជាជម្ងឺម្យ៉ាងក្នុងចំណោមជម្ងឺបេះដូងប្រភេទផ្សេងទៀត ដូចជាស្ទះសរសៃឈាមបេះដូងឬហៅថាជម្ងឺគាំងបេះដូង និងជម្ងឺ បេះដូងពីកំណើត។
លោកវេជ្ជបណ្ឌិត សុខ ផាង ឯកទេសផ្នែកជម្ងឺបេះដូងនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតបានផ្ដល់នូវបទ សម្ភាសន៍ស្ដីពីជម្ងឺប្រើសបេះដូង និងវិធីការពារដល់ទស្សនាវដ្ដី សុខភាពយើងដើម្បីផ្ដល់ជូនប្រិយមិត្ដអ្នកអានស្វែងយល់ និងចេះបង្ការ ខ្លួននឹងគ្រោះថ្នាក់នៃជម្ងឺនេះ។
ជាទូទៅប្រភេទជម្ងឺដែលកើតញឹកញាប់ពាក់ព័ន្ធនឹងបេះដូង មានជម្ងឺស្ទះសរសៃឈាមបេះដូង ឬហៅថាគាំងបេះដូងជម្ងឺ បេះដូងពីកំណើត និងជម្ងឺប្រើសបេះដូង ហើយជម្ងឺទាំងនេះមានមូលហេតុបង្កផ្សេងៗពីគ្នា។
ជម្ងឺប្រើសបេះដូង
កត្ដាខ្វះអនាម័យគឺជាដើមចមនៃការចម្លងមេរោគគ្រប់ប្រភេទ។ ជម្ងឺប្រើសបេះដូងច្រើនកើតលើកុមារព្រោះអង្គបដិបក្ខ ប្រាណ ឬហៅថាប្រព័ន្ធការពារក្នុងខ្លួនមនុស្ស(អង់ទីក័រ)នៅខ្សោយ។ កង្វះអនាម័យធ្វើឱ្យពពួកមេរោគងាយលុកលុយសព៌ាង្គកាយ និងបង្កជាជម្ងឺបាន។ ធម្មតាបេះដូងមនុស្សមាន៤ថត និងមានប្រើសបេះដូងចំនួន៤ដែលមានតួនាទីធ្វើចលនាឈាមរត់ទៅចិញ្ចឹម សរីរាង្គ។ បើមានជម្ងឺប្រើសបេះដូង វានឹងនាំឱ្យប្រើសឡើងរឹងឬក្រិន មិនអាចមានចលនាបិទជិតឬបើកចំហមិនអស់ដូចប្រើស បេះដូងល្អប្រក្រតី។ នោះជាមូលហេតុនាំឱ្យបរិមាណឈាមរត់ទៅចិញ្ចឹមសរីរាង្គមិនគ្រប់គ្រាន់និងសល់ឈាមច្រើននៅក្នុងបេះដូង។ ផលវិបាករបស់អ្នកមានជម្ងឺប្រើសបេះដូង អាចធ្វើឱ្យបេះដូងរីក ឆាប់ហត់ខ្លាំងសម្បុរស្បែកស្លេកស្លាំង ចុះស្គមស្គាំងជាដើម ហើយក៏ អាចឈានដល់ដំណាក់កាលបាត់បង់ជីវិតផងដែរ។
រោគសញ្ញាជម្ងឺប្រើសបេះដូង
បើឈឺបំពង់ករយៈពេលពី៥ទៅ១៥ថ្ងៃ ព្យាបាលដោយថ្នាំបានត្រឹមតែធូរស្រាល ឬបាត់ត្រឹមតែមួយរយៈហើយពេលលេប ទឹកមាត់ឬបរិភោគអាហារធ្វើឱ្យឈឺបំពង់ក ហើមសន្លាក់ដៃជើង ម្ដងឈឺសន្លាក់ត្រង់នេះម្ដងឈឺសន្លាក់ត្រង់នោះក្ដៅខ្លួនជាប្រចាំ ទទួល ទានអាហារមិនសូវបាន ហើយមានអាការហត់ខ្លាំង ត្រូវឆាប់ទៅមន្ទីរពេទ្យឬជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ អាការនេះប្រហាក់ ប្រហែលនឹងជម្ងឺផ្នែកសួតដែរប៉ុន្ដែសំខាន់គឺលទ្ធផលក្រោយការត្រួតពិនិត្យពិសោធន៍របស់គ្រូពេទ្យព្យាបាល ទើបសំខាន់។
មូលហេតុបង្កជម្ងឺប្រើសបេះដូង
ដំបូងចាប់ផ្ដើមពីការទទួលទានអាហារដោយខ្វះអនាម័យ មានជម្ងឺផ្ដាសាយនិងជម្ងឺផ្សេងខ្លះទៀតដែលបណ្ដាលឱ្យរលាក បំពង់ករ៉ាំរ៉ៃ។ ជម្ងឺប្រើសបេះដូងបណ្ដាលមកពីការរលាកបំពង់ករ៉ាំរ៉ៃដែលព្យាបាលមិនបានត្រឹមត្រូវនាំឱ្យមេរោគឈ្មោះស្ដ្រិបតូកូក មិនស្លាប់។ នោះវានឹងទៅសម្ងំនិងទុំតាមសន្លាក់ធំៗ ដូចជាសន្លាក់កដៃ កែងដៃ កជើង និងសន្លាក់ជង្គង់សម្ងំក្រោមស្បែក និងនៅតាម សរសៃប្រសាទជាដើម។ បន្ទាប់មកមេរោគនោះបំបែកខ្លួនមកទុំលើបេះដូងបង្កជាជម្ងឺប្រើសបេះដូង។ មេរោគស្ដ្រិបតូកូកស្ថិតនៅរាយ ប៉ាយតាមចំណីអាហារក្នុងស្រទាប់ខ្យល់ ធូលីដីជាដើម។
ការព្យាបាលជម្ងឺប្រើសបេះដូង
បើសិនកើតជម្ងឺប្រើសបេះដូង ការព្យាបាលអាចធ្វើទៅតាមកម្រិតនៃជម្ងឺ(ស្រាល ឬធ្ងន់ធ្ងរ)។ បើអ្នកជម្ងឺឆាប់មករកសេវាព្យាបាលទាន់ពេលវេលាអាចព្យាបាលដោយលេបថ្នាំ។ ប៉ុន្ដែបើអ្នកជម្ងឺបណ្ដែតបណ្ដោយរហូតអាការជម្ងឺកាន់តែដាបនោះការព្យាបាល អាចឈានដល់ការវះកាត់ព្យាបាលប្រើសបេះដូងមួយឬច្រើនជួនកាលក៏អាចត្រូវប្ដូរប្រើសបេះដូងដោយដាក់ជំនួសនូវប្រើសបេះដូង សិប្បនិម្មិតដើម្បីសង្គ្រោះជីវិត។ លើសពីនេះជម្ងឺប្រើសបេះដូងក៏អាចឈានដល់ដំណាក់កាលត្រូវវះកាត់ច្រើនដង ឬក៏ត្រូវព្យាបាល ដោយថ្នាំអស់មួយជីវិតក៏មាន។
វិធីបង្ការជម្ងឺប្រើសបេះដូង
រាល់បញ្ហាដែលកើតឡើងគឺសុទ្ធតែមានមូលហេតុ ហើយមូលហេតុនោះទៀតសោតជួនកាលអាចព្យាបាលបានជួនកាល បានត្រឹមតែបង្ការ ឬប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ ដូច្នេះកត្ដ្កាចាំបាច់ក្នុងការបង្ការជម្ងឺប្រើសបេះដូងគឺត្រូវប្រុងប្រយ័ត្នកុំឱ្យធូលីដីចូលផ្លូវ ដង្ហើមដែលអាចបង្កជម្ងឺរលាកបំពង់ក។ ប្រសិនបើមានជម្ងឺផ្ដាសាយរលាកបំពង់កត្រូវព្យាបាលឱ្យបានត្រឹមត្រូវដោយគ្រូពេទ្យជំនាញ ។ ការលេបថ្នាំដែលទិញដោយខ្លួនឯងជាបច្ច័យគ្រោះថ្នាក់មួយ ជួនអាចបាត់ផ្ដាសាយឬបាត់រលាកបំពង់កខ្លះដែរ ប៉ុន្ដែបើមេរោគមិន ស្លាប់ អាចបណ្ដ្កាលឱ្យជម្ងឺប្រើសបេះដូងកើតឡើង។
ដំបូន្មានអ្នកជំនាញ
បើមានអាការជម្ងឺស្ថិតក្នុងការបរិយាយខាងលើនេះ សូមប្រញាប់មករកអ្នកជំនាញដើម្បីប្រឹក្សា និងព្យាបាល។ លោកអ្នក មិនត្រូវប្រើថ្នាំដោយចិត្ដឯង ឬខ្វះការត្រួតពិនិត្យសុខភាពត្រឹមត្រូវនោះទេហើយសូមកុំបណ្ដោយឱ្យការឈឺបន្ដិចបន្ដួច ដែលធ្វេស ប្រហែសឱ្យក្លាយជារឿងធ្ងន់ធ្ងរប្រចាំជីវិតឱ្យសោះ។ សូមចៀសវាងការបណ្ដែតបណ្ដោយរហូតជម្ងឺកាន់តែធ្ងន់ធ្ងរទៅៗ ពិបាកក្នុងការ ព្យាបាល ឬជួយសង្គ្រោះ ព្រោះជម្ងឺទាំងនេះអាចឈឺរ៉ាំរ៉ៃ ឬស្លាប់ភ្លាមៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply