លើសឈាម ជាមូលហេតុជួរមុខនៃការដាច់សរសៃឈាមខួរក្បាល និងជម្ងឺខ្សោយតម្រងនោម ។ វាជាភ្នាក់ងារបង្កឲ្យងងឹតភ្នែក និងអាការៈបាត់ការចងចាំ ។ ឯការឡើងទម្ងន់ធ្ងន់ធ្ងរវិញ ក៏អាចបង្កើនជាហានិភ័យនៃជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ដែលធ្វើឱ្យឈឺ និងក្លាយជាជម្ងឺរ៉ាំរ៉ៃ ជាពិសេសក្នុងចំណោមស្ត្រីដែលមានទម្ងន់ធាត់ខ្លាំង។ រីឯជម្ងឺទឹកនោមផ្អែមក៏ជាឃាតករដ៏សាហាវក្នុងការឆក់យកជីវិតមនុស្សយ៉ាងងាយស្រួលផងដែរ។ ជម្ងឺទាំងនេះហើយដែលអង្គការសុខភាពពិភពលោកបានធ្វើការព្រមានឲ្យមនុស្សគ្រប់រូបត្រូវនាំគ្នាប្រុងប្រយ័ត្ន។
របាយការណ៍ប្រចាំឆ្នាំស្តីពីសុខភាពពិភពលោក របស់អង្គការសុខភាពពិភពលោក (WHO) ដែលមានមូលដ្ឋាននៅក្រុងហ្សឺណែវ បាននិយាយថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម១០នាក់នៅទូទាំងពិភពលោក មានជម្ងឺទឹកនោមផ្អែម ដែលជាជម្ងឺត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីព្យាបាល ហើយដែលធ្វើឲ្យអ្នកកើតជម្ងឺប្រឈមនឹងគ្រោះថ្នាក់នៃជម្ងឺបេះដូង ខូចតម្រងនោម និងពិការភ្នែក។ របាយការណ៍នេះ បានអះអាងបន្ថែមទៀតថា ខណៈពេលដែលភាពជាទូទៅនៃជម្ងឺទឹកនោមផ្អែមក្នុងពិភពលោកជាមធ្យម មានប្រហែល១០ភាគរយ ហើយពលរដ្ឋរហូតដល់១ភាគ៣ នៅរដ្ឋកោះសមុទ្រប៉ាស៊ីហ្វិកខ្លះ ក៏កើតមានជម្ងឺប្រភេទទាំងនេះផងដែរ។
ទិន្នន័យសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុន បានបង្ហាញពីភស្តុតាងច្បាស់ថ្មីបំផុតនៃការរីករាលដាលរបស់ជម្ងឺរុំារ៉ៃដូចជាជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូងចាប់ពីប្រទេសអភិវឌ្ឍន៍រហូតដល់តំបន់ក្រីក្រ ដូចអាហ្វ្រិក ខណៈជីវភាពរស់នៅ និងរបបអាហារនៅទីនោះមានការផ្លាស់ប្តូរ។
រីឯទិន្នន័យអង្គការសហប្រជាជាតិ បានបង្ហាញថា មនុស្សពេញវ័យម្នាក់ ក្នុងចំណោមបីនាក់នៅទូទាំងពិភពលោក បានឡើងសម្ពាធឈាម ដែលជាមូលហេតុនៃការស្លាប់មនុស្សប្រមាណពាក់កណ្តាល នៃការស្លាប់ដោយជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជម្ងឺបេះដូង។ ស្ថានភាពនេះ ធ្វើឲ្យមានផលប៉ះពាល់ដល់ចំនួនប្រជាជនពេញវ័យ ស្ទើរតែពាក់កណ្តាលនៅក្នុងប្រទេសខ្លះនៅទ្វីបអាហ្វ្រិក។
ជម្ងឺរុំារ៉ៃដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង និងជម្ងឺមហារីក ជារឿយៗត្រូវបានគេ គិតដល់ជម្ងឺដែលប៉ះពាល់មុនគេដល់ប្រជាជនក្នុងប្រទេសអ្នកមាន ជាទីដែលអាហារមានជាតិខ្លាញ់ខ្ពស់ គ្រឿងស្រវឹង និងការជក់បារី គឺជាការប្រឈមធំដល់បញ្ហាសុខភាព។ ប៉ុន្តែ WHO និយាយថា ការស្លាប់ជិត៨០ភាគរយមកពីជម្ងឺបែបនេះ បច្ចុប្បន្នបានកើតមាននៅប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ។ នៅអាហ្វ្រិក អត្រានៃអ្នកជក់បារីបានកើនឡើង ហើយការផ្លាស់ប្តូរទៅរករបបអាហារបែបលោកខាងលិច និងការហាត់ប្រាណតិចតួចមានន័យថាជម្ងឺរ៉ាំរ៉ៃ ឬជម្ងឺមិនឆ្លងទាំងនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស និងត្រូវគេរំពឹងថានឹងកើនលើសជម្ងឺផ្សេងទៀត ដែលជាឃាតកសាមញ្ញបំផុត នៅត្រឹមឆ្នាំ២០២០។
ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានកម្រិតទាប នៃសុខភាពរាងកាយ និងប្រវត្តិគ្រួសារមានជម្ងឺលើសឈាមគឺមានហានិភ័យខ្ពស់ ក្នុងការកើតមានជម្ងឺនេះដល់ ៧០% បើប្រៀបទៅនឹងមនុស្ស ដែលមានសុខភាពរាងកាយល្អខ្លាំងនោះ។ លើសពីនេះទៅទៀត, ក្នុងចំណោមមនុស្ស ដែលមានសុខភាពល្អ មានប្រវត្តិគ្រួសារមានជម្ងឺលើសឈាម កើនឡើងហានិភ័យដល់ទៅ ១៦%។
ក្នុងសុន្ទរកថាមួយជាមួយនឹងរបាយការណ៍នេះ អគ្គនាយកអង្គការ WHO លោកស្រី ម៉ាហ្គារ៉ែត ចាន់ បានថ្លែងឲ្យដឹងថា របាយការណ៍នេះ គឺជាភស្តុតាងបន្ថែមទៀត ជុំវិញការកើនឡើងគួរឲ្យកត់សម្គាល់លើជម្ងឺដែលបង្កជាជម្ងឺបេះដូង និងជម្ងឺរ៉ាំរ៉ៃផ្សេងៗទៀត ជាពិសេសក្នុងបណ្តារដ្ឋមានចំណូលទាប និងមធ្យម និងនៅទ្វីបអាហ្វ្រិក ក៏មានជម្ងឺលើសឈាមផងដែរ។
បញ្ហាមួយទៀត អ្វីដែលគួរពិចារណាផងដែរនោះគឺថា ប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាគឺមានបញ្ហាខ្វះម្ហូបអាហារ និងអាហារូបត្ថម្ភសម្រាប់រាង្គកាយ ប៉ុន្ដែនៅប្រទេសលោកខាងលិច និងប្រទេសអ្នកមានជាច្រើនទៀតបញ្ហាសម្បូរអាហារច្រើន ក៏ធ្វើឲ្យពលរដ្ឋគេមានការធំធាត់ហួសកម្រិតច្រើនដែរ។ សម្រាប់ប្រទេសកម្ពុជា ថ្វីត្បិតតែតំបន់ជនបទមានការខ្វះខាតក៏ពិតមែន ប៉ុន្ដែប្រជាពលរដ្ឋនៅតាមទីក្រុងដែលមានសម្បូរហូរហៀបែរជាមានបញ្ហាធំធាត់ជ្រុលទៅវិញ។
ដូច្នេះការកំណត់អាហារ និងការបរិភោគភេសជ្ផៈ ដែលមានសារធាតុស្ករខ្ពស់ ដូចជាទឹកក្រូច ឬបង្អែម នំផ្អែមគឺជាប្រការដែលត្រូវយកចិត្តទុកដាក់ ព្រោះអាហារទាំងនេះបានធ្វើអោយទម្ងន់ខ្លូនរបស់លោកអ្នកកើនឡើង ដោយមិនដឹងខ្លួន។ការបន្ថយការទទួលទានអាហារក្រៅផ្ទះ ជាពិសេសអាហារឆ្អិនស្រាប់ (Fast Food)ក៏ជាប្រការល្អផងដែរ ព្រោះអាហារប្រភេទនេះ មានសារធាតុខ្លាញ់ច្រើន ជាពិសេស ខ្លាញ់ឆ្អែត ថែមទាំងសម្បូរទៅដោយ កូលេស្តេរ៉ូស (Cholesterol) ទៀតផង។
បន្ថែមពីនេះ លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលបានធ្វើលំហាត់ប្រាណ ក្នុងកម្រិតមួយមធ្យម គឺដូចជាការដើរយឺតៗ ប្រហែលជា ១៥០នាទី ក្នុងមួយសប្តាហ៍ អាចនាំអោយមានសុខភាពល្អ ជាពិសេសសម្រាប់លោកអ្នក ដែលនឹងអាចកើតមានជម្ងឺលើសឈាម ដោយសារតែប្រវត្តិគ្រួសារមានជម្ងឺនេះ។ មួយវិញទៀតពេលអាយុកាន់តែច្រើន ប្រព័ន្ឋដុតបំប្លែងថាមពលក្នុងរាងកាយ នឹងថមថយកម្លាំង។ ហេតុដូច្នេះ លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះលំហាត់ប្រាណ និងការបរិភោគចំណីអាហារបន្តិចដើម្បីឲ្យឃ្លាតឆ្ងាយ ពីជម្ងឺធាត់ ។
ចំពោះអ្នកកើតមានជម្ងឺទឹកនោមផ្អែមមានបីប្រភេទសំខាន់គឺទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២និងទឹកនោមផ្អែមពេលមានផ្ទៃពោះនោះ ចូរធ្វើការពិនិត្យជាតិស្ករក្នុងឈាមរបស់អ្នកអោយបានទៀងទាត់ និងសម្គាល់រោគសញ្ញានៃការខ្វះជាតិស្ករក្នុងឈាម មានដូចជាបែកញើស ញ័សាច់ អស់កំលាំង ឃ្លាន វិលមុខ ឈឺក្បាល ព្រឹលភ្នែក ញ័រដើមទ្រូង ឆាប់ខឹង និយាយឡុលៗ សន្លឹម វង្វេងវង្វាន់ ខ្យល់គរ និងប្រកាច់ជាដើម ។
អត្ថបទដោយ ៖ សៀង វិរៈ
ចុះផ្សាយ ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២
Leave a Reply