ជម្ងឺឆ្លងរាតត្បាត នៅតែជាក្តីបារម្ភរបស់ពលរដ្ឋនៅតាមទីជនបទមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ជម្ងឺឆ្លងជាជម្ងឺដែលកាចសាហាវ និងងាយចម្លងទៅមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលរស់នៅក្បែរខាងជាមួយគ្នា និងបន្តទៅអ្នកដ៏ទៃជាបន្តបន្ទាប់និងអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតផងដែរ។ ថ្មីៗនេះ ពលរដ្ឋនៅខេត្តកំពង់ស្ពឺ កំពុងមានការព្រួយបារម្ភពីជម្ងឺឆ្លងនេះ ដែលបានរាតត្បាតទៅលើមនុស្សជាច្រើនរយគ្រួសារ។
អ្នកភូមិនៅខេត្តកំពង់ស្ពឺ បានព្រួយបារម្ភពីជម្ងឺឆ្លងកំពុងរាតត្បាតក្នុងមូលដ្ឋាន ហើយពួកគាត់គ្មានលទ្ធភាពទប់ស្កាត់។ ពលរដ្ឋរងគ្រោះបានអំពាវនាវទៅមន្ត្រីក្រសួង ឬមន្ទីរសុខាភិបាល ឲ្យបញ្ជូនគ្រូពេទ្យជំនាញចុះដល់មូលដ្ឋានកើតមានជម្ងឺ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតជាបន្ទាន់។ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងព្រួយបារម្ភពីប្រភេទជំងឺម្យ៉ាងដែលកំពុងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយពលរដ្ឋមិនអាចទប់ស្កាត់បាន។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី។
សេចក្តីរាយការពីគេហទំព័រខាងលើបានបន្តថា លោកស្រី ឆេ ខាវ ពលរដ្ឋរស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ថា កូនស្រីគាត់ម្នាក់បានធ្លាក់ខ្លួនឈឺជម្ងឺអាការៈក្ដៅខ្លួន មានកន្ទួលក្រហមចេញលើរាងកាយ និងឈឺសន្លាក់ដៃសន្លាក់ជើង មិនអាចដើរបាន។ អាណាព្យាបាលរូបនេះបានស្នើឲ្យមន្ត្រីជំនាញក្រសួងសុខាភិបាល ឬមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ជួយមានវិធានការទប់ស្កាត់ ឬបញ្ជូនគ្រូពេទ្យចុះព្យាបាលអ្នកជម្ងឺ ជូនពលរដ្ឋរស់នៅឃុំស្រង់ ស្រុកគងពិសី ឲ្យបានទាន់ពេល ព្រោះជម្ងឺនេះកំពុងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ លោកបានបន្ថែមថា៖ «កើតជម្ងឺហ្នឹងចង់១ខែហើយ។ មុនដំបូងឈឺមួយៗទេ ហើយកូនខ្ញុំឈឺមុនគេ រួចហើយឈឺតៗគ្នាទាំងអស់។ ឥឡូវកាន់តែឈឺរាលដាលពេញភូមិ ផ្ទះប្អូនខ្ញុំ ៦នាក់ ឈឺទាំង ៦ ហើយប្អូន១គ្រួសារទៀតក៏ឈឺទាំងគ្រួសារ»។
ចំណែកពលរដ្ឋច្រើននាក់ទៀត ក៏អំពាវនាវឲ្យមន្ត្រីជំនាញសុខាភិបាលចុះជួយព្យាបាលជម្ងឺដល់ពលរដ្ឋរស់ឃុំស្រង់ ស្រុកគងពិសី ឲ្យបានទាន់ពេល ព្រោះសព្វថ្ងៃនេះមានអ្នកជម្ងឺប្រហែល ២នាក់ក្នុង១គ្រួសារ បានឈឺជម្ងឺចម្លែកនេះ។ ប្រជាពលរដ្ឋឲ្យដឹងដូច្នេះថា៖ «អាការៈអ្នកជម្ងឺឡើងកន្ទួលក្រហមដូចជម្ងឺកញ្ជ្រឹលអ៊ីចឹង ឡើងត្មិលពេញខ្លួន ហើយទន់ដៃទន់ជើង ហើមមុខ និងមានមុខក្រហម ឈឺឆ្អឹងឆ្អែង របៀបគ្រុនផ្ដាសាយធំ។ ឈឺក្នុង១ផ្ទះឆ្លងគ្រប់គ្នា ពីប្រពន្ធទៅប្ដីទៅកូន។ ១ភូមិឈឺទាំងអស់គ្នា ក្នុង១ផ្ទះឈឺឆ្លងទាំងអស់»។ ពលរដ្ឋរស់នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងបន្ថែមថា ជម្ងឺដែលឆ្លងរាតត្បាតក្នុងមូលដ្ឋាននេះ បានកើតមានតាំងពីខែមេសាមកម្ល៉េះ ប៉ុន្តែមិនទាន់ឃើញមានវត្តមានមន្ត្រីសុខាភិបាលចុះដល់មូលដ្ឋាន ដើម្បីអប់រំ ឬក៏ជួយព្យាបាលជម្ងឺនេះជូនពលរដ្ឋនោះទេ។
ទាក់ទងបញ្ហានេះ លោក ជា សុខ អនុប្រធានភូមិពង្រ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ពិតជាមានពលរដ្ឋរាប់រយគ្រួសារនាមូលដ្ឋានលោកកើតមានជម្ងឺពិតមែន។ លោកបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋជាង ១០០គ្រួសាររស់នៅមូលដ្ឋានលោក គឺបានកើតជម្ងឺនេះស្ទើរគ្រប់ផ្ទះ។ លោកថ្លែងថា ជម្ងឺរាតត្បាតនេះ មិនទាន់ឃើញមន្ត្រីជំនាញសុខាភិបាលផ្នែកណាមួយចុះជួយព្យាបាលជម្ងឺជូនពលរដ្ឋដល់មូលដ្ឋាននៅឡើយទេ។ ដូច្នេះលោកស្នើឲ្យមន្ត្រីសុខាភិបាលចុះជួយព្យាបាលជម្ងឺជូនដល់ពលរដ្ឋឲ្យបានឆាប់។
ឆ្លើយតបទៅនឹងកង្វល់របស់ពលរដ្ឋ លោកវេជ្ជបណ្ឌិត ងាន់ ចន្ថា នាយករងមជ្ឈមណ្ឌលជាតិកម្ចាត់ជម្ងឺគ្រុនចាញ់ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានបញ្ជូនគ្រូពេទ្យជំនាញចុះស្រាវជ្រាវ និងអប់រំពីការទប់ស្កាត់ជម្ងឺជូនពលរដ្ឋខេត្តកំពង់ស្ពឺរួចហើយ។ លោកបានបន្តថា ជម្ងឺរាតត្បាតនៅស្រុកគងពិសីនេះ មិនបង្កឲ្យពលរដ្ឋរងគ្រោះដល់អាយុជីវិតទេ ព្រោះដើមហេតុបណ្ដាលមកពីមូសខ្លាខាំ។ ដូច្នេះវិធីទប់ស្កាត់ លោកស្នើឲ្យប្រជាពលរដ្ឋសំអាតលំនៅឋានរបស់ខ្លួនឲ្យមានអនាម័យ និងត្រូវទទួលទានដំណេកក្នុងមុងសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ លោក ងាន់ ចន្ថាបានថ្លែងបន្តថា៖ «យើងឃើញថា អ្នកជម្ងឺគ្រុនក្ដៅ ហើយមានចេញកន្ទួលក្រហមៗនៅលើខ្លួន ដូចជាជម្ងឺគ្រុនឈាម ហើយមានអ្នកជម្ងឺខ្លះស្បែកឡើងដោល ហើយរោគសញ្ញា ១ទៀត អ្នកជម្ងឺខ្លះឈឺសន្លាក់ដៃជើង។ ជម្ងឺហ្នឹងយើងបានបូមឈាមមកមើល យើងឃើញថា វាជាជម្ងឺ១ យើងហៅថាជម្ងឺឈិនគុនយ៉ា ហើយជម្ងឺនេះឆ្លងដោយការខាំរបស់មូសខ្លា ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម»។ លោក ងាន់ ចន្ថា ឲ្យដឹងដែរថា មានអ្នកជម្ងឺពី ២០០ ទៅ ៣០០នាក់ ដែលកើតមានជម្ងឺមិនបានទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺទេ ដោយរង់ចាំគ្រូពេទ្យចុះទៅដល់មូលដ្ឋាន។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានអះអាងថា មិនទាន់ឃើញវត្តមានមន្ត្រីក្រសួង ឬមន្ទីរសុខាភិបាលចុះដល់មូលដ្ឋានរបស់ខ្លួនទេ ចាប់តាំងពីជំងឺនេះបានរាតត្បាតចាប់ពីខែមេសា ឆ្នាំ២០១២ មកនោះ។
គួររំឮកផងដែរថា ជម្ងឺឈិនគុនយ៉ា ដែលកំពុងរាតត្បាតប្រជាជននៅខេត្តកំពង់ស្ពឺនេះ ក៏ធ្លាប់បានរាតត្បាតពលរដ្ឋនៅខេត្តកំពង់ស្ពឺនេះម្តងរូចមកហើយកាលពីចុងខែមិនា ហើយចំណែកឯប្រជាពលរដ្ឋនៅខេត្តតាកែវរស់នៅក្នុងភូមិមួយចំនួន ក៏ទើបតែទទួលរងនូវការរាតត្បាតពីជម្ងឺនេះផងដែរកាលពីប៉ុន្មានសប្តាហ៍មុននេះ។គួរបញ្ជាក់ផងដែរថា ជម្ងឺឈិនគុនយ៉ានេះ បានកប់បាត់ខ្លួនជាង៤០ឆ្នាំមកហើយ ប៉ុន្តែឥឡូវវាបានបន្តកើតឡើងវិញដោយភ្នាក់ងារចម្លងជម្ងឺគឺមូសខ្លាខាំ។
អត្ថបទដោយ ៖ សៀង វិរៈ
ចុះផ្សាយ ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២
Leave a Reply