វិធីហាត់ប្រាណធ្វើឱ្យត្រគាកក្លុំ

ត្រគាក​ស្រស់​ស្អាត ក្លុំ ហើយ​ណែន​មិនយារ​ធ្លាក់ ជា​តម្រូវ​ការ​របស់​មនុស្ស​គ្រប់គ្នា​ជា​ពិសេស​ស្ដ្រី។ ការ​អនុវត្ដ​នូវ​សកម្ម​ភាព ផ្លូវ​កាយ ដូចជា​ហាត់​ប្រាណ និងលេង​កីឡា​បែប​ងាយៗ ដែលមាន​រយៈពេល​មួយ​កំណត់​ត្រឹមត្រូវ​ជារៀង​រាល់ថ្ងៃ​អាច​ធ្វើឱ្យ​ក្ដី​ស្រមៃ ទាំងនោះ​នឹង​ក្លាយ​ជាការ​ពិតបាន។ លោកអ្នក​មានការ​លំបាក​បន្ដិច​ក្នុងការ​រក​ប្រភេទ​កីឡា​ដែល​សក្ដិសម​ទៅនឹង​រូបរាង សុខភាព​រាង កាយ ហើយ​តម្រូវ​ការ​ដែលអ្នក​ចង់បាន។ ដូច្នេះ​ទាមទារ​ឱ្យ​លោកអ្នក​យល់ដឹង​នូវ​អត្ថ​ប្រយោជន៍​ពី​របៀប​ហាត់​ប្រាណ​ឱ្យបាន​ប្រសើរ ជាមុន​សិន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រ​នេះ ទស្ស​នាវដ្ដី សុខភាពយើង សូម​លើក​យក​ពីវិធី​ហាត់​ប្រាណ​បែប​ងាយៗ​ដែល​អាចហាត់​នៅ​គេហ​ដ្ឋាន​បាន ជម្រាប​ជូន​ប្រិយ​មិត្ដអ្នក​អាន​ជ្រាប តាម​រយៈការ​បក​ស្រាយ​របស់​លោក អ៊ុន សូរ៉េត​គ្រូបង្ហាត់​ប្រាណ​តាម​ចង្វាក់​ភ្លេង​នៃ​សហព័ន្ធ កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា។

របៀប​ហាត់​ដើម្បី​ធ្វើឱ្យ​ត្រគាក​ក្លុំ

ការហាត់​ប្រាណ​ដើម្បី​ឱ្យ​ត្រគាក​ណែន​ក្លុំ មិន​ប្រកាន់​វ័យ និងភេទ​នោះ​ទេ។ ភាគ​ច្រើន​បុរស​មិនសូវ​រវី​រវល់​ហាត់​ដើម្បី​ឱ្យ ត្រគាក​ស្រស់​ស្អាត​ប៉ុន្មាន​ទេ អ្នកហាត់​ភាគច្រើន​តែស្ដ្រី។ ការហាត់​ប្រាណ​ដើម្បី​ត្រគាក​ណែន​ស្រស់​ស្អាត​អាស្រ័យ​ទៅនឹង​ដងខ្លួន​និង អំណោយ​ផល​ត្រគាក​ពី​ធម្មជាតិ​ផងដែរ។ ចំពោះ​អ្នកមាន​ត្រគាក​ស្អាត​ស្រាប់ តែ​សម្បូរ​ទៅដោយ​ខ្លាញ់​ការហាត់​អាចមាន​ប្រសិទ្ធ​ភាព ដល់ទៅ​មួយ​រយភាគ​រយ។ ចំពោះ​អ្នកមិន​សូវមាន​ត្រគាក​ក៏ការ​ហាត់នេះ​អាចជួយ​បាន​ប្រមាណ​ជា៣០​ទៅ៤០​ភាគរយ​ដែរ។ ដូច្នេះ លោកអ្នក​គួរ​ព្យាយាម​ហាត់​តាម​វិធី​ងាយៗ ដែលនឹង​បង្ហាញ​ខាង​ក្រោម​នេះ។

1 . លោកអ្នក​អាចផ្ដើម​ចេញពី​ការឈរ​លើក​ជើង​ស្ដាំ​ទៅដាក់​នៅលើ​កៅអី ឬតុ​ដែលមាន​កម្ពស់​ខ្ពស់ជាង​ចង្កេះ​ហើយ​ជើង ឆ្វេង​ជំទើត ឱនក្បាល​ទៅមុខ​ចុះឡើង​ៗចំនួន​៨ដង។ បន្ទាប់​មកឆ្លាស់​ជើង​ឆ្វេង​ហើយ​រក្សា​នូវកាយ​វិការ​ដដែល​ដោយ​ប្រើ​ចំនួន​កំណត់ ដូចគ្នា។

2 . លោកអ្នក​ធ្វើកាយ​វិការ​ដេកផ្ងារ ក្បាល​ជង្គង់​ទាំងពីរ​បញ្ឈរ​ផ្ទឹមគ្នា រីឯ​ចុងជើង​ត្រូវ​ជំទើត​លើក​ម្រាល។ លោកអ្នក​ត្រូវ លើក ឬ​បំបះ​អាង​ត្រគាក​ឡើង​លើឱ្យ​បាន​ចំនួន​៨ដង។ បន្ទាប់​មក​កន្ធែក​រួច​បង្រួម​ក្បាល​ជង្គង់​សាចុះ​សាឡើង​ឱ្យបាន​ចំនួន​៨ដង​ដែរ។

3 . សូមធ្វើ​កាយ​វិការ​ផ្ដេកខ្លួន ផ្កាប់មុខ ផ្ទៃមុខ និងដើម​ទ្រូងត្រូវ​បែរទៅ​រក​កម្រាល បន្ទាប់​មកកែង​ដៃ​និងចុង​ជើង​ច្រត់  និង​ជំទើត​លើ​កម្រាល។ បន្ទាប់​មកធ្វើ​កាយ​វិការ​រុញ​អាង​ត្រគាក​ចុះ​ក្រោម តែមិន​ដល់​កម្រាល​ទេ រួចលើក​ឡើង​លើវិញ​ធ្វើកាយ​វិការ បែបនេះ​ចុះឡើង​ៗឱ្យ​បាន​ចំនួន​៨ដង។

4 . សូមលោក​អ្នកដេក​ចំហៀង​ខ្លួន កែងដៃ​ម្ខាង​ច្រត់នឹង​កម្រាល​ជើង​ទាំងពីរ​ដាក់​ស្របគ្នា​ឱ្យត្រង់​នៅលើ​កម្រាល។ បន្ទាប់ មកលើក​ជើង​ម្ខាង​រុញ​មកមុខ ដោយ​រក្សា​នូវ​លំនឹង​ជើង​ត្រង់ទៅ​មុខឱ្យ​អស់ រួច​បន្ថយ​មកវិញ​ខ្លះ។ សូមធ្វើ​ការផ្លាស់​ប្ដូរទៅ​ចំហៀង​ម្ខាង ទៀត និង​អនុវត្ដ​នូវ​កាយ​វិការ​បែបនេះ​ដដែល ដោយធ្វើ​ឱ្យបាន​មួយ​ចំហៀង​ចំនួន​៨ដង។

5 . សូម​លោកអ្នក​ដេក​ផ្ងារ​បញ្ឈរ​ក្បាល​ជង្គង់ បាតជើង​ជាន់​លើ​កម្រាល រីឯ​ប្រអប់​ដៃចាក់​ស្រេះគ្នា​ទ្រ​កញ្ចឹងក។ រួច​សូម ងើប​ក្បាល​ផុតពី​កម្រាល​កម្ពស់​ប្រមាណ​មួយ​ចំអាម​ដៃ ហើយ​រាប់ឱ្យ​បាន​គ្រប់៨​ដង​បន្ទាប់​មកសូម​ដាក់​ក្បាលទៅ​លើ​កម្រាល​វិញ។ សូមធ្វើ​កាយ​វិការ​បែប​នេះ​សាចុះ​សាឡើង​ឱ្យបាន​ចំនួន​៨ដង។

រាល់​កាយ​វិការ​ហាត់​ដើម្បី​ធ្វើឱ្យ​ត្រគាក​ណែន​ក្លុំនេះ លោកអ្នក​គួរ​ប្រឹង​សាច់ដុំ​ត្រគាក​គ្រប់​ពេល​ដើម្បី​ជួយ​ធ្វើ​ចលនា​សាច់ដុំ ណែន ជា​ពិសេស​អាចជួយ​ឱ្យមាន​ប្រសិទ្ធ​ភាពបាន​ឆាប់។

ពេល​វេលា​ដែល​ត្រូវ​ហាត់

ការ​ហាត់​ប្រាណ​ដែលធ្វើ​ឱ្យ​ត្រគាក​ក្លុំ មិន​កំណត់​ពេល​ព្រឹក ឬ​ពេល​ល្ងាចទេ។ ប្រទេស​នៅ​តំបន់​អាស៊ី​អាច​ហាត់​ទាំងពេល​ព្រឹក ទាំងពេល​ល្ងាច តែបើ​នៅ​ប្រទេស​តំបន់​អឺរ៉ុប​ភាគច្រើន​ហាត់​ថែម​ពេលថ្ងៃ​ទៀត។ បើ​លោកអ្នក​អាច​ហាត់​ទាំងពីរ​ពេលបាន​រឹតតែ ប្រសើរ។ សូម​ហាត់​បានទៅ​តាម​កម្លាំង មិនត្រូវ​ហាត់​ទាំង​គំហុក​នោះទេ។ នៅ​ដំណាក់​កាល​ដំបូង​លោកអ្នក​គួរ​ហាត់​ប្រមាណ​ជា១០​ទៅ ២០នាទី ដើម្បី​ចៀស​វាង​ការ​ឈឺចាប់​សាច់ដុំ​ខ្លាំងពេក។ លុះដល់​ថ្ងៃ​បន្ទាប់ៗ​លោកអ្នក​អាច​ថែម​ពេល​វេលា​បន្ដិច​ម្ដងៗ ទៅតាម​កម្លាំង របស់​ខ្លួន ដែលអាច​ទទួល​យកបាន។

របប​អាហា​រចំពោះ​អ្នក​កីឡា

ការ​ហាត់​កីឡា​ដែលធ្វើ​ឱ្យ​ត្រគាក​ស្រស់​ស្អាត ក្លុំ​ណែនល្អ​អាស្រ័យ​ទៅលើ​កាយ​វិការ​នៃការ​ធ្វើ​ចលនា​របស់​លោកអ្នក​នៅ ពេល​ហាត់។  ទន្ទឹម​នឹងនេះ​របប​ចំណី​អាហារ​ក៏ជា​រឿង​មួយ​រួមផ្សំ​ក្នុងការ​កាត់​បន្ថយ​សារជាតិ​ខ្លាញ់​នៅក្នុង​សរីរាង្គ​កាយផង​ដែរ។ ដើម្បី ហាត់​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ក្នុង​ការ​សម្រក​ជាតិខ្លាញ់​នៅ​ត្រគាក​លោកអ្នក​គួរ​ទទួល​ទាន​បន្លែ​ឱ្យបាន​ច្រើនជា​រៀង​រាល់ថ្ងៃ។ លោកអ្នក អាច​បរិភោគ​សាច់គោ​មួយ​សបា្ដហ៍​២ដង ដែល​មួយដង​ៗមាន​បរិមាណ​ប្រមាណ​២០០​ក្រាម​(២ខាំ)។ ចំពោះ​សាច់មាន់​វិញ គួរកុំ បរិភោគ​ស្បែកនិង​ខ្លាញ់ សាច់ដែល​ប្រសើរ​ជាងគេ​គឺនៅ​បរិវេណ​ដើម​ទ្រូង។ រីឯ​សាច់​ត្រីវិញ​លោកអ្នក​អាច​បរិភោគ​បាន​គ្រប់​ប្រភេទ ព្រោះ​ខ្លាញ់ត្រី​អាច​រលាយ​នៅក្នុង​ខ្លួន​របស់​លោកអ្នក​បាន​ដោយ​មិនបង្ក​ឱ្យមាន​ជាតិ​ខ្លាញ់​នៅក្នុង​សរីរាង្គ​ឡើយ។ ប្រសិន​បើ​លោកអ្នក មិន​អនុវត្ដ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​របប​អាហារ​ឱ្យបាន​ប្រសើរ​ទេ​លោកអ្នក​អាចនឹង​មានការ​លំបាក​បន្ដិច​ក្នុងការ​ធ្វើឱ្យ​ត្រគាក​ណែន​ក្លុំ។

អត្ថ​ប្រយោជន៍​នៃការ​ហាត់​កីឡា​ធ្វើឱ្យ​ត្រគាក​ក្លុំ

សកម្មភាព​ផ្លូវ​កាយ​បានផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន ដល់​សុខភាព​រាងកាយ និង​សតិ​អារម្មណ៍។ ការ​ហាត់​ប្រាណ​ដើម្បី​ឱ្យ ត្រគាក​ក្លុំនេះ​មិនត្រឹម​តែធ្វើ​ឱ្យ​ត្រគាក​ណែន​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​តែក៏​អាចជួយ​ឱ្យ​ចលនា​សរសៃ​ឈាម​រត់ស្រួល​ថែម​ទៀត​ផង។ លើសពី​នេះក៏​អាច​បង្កើន​កម្លាំង​ពលំ កម្លាំង​សាច់ដុំ កែ​តម្រូវ​កាយ​វិការ ចង្វាក់​នៃការ​ដក​ដង្ហើម​ចេញ​ចូល​ជួយ​បញ្ចេញ​ជាតិ​ពុលនៅ ក្នុងខ្លួន ជួយ​សម្រួល​អារម្មណ៍ និងកាត់​បន្ថយ​ភាពតាន​តឹង​អារម្មណ៍​(លាង​ខួរក្បាល​)ជាដើម។

ផល​ប៉ះពាល់​នៃការ​ហាត់​កីឡា​ធ្វើឱ្យ​ត្រគាក​ក្លុំ    

ប្រសិន​បើ​លោកអ្នក​ធ្វើការ​ហាត់​ប្រាណ​តាមក្បួន​ខ្នាត និង​សម្ភារៈ​ហាត់​បានត្រឹម​ត្រូវ​នោះមិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព រាងកាយ​ទេ។ ប៉ុន្ដែ​ចំពោះ​លោកអ្នក​ទើបតែ​ចាប់ផ្ដើម​ហាត់​ប្រាណ​ជាលើក​ដំបូង​ចៀស​មិនផុត​ពីការ​ឈឺចុក​ចាប់ខ្លះ​ៗនៅ​សាច់ដុំ​នៃរាង កាយ​នោះ​ឡើយ។ នៅពេល​លោកអ្នក​ជួប​បញ្ហា​ទាំងនេះ គួរ​ជ្រើស​រើស​យក​ប្រេង​រឹត​ឬលាប​នៅ​បរិវេណ​ដែល​ឈឺ។ ដើម្បី​កាត់​បន្ថយ ការឈឺ​ចុកចាប់​នេះបាន​មួយ​កម្រិត លោកអ្នក​គួរតែ​ធ្វើ​សកម្មភាព​ហាត់​មួយៗ​និងតាម​ចង្វាក់​លំដាប់​លំដោយ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​គួរហាត់​កីឡា​ជា​ប្រចាំ ព្រោះអាច​ធ្វើឱ្យ​រូបរាង​ស្រស់​ស្អាត មាំមួន សុខភាព​ល្អ បញ្ចៀស​ជម្ងឺ​តម្កាត់​ផ្សេងៗ​សរសៃ ឈាម​រត់​ស្រួល និង​អារម្មណ៍​ជ្រះថ្លា។ ជា​ពិសេស​ចំពោះ​ក្មេងៗ និង​យុវវ័យ​គួរកុំ​សេព​គ្រឿង​ញៀន និងគ្រឿង​ស្រវឹង​ហើយ​បែរ មកហាត់​ប្រាណ​ឬកីឡា​ជំនួស​វិញ ទើប​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *