វិធី​ថែទាំ​សក់​ខ្លាញ់

សរសៃ​សក់ទន់​រលោង​ស្រស់​ស្អាត​អាស្រ័យ​លើការ​យកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ល្អ។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក៏ដោយ​គ្មាន អ្នកណា​ម្នាក់អាច​ចៀសផុត​ឡើយពី​សក់មាន​បញ្ហា។ សក់ខ្លាញ់​អាច​បណ្ដាល​មកពី​ប្រការ​ជាច្រើន​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ ឬក៏​ការប្រើ ផលិត​ផល​ខុស។ ប្រសិន​បើ​លោកអ្នក​មាន​បញ្ហា​បែបនេះ​អាចធ្វើ​ឱ្យ​បាត់បង់​ឱកាស​មួយ​ចំនួន​ដូចជា​ពិបាក​ក្នុងការ​តុបតែង​សក់ ជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី មាស ម៉ូលី​ណា ម្ចាស់​ហាង​ម៉ូលី​ណាអ៊ុត​សក់​បាន​ចូលរួម​បក​ស្រាយ​ជូន​លោកអ្នក​អានឱ្យ​បានជ្រាប​អំពី​សក់​ខ្លាញ់ តាមរយៈ​ជួប​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

មូល​ហេតុ​ដែល​បង្កឱ្យ​មានសក់​ខ្លាញ់

សក់ខ្លាញ់​អាច​បណ្ដាល​មកពី​ការរស់​នៅប្រ​ចាំថ្ងៃ​ដោយខ្វះ​អនាម័យ​ចំពោះ​សរសៃ​សក់។ កង្វះ​អនាម័យ​អាចកើត​ចេញមក​ពី​ការយក​ដៃមិន​ស្អាតទៅ​អេះស្បែក​ក្បាល ឬប៉ះ​សរសៃ​សក់។ ម្យ៉ាងទៀត​វាអាច​កើត​ចេញមក​ពីស្បែក​ក្បាល​ដែលមាន​បញ្ហា​កម​រមាស់ កន្ទួល អង្គែ​ជាដើម។ ចំណែក​ការ​ជ្រើស​រើស​ផលិត​ផល​ប្រើ​ប្រាស់​ជាប្រ​ចាំដែល​ទាក់ទង​នឹង​សរសៃ​សក់ក៏​ជា​ប្រការ​សំខាន់​នៅក្នុង​បញ្ហា សក់​ខ្លាញ់នេះ​ផងដែរ។ ជាមួយ​គ្នានេះ ប្រសិន​បើ​លោកអ្នក​មិនសូវ​កក់​សម្អាត​សក់ទេ​នោះ​ជាការ​ងាយ​ស្រួល​ដែល​កម្ទេច​ធូលី​ប៉ះនឹង សរសៃ​សក់នាំ​ឱ្យកើត​ជាអង្គែ និង​ខ្លាញ់សក់​បាន។

វិធី​ការពារ​មិនឱ្យ​សក់ខ្លាញ់

វិធី​ការពារ​សក់ខ្លាញ់​ត្រូវពឹង​ផ្អែក​ទៅលើ​ការ​កម្ចាត់​មូលហេតុ​បង្ក។

1 . ប្រសិន​បើ​លោកអ្នក​មាន​បញ្ហាសក់​ខ្លាញ់​បណ្ដាល​មកពី​ស្បែក​ក្បាល​ត្រូវទៅ​ជួប​គ្រូពេទ្យ​មាន​ជំនាញ​ដើម្បី​ពិនិត្យ​និង ព្យាបាល​បំបាត់​ជាតិខ្លាញ់​នៅលើ​សក់។

2 . លោកអ្នក​គួរតែ​រើស​សាប៊ូ​ដែលត្រូវ​ជាមួយ​ស្បែក​ក្បាល និង​សរសៃ​សក់​ហើយ​មិនគួរ​ឧស្សាហ៍​ផ្លាស់ប្ដូរ​សាប៊ូ​ឡើយ ចំពោះ​ប្រេង​ជំនួយ​សក់ក៏​មិនត្រូវ​ប្រើជា​ញឹក​ញាប់​ពេកដែរ។

3 . គួរធ្វើ​អនាម័យ​ដៃឱ្យ​បានស្អាត​មុនពេល​យកដៃ​ទៅប៉ះ​ជាមួយ​សរសៃ​សក់ ឬស្បែក​ក្បាល។

ផល​រំខាន​ពេលសក់​ខ្លាញ់

លោកអ្នក​មួយ​ចំនួន​ដែលមាន​សក់ខ្លាញ់​ធ្វើឱ្យ​ពិបាក​ក្នុងការ​ថែរក្សា ព្រមទាំង​បង្កឱ្យ​មានការ​រមាស់​ដល់ស្បែក​ក្បាល​រហូត ក្លាយជា​ដំបៅ​ក៏មាន។ ចំពោះការ​តុបតែង​សក់ក៏​អាចមាន​ការរំខាន ព្រោះម៉ូត​សក់ខ្លះ​សក់ខ្លាញ់​មិនអាច​តុបតែង​បានទេ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ដើម្បី​ថែរក្សា​សក់ឱ្យ​ចៀសផុត​ពីបញ្ហា​ខ្លាញ់សក់ លោកអ្នក​គួរតែ​ប្រើ​ផលិត​ផលដែល​ជួយ​កម្ចាត់​ជាតិខ្លាញ់​ចេញពី​ស្បែក ក្បាល និង​សរសៃ​សក់។ ពេលងូត​ទឹក​គប្បី​ឧស្សាហ៍​កក់សក់​ឱ្យបាន​ញឹកញាប់​ដើម្បី​ជួយកាត់​បន្ថយជាតិ​ខ្លាញ់នៅ​លើ​សរសៃ​សក់ តែមិន គួរប្រើ​ប្រេងអប់​សក់ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *