ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹលដល់កុមារអាយុពី៩ខែដល់៥ឆ្នាំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីដើមខែកុម្ភៈថា នៅថ្ងៃទី១០ ខែកុម្ភៈនេះ កម្ពុជាបានត្រៀមវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការបើកយុទ្ធនាការផ្ដល់ថ្នាំបង្ការជម្ងឺកញ្ជ្រឹលលើកទី១ទៅកាន់ កុមារដែលមានអាយុចាប់ពី៩ខែដល់៥ឆ្នាំ។ លោកបន្ដថា យុទ្ធនាការលើកទី១នេះ ត្រូវបានជ្រើសរើសខេត្ដ-ក្រុងដែលមានចំនួនស្នើ នឹងពាក់កណ្ដាលនៃប្រទេស។ លោកថ្លែងថា ៖ បន្ទាប់ពីបញ្ចប់យុទ្ធនាការលើកទី១ទៅ មន្ដ្រីសុខាភិបាលយើងនឹងបន្ដយុទ្ធនាការផ្ដល់ថ្នាំ បង្ការជម្ងឺកញ្ជ្រឹលជាលើកទី២ទៀតឱ្យបានគ្របដណ្ដប់លើ២៤ខេត្ដ-ក្រុង។ លោកបញ្ជាក់ថា វ៉ាក់សាំងការពារជម្ងឺកញ្ជ្រឹលត្រូវបានដាក់ បញ្ចូលជាមួយនឹងថ្នាំប៉ូលីយ៉ូផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាមានផែនការបំបាត់ជម្ងឺកញ្ជ្រឹល និងបំបាត់ជម្ងឺតេតាណូសមាតា និងទារកក្នុងឆ្នាំ២០១២
យោងតាមសេចក្ដីអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជាស្ដីពីផែនការយុទ្ធសាស្ដ្របំបាត់ជម្ងឺកញ្ជ្រឹល និងបំបាត់ជម្ងឺតេតាណូស មាតា និងទារកនៅប្រទេសកម្ពុជាដែល សុខភាពយើង បានទទួលកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា រដ្ឋាភិបាលបានធ្វើការទទួលស្គាល់នូវកត្ដា ដែលនាំមកនូវជោគជ័យក្នុងការបំបាត់ជម្ងឺកញ្ជ្រឹល និងការបំបាត់ជម្ងឺតេតាណូសមាតានិងទារក គឺត្រូវធ្វើការគ្របដណ្ដប់វ៉ាកសាំងឱ្យ ប្រជាជននៅគ្រប់សហគមន៍ ដោយរួមទាំងទីក្រុង និងតំបន់ ដែលមិនមានឱកាសទទួលបានវ៉ាក់សាំងការពារកន្លងមក ដូចជាជនបទ ដាច់ស្រយាល ជនជាតិភាគតិច និងប្រជាជនដែលកំពុងចល័ត គិតទាំងក្រុមអ្នកចំណាកស្រុកប្រកបមុខរបរតាមរាជធានី-ខេត្ដនានាផងដែរ។
លោក សុខ សុគន្ធ បញ្ជាក់ថា យុទ្ធនាការនេះបានតម្រូវឱ្យបុគ្គលិក និងមន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់មានការទទួលខុស ត្រូវខ្ពស់ សកម្មភាពតស៊ូជំនះរាល់ការលំបាក សហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអ្នកស្ម័គ្រចិត្ដភូមិ ដើម្បីចលនាស្វែងរកកុមារ នៅគ្រប់ទីកន្លែងឱ្យមកទទួលថ្នាំបង្ការឱ្យបានគ្រប់គ្នា ទើបយុទ្ធនាការនេះបានជោគជ័យ។
យុទ្ធនាការផ្ដល់ថ្នាំបន្ថែមបង្ការទាំងអស់គ្នាត្រូវបន្ដរួមគ្នាចលនាអប់រំប្រជាជនឱ្យបានយល់ដឹងពីអត្ថប្រយោជន៍នៃថ្នាំបង្ការ ហើយនាំបុត្រធីតាឱ្យមកទទួលថ្នាំបង្ការជាបន្ដទៀត ព្រមទាំងផ្ដល់សេវាសុខភាពមាតា និងទារកដូចជាការពិនិត្យផ្ទៃពោះ ការសម្រាលកូនជាដើម។
លោក គឹម អាង អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា សម្រាប់វ៉ាក់សាំងនេះរដ្ឋាភិបាល បានប្រើប្រាស់ថវិកាបដិភាគជាមួយនឹងម្ចាស់ជំនួយដែលមានឈ្មោះថា GAVI ដើម្បីធ្វើយ៉ាងណាឱ្យកុមារបានទទួលវ៉ាក់សាំងការពារ ជម្ងឺកញ្ជ្រឹលឱ្យបាន២ដូសក្នុងមួយជីវិតរបស់ពួកគេ។ លោកថ្លែងថា ៖ ខ្ញុំបានដឹងព័ត៌មានខ្លះៗពីកម្មវិធីផ្ដល់ថ្នាំបង្ការនេះ គឺថាកម្មវិធី នេះ ត្រូវចុះទៅអនុវត្ដនៅតាមសហគមន៍ទាំងទីក្រុងនិងជនបទ ដោយតម្រូវទៅលើកុមារដែលមិនទាន់បានទទួលវ៉ាក់សាំងការពារ ជម្ងឺកញ្ជ្រឹលសោះ និងកុមារដែលធ្លាប់បានទទួលម្ដងហើយ ប៉ុន្ដែក៏អាចមានឱកាសនិងបានទទួលម្ដងទៀតដែរ។ ដូច្នេះការរៀបចំរបស់ រដ្ឋាភិបាលទៅលើកម្មវិធីជាតិផ្ដល់ថ្នាំបង្ការនេះ វាកំពុងតែជំរុញឱ្យកម្ពុជាឈានទៅរកការអភិវឌ្ឍន៍លើកម្មវិធីផ្ដល់ថ្នាំបង្ការដូចប្រទេស ដទៃទៀតដែរ។
Leave a Reply