ប្រអប់ជើងជាចំណុចដែលគ្មានក្រពេញខ្លាញ់ ដូចនេះស្បែកងាយស្ងួតឬក្រៀមដែលធ្វើឱ្យលោកអ្នកប្រឈមមុខនឹងជម្ងឺ សើស្បែកផ្សេងៗ។ ប្រេះកែងជើងជាប្រភេទជម្ងឺសើស្បែកមួយដែលអាចកើតនៅលើកែងជើងរបស់លោកអ្នកនៅពេលដែលស្បែកបរិវេណនោះស្ងួតខ្លាំង ហើយមិនមានការការពារឱ្យបានត្រឹមត្រូវ។ តើមានវិធីធ្វើឱ្យជើងស្អាតដោយមិនមានប្រេះកែងជើងដែរឬទេ?
លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសផ្នែកជម្ងឺសើស្បែកបានចូលរួមជាមួយទស្សនាវដ្ដី សុខភាពយើងដើម្បីបកស្រាយនូវវិធីបំបាត់ប្រេះកែងជើងជូនប្រិយមិត្ដអ្នកអានជ្រាប។
ប្រេះកែងជើង គឺជាជម្ងឺអ្វី?
ប្រេះកែងជើងសំដៅទៅជម្ងឺសើស្បែកមួយប្រភេទដែលមិនឆ្លងដូចជម្ងឺសើស្បែកដទៃទៀតទេហើយឧស្សាហ៍កើតជាញឹកញាប់។ មានអត្រាអ្នកជម្ងឺប្រេះកែងជើងប្រមាណជា៥ភាគរយក្នុងចំណោមអ្នកជម្ងឺដែលមកពិនិត្យជម្ងឺសើស្បែកទាំងអស់។ មនុស្សគ្រប់ភេទគ្រប់វ័យ ជាពិសេសមនុស្សចាស់អាចកើតជម្ងឺនេះបានប្រសិនបើស្បែកមានភាពស្ងួតគគ្រើមខ្លាំងនៅបរិវេណកែងជើង។
រោគសញ្ញានៃជម្ងឺប្រេះកែងជើង
ជម្ងឺនេះមិនពិបាកក្នុងការចំណាំពីរោគសញ្ញាទេ ព្រោះមានស្នាមប្រេះតិចៗ សើៗនៅលើស្បែកត្រង់កែងជើង។ ប្រសិនបើវាមានលក្ខណៈធ្ងន់ធ្ងរនោះអាចធ្វើឱ្យកែងជើងរបស់លោកអ្នកប្រេះបែកក្រហែងខ្លាំងរហូតដល់កោសិកាស្រទាប់ខាងក្នុងនៃស្បែកជួន បណ្ដាលឱ្យមានចេញឈាមថែមទៀតផង។
មូលហេតុប្រេះកែងជើង
ជម្ងឺប្រេះកែងជើងមិនមានមូលហេតុច្បាស់លាស់ក្នុងការបង្កនោះទេ ហើយវាក៏គ្មានមេរោគអ្វីដែលបង្កឱ្យកើតជម្ងឺនេះដែរ តែវាអាចបង្កមកពីសភាពស្បែករបស់លោកអ្នកផ្ទាល់តែម្ដងនិងក៏អាចបណ្ដាលមកពីវត្ថុមួយចំនួនដែលប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
- ជម្ងឺនេះភាគច្រើនកើតចំពោះមនុស្សណាដែលមានស្បែកស្ងួត ស្បែកក្រៀម ឬគគ្រើមហើយដែលធ្វើឱ្យស្បែកឡើង ក្រាស់នៅកែងជើង ជាមូលហេតុមួយអាចបង្កឱ្យកើតជម្ងឺប្រេះកែងជើង។
- ការជ្រើសរើសទ្រនាប់ជើង(ស្បែកជើង)សម្រាប់ពាក់ជាប្រចាំថ្ងៃមានសារៈសំខាន់ណាស់សម្រាប់ស្បែកនៅបរិវេណប្រអប់ជើងរបស់លោកអ្នក។ ប្រសិនបើលោកអ្នកទិញទ្រនាប់ជើងមិនល្អគ្មានគុណភាពអាចធ្វើឱ្យស្បែករបស់លោកអ្នកមានប្រតិកម្មជាមួយនឹងសារធាតុជ័រ ជាតិពណ៌ ឬស្បែករបស់ទ្រនាប់ជើងជាបច្ច័យអាចធ្វើឱ្យលោកអ្នកកើតជម្ងឺប្រេះកែងជើងបានដែរ។
វិធីបំបាត់ប្រេះកែងជើង
- លោកអ្នកគួរជ្រើសរើសប្រភេទសាប៊ូលាងសម្អាតជើងដែលមានសំណើមល្អ និងសមស្របជាមួយស្បែក។ ចៀសវាងការប្រើប្រាស់សាប៊ូណាដែលមានជាតិកាត់ខ្លាំងពេក ដូចជាសាប៊ូលាងចាន ឬសាប៊ូម្សៅយកមកដុសនៅកន្លែងប្រេះនោះព្រោះធ្វើឱ្យស្បែក កាន់តែប្រេះ និងស្ងួតថែមទៀត។
- លោកអ្នកគួរប្រើប្រាស់ថ្នាំលាបលើស្បែកដែលជួយផ្ដល់ជាតិសំណើមដល់ស្បែកនៅបរិវេណកែងជើងជាពិសេសលោក អ្នកគួរជ្រើសរើសថ្នាំដែលជួយជម្រុះកោសិកាចាស់ និងបង្កើតកោសិកាថ្មីឱ្យឆាប់ដុះមកវិញ។ ប្រសិនបើការប្រេះកែងជើងបង្កមកពីជម្ងឺ ផ្សេងៗនោះ លោកអ្នកគួរព្យាបាលជម្ងឺបង្កហេតុឱ្យជាសះស្បើយជាមុនសិន។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលទើបតែកើតជម្ងឺនេះ គួរទៅធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ។លោកអ្នកមិនគួរបក ឬហែកស្បែកដែលប្រេះទាំងនោះចេញដោយដៃនោះទេព្រោះវាអាចធ្វើឱ្យរហែកដល់សាច់ខ្ចីខាងក្នុងបណ្ដាលឱ្យមានឈាមបាន លោកអ្នកអាចកាត់ស្បែកប្រេះនេះដោយកន្ដ្រៃកាត់សាច់ដែលមានអនាម័យគ្រប់គ្រាន់ចៀសវាងការចម្លង មេរោគផ្សេងៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply