ប្រជាពលរដ្ឋខ្មែរភាគច្រើនបានស្គាល់រួចមកហើយនូវជម្ងឺភ្នែកកើតពពែឆ្កែនេះ ហើយតែងតែយល់ថាជាជម្ងឺសាមញ្ញមួយ ប្រភេទ។ ទោះបីជាកើតមានជម្ងឺនេះហើយក៏មិនសូវយកចិត្ដទុកដាក់ក្នុងការព្យាបាលដែរ។ ម្យ៉ាងវិញទៀតតែងតែនិយាយតគ្នាថា ការកើតពពែឆ្កែនេះគឺបណ្ដាលមកពីការមើលសត្វឆ្កែពាក់គ្នា។ ថ្វីត្បិតតែជម្ងឺភ្នែកកើតពពែឆ្កែនេះមិនបណ្ដាលឱ្យមានផលប៉ះពាល់ខ្លាំង យ៉ាងណាក្ដី តែវាក៏ធ្វើឱ្យមានការរំខានដល់អារម្មណ៍ខ្លះៗដែរ។
ដើម្បីឱ្យលោកអ្នកយល់ច្បាស់ពីជម្ងឺភ្នែកកើតពពែឆ្កែនេះ ទស្សនាវដ្ដី សុខភាពយើងបានធ្វើការសម្ភាសជាមួយលោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា។
ភ្នែកកើតពពែឆ្កែ ជាអ្វី?
ពពែឆ្កែជាពាក្យសាមញ្ញរបស់បងប្អូនប្រជាពលរដ្ឋទូទៅនិយមហៅ ដែលតាមពាក្យបច្ចេកទេសពេទ្យហៅថា“ស្ដាយ”។ ជម្ងឺប្រភេទនេះកើតមានឡើងនៅត្រង់ត្របកភ្នែកដែលបណ្ដាលប៉ោងក្រហមនៅនឹងត្របកភ្នែក ហើយមានអាការឈឺចាប់បន្ដិចបន្ដួចតែ ប៉ុណ្ណោះ ប៉ុន្ដែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់រហូតដល់ពិការភ្នែកនោះទេ។ ជម្ងឺពពែឆ្កែចែកចេញជា២ប្រភេទគឺប្រភេទជម្ងឺកើតឡើង ដោយឯកឯង និងប្រភេទជម្ងឺដែលបណ្ដាលមកពីមេរោគ។
មូលហេតុភ្នែកកើតពពែឆ្កែ
មានមូលហេតុពីរដែលបណ្ដាលឱ្យកើតពពែឆ្កែ។
1 . មូលហេតុបណ្ដាលមកពីមេរោគ ៖ ពពែឆ្កែអាចកើតឡើងបានគឺបណ្ដាលមកពីការខ្វះអនាម័យសម្អាតភ្នែកមិនបានត្រឹមត្រូវជាហេតុធ្វើឱ្យមេរោគនៅតាមត្របកភ្នែកចូលទៅធ្វើឱ្យមានការកកស្ទះក្រពេញនៅតាមគែមត្របកភ្នែកមិនអាចបញ្ចេញរស់រម្អិលដើម្បីធ្វើឱ្យកែវភ្នែកមានសំណើមបង្កឱ្យមានកើតជាខ្ទុះ ហើម ប៉ោងនិងមានការឈឺចាប់តិចតួចដែលពាក្យបច្ចេកទេសគ្រូពេទ្យ ហៅថា“ស្ដាហ្វីឡូកូកូស” (Staphylococcus).
2 . មូលហេតុកើតឡើងដោយឯកឯង ៖ វាកើតឡើងដោយការកកស្ទះក្រពេញនៅជុំវិញត្របកភ្នែកដោយពុំមានមេរោគអ្វី បង្កនោះទេ។ លក្ខណៈបែបនេះមិនបណ្ដាលឱ្យមានការកើតជាខ្ទុះ ឈឺចាប់ ឬមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេគឺគ្រាន់តែមានហើមនៅ លើត្របកភ្នែកតែប៉ុណ្ណោះ។ ជម្ងឺប្រភេទនេះពាក្យបច្ចេកទេសពេទ្យហៅថា ៉ខេលេហ្ស៊ីន”(Chalazion).
រោគសញ្ញាភ្នែកកើតពពែឆ្កែ
រោគសញ្ញាគឺអាស្រ័យទៅលើមូលហេតុដែលបង្កជម្ងឺ ៖
1 . ជម្ងឺបង្កដោយមេរោគ ៖ មុនដំបូងត្របកភ្នែករបស់អ្នកជម្ងឺឡើងប៉ោង ហើមមានពណ៌ក្រហមព្រឿងៗនិងមានអាការឈឺតិចៗ ហើយវាអាចរាលដាលរហូតដល់កើតមានខ្ទុះជាចំណុចមួយឬអាចហើមពេញទាំងរង្វង់ភ្នែកទាំងមូលតែម្ដង។ ប៉ុន្ដែវាមិន បណ្ដាលឱ្យមានគ្រោះថ្នាក់ ឬពិការភ្នែកនោះទេ។
2 . ជម្ងឺកើតឡើងដោយឯកឯង ៖ មុនដំបូងនៅលើ ឬខាងក្រោមត្របកភ្នែករបស់អ្នកជម្ងឺមានសភាពប៉ោងហើយមានដុំមួយតូច ប៉ុន្ដែវាមិនក្រហម ហើម ឬឈឺចាប់អ្វីនោះទេ។
វិធីព្យាបាលភ្នែកកើតពពែឆ្កែ
ជាធម្មតាជម្ងឺភ្នែកកើតពពែឆ្កែកើតឡើងក្នុងរយៈពេលមួយយ៉ាងខ្លី ហើយជាប្រភេទដែលសាមញ្ញមិនសូវជាបង្កផលប៉ះ ពាល់ធ្ងន់ធ្ងរនោះទេ។ ដូច្នេះវិធីសាស្ដ្រក្នុងការព្យាបាលមានភាពងាយស្រួល មិនសូវឈានទៅដល់ការវះកាត់ទេភាគច្រើនគេព្យាបាល ដោយការប្រើថ្នាំតែប៉ុណ្ណោះ។ ដើម្បីព្យាបាលជម្ងឺភ្នែកកើតពពែឆ្កែទាំងពីរប្រភេទខាងលើនេះលោកអ្នកគ្រាន់តែអនុវត្ដដូចខាងក្រោម
- ឧស្សាហ៍យកសំឡី ឬក្រណាត់ស្បៃសស្អាតទៅជ្រលក់ទឹកក្ដៅឧណ្ហៗ ហើយយកមកជូត ស្អំឬបំពោកពីលើរយៈពេល៥នាទីត្រូវអនុវត្ដមួយថ្ងៃឱ្យបាន៣ទៅ៤ដង ដើម្បីធ្វើឱ្យសរសៃឈាមរីកនិងបញ្ចេញជាតិអង់ទីកម្យ៉ាងមកសម្លាប់មេរោគទាំងនោះ។
- ប្រើថ្នាំផ្សះប្រភេទអង់ទីប៊ីយូទិច ដែលត្រូវនឹងប្រភេទមេរោគទាំងនោះ
- ក្នុងករណីប្រើនូវវិធីខាងលើរួចហើយនៅតែមិនបានទទួលលទ្ធផលវិជ្ជមានទៀត ហើយមានកកើតជាខ្ទុះត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញ ដើម្បីចោះយកដុំពក ឬខ្ទុះចេញ ទើបជាការប្រសើរបំផុត។
- ចៀសវាងការព្យាបាលដោយប្រើវិធីបែបបុរាណ ដូចជាការយកស្លឹកឈើមកទំពារួចយកមកបិទពីលើឱ្យសោះព្រោះការព្យាបាលបែបនេះវារឹតតែធ្វើឱ្យមេរោគងាយស្រួលបង្កជម្ងឺថែមទៀតដោយសារនៅលើស្លឹកឈើសម្បូរទៅដោយមេរោគជាច្រើន។
វិធីការពារភ្នែកកើតពពែឆ្កែ
ការធ្វើដំណើរនៅតាមទីសាធារណៈរាល់ថ្ងៃ មានការប្រឈមទៅនឹងពន្លឺកម្ដៅថ្ងៃ ផ្សែងយានយន្ដ និងធូលីដែលជាសត្រូវជាមួយនឹងភ្នែក ងាយបណ្ដាលឱ្យកើតមាននូវជម្ងឺភ្នែកបំផុត។ ដើម្បីចៀសវាងពីជម្ងឺភ្នែកទាំងនេះលោកអ្នកគួរតែមានប្រដាប់ការពារ ភ្នែកនៅពេលដែលធ្វើដំណើរចេញទៅខាងក្រៅ ដូចជាពាក់វ៉ែនតាការពារពន្លឺជាដើម។ ម្យ៉ាងវិញទៀតត្រូវឧស្សាហ៍ធ្វើការសម្អាតលុប លាងមុខជាប្រចាំក្រោយពេលធ្វើដំណើរ។
ដំបូន្មានអ្នកជំនាញ
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពីជម្ងឺភ្នែកកើតពពែឆ្កែ និងវិធីព្យាបាលឱ្យបានច្បាស់លាស់ចៀសវាងការព្យាបាលតាមទម្លាប់ ឬប្រពៃណីដែលគ្មានអនាម័យ ដែលជាហេតុបណ្ដាលឱ្យជម្ងឺរឹតតែមានការធ្ងន់ធ្ងរឡើង។ ម្យ៉ាងវិញទៀតត្រូវចេះមាន អនាម័យក្នុងការថែទាំសុខភាព ជាពិសេសភ្នែកព្រោះថាភ្នែកគឺជាសរីរាង្គមួយយ៉ាងសំខាន់សម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។ នៅ ពេលធ្វើដំណើរទៅណាមកណាត្រូវពាក់មួកសុវត្ថិភាព ឬវ៉ែនតាការពារពន្លឺថ្ងៃ។ ពេលមានជម្ងឺភ្នែកត្រូវប្រញាប់ទៅធ្វើការពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply