វិធី​ហាត់​ប្រាណ​តម្លើង​សាច់ដុំ​ដើមទ្រូង

ការហាត់​កីឡា​មិនត្រឹម​តែមាន​សារៈ​ប្រយោជន៍​ដល់សុខ​ភាពរាង​កាយ​ប៉ុណ្ណោះ តែថែម​ទាំងធ្វើ​ឱ្យសាច់​ដុំ​របស់​លោកអ្នក​រឹង មាំ និង​ស្រស់​ស្អាតទៀត​ផង។ លោកអ្នក​ត្រូវ​ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ប្រភេទ​ងាយៗ​ដើម្បី​ធ្វើឱ្យ​សាច់ដុំ​ដើមទ្រូង​ណែន​បានល្អ។ តើគួរ​ហាត់​របៀប​ណាខ្លះ ដើម្បី​ធ្វើឱ្យ​មានសាច់​ដុំដើម​ទ្រូងស្រស់​ស្អាត?

រូបភាពទស្សនាវដ្ដីសុខភាពយើង

បច្ចុប្បន្ន​នេះ​ឧបករណ៍​ហាត់​កីឡា​មានច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស តែមិន​មែនមាន​ន័យថា​អ្នកណា​ក៏អាច​ជ្រើស​រើសយក​មក​ហាត់តាម​តម្រូវ​ការបាន​នោះដែរ។ ការហាត់​កីឡា​តាម​បច្ចេក​ទេស​សម័យ​ទំនើប​គឺទាម​ទារនូវ​ការ​ចំណាយ​ថវិកា​សម្រាប់​ជួល ឬ​ទិញនូវ​ឧបករណ៍​ទាំងនេះ។ ក្នុង​ទំព័រ​ទស្ស​នាវដ្ដី សុខភាពយើង លេខនេះ​សូម​ជម្រាប​ជូនអំពី​របៀប​ហាត់​កីឡា​ប្រភេទ​ងាយៗ​ដោយ មិនបាច់​ត្រូវការ​ឧបករណ៍​អ្វីទាំង​អស់ ដើម្បី​ឱ្យលោក​អ្នកអាច​អនុវត្ដ​បានគ្រប់​ៗគ្នា។

ពេល​វេលា​ហាត់

ជា​ធម្មតា​សម្រាប់​អ្នកដែល​ចង់បាន​សាច់ដុំ​រឹងមាំ និងស្រស់​ស្អាតនោះ​គួរតែ​ចាប់ផ្ដើម​អនុវត្ដ​ការហាត់​កីឡាជា​បណ្ដើរៗ​កុំ​ហាត់ទាំង​គំហុក។ លោកអ្នក​គួរជ្រើស​រើសពេល​វេលា​នៃការ​ហាត់នៅ​ពេលព្រឹក​ព្រលឹម​បន្ទាប់ពី​ភ្ញាក់ពី​ដំណេក​ជាពេល​ល្អបំផុត។ លោកអ្នក​គួរធ្វើ​ការហាត់​បន្ថែម​ទៀតនៅ​ពេលមុន​ចូលគេង​ដើម្បី​ឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់​ទៅតាម​អ្វីដែល​យើងចង់​បាន។

របៀប​របប​ហាត់

ការហាត់​កីឡា​ដើម្បី​សាច់ដុំ​ដើមទ្រូង​នេះអាច​ហាត់បាន​ច្រើន​របៀប​ទៅតាម​ចលនា​របស់សាច់​ដុំ​ជា​ពិសេស​សាច់ដុំ​នៅដើម ទ្រូង​ដែលចង់​ឱ្យមាន​ភាព​រឹងមាំ។ ជា​ដំបូង​លោកអ្នក​គួរតែ​ជ្រើសរើស​កន្លែង​ហាត់ឱ្យ​មាន​លក្ខណៈ​រាបស្មើ​ស្រឡះ​ស្អាតដែល​អាចដេក ឬអង្គុយ​បាន ល្អ​បំផុត​គួរតែ​ហាត់នៅ​បរិវេណ​ទីធ្លា។ លោកអ្នក​គួរតែ​ធ្វើ​ចលនា​រាងកាយ​តិចៗ​នៅពេល​ហាត់លើក​ដំបូង ដើម្បី​ងាយ ស្រួលឱ្យ​មានការ​ស៊ាំ ចៀស​វាងការ​ឈឺចាប់​នៅសាច់​ដុំឬ​នៅសន្លាក់។

របៀប​ហាត់​ប្រាណ​ជួយសាច់​ដុំដើម​ទ្រូង

ការហាត់​មានច្រើន​របៀប​ច្រើនយ៉ាង។ ប្រសិន​បើលោក​អ្នកព្យា​យាម​ហាត់ឱ្យ​បានទៀង​ទាត់ទៅ​តាមពេល​វេលារៀង​រាល់​ថ្ងៃនោះ​លោកអ្នក​អាចនឹង​ទទួល​នូវផល​ប្រយោជន៍​ទាំងនោះ​ជាមិនខាន។

1 . សូម​ធ្វើឱ្យ​បាន១០​ដង នូវ​កាយ​វិការ​ដូចខាង​ក្រោម

  • ដេកផ្ងារ បន្ទ្ទាប់​មក​សណ្ដូក​ជើងឱ្យ​ត្រង់ ដោយដៃ​ទាំងពីរ​លើកត្រង់​ទៅលើ តាម​បណ្ដោយ​ខ្លួន
  • ដៃទាំង​ពីរលើក​បន្ដិច​ឱ្យផុត​ពីដី​រហូតមក​ដល់ទន្ទឹម​នឹងមុខ។ រីឯ​ខ្លួនវិញ​ក៏បង្ហើប​មកជា​មួយគ្នា​បន្ដិចៗ​ផងដែរ
  • លោកអ្នក​ត្រូវបង្ហើប​ខ្លួនបន្ដិច​ម្ដងៗ រហូត​ដល់អាច​អង្គុយបាន
  • បន្ទាប់​មក​លោកអ្នក​ត្រូវឱន​ក្រាបចុះ និងធ្វើ​ពោះឱ្យ​ផត ព្រមទាំង​ត្រូវ​ឈោងទៅ​ឱ្យប៉ះ​ចុងមេ​ជើងដោយ​ដៃទាំង​ពីរ

2 . សូម​ធ្វើឱ្យ​បាន​ចំនួន​២០ដង នូវ​កាយ​វិការ​ដូចខាង​ក្រោម

  •  លោកអ្នក​ត្រូវដេក​ឱ្យត្រង់​ដោយ​ផ្ងារដៃ ព្រមទាំង​ដាក់វា​ឱ្យស្រប​នឹងដង​ខ្លួន ហើយ​ជើងត្រូវ​សណ្ដូក​ឱ្យត្រង់
  • លោកអ្នក​ដាក់ជើង​មួយឱ្យ​នៅស្ងៀម ហើយជើង​ម្ខាងទៀត​ត្រូវលើក​ឱ្យផុត​ពីដី​ប្រហែល​ជា​ប្រវែង​៤០សង់​ទីម៉ែត្រ​ធ្វើ ដូចនេះ​ឱ្យបាន​ចំនួន​១០ដង
  • បន្ទាប់​មក​លោកអ្នក​ត្រូវ​អង្កុញ​ជើងឡើង​បន្ដិច ដើម្បី​ឱ្យពោះ​និងភ្លៅ​កែងគ្នា។ ត្រូវលើក​ជើងធាក់​ក្នុង​លំហ​អាកាសឱ្យ ក្លាយ​ជារាង​រង្វង់តូច ដោយ​លើកខ្ពស់​កម្ពស់​ត្រឹម​ជង្គង់។

3 . សូមធ្វើ​ឱ្យបាន​ចំនួន​១០ដង នូវរាល់​កាយ​វិការ​ដូចខាង​ក្រោម

  • សូមឈរ​កន្ធែក​ជើងឱ្យ​ចុះជា​បណ្ដើរៗ រួចដៃ​ស្ដាំត្រូវ​ចាប់មេ​ជើងស្ដាំ​ហើយដៃ​ឆ្វេងត្រូវ​លាតត្រង់​ទៅក្រោយ​រួច​ត្រឡប់ មក​ស្ថាន​ភាព​ដើមវិញ។ បន្ទាប់​មកធ្វើ​ឱ្យចុះ​បន្ដិច​ទៅវិញ រួចដៃ​ឆ្វេង​ចាប់មេ​ជើង​ឆ្វេង​ហើយដៃ​ស្ដាំលាត​ត្រង់ទៅ​ក្រោយ។
  • ឈរ​កន្ធែក​ជើងទាំង​ពីរដែល​លាត្រង់​ទៅខាង ក្បាល​ផ្អៀង​បន្ដិច​មកខាង​ឆ្វេង​ហើយដៃ​ឆ្វេងដាក់​ឱ្យចុះ​មកត្រឹម​ក្បាល ជង្គង់ រីឯ​ដៃស្ដាំ​បោះ​រំលង​ក្បាល​ជង្គង់​ឆ្វេងដែរ។ បន្ទាប់​មកយើង​ត្រូវធ្វើ​ផ្ទុយមក​វិញ។
  • លោកអ្នក​ត្រូវឈរ​ឱ្យត្រង់​ខ្លួន ហើយ​ជើង​កន្ធែក​ចេញ ដោយឱន​ទៅមុខ ហើយដៃ​លាតត្រង់​ទៅមុខ​ដែរ។
  • ត្រូវ​មាន​លក្ខណៈ​ឈរឱ្យ​ត្រង់ខ្លួន ហើយដៃ​ទាំងពីរ​ទប់ខ្លួន​នឹងតួ​កៅអី​ផ្អែក​ដោយ​ឈានជើង​ស្ដាំឡើង​បន្ទាប់​មកជើង​ឆ្វេង លាតឱ្យ​អស់ទៅ​ក្រោយ​ត្រឡប់​មកទី​តាំងដើម​វិញ។ ហើយ​ឈានជើង​ឆ្វេងឡើង​រួចជើង​ស្ដាំលាត​ឱ្យអស់​ទៅក្រោយ​វិញម្ដង។

ផល​ប្រយោ​ជន៍​នៃការ​ហាត់​សាច់​ដុំដើម​ទ្រូង

ការហាត់​រយៈពេល​យូរៗ​អាចធ្វើ​ឱ្យអ្នក​ហាត់មាន​សាច់ដុំ​រឹងមាំ ស្រស់​ស្អាត​និង​បំបាត់​ចោលនូវ​ស្រទាប់​ខ្លាញ់ខ្លះ​ក្រោមដើម​ទ្រូងបាន។ ការហាត់​ប្រាណ​ដើម្បី​សាច់ដុំ​ដើមទ្រូង​មាន​ប្រយោជន៍​បាន​វា​អាស្រ័យ​ទៅលើ​ពេល​វេលា​នៃការ​ហាត់។ លោកអ្នក​គួរប្រើ រយៈពេល​ហាត់ឱ្យ​បានទៀង​ទាត់ពេល​វេលា​ដើម្បី​ជាទុន​មួយ​សម្រាប់​ជួយ​ជំរុញ​ឱ្យ​ទទួល​បានផល​ប្រយោជន៍​ទាំងអស់​នោះ។ ប្រសិនបើ លោកអ្នក​មិន​អនុវត្ដ​ឱ្យបាន​ទៀងពេល​នោះទេ​វា​គ្រាន់តែ​ជួយ​កម្ដៅ​សាច់ដុំ​ឱ្យធ្វើ​ចលនា​បានស្រួល​តែ​ប៉ុណ្ណោះ។

បណ្ដាំ​ផ្ញើ​របស់​សុខភាព​យើង

ដើម្បី​ឱ្យបាន​សុខភាព​រឹងមាំ និងរាង​កាយ​ស្រស់​ស្អាត​នោះ លោកអ្នក​គួរ​ជ្រើស​រើស​កីឡា​ប្រភេទ​ណា​ដែល​សមស្រប​ទៅនឹង សុខភាព​រាងកាយ។ ការហាត់​ដើម្បី​បាន​ទទួល​នូវអត្ថ​ប្រយោជន៍​ដូចដែល​លោកអ្នក​ចង់បាន​នោះ​គឺត្រូវ​មានការ​ហាត់ឱ្យ​បានសម​ស្រប និងត្រឹម​ត្រូវទៅ​តាមក្បួន​ខ្នាត​បច្ចេក​ទេស ហើយ​មិនត្រូវ​ហាត់​ដោយ​គំហុក ឬទាំង​ប្រយោល​នោះទេ។ ប្រសិន​បើលោក​អ្នកចង់​ធ្វើការ ហាត់​ដោយប្រើ​ឧបករណ៍​ហាត់​កីឡា​តាមក្បួន​បច្ចេក​ទេសនោះ​លោកអ្នក​គួរមាន​ការ​ប្រឹក្សា​ឱ្យបាន​ត្រឹមត្រូវ​ពីអ្នក​ជំនាញ​ទើប​ប្រសើរ ចៀស​វាង​ការហាត់​ទៅធ្វើ​ឱ្យមាន​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ។

នៅពេល​ឆាប់ខាង​មុខនេះ ទស្ស​នាវដ្ដី សុខភាពយើង នឹងចេញ​ផ្សាយ​សៀវភៅ​“ក្បួនហាត់​ប្រាណ​ពង្រីក​សុដន់”​និងក្បួន​ហាត់ផ្សេង​ៗទៀត ដែល​និពន្ធ​ដោយ​លោកវេជ្ជ. លី ចេង​ហ៊ុយ។ សូម​ស្វែងរក​អាន និងហាត់​តាមដោយ​អនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *