សុវត្ថិ​ភាព​ចរា​ចរណ៍​នៅ​កម្ពុជា​កំពុង​យកចិត្ដ​ទុកដាក់

អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរា​ចរណ៍​នៅកម្ពុជា មានការ​កើនឡើង​គួរឱ្យ​កត់​សម្គាល់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំចុង ក្រោយនេះ។ ដោយ​សារតែ​ការយល់​ដឹងស្ដី​ពីច្បាប់​ចរា​ចរណ៍​នៅមាន​កម្រិត​បានធ្វើ​ឱ្យអ្នក​បើកបរ​ប្រឈម​នឹងគ្រោះ​ថ្នាក់​ចរាចរ​បាន គ្រប់ពេល​វេលា។ អ្នករង​គ្រោះថ្នាក់​ចរាចរ​ភាគច្រើន​អាច​ការពារ​ខ្លួនពី​គ្រោះថ្នាក់​បាន​ប្រសិន​បើពួក​គេយល់​ពីការ​បើកបរ​ដោយ សុវត្ថិ​ភាព និង​អនុវត្ដ​បាននូវ​វិធាន​ការនានា ដែលមាន​ចែងក្នុង​ច្បាប់​ចរា​ចរណ៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រនេះ ទស្ស​នាវដ្ដី សុខភាពយើងនឹងលើក​យកពី​កម្មវិធី​សុវត្ថិ​ភាព​ចរាចរណ៍​មក​បង្ហាញ​ជូនប្រិយ​មិត្ដ​អ្នកអាន ជ្រាប ដើម្បី​រួម​ចំណែក​កាត់បន្ថយ​នូវគ្រោះ​ថ្នាក់​ចរាចរ​នៅ​កម្ពុជា។

អត្រា​គ្រោះថ្នាក់​ចរា​ចរណ៍​នៅកម្ពុជា

ជារៀង​រាល់ឆ្នាំ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ មានការ​កើនខ្ពស់​ឡើងៗ​ជា​លំដាប់។ គិតជា​មធ្យមក្នុង​មួយថ្ងៃ​មាន​មនុស្ស​៣នាក់​បានស្លាប់​កាលពី​ឆ្នាំ​២០០៥។ ដោយឡែក​នៅឆ្នាំ​២០០៦ តួលេខ​នេះបាន​កើនឡើង​ដល់ចំនួន​៤នាក់​ក្នុងមួយ​ថ្ងៃ​ហើយ​អ្នករង​របួស​ដោយ គ្រោះថ្នាក់​ចរាចរណ៍​សរុប​មានជាង ២៦.០០០​នាក់។ គ្រោះថ្នាក់​ទាំងនោះ​ប្រមាណ​ជា៧០%​កើតឡើង​ចំពោះ​អ្នកបើក​បរម៉ូតូ។ តាម​ការកត់​សម្គាល់​ឃើញថា​ជាង៩០​​%នៃ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​បណ្ដាល​មកពី​កំហុស​ដែលបង្ក​ដោយ​មនុស្ស។ កំហុស​ទាំងនោះ​រួមមាន ការបើក​បរហួស​ល្បឿន​កំណត់​(៤១%)​ការបើក​បរក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង ឬគ្រឿង​ញៀនមាន​(១៨%) ការបើក​បរវ៉ា​ជែង ក្នុងស្ថាន​ភាពគ្រោះ​ថ្នាក់(១៣​%) ការមិន​គោរព​សិទ្ធិ​អាទិភាព​ជាដើម។

កម្មវិធី​សុវត្ថិភាព​ចរា​ចរណ៍

ដើម្បី​សុវត្ថិភាព​នៅពេល​បើកបរ​យាន្ដ​ជំនិះ​នានានៅ​លើដង​ផ្លូវ គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវគោក រួម​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ និងអង្គ​ការជន​ពិការ​អន្ដរជាតិ​បែល​ហ្សិក​បានរួម​គ្នាទប់​ស្កាត់គ្រោះ​ថ្នាក់ទាំង​នោះតាម​រយៈ​កម្មវិធី​សុវត្ថិ​ភាព​ចរា​ចរណ៍។

  • ការស្រង់​ទិន្នន័យ​ស្ដីពី​ជនរង​គ្រោះ និងគ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅកម្ពុជា ដោយ​សារតែ​គ្រោះថ្នាក់​ចរា​ចរណ៍​មានការ​កើន ឡើង ការ​ប្រមូល​ព័ត៌មាន​ស្ដីពី​ជនរង​គ្រោះនៅ​កម្ពុជា ត្រូវធ្វើ​តាមរយៈ​ជនរង​គ្រោះ​នៅតាម​មន្ទីរ​ពេទ្យ​ស្ថាប័ន​ប៉ូលិស​ពាក់ព័ន្ធ​មួយ ចំនួន និងការ​វិភាគ។ របាយ​ការណ៍​ទាំងនោះ​ចេញផ្សាយ​ជារៀង​រាល់ឆ្នាំ។
  • ការដាក់​បញ្ចូល​មេរៀន​សុវត្ថិភាព​ចរា​ចរណ៍​នៅតាម​សាលារៀន ត្រូវមាន​ការ​សហ​ការយ៉ាង​ល្អ​ជាមួយ​នាយក​ដ្ឋាន គរុ​កោសល្យ ដើម្បី​បង្កើត​កម្ម​វិធី​អប់រំ​នៅតាម​សាលា​បឋម​សិក្សា​ធ្វើយ៉ាង​ណា​ជំរុញ​ឱ្យកុមារ​យល់ដឹង​នូវ​សុវត្ថិភាព​ចរា​ចរណ៍។ ហើយ មានការ​ចែកជូន​អាវយឺត និង​សម្ភារៈ​មួយ​ចំនួន ដូចជា​សៀវភៅ​ខិត្ដ​ប័ណ្ណ​ផ្សេងៗ​ទៅដល់​សិស្សនៅ​តាម​សាលា​រៀន។
  • បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ជាសា​ធារណៈស្ដីពី​សុវត្ថិ​ភាព​ចរាចរណ៍ ត្រូវមាន​ការផ្សព្វ​ផ្សាយ​ជាច្រើន​តាមរយៈ​ទូរទស្សន៍ វិទ្យុ និងខិត្ដ​ប័ណ្ណ​នៅតាម​ខេត្ដក្រុង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អប់រំ​ប្រជា​ពលរដ្ឋ​នៅតាម​តំបន់ឱ្យ​យល់ដឹង​ពីសុវ​ត្ថិភាព ចរា​ចរណ៍។
  • ការ​អប់រំ​នៅតាម​សហ​គមន៍​នៅតាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ត្រូវមាន​ការ​បណ្ដុះ​បណ្ដាល​អប់រំ​ប្រជា​ពលរដ្ឋ​នៅតាម​សហ​គមន៍​មួយ​ចំនួន ដោយ​មានចែក​ជូននូវ​ខិត្ដ​ប័ណ្ណ​នានា ដើម្បី​បង្កើន​ការយល់​ដឹងចំពោះ​ពួកគាត់។

ការ​រំពឹងទុក​នាពេល​អនាគត

នៅឆ្នាំ​២០០៦​ប្រទេស​កម្ពុជា​មាន​អត្រា​ស្លាប់​ចំនួន១៨​នាក់ធៀប​នឹង​យានយន្ដ​១០.០០០​គ្រឿង។ តួលេខ​នេះបាន​បង្ហាញថា​ប្រទេស​កម្ពុជា​មានអត្រា​គ្រោះថ្នាក់​ខ្ពស់ជាង​បណ្ដា​ប្រទេស​ក្នុងតំបន់ និង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខុមាល​ភាព​និងការ​អភិវឌ្ឍន៍ សង្គម​ជាតិជា​ខ្លាំង។ រដ្ឋា​ភិបាល​នឹងចាត់​វិធាន​ការនានា​ដើម្បី​ទប់ស្កាត់​អត្រា​ស្លាប់ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ធៀបនឹង​យានយន្ដ ១០.០០០​គ្រឿងឱ្យ​មកត្រឹម​ក្រោម៧​នាក់ នៅឆ្នាំ​២០១០ និងក្រោម​២នាក់​នៅឆ្នាំ​២០២០។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *