ការមករដូវគឺជាសញ្ញាមួយបញ្ជាក់ពីភាពពេញវ័យរបស់មនុស្សស្រី។ ប៉ុន្ដែនៅពេលជិតមានរដូវស្ដ្រីមួយចំនួនតែងតែជួបប្រទះនូវអាការប្រែប្រួលទាំងផ្លូវកាយ និងផ្លូវចិត្ដ។ អាការមុនមករដូវខ្លះជារឿងធម្មតាក៏ប៉ុន្ដែមានមួយចំនួនវាជាសញ្ញាប្រាប់ពីសុខភាពស្ដ្រីក៏ដូចជាការព្រមាននូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងផងដែរ។ តើរោគសញ្ញាឬអាការអ្វីខ្លះដែលស្ដ្រីជិតមក រដូវតែងតែជួបប្រទះ?
កាលពីលេខមុនៗ ទស្សនាវដ្ដី សុខភាពយើង បានចេញផ្សាយរួចមកហើយជុំវិញការមករដូវរបស់ស្ដ្រី។ នៅក្នុងលេខនេះសុខភាពយើង សូមបង្ហាញជូនបន្ដទៀតអំពីបញ្ហាសុខភាពរបស់ស្ដ្រីនៅពេលជិតមករដូវវិញម្ដងថាតើវាមានអាការអ្វីខ្លះ? ហើយមាន មូលហេតុអ្វីបានជាស្ដ្រីមានអាការខុសប្លែកពីធម្មតានៅរាល់ពេលជិតមករដូវ? ចម្ងល់ទាំងអស់នេះប្រិយមិត្ដអ្នកអានអាចស្វែងយល់ បានតាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យកាល់ម៉ែត។
សញ្ញាណមុនមករដូវ
មុនពេលមករដូវចំនួន៣ឬ៤ថ្ងៃនោះ ស្ដ្រីអាចមានអាការដោយឡែកៗពីគ្នាទៅតាមប្រភេទនៃសុខភាពផ្ទាល់ខ្លួន។ ស្ដ្រីមួយចំនួនអាចឈឺក្បាលមួយចំហៀងក្បាល ឬទាំងសងខាងក្បាល ក្អួតឬចង្អោរ ចុកសៀតនៅពោះ ញ៉ាំអ្វីក៏មិនឆ្ងាញ់ឬញ៉ាំមិនបានអស់ កម្លាំង ឈឺចង្កេះ។ល។ ចំពោះស្ដ្រីវ័យចាប់ពី៣០ទៅ៣៥ឡើងទៅសុដន់អាចឡើងធំហើយរឹងថែមទៀត។ អាការទាំងអស់នេះវាសឹង តែក្លាយទៅជាសញ្ញាមួយដែលចាំដាស់ស្មារតីរបស់ស្ដ្រីជារៀងរាល់ខែថាជិតមករដូវហើយ។ ដូច្នេះគួរមានការប្រុងប្រយ័ត្នឱ្យមែនទែន កុំធ្វើឱ្យខ្មាសគេ។
មូលហេតុដែលបង្កសញ្ញាណមុនមករដូវ
ជារាល់ពេលជិតមករដូវម្ដងៗ ស្ដ្រីតែងតែមានការប្រែប្រួល ឬជម្ងឺផ្សេងៗនោះ។ ព្រោះរាងកាយស្ដ្រីមិនអាចទប់ទល់នឹងបម្រែបម្រួលខ្លាំងរបស់ប្រព័ន្ធអ័រម៉ូននៅក្នុងខ្លួន។ នៅក្នុងខ្លួនមនុស្សស្រី មានអ័រម៉ូនចំនួន២ប្រភេទគឺអ័រម៉ូនអឺស្ដ្រូសែន និង ប្រូហ្សេស្ដេរ៉ូនដែលដាក់វេនគ្នាដើរធ្វើការ។ កម្លាំងអ័រម៉ូនអឺស្ដ្រូសែនដើរឡើងខ្ពស់នៅក្នុងសរីរាង្គហើយវាចុះមកវិញនៅពាក់កណ្ដាលខែរួចផ្ដល់ឱកាសឱ្យអ័រម៉ូនប្រូហ្សេស្ដេរ៉ូនធ្វើការងារវិញម្ដងហើយកម្លាំងអ័រម៉ូននេះកើនឡើងខ្ពស់នៅពេលស្ដ្រីជិតមករដូវ នៅពេលចុះមកវិញនាំឱ្យមានការធ្លាក់ឈាម ដែលហៅថាឈាមរដូវនោះឯង។ បើពិនិត្យមើលស្បូនវិញនោះ គេឃើញថាដៃស្បូនខំធ្វើការយ៉ាង ខ្លាំងនៅពាក់កណ្ដាលខែនៃរដូវ ដោយអូវែរចាប់ផ្ដើមទម្លាក់ពងមេជីវិតញីហើយធ្វើដំណើរទៅក្នុងដៃស្បូនដោយតម្រូវឱ្យដៃស្បូននោះ ត្រូវពង្រីកខ្លួន ធ្វើឱ្យមានការឈឺនៅបរិវេណចង្កេះ។ ជួនកាលដៃស្បូនក៏ធ្វើឱ្យស្បូនមានការផ្លាស់ប្ដូររូបរាងសរសៃស្បូនកន្ដ្រាក់ហើយ រីកធំ និងក្រាស់ ដើម្បីត្រៀមធ្លាក់រដូវមកខាងក្រៅ។
វិធីព្យាបាលអាការមុនមករដូវ
ស្ដ្រីភាគច្រើនមានការធ្វេសប្រហែសមិនចាប់អារម្មណ៍ពីអាការផ្សេងៗនៅពេលជិតមករដូវនោះទេយ៉ាងច្រើនគ្រាន់តែទិញ ថ្នាំបំបាត់ការឈឺចាប់នៅតាមឱសថស្ថាននានាប៉ុណ្ណោះ។ ដើម្បីព្យាបាលឱ្យមានប្រសិទ្ធភាពនិងដឹងពីមូលហេតុឱ្យបានច្បាស់លាស់ នោះ លុះត្រាតែលោកស្រីអ្នកនាងកញ្ញាទៅជួបគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ មុនធ្វើការព្យាបាល។ បើសិនជាសុភាពនារីមានអាការឈឺ នៅបរិវេណស្បូន ឬដៃស្បូន ត្រូវពិនិត្យដោយការឆ្លុះមើល។ តែប្រសិនបើស្ដ្រីនៅមិនទាន់រៀបការទេ មិនគួរពិនិត្យដោយការឆ្លុះ ឡើយ ចៀសវាងការដាច់រហែកព្រហ្មចារីហើយគួរប្រើប្រាស់ថ្នាំសម្រាប់សម្រួលដៃស្បូនឱ្យត្រឡប់មកភាពដើមវិញ ដើម្បីកាត់បន្ថយ ការឈឺចាប់។
វិធីថែទាំសុខភាពពេលជិតមករដូវ
វាមិនមានការលំបាកនោះទេក្នុងការថែរក្សាសុខភាពនៅពេលដែលជិតមករដូវ គ្រាន់តែលោកស្រីអ្នកនាងកញ្ញាមានរបបអាហារត្រឹមត្រូវនិងទៀងទាត់ពេលវេលា។ ប្រសិនបើស្ដ្រីទាំងឡាយធ្លាប់មានអាការផ្សេងៗមុនមករដូវគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ដោយឡែកបើដល់ថ្ងៃកំណត់មករដូវហើយ តែបែរជាមិនមកគួរទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះរកមូលហេតុនៃការមិនមករដូវទៀងទាត់ពេលវេលា។
1 . ស្ដ្រីមិនធ្លាប់រួមភេទ ៖ ជារឿងធម្មតាចំពោះស្ដ្រីវ័យក្រមុំដែលភាគច្រើនមិនសូវខ្វល់ខ្វាយពីការយឺតយ៉ាវនៃរដូវប៉ុន្មាន ទេ។ ការរអាក់រអួលយ៉ាងនេះបណា្ដលមកពីសុខភាពរបស់ស្ដ្រីទាំងនោះដោយផ្ទាល់។
2 . ស្ដ្រីធ្លាប់រួមភេទ ៖ ការយឺតយ៉ាវនៃការបាត់រដូវអាចជារឿងមិនធម្មតា ដូចជាស្ដ្រីអាចមានផ្ទៃពោះ។ តែមិនប្រាកដថា ស្ដ្រីអាចមានកូនគ្រប់ៗពេលនោះទេ ជួនកាលអាចបង្កជម្ងឺផ្សេងៗដែលយើងមិននឹកស្មានដល់ទៅវិញ។ ដូចនេះវិធីដែលល្អបំផុតចំពោះ ស្ដ្រីមានប្ដី ហើយរដូវមានការយឺតយ៉ាវនោះ គឺត្រូវទៅពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។ ការធ្វេសប្រហែសនេះធ្វើឱ្យស្ដ្រីមួយចំនួនមាន ជម្ងឺផ្សេងៗ និងប៉ះពាល់ដល់ស្បូនជារឿយៗ។
ផលប៉ះពាល់នៃអាការមុនមករដូវ
នៅពេលដែលស្ដ្រីមានអាការជម្ងឺផ្សេងៗនៅពេលជិតមករដូវនោះ អាចបង្កជាការឈឺចាប់ខ្លាំងពិបាកទ្រាំមានអារម្មណ៍ ធុញទ្រាន់តប់ប្រមល់ជាដើម។ អាការមួយចំនួនមុនពេលមានរដូវនេះក៏ជារោគសញ្ញាមួយដែលបញ្ជាក់ថាស្ដ្រីនោះអាចប្រឈមមុខនឹង ការអត់កូនបាន គ្រាន់តែមានអត្រាតិចតួចប៉ុណ្ណោះ។
ដំបូន្មានអ្នកប្រឹក្សា
សុភាពនារីទាំងឡាយដែលមានអាការផ្សេងៗដូចរៀបរាប់ខាងលើ នៅពេលជិតមករដូវនោះមិនគួរបណ្ដោយឱ្យមានការឈឺចាប់យូរថ្ងៃរាល់ៗខែនោះទេ។ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលឱ្យបានត្រឹមត្រូវប្រសើរជាជាងទៅទិញថ្នាំផ្ដេស ផ្ដ្កាសយកមកប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យដែលធ្វើឱ្យខាតបង់ថវិកាច្រើនហើយថែមទាំងមិនមានប្រសិទ្ធភាពទៀតផងជាពិសេសវារឹតតែធ្វើឱ្យពិបាកព្យាបាលថែមទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply