ហាត់ប្រាណមិនត្រឹមតែដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចជួយឱ្យសម្រស់ស្រស់ស្អាតទៀតផង។ សាច់ដើមដៃផ្នែកខាងក្រោមសម្បូរទៅដោយខ្លាញ់ និងងាយធ្លាក់យារណាស់ ពិសេសនៅពេលវ័យដែលកាន់តែចាស់។ ហេតុនេះហើយបានជាសុភាពនារីមួយចំនួនតែងតែរកវិធីគ្រប់យ៉ាងដើម្បីសម្រកខ្លាញ់ដើមដៃនេះ។ ការហាត់ប្រាណក៏អាចជួយលោកអ្នកបានមួយកម្រិត។
ទស្សនាវដ្ដី សុខភាពយើងលេខនេះបានជួបសម្ភាសលោក ណយ ផាន់ណា ប្រធានផ្នែកកីឡាកាយសម្ព័ន្ធកម្ពុជាដើម្បីបកស្រាយពីការហាត់ប្រាណជួយសម្រកសារធាតុខ្លាញ់ដើមដៃនិងធ្វើឱ្យដើមដៃមានសាច់ណែនល្អជូនដល់ប្រិយមិត្ដអ្នកអានបានជ្រាប។
អត្ថប្រយោជន៍នៃការហាត់ប្រាណ
ការបញ្ចេញកាយវិការដោយគ្មានរបៀប គ្មានក្បួនខ្នាតបច្ចេកទេស ដូចជាការរាំ ធ្វើកាយវិការតាមតែនឹកឃើញមិនអាចចាត់ទុកថាជាការហាត់ប្រាណនោះទេ ឬអាចចាត់ថាជាការហាត់ប្រាណដែលមិនពេញលក្ខណៈ។ ដូច្នេះការហាត់ប្រាណគឺជាសកម្មភាព ដែលធ្វើការហ្វឹកហាត់ដោយមានបច្ចេកទេសផ្នែកកីឡាបានត្រឹមត្រូវ និងដើម្បីធ្វើឱ្យមានសុខភាពល្អ។ បើហាត់ប្រាណដោយគ្មាន បច្ចេកទេស អ្នកហាត់អាចបែកញើសចេញនូវសារធាតុពុលប៉ុន្ដែក៏អាចមានគុណវិបត្ដិកើតឡើងដែរ។
ក្បួនហាត់ប្រាណទប់ស្កាត់ស្បែកយារដើមដៃ
ការហាត់ប្រាណមានទម្រង់ច្រើនប្រភេទ ហើយក៏ទទួលបានលទ្ធផលទៅតាមនោះដែរ។ ដោយឡែកការហាត់ប្រាណដើម្បីទប់ស្កាត់ និងបំបាត់ស្បែកយារដើមដៃ គឺមានវិធីដោយឡែករបស់វា។ ទន្ទឹមនឹងចង់បានលទ្ធផលល្អការហាត់ប្រាណក៏ត្រូវមានវិន័យ ចំពោះខ្លួនឯង និងការតាំងចិត្ដជាក់លាក់ដែរ។ ឥរិយាបថហាត់ប្រាណដែលធ្វើឱ្យដើមដៃស្រកសារធាតុខ្លាញ់ ឬទប់ស្កាត់កុំឱ្យដើមដៃ ធ្លាក់យារមានជាច្រើន។
1 . ឥរិយាបថទី១ ៖ ដេកផ្ងារ ដៃទាំងពីរត្រូវកាន់ឧបករណ៍មានទម្ងន់សមស្របនឹងកម្លាំងរបស់ខ្លួនហើយដាក់ដៃស្របគ្នាត្រង់ឡើងទៅលើ ចំណែកក្បាលផ្ទាល់នឹងផ្ទៃរាប។ បន្ទាប់មកចាប់ផ្ដើមលើកដៃឡើងលើសន្សឹមៗ(រក្សាដៃឱ្យនៅត្រង់)រហូតកែងនឹង ដងខ្លួន។ លើកដល់ត្រង់ចំណុចនេះ ត្រូវចាប់ផ្ដើមដាក់ទៅវិញសន្សឹមៗដល់កន្លែងដើម។ លោកអ្នកធ្វើបែបនេះសារចុះសារឡើងឱ្យបាន ពី១០ទៅ១៥នាទីជារៀងរាល់ថ្ងៃ។
2 . ឥរិយាបថទី២ ៖ ស្រដៀងនឹងឥរិយាបថទី១ដែរ ខុសគ្នាត្រង់ថាលោកអ្នកអាចធ្វើចលនាត្រឹមតែកែងដៃ។ លោកអ្នកកាន់របស់មានទម្ងន់ និងដាក់ដៃទាំងពីរស្របគ្នាឡើងទៅលើត្រង់(កែងនឹងដងខ្លួនដែលកំពុងដេក)។ បន្ទាប់មកត្រូវបត់ត្រឹមកែងដៃចុះ មកក្រោមផ្អឹបនឹងដើមទ្រូង និងលើកឡើងទៅលើវិញ។ ឥរិយាបថនេះគួរធ្វើពី១០ទៅ១៥នាទីដែរ។
3 . ឥរិយាបថទី៣ ៖ លោកអ្នកអាចអង្គុយលើកៅអីសំយុងជើងចុះហើយដៃម្ខាងកាន់របស់មានទម្ងន់ល្មមដូចឥរិយាបថ ទី១ ឯដៃម្ខាងទៀតច្រត់លើជង្គង់។ លោកអ្នកកាន់របស់នោះដោយដាក់ដៃឱ្យត្រង់សំយុងចុះក្រោមហើយលើកដៃមកវិញរហូតអិប នឹងដើមទ្រូង។ លោកអ្នកធ្វើដូចនេះម្ដងហើយម្ដងទៀតផ្លាស់ប្ដូរដៃម្ខាង៤នាទីៗយ៉ាងហោចណាស់ឱ្យបាន២០នាទី។
4 . ឥរិយាបថទី៤ ៖ លោកអ្នកអាចហាត់ដោយការប្រតោងរបារផ្សេងៗដើម្បីយោងទម្ងន់ខ្លួន។របារឬឧបករណ៍ប្រតោងគួរ ខ្ពស់ជាងមួយសន្ទូង(ឈរដាក់ដៃឱ្យត្រង់ទាំងម្រាមឡើងទៅលើ)របស់លោកអ្នក១០សង់ទីម៉ែត្រ។ សកម្មភាពនេះគួរព្យាយាមធ្វើ បន្ដិចម្ដងៗ និងពីមួយថ្ងៃទៅមួយថ្ងៃគួរបង្កើនចំនួនដងនៃការប្រតោងលើកខ្លួនឯងនេះ។ សកម្មភាពនេះច្រើនតែប្រុសៗទើបអាចធ្វើ បាន។
5 . ឥរិយាបថទី៥ ៖ ការអាវ៉ង់រាល់ថ្ងៃជាប្រចាំក៏ជាមធ្យោបាយមួយ ដែលជួយឱ្យដើមដៃស្រកសារធាតុខ្លាញ់ដែរ។លោក អ្នកគួរអាវ៉ង់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានឱ្យបានរាល់ថ្ងៃ។
ក្រៅពីឥរិយាបថដែលបានជម្រាបជូនមកនេះ លោកអ្នកក៏អាចចូលទៅហាត់នៅក្នុងមណ្ឌលហាត់ប្រាណដែលមានឧបករណ៍ ជំនួយជាច្រើនប្រភេទ។ លោកអ្នកអាចហាត់ធ្វើសកម្មភាពតាមរយៈឧបករណ៍ប្រើដៃដែលធ្វើឱ្យសរសៃពួរដើមដៃខាងក្រោមមាន ចលនា និងមានកម្ដៅ។ គ្រប់ឥរិយាបថហាត់ប្រាណទាំងអស់និងសកម្មភាពហាត់ប្រាណបន្ទាប់បន្សំផ្សេងទៀត លោកអ្នកត្រូវតែហាត់ ឱ្យបានទៀងទាត់ មិនត្រូវហាត់តាមការនឹកឃើញចង់នោះទេ។ លើសពីនេះមុនពេលចាប់ផ្ដើមហាត់ប្រាណ ទោះឥរិយាបថណាក៏ដោយ គឺត្រូវតែហាត់កម្ដៅសាច់ដុំជាមុនសិន ដូចជាចលនាផ្នែក-ក រវៃដៃ ពត់ខ្លួនធ្វើចលនាជើង និងចលនាដងខ្លួនដទៃទៀត។
ផលប៉ះពាល់នៃការហាត់ប្រាណមិនត្រឹមត្រូវ
គ្រប់សកម្មភាពហាត់ប្រាណ និងការហាត់ដើម្បីទប់ស្កាត់ការកើតឡើងសារធាតុខ្លាញ់ច្រើននៅដើមដៃគឺទទួលបានមកវិញល្អណាស់សម្រាប់សម្រស់ និងសុខភាព។ ប៉ុន្ដែលោកអ្នកក៏គួរយល់ដឹងពីផលប៉ះពាល់ផងដែរដែលអាចកើតឡើងចំពោះអ្នកហាត់។
- លោកអ្នកអាចឈឺតាមសាច់ដុំ និងតាមសន្លាក់ឆ្អឹង ពេលចាប់ផ្ដើមហាត់ដំបូងៗ ឬការហាត់ដែលមិនទៀងទាត់ខកខាន ច្រើន
- បើហាត់មិនទៀងទាត់ពេល ម្ដងយូរម្ដងឆាប់ ខកខានខ្លះ ឬត្រឹមតែបែកញើសឈប់នោះលោកអ្នកអាចទទួលទានបាយ ឆ្ងាញ់ គេងលក់ស្រួល ប៉ុន្ដែដើមដៃលោកអ្នកមិនស្រកសារធាតុខ្លាញ់ទេ និងអាចធាត់លើសដើមហើយក៏ប្រឈមនឹងការកើតជម្ងឺ ផ្សេងៗដែរ
- នៅពេលដែលហាត់ច្រើនអាចឡើងសាច់ដុំដើមដៃដូច្នេះសុភាពនារីគួរតែបង្អង់ការហាត់ដើម្បីកុំឱ្យបាត់បង់សម្រស់
- ការហាត់ប្រាណគ្មានក្បួនខ្នាតបច្ចេកទេស គឺអ្នកហាត់ងាយនឹងថ្លោះគ្រេច ឬគ្រោះថ្នាក់ផ្សេងៗ។
ដំបូន្មានអ្នកប្រឹក្សា
ការហាត់ប្រាណអាចទទួលបាននូវចំណុចសំខាន់ៗ៣ប្រការ គឺជួយកាត់បន្ថយការតានតឹងនៃអារម្មណ៍ជួយសម្រកសារធាតុ ខ្លាញ់ពីក្នុងខ្លួន និងបំបាត់ភាពស្ពឹកស្រពន់។ ដោយសារការហាត់ប្រាណអាចឱ្យលោកអ្នកទទួលបានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្ដ និង ជាប្រភពនៃការលើកសម្រស់ដែលមានស្រាប់នោះលោកអ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានគ្រប់ៗគ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply