លោកអ្នកតែងមិនចង់យកបញ្ហាផ្លូវចិត្ដរបស់ខ្លួនទៅនិយាយឱ្យអ្នកណាម្នាក់បានដឹងឡើយហើយលោកអ្នករមែងព្យាយាមព្យាបាល និងដោះស្រាយបញ្ហាដោយខ្លួនឯងផ្ទាល់។ ការជ្រើសរើសវិធីព្យាបាលល្អៗមិនមែនជាបញ្ហាឡើយប៉ុន្ដែប្រសិនបើជ្រើសរើស វិធីខុសវិញនោះ នឹងអាចផ្ដល់នូវផលប៉ះពាល់សម្រាប់លោកអ្នកទៅវិញ។ តើវិធីព្យាបាលណាខ្លះដែលផ្ដល់នូវគុណវិបត្ដិសម្រាប់លោក អ្នក?
ដើម្បីបានជ្រាបអំពីបញ្ហានេះសូមតាមដានជាមួយទស្សនាវដ្ដី សុខភាពយើងនូវការស្រាយបំភ្លឺរបស់លោកវេជ្ជបណ្ឌិតយឹមសុបុត្រា ឯកទេសជម្ងឺផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
រំលឹកមូលហេតុបង្កបញ្ហាផ្លូវចិត្ដ
លោកអ្នកបានជ្រាបរួចមកហើយនូវមូលហេតុមួយចំនួនដែលធ្វើឱ្យលោកអ្នកអាចកើតមានបញ្ហាផ្លូវចិត្ដដូចជាការភ័យខ្លាចការតក់ស្លុតចំពោះព្រឹត្ដិការណ៍ណាមួយដែលកើតឡើង ភាពឃោរឃៅនៃការកាប់សម្លាប់ការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃការ ខកចិត្ដចំពោះអ្វីដែលមិនសមនឹងបំណងការជួបប្រទះនូវការបរាជ័យណាមួយដែលលោកអ្នកមិនអាចទទួលយកជាដើម។ ក្រៅពីបញ្ហាទាំងនេះក៏នៅមានបញ្ហាមួយចំនួនទៀតផងដែរដែលអាចធ្វើឱ្យលោកអ្នកអាចមានបញ្ហាផ្លូវចិត្ដកើតឡើង។
វិធីព្យាបាលផ្លូវចិត្ដដែលគួរចៀសវាង
ថ្វីត្បិតតែមានវិធីមួយចំនួនដែលអាចឱ្យលោកអ្នកជ្រើសរើសដើម្បីធ្វើការព្យាបាលបញ្ហាផ្លូវចិត្ដក៏ដោយក៏គ្រប់វិធីទាំងអស់មិនសុទ្ធតែធ្វើឱ្យលោកអ្នកទទួលបានជោគជ័យទាំងស្រុងនោះទេ។ ទន្ទឹមនឹងនេះមានវិធីមួយចំនួនដែលលោកអ្នកមិនគួរជ្រើសរើសយកមកព្យាបាលបញ្ហាផ្លូវចិត្ដនោះឡើយ។
1 . ការជ្រើសរើសទទួលទានសុរាដើម្បីបំបាត់ការឈឺចាប់ បំបាត់កង្វល់និងចង់បំភ្លេចរឿងរ៉ាវដែលលោកអ្នកមិនចង់ជួបមិនចង់ឮ មិនចង់ឱ្យជាប់នៅក្នុងអារម្មណ៍ជាប្រការមិនគួរធ្វើឡើយ។ យុវជនសម័យបច្ចុប្បន្នមិនត្រឹមតែរើសយកសុរាដើម្បីបំបាត់ បញ្ហាផ្លូវចិត្ដប៉ុណ្ណោះទេ ថែមទាំងជ្រើសរើសដល់ការប្រើប្រាស់គ្រឿងញៀនថែមទៀតផងនេះជាការខុសឆ្គងធ្ងន់ធ្ងរណាស់។
2 . ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់ក៏គួរចៀសវាងដែរ។ នៅពេលមានបញ្ហាផ្លូវចិត្ដឬស្ដ្រេស្សលោកអ្នកតែងមានអារម្មណ៍ខ្វាយខ្វល់ គេងមិនលក់ជាដើម ពេលនោះលោកអ្នកនឹកគិតចង់ប្រើឱសថដើម្បីធ្វើឱ្យគេងលក់។ ប៉ុន្ដែលោកអ្នក មិនគួរប្រើប្រាស់ឱសថតាមតែចិត្ដឯងនោះឡើយ ចាំបាច់ត្រូវពិភាក្សាជាមួយគ្រូពេទ្យព្យាបាលជាមុនសិន។
3 . ការលេងល្បែងស៊ីសងក៏មិនមែនជាជម្រើសដើម្បីធ្វើការព្យាបាលវិបត្ដិផ្លូវចិត្ដ ដោះស្រាយបញ្ហាអផ្សុកនិងដើម្បីកែខៃបរិយាកាសដ៏មានប្រសិទ្ធភាពនោះទេ សូមលោកអ្នកកុំជ្រើសរើសវិធីនេះអី។
ផលប៉ះពាល់នៃការព្យាបាលផ្លូវចិត្ដដោយខ្លួនឯង
អ្វីដែលបានជម្រាបជូនខាងលើគឺជាវិធីព្យាបាលវិបត្ដិផ្លូវចិត្ដដែលលោកអ្នកមិនគួរជ្រើសរើសយកមកប្រើប្រាស់នោះឡើយព្រោះថាការទទួលទានសុរា ជក់បារី ប្រើគ្រឿងញៀន ប្រើឱសថមិនត្រឹមត្រូវតាមវេជ្ជបញ្ជា និងការប្រព្រឹត្ដល្បែងស៊ីសងសុទ្ធតែផ្ដល់ នូវគុណវិបត្ដិ និងផលប៉ះពាល់ចំពោះរូបលោកអ្នកទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងប៉ះពាល់ដល់សង្គម ថែមទៀតផង។
1 . ផលប៉ះពាល់សុខភាពផ្លូវកាយ ៖ ការទទួលទានសុរា បារីនិងគ្រឿងញៀនធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពបង្កឱ្យកើតជាជម្ងឺផ្សេងៗ ដូចជាជម្ងឺរលាកក្រពះ ពោះវៀន រលាកសួត ក្រិនថ្លើមជាដើម។ គ្រឿងញៀនធ្វើឱ្យប៉ះពាល់ទៅដល់ខួរ ក្បាល ធ្វើឱ្យបាត់បង់ការចងចាំ និងអាចបង្កឱ្យកើតជម្ងឺបេះដូងថែមទៀតផង។
2 . ផលប៉ះពាល់សុខភាពផ្លូវចិត្ដ ៖ វិធីទាំងនេះមិនត្រឹមតែមិនអាចព្យាបាលបញ្ហាផ្លូវចិត្ដប៉ុណ្ណោះទេផ្ទុយទៅវិញថែមទាំងបង្កើតនូវបញ្ហាផ្លូវចិត្ដកាន់តែធ្ងន់ធ្ងរទ្វេដង។ សុរា បារីនិងគ្រឿងញៀនធ្វើឱ្យលោកអ្នកអាចបំភ្លេចរឿងរ៉ាវមិនល្អបានមួយគ្រាពេល ដែលលោកអ្នកកំពុងតែស្រវឹងវង្វេងវង្វាន់តែប៉ុណ្ណោះ។ ប៉ុន្ដែបន្ទាប់ពីលោកអ្នកដឹងខ្លួនឡើងគ្រប់បញ្ហានឹងនៅជាប់ក្នុងខួរក្បាលរបស់ លោកអ្នកដដែល ហើយលោកអ្នកនឹងជ្រើសរើសវិធីដដែលទៀតយូរៗទៅវិបត្ដិនោះកាន់តែធ្ងន់ធ្ងរជាលំដាប់បញ្ហាផ្សេងៗទៀតនឹង កើតឡើង។ ការលេងល្បែងធ្វើឱ្យលោកអ្នកសប្បាយចិត្ដពេលឈ្នះតែមិនល្អឡើយពេលដែលលោកអ្នកចាញ់អស់ទ្រព្យ។ ដូចពាក្យ ចាស់លោកថា “ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ”។ គ្មានអ្នកណាម្នាក់ក្លាយជាសេដ្ឋីដោយសារល្បែងនោះឡើយ។
3 . ផលប៉ះពាល់ដល់ស្ថានភាពសង្គម ៖ ពេលដែលឥទ្ធិពលគ្រឿងញៀនទាំងនេះគ្របដណ្ដប់ក្នុងខ្លួនវាអាចជំរុញឱ្យលោកអ្នកប្រព្រឹត្ដនូវអំពើមិនគប្បីមួយចំនួនដោយមិនដឹងខ្លួន។ អំពើទាំងនោះអាចបង្កឱ្យមានភាពចលាចលគ្មានសណ្ដាប់ធ្នាប់នៅក្នុងសង្គម។ លោកអ្នកអាចប្រព្រឹត្ដនូវអំពើចោរកម្ម និងបទឧក្រិដ្ឋផ្សេងៗថែមទៀតផង។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកបានជ្រាបរួចមកហើយអំពីការព្យាបាលផ្លូវចិត្ដដោយខ្លួនឯង ទាំងវិធីដើម្បីជោគជ័យនិងវិធីដែលមិនគួរប្រព្រឹត្ដ។ សូមលោកអ្នកជ្រើសរើសវិធីព្យាបាលណាដែលល្អដើម្បីធ្វើការព្យាបាលបញ្ហាផ្លូវចិត្ដរបស់លោកអ្នកនិងចៀសវាងនូវវិធីមិនល្អនិងផ្ដល់នូវទុក្ខទោសចំពោះលោកអ្នក ក្រុមគ្រួសារ និងសង្គម។ សូមលោកអ្នកទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ដ។ សូម លោកអ្នកជ្រាបថាសុរា បារី គ្រឿងញៀននិងល្បែងស៊ីសងមិនមែនជាជម្រើសក្នុងការព្យាបាលផ្លូវចិត្ដនោះឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply