ឈឺ​ក្បាល​ខ្លាំង ៖ មូល​ហេតុ និង​វិធី​ព្យាបាល

ឈឺក្បាល​ជា​អាការ​ដែល​ស្ដែង​ចេញពី​មូលហេតុ​ច្រើនយ៉ាង​ផ្សេងៗ​ពីគ្នា ហើយក៏​អាចធ្វើ​ឱ្យលោក​អ្នកមាន​អាការ​ផ្សេងៗ​មួយ ចំនួន​ទៀត។ ជាក់ស្ដែង​មាន​លោកអ្នក​មួយចំនួន​អាចក្អួត​ចង្អោរ​ពេលមាន​អាការ​ឈឺក្បាល​ខ្លាំង។ ករណីនេះ​ច្រើន​ទាក់់ទិន​ទៅនឹង សរសៃ​ប្រសាទ ហើយអាច​ប៉ះពាល់​ដល់​ស្មារតី និងអាច​បណ្ដាល​ឱ្យសន្លប់​ក៏មាន​ដែរ។ ដូច្នេះ​មានផល​វិបាក​ជាច្រើន​ដែលនឹង​កើត​ឡើង ពាក់ព័ន្ធ​ការ​ឈឺក្បាល​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ទម្លាយ​នូវ​មន្ទិល​ជុំវិញ​ការ​ឈឺក្បាល​ខ្លាំងដែល​នាំឱ្យក្អួត លោកស្រី​វេជ្ជ​បណ្ឌិត សូ សាភី​ជា​ប្រធាន​ផ្នែក​សង្គ្រោះ​កម្រិត ធ្ងន់​(ប្រពោ​ធនកម្ម​)ប្រចាំ​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ បាន​ស្រាយ​បំភ្លឺ​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

លក្ខណៈ​ទូទៅ​នៃការ​ឈឺក្បាល​ខ្លាំង

ក្រោយពី​ការប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ទៅលើ​ក្បាលដែល​ធ្វើឱ្យ​អ្នកជម្ងឺ​ក្អួត​ភ្លាមៗ ឬបន្ដិច​ក្រោយ​មក​លោកអ្នក​អាច​កំណត់​សម្គាល់ ទៅលើ​លក្ខណៈ​ផ្សេងៗ ដូចជា​អ្នកជម្ងឺ​ឈឺក្បាល​ខ្លាំង ដែលពី​មុនមិន​ធ្លាប់មាន​ប្រវត្ដិ​ឈឺក្បាល​រ៉ាំរ៉ៃ​ជាដើម។ ចំពោះ​លោកអ្នក​ដែលមាន ប្រវត្ដិ​ប៉ះ​ទង្គិច​ក្បាល​តែមិន​ឈឺរ៉ាំ​រ៉ៃ រំលង​ពេលច្រើន​ខែឆ្នាំ​ទើបចាប់​ផ្ដើម​ឈឺក្បាល​ខ្លាំង​និង​តឹងណែន​កញ្ចឹងក។ ការឈឺ​ក្បាល​ចាប់ផ្ដើម ឈឺយ៉ាង​ខ្លាំង​ជុំវិញ​ក្បាល​ហើយអាច​សម្រន់​ការឈឺ​ក្បាលនេះ​បានដោយ​លេបថ្នាំ​បំបាត់​ឈឺចាប់ តែពុំ​អាចបាត់​ទាំងស្រុង​ទេ ការ​ឈឺចាប់ នឹងត្រឡប់​មកវិញ​នៅពេល​ថ្នាំអស់​ប្រសិទ្ធ​ភាព។ ទីបំផុត​នឹងឈាន​ដល់​ឈឺក្បាល​ផងក្អួត​ផងជា​មួយគ្នា។

មូលហេតុ​បង្កឱ្យ​ឈឺក្បាល​ខ្លាំង

ធម្មតា​ខួរក្បាល​មនុស្ស​យើងស្ថិត​នៅក្នុង​ប្រអប់​ឆ្អឹងមួយ​ដែលបិទ​ជិត ហើយមាន​ស្រោមខួរ​និងទឹក​ខួរដែល​ស្រោបពី​ខាង ក្រៅ ដើម្បី​ការពារ​ខួរក្បាល។ នៅក្នុង​ឆ្អឹង​ប្រអប់​ខួរនោះ​មាន​សម្ពាធ​មួយដែល​ថេរជា​និច្ច​ដោយ​អាស្រ័យ​លើតុល្យ​ភាពលំនឹង​បីយ៉ាង រួមផ្សំ​គ្នា គឺសម្ពាធ​ទឹកខួរ សម្ពាធ​សរសៃ​ឈាម និង​សម្ពាធនៃ​សាច់ខួរ។ ក្នុង​ចំណោម​សម្ពាធ​ទាំងបី​នេះ​បើសិន​ជាមាន​ការកើន​ឡើង នៃ​សម្ពាធ​ណាមួយ អាចធ្វើ​ឱ្យកើន​ឡើងនៃ​សម្ពាធ​ក្នុង​ប្រអប់​ឆ្អឹងខួរ​ក្បាល​ដែលធ្វើ​ឱ្យអ្នក​ជម្ងឺមាន​អាការ​ឈឺក្បាល​ខ្លាំង ជួន​អាចមាន ក្អួត។ លើសពី​នេះអ្នក​ជម្ងឺអាច​ឈានដល់​អាការ​ឡេះឡះ​វង្វេង​ស្មារតី​ឬអាច​សន្លប់​ក៏មាន។ ដូច្នេះ​ឈឺក្បាល​ហើយ​ក្អួតជា​រោគ​សញ្ញា បង្ហាញ​ពីការ​ឡើង​សម្ពាធ​ក្នុង​ប្រអប់​ខួរក្បាល ដែល​បណ្ដាល​មកពី​កត្ដា​ផ្សេងៗ។

  • ធ្លាប់មាន​ការប៉ះ​ទង្គិចធ្ងន់​ធ្ងរត្រង់​ក្បាល ដូចជា​គ្រោះថ្នាក់​ចរា​ចរណ៍ ធ្លាក់ពី​ទីខ្ពស់​ជាដើម
  • មានជម្ងឺ​គ្រោះថ្នាក់​ដាច់​សរសៃ​ឈាម​ខួរក្បាល
  • ជម្ងឺ​រលាក​ខួរក្បាល ឬ​រលាក​ស្រោមខួរ ដែលជា​ជម្ងឺ​ច្រើនកើត​លើកុមារ និង​មនុស្ស​ពេញវ័យ​ពិសេស​អ្នកមាន​ជម្ងឺ​អេដស៍
  • មានជម្ងឺ​ដុំសាច់​ខួរក្បាល ភាគច្រើន​ជាជម្ងឺ​មហារីក
  • ការស្ទះ​នៃចរន្ដ​ទឹកខួរ​ក្បាល​ដោយ​សារការ​សង្កត់នៃ​ការហើម​សាច់ខួរ​ក្បាល ឬដុំ​ឈាមទៅ​លើថត​ខួរក្បាល​និងផ្លូវ​បង្ហូរ ទឹកខួរ​ក្បាល ហើយ​នាំឱ្យ​កើន​សម្ពាធ​ទឹកខួរ​ក្បាល
  • សម្ពាធ​ឈាមខួរ​ក្បាលឡើង​ខ្ពស់
  • ករណី​មានហើម​សាច់ខួរ​ក្បាល ឬមាន​ដុំឈាម​កកក្នុង​សាច់ខួរ​ក្បាលឬ​ក្នុង​ស្រទាប់​ខួរក្បាល​ឬការ​ដាច់​សរសៃ​ឈាមខួរ ក្បាល​ដោយការ​ប៉ះទង្គិច។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ឈឺក្បាល​ខ្លាំង

ឈឺក្បាល​ខ្លាំងក្អួត​មិនមែន​ជាជម្ងឺ​ឈឺក្បាល​ធម្មតា​នោះទេ។ ដូច្នេះ​អ្នកជម្ងឺ​មិនអាច​ព្យាយាម​បន្ដលេប​ថ្នាំដែល​ទិញនៅ​តាម ឱសថ​ស្ថាន​បាន​ឡើយ។ ការលេប​ថ្នាំនៅ​ផ្ទះដោយ​ខ្លួនឯង​មិនបាន​ត្រឹមត្រូវ​តាម​ប្រភេទ​ជម្ងឺ​មិនត្រឹម​តែមិន​អាច​បំបាត់​អាការ​ជម្ងឺបាន ប៉ុណ្ណោះ​ទេ ប៉ុន្ដែអាច​បង្ក​បញ្ហា​ដល់​សុខភាព និងធ្វើ​ឱ្យជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ។ កត្ដា​ចាំបាច់​គឺត្រូវ​ទៅរក​ពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ពីអាការ រោគ និង​មូលហេតុ​ពិតប្រាកដ ដោយមាន​ឧបករណ៍​បច្ចេក​ទេស​វិទ្យា​សាស្ដ្រ​ជា​ជំនួយ។ គ្រូពេទ្យ​អាចថត​ខួរក្បាល ដើម្បី​ឱ្យដឹង​ពីមូល ហេតុ​របស់ជម្ងឺ ដូចជា​ស្ទះទឹក​ក្នុងខួរ ស្រោម​ខួរមាន​កំណក​ឈាម ហើមសាច់​ខួរក្បាល​ឬដុំ​សាច់ក្នុង​ខួរក្បាល​ជាដើម។ ការ​ព្យាបាល អាការ​ឈឺក្បាល​ក្អួតនេះ អាចត្រូវ​ឆ្លងកាត់​ការវះ​កាត់ ឬ​ព្យាបាល​ដោយថ្នាំ​ទៅតាម​ស្ថានភាព​ជម្ងឺ។

ផល​វិបាក​នៃការ​ឈឺក្បាល​ខ្លាំង

ការ​ឈឺក្បាល​ខ្លាំងហើយ​ក្អួតជា​រោគ​សញ្ញា​នៃជម្ងឺ​ប្រភេទ​ផ្សេងៗ​ពាក់ព័ន្ធ​នឹងខួរ​ក្បាល។ ការ​ឈឺក្បាល​ខ្លាំង​ញឹក​ញាប់ ហើយ​ឈានដល់​ដំណាក់​កាលឈឺ​ក្បាល​កាន់តែ​ខ្លាំងជា​ប្រចាំ និងមាន​ក្អួតផង​នោះ មានន័យ​ថា​កម្រិត​ជម្ងឺ​ខួរក្បាល​កាន់តែ​ដាប។ ជួន​កាល ក្រោយ​មានការ​ប៉ះ​ទង្គិច​ភ្លាមៗ អាការ​ជម្ងឺ​មិនមាន​លេច​ចេញ​អាការ​ធ្ងន់ធ្ងរ​ទេ​មួយរយៈ​ក្រោយមក​ទើបមាន​ផល​រំខាន​ធ្ងន់ធ្ងរ​កើត ឡើង ដូចជា​ឡើង​កម្ដៅ​ខ្លាំង ឡេះឡះ វង្វេង​ស្មារតី អាច​សន្លប់ជា​ដើម ហើយ​ក៏អាច​បាត់បង់​ជីវិត​បើជួយ​សង្គ្រោះ​មិនទាន់។

ការ​បង្ការការ​ឈឺក្បាល​ខ្លាំង

លោកអ្នក​គួរ​ចៀស​វាងការ​ដួល​បោក​ក្បាល​ដោយ​ប្រការ​ផ្សេងៗ និង​ការប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដោយ​របស់រឹង។ គួរ​គប្បី​ប្រយ័ត្ន ប្រយែង​ពេលដើរ​នៅទី​កន្លែង​រអិល​ជាដើម។ ម្យ៉ាងទៀត​ការជក់​បារី​ធ្វើឱ្យ​មានគ្រោះ​ថ្នាក់ដល់​សរសៃ​ឈាម​ខួរក្បាល​ដែរ​នេះជា​ករណី គួរ​ចៀស​វាង។ លើសពី​នេះក៏​ត្រូវ​ព្យាបាល​បំបាត់​ជម្ងឺផ្សេង​ទៀត ដូចជា​ការឡើង​សម្ពាធ​ឈាមខ្ពស់​ជម្ងឺ​ទឹកនោម​ផ្អែមជា​ដើម។ ពេល មាន​ករណី​ឈឺក្បាល​ញឹកញាប់​ត្រូវរក​ពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ការ​ពន្យារ​ពេល​កាន់តែ​យូររហូត​ប៉ះពាល់​ដល់ ស្មារតី​នោះ មានន័យ​ថាជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ។

ដំបូន្មាន​អ្នក​ជំនាញ

ក្រោយ​មាន​ករណី​ប៉ះទង្គិច​នៅត្រង់​ក្បាល ហើយ​មានឈឺ​ក្បាលខ្លាំង​ក្អួតត្រូវ​ឆាប់ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល។ អ្នកជក់​បារី​ងាយ​ប្រឈម​មុខនឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ណាស់។ ចំពោះ​ក្មេង​បើ​សង្កេត​ឃើញថា​មានការ​ឡើង​កម្ដៅខ្លាំង អាការ​ឡេះឡះ ឈឺក្បាល រឹង​កញ្ចឹងក និងក្អួត ត្រូវ​ឆាប់នាំ​ក្មេងទៅ​មន្ទីរ​ពេទ្យ​ព្រោះអាច​មានបញ្ហា​រលាក​ស្រោម​ខួរ ឬខួរ​ក្បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *