សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់កុមារកម្ពុជានៅតែជាប្រធានបទចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់។ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាជាតិលើកទី៤ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្រោមប្រធានបទ «អាហារូបត្ថម្ភរបស់មាតានិងកុមារ» នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១២ ។
តាមរយៈរបាយការណ៏ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីសន្ដិសុខស្បៀង ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីខ្មែរ នាព្រឹកថ្ងៃច័ន្ទនេះ បានបង្ហាញថា កុមារកម្ពុជាដែលប្រឈមចំពោះកង្វះអាហាររូបត្ថម្ភ មានការថយចុះតិចតួច ។ សិក្ខាសាលាដែលធ្វើឡើងក្រោមប្រធានបទ ” អាហារូបត្ថម្ភរបស់មាតានិងកុមារ ” បានឱ្យដឹងថា អត្រាកុមារអាយុក្រោម ៥ឆ្នាំ ដែលកង្វះខាតអាហារូបត្ថម្ភរ៉ាំរៃ បានបន្ដធ្លាក់ចុះ ៤៣,២ភាគរយ កាលពីឆ្នាំ២០០៥ ហើយធ្លាក់មកនៅត្រឹម ៣៩,៥ ភាគរយ នៅឆ្នាំ២០០៨ ។
គួរបញ្ជាក់ផងដែរថា អាហារូបត្ថម្ភគឺជាអាទិភាពនៃរបៀបវារៈនៅពេលបើកសិក្ខាសាលាថ្នាក់ជាតិនេះ មានរយៈពេល២ថ្ងៃនៅវិមានសន្តិភាព និងនៅសណ្ឋាគារភ្នំពេញ ដោយផ្តោតទៅលើអាហារូបត្ថម្ភរបស់មាតា និងកុមារ។ អ្នកចួលរួមមានដូចជាអ្នកជំនាញជាតិ និងអន្តរជាតិ មន្ត្រីរដ្ឋាភិបាល ដៃគូអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងក្រុមសង្គមស៊ីវិល។ សិក្ខាសាលានេះមានគោលបំណងស្វែងរកបញ្ហាប្រឈមក្នុងការកែលម្អ ស្ថានភាពអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់ស្ត្រី និងកុមារដោយមើលលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនានា ដែលជោគជ័យ លទ្ធភាពនៃការបង្កើនកិច្ចប្រឹងប្រែងជាតិ ព្រមទាំងកែលម្អភាពជាដៃគូពហុវិស័យនៅតាមសហគមន៍ និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនានា។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែនក៏បានអំពាវនាវឲ្យអង្គការស្បៀងអាហារពិភពលោក ពិភាក្សាអំពីបញ្ហាតម្លៃស្បៀង និងតំលៃប្រេងឥន្ធនៈផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អង្គការស្បៀងអាហារពិភពលោកអោយពិភាក្សាអំពីបញ្ហាតម្លៃស្បៀងនិងប្រេងឥន្ធនៈដើម្បីគ្រប់គ្រងអោយមានប្រសិទ្ធភាព ព្រោះកន្លងមកមិនមានវេទិការណាមួយពិភាក្សាអំពីបញ្ហានេះនៅឡើយទេ។ សម្ដេចតេជោថ្លែងដោយគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវតាមរយៈអង្គការFAO អោយរំលេចគំនិតផ្ដួចផ្ដើមរបស់សម្ដេចនៅក្នុងវេទិការធំៗអំពីបញ្ហាតម្លៃប្រេងនិងស្បៀងអាហារ ពីព្រោះកន្លងមកបញ្ហាសន្តិសុខស្បៀង និងប្រេងឥន្ធនៈមិនធ្លាប់បានលើកឡើងក្នុងវេទិការពិភាក្សាណាមួយនោះទេ។
អត្ថបទដោយ ៖ សៀង វិរៈ
ចុះផ្សាយ ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២
Leave a Reply