ជម្ងឺអេដស៍គឺជាឃាតករឈាមត្រជាក់មួយដែលបានសម្លាប់មនុស្សដែលមិនមានការប្រុងប្រយ័ត្នចំពោះការរួមភេទនឹងអ្នកដែលមានដៃគូរច្រើនកាលពីឆ្នាំ២០១១កន្លងទៅជម្ងឺអេដស៍បានថយចុះច្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែជម្ងឺ និងមេរោគអេដស៍នៅតែបន្តឆក់យកជីវិតប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ មិនថា មនុស្សចាស់ ក្មេងប្រុសស្រីនោះទេ ជាពិសេសការកើនឡើងនៃជម្ងឺអេដស៍ពីសំណាក់ពលករ ពលការនី ចំណាកស្រុកជាដើម។
យោងតាមក្រុមមន្ត្រីសុខាភិបាល កាលពីថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ពលករទេសន្តប្រវេសន៍កម្ពុជា មានអត្រាផ្ទុកមេរោគហ៊ីវខ្ពស់ជាងគេបំផុត ក្នុងចំណោមក្រុមពលករទេសន្តប្រវេសន៍ នៅប្រទេសថៃ ដោយសារមូលហេតុជាច្រើន ដែលមានចាប់ពីស្ថានភាពការងាររបស់ពួកគេ រហូតដល់ការប្រកាន់វប្បធម៌របស់ពួកគេ ចំពោះស្រោមអនាម័យ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍។
យោងតាមលទ្ធផលថ្មីៗនៃការសិក្សាចម្រុះឥរិយាបថ ដែលធ្វើឡើង ដោយក្រសួងសុខភាពសាធារណៈប្រទេសថៃ បានបង្ហាញថា ពលករទេសន្តប្រវេសន៍កម្ពុជា មានប្រេវ៉ាឡង់ផ្ទុកមេរោគហ៊ីវខ្ពស់ជាងគេបំផុត រហូតដល់ ២,៥ ភាគរយ បើធៀបនឹងចំនួនពលករទេសន្តប្រវេសន៍នៃប្រទេសដទៃទៀត នៅក្នុងប្រទេសថៃ។ ប្រេវ៉ាឡង់ក្មេងជំទង់ នៅក្នុងប្រទេសថៃ មានប្រមាណ ១,៣ ភាគរយ ហើយប្រទេសកម្ពុជាមានប្រមាណ ០,៥ ភាគរយ។
ជំនួយការកម្មវិធី Raks Thai Foundation លោក Domrongphol Sangnanee បានថ្លែងថា លទ្ធផលនោះ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ លោកបានគូសបញ្ជាក់ថា៖ «ពលករចំណាកស្រុកកម្ពុជាជាច្រើន បម្រើការ ក្នុងវិស័យនេសាទ ហើយវាមានការលំបាកបន្តិច ក្នុងការចូលទៅរកពួកគេដើម្បីអប់រំ»។ លោកបានបន្តថា៖ «ចំពោះករណីពលករចំណាកស្រុកឡាវ ពួកគេ មិនមានការងារ នៅក្នុងវិស័យនេសាទទេ ហើយវាងាយស្រួលសម្រាប់ពួកគេ ទទួលបានឯកសារ ទាក់ទងនឹងមេរោគហ៊ីវ ព្រោះភាសាមានលក្ខណៈស្រដៀងគ្នា។ ចំពោះពលករមីយ៉ាន់ម៉ា ពួកគេធ្វើការក្នុងវិស័យកសិកម្ម»។
លោកបានបន្តថា មូលហេតុមួយទៀត គឺបណ្តាលមកពីការមិនធ្លាប់ ក្នុងការប្រើប្រាស់ស្រោមអនាម័យរបស់ពលករកម្ពុជា។ កត្តាផ្សេងទៀត ដែលជំរុញឲ្យអត្រាផ្ទុកមេរោគហ៊ីវ ខ្ពស់ក្នុងចំណោមពលករចំណាកស្រុក ជារួមមានបញ្ហាភាសា ដែលធ្វើឲ្យយល់ដឹង អំពីយុទ្ធនាការការពារមេរោគហ៊ីវ ជួបឧបសគ្គ ហើយនិងការមិនអាចប្រើប្រាស់បានសេវាកម្មរបស់អ្នកផ្តល់សេវាកម្មសុខភាពរដ្ឋ។ លោកបន្តទៀតថា ក្តីបារម្ភជុំវិញជម្ងឺចម្លង ក្នុងចំណោមពលករកម្ពុជា ពុំខ្ពស់ទេ តែបានបន្ថែមថា ក្រសួងសុខភាពសាធារណៈ មានការព្រួយបារម្ភខ្លាំង ជាងទៅលើអត្រាជម្ងឺរបេងក្នុងចំណោមពលករមីយ៉ាន់ម៉ា ដែលជាជនជាតិមានចំនួនពលករភាគរយច្រើនជាងគេ ក្នុងប្រទេសនេះ។ ពលករស្របច្បាប់ត្រូវតម្រូវឲ្យត្រួតពិនិត្យសុខភាពរៀងរាល់ ឆ្នាំ និងត្រូវទិញធានារ៉ាប់រងសុខភាព៕
យោងតាមរបាយការណ៍របស់អង្គការ UNAids បានឲ្យដឹងថាអត្រាមរណៈភាពដោយសារជម្ងឺអេដស៍កំពុងស្ថិតនៅកម្រិតទាបបំផុតក្នុងចំនួន ២១ភាគរយចាប់តាំងពីការមានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០០៥។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១១របស់អង្គការដដែលនេះបានប្រាប់ឲ្យដឹងបន្តថា ទូទាំងសកលលោកចំនួនអ្នកឆ្លងមេរោគហ៊ីវក្នុងឆ្នាំ២០១០ បានធ្លាក់ចុះ២១% ពីចំណុចខ្ពស់បំផុតដែលបានកើតឡើងកាលពីឆ្នាំ ២០១១។ រីឯអត្រានៃចំនួនអ្នកស្លាប់ដោយសារជម្ងឺអេដស៍នៅកម្ពុជានាឆ្នាំ២០១១កន្លងទៅនេះមានចំនួនប្រមាណ ២៦០៨នាក់ ដែលចំនួននេះមានការថមថយចំនួន១១ភាគរយបើធៀបទៅនឹងឆ្នាំកន្លងទៅដែលរួមមានមនុស្សស្លាប់ដល់ទៅ២៩៤៣នាក់។ នេះបើយោងតាមការវាយតម្លៃរបស់សារព័ត៌មានក្នុងស្រុក។ បើតាមអាជ្ញាធរអេដស៍ជាតិ ដែលហៅកាត់ថា NAA បានឲ្យដឹងថាក្នុងចំនួនខាងលើមានចំនួនមនុស្ស២៤៨៤នាក់ អាយុ១៥ឆ្នាំ និង១២៤នាក់ជាកុមារ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៩ ឧសភា ឆ្នាំ ២០១២
Leave a Reply