សានសាណា ជាពិធីការិនីមួយរូបដែលលេចធ្លោក្នុងកម្មវិធីជាច្រើន នៅស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន។ សព្វថ្ងៃនេះសានសាណារវល់នឹងអាជីពជាពិធីការិនី ដែលជាហេតុធ្វើឱ្យសាណាមានការហត់នឿយខ្លាំង។ ប៉ុន្ដែជុំវិញភាពមមាញឹកនៃអាជីពនេះមិនបានធ្វើឱ្យសម្រស់សានសាណាធ្លាក់ចុះទេ។ ផ្ទុយទៅវិញសម្រស់របស់សានសាណាកាន់តែស្រស់ស្អាតជាងមុននិងសុខភាពកាន់តែមាំមួន។ រូបសម្រស់ដ៏ស្រស់សោភារបស់សាណាត្រូវបានទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសកោតសរសើរ។
សានសាណារីករាយណាស់ក្នុងការទម្លាយអាថ៌កំបាំងពីការថែរក្សាសម្រស់ ក៏ដូចជាថែទាំសុខភាពរាងកាយរបស់ខ្លួនជូន ប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលវិស័យសិល្បៈ
ដំបូងឡើយសានសាណាជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ថ្ងៃមួយសានសាណាបាន ទៅសាលា ហើយក៏បានជួបអ្នកចាត់ការទូទៅនៅស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនដោយចៃដន្យ។ ដោយមើលឃើញសានសាណាពូកែនិយាយ ហើយមានសមត្ថភាពអាចធ្វើជាពិធីការិនីបានក៏បាននាំសានសាណាទៅធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនតែម្ដង តាំងពីទូរទស្សន៍ស៊ីធីអ៊ិនចាប់់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៣រហូតមកដល់សព្វថ្ងៃនេះ។
ការថែរក្សារូបសម្រស់
ក្នុងអាជីពជាពិធីការិនីដ៏ឆ្នើមមួយរូប កាន់កម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ស៊ីធីអ៊ិនពិតជាធ្វើឱ្យសានសាណាមានការ រវល់និងហត់នឿយច្រើន។ ប៉ុន្ដែភាពមមាញឹកនៅជុំវិញការងារជាពិធីការិនីនេះសានសាណាក៏មិនបណ្ដោយឱ្យសម្ផស្សទៅតាមអាយុកាលដែរ។ សានសាណាបានធ្វើឱ្យទូរទស្សនិកជនគ្រប់រូប ទាំងក្នុង និងក្រៅប្រទេសបានធ្វើការកោតសរសើរពីរូបសម្រស់ ដ៏ស្រស់សោភាផូរផង់របស់ខ្លួនដែលកាន់តែស្អាតទៅៗ។
- ការថែរក្សាសក់ ៖ ក្នុងនាមជាពិធីការិនី ត្រូវការធ្វើម៉ូតសក់ជារៀងរាល់ថ្ងៃរាល់លើក។ ជាហេតុធ្វើឱ្យសរសៃសក់ពុំសូវ មានសំណើម និងមានបញ្ហាសក់ស្ងួត ហើយបែកចុង។ ដូចនេះសានសាណាបានជ្រើសរើសសាប៊ូដែលត្រូវជាមួយសរសៃសក់និងស្បែក ក្បាលរួមផ្សំនឹងការប្រើផលិតផលអប់ផង ដើម្បីជួយបន្ទន់សរសៃសក់ឱ្យទន់រលោង។
- ការថែរក្សាភ្នែក ៖ ការមើលឃើញវត្ថុអ្វីមួយដែលមានទំហំតូចឬធំ ស្អាតឬមិនស្អាត គឺអាស្រ័យទៅលើភ្នែកដែលសម្លឹងមើល។ ដូចនេះសានសាណាស្រឡាញ់ភ្នែកណាស់ ហើយមានការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រាប់ភ្នែកមិនឱ្យមានបញ្ហាឡើយ។ នៅពេលចេញទៅខាងក្រៅសានសាណាត្រូវពាក់វ៉ែនតាដើម្បីការពារពីពន្លឺថ្ងៃ។
- ការថែរក្សាចិញ្ចើម រោមភ្នែក និងបបូរមាត់ ៖ សានសាណាស្រឡាញ់ចិញ្ចើមក្រាស់ហើយរាល់ថ្ងៃក៏សានសាណាមិនបានថែទាំចិញ្ចើមដែរ ព្រោះចិញ្ចើមរបស់សានសាណាក្រាស់ស្រាប់តាំងពីធម្មជាតិ។ នៅពេលទំនេរសានសាណាចូលចិត្ដពត់រោមភ្នែក ដោយមិនប្រើម៉ាស្ការ៉ាទេ ព្រោះខ្លាចធ្វើឱ្យខ្មៅរវង់ភ្នែក។ សានសាណាប្រើម៉ាស្ការ៉ានៅពេលឡើងឆាកតែប៉ុណ្ណោះហើយពត់ឱ្យង។ ចំពោះបបូរមាត់សានសាណាចូលចិត្ដលាបក្រែមដែលមានជាតិរលោង លាបរាល់ពេលយប់។ ទោះបីជាឡើងឆាកឬចេញទៅខាងក្រៅ សានសាណាប្រើក្រែមដែលមានពណ៌ស្រាលបន្ដិចរួចយកក្រែមទឹករលោងមកលាបពីលើបបូរមាត់ ដើម្បីកុំឱ្យបបូរមាត់ប្រេះ និង ស្ងួត។
- ការថែរក្សាធ្មេញ ៖ ក្នុងមួយថ្ងៃសានសាណាធ្វើការសម្អាតធ្មេញ៣ដងយ៉ាងតិច។ បញ្ហាមាត់ធ្មេញសំខាន់ណាស់សម្រាប់សានសាណាមិនអាចឱ្យមានបញ្ហាក្លិនមិនល្អឡើយ។ សានសាណាមានការអនាម័យធ្មេញជានិច្ចចំពោះសុខភាពមាត់ធ្មេញព្រោះបើ មានក្លិនមិនល្អ ធ្វើឱ្យខ្លួនឯងពុំមានសេចក្ដីសុខ ហើយមានអារម្មណ៍ខ្មាសអ្នកដទៃ។
- ការថែរក្សាស្បែកមុខ ៖ ដោយប្រើម្សៅផាត់រាល់ពេលឡើងឆាកបានធ្វើឱ្យស្បែកមុខសានសាណាស្ងួតពុំមានសំណើម។ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភចំពោះស្បែកមុខ។ ដូចនេះសានសាណាបានងាកមកប្រើឡេលាបស្បែកមុខវិញដោយលាបនៅពេល យប់ ដើម្បីជួយឱ្យស្បែកមុខមានជាតិសំណើម ស្រស់ស្អាតតាមបែបធម្មជាតិ។
- ការថែរក្សាស្បែកដងខ្លួន ៖ ពេលចេញទៅខាងក្រៅ សានសាណាបានប្រើឡេម្យ៉ាងដែលមានជាតិការពារពន្លឺថ្ងៃដែលធ្វើឱ្យស្បែកមិនក្រៀមស្ងួតនៅពេលត្រូវកម្ដៅថ្ងៃ តែឡេនេះមិនបានជួយឱ្យស្បែកសទេ។ ពេលនៅផ្ទះសានសាណាប្រើឡេម្យ៉ាងទៀត ដែលលាបទៅជួយឱ្យស្បែកមានជាតិសំណើម ភ្លឺរលោងស្អាត។ រាល់ពេលយប់ក្រោយពេលងូតទឹកសម្អាតខ្លួនហើយសានសាណាយក ឡេមកលាបពេញរាងកាយមុនពេលទទួលទានដំណេក។
- ការថែរក្សាក្រចកដៃជើង ៖ សានសាណាស្រឡាញ់ក្រចកដៃជើងល្មម មិនវែងពេក ហើយក៏មិនខ្លីពេកដែរ។ នៅពេលចូលរួមក្នុងកម្មវិធី កញ្ញាចូលចិត្ដលាបថ្នាំក្រចកពណ៌ស និងពណ៌ផ្កាឈូក ដោយលាបនៅចុងក្រចកដៃរួចទើបយកទឹករលោងមកលាប ពីលើក្រចកដៃ។ រីឯក្រចកជើង កញ្ញាចូលចិត្ដលាបថ្នាំក្រចកពណ៌ខ្មៅដោយលាបពេញក្រចកបន្ទាប់មកទើបយកទឹករលោងមកលាប បន្ថែមនៅលើក្រចកជើង។
ការថែទាំសុខភាពរាងកាយ
រាល់ថ្ងៃសានសាណាមមាញឹកច្រើនក្នុងអាជីពជាពិធីការិនី ដែលជួនកាលធ្វើឱ្យសាណាស្ទើរតែភ្លេចញ៉ាំបាយទឹក។ តែភាពហត់នឿយជុំវិញអាជីពនេះ ក៏មិនបានធ្វើឱ្យកញ្ញាភ្លេចពីការថែទាំសុខភាពដែរ។ រៀងរាល់ថ្ងៃទោះបីជាសានសាណាមានពេលខ្លះភ្លេច ថែទាំសុខភាពរាងកាយ ក៏មានលោកប៉ាអ្នកម៉ាក់របស់កញ្ញាជួយរំលឹកដែរ។ ពេលល្ងាចត្រឡប់មកពីធ្វើការវិញសានសាណាហាត់ ប្រាណដូចជារាំជាដើម។ សានសាណាទទួលទានអាហារយ៉ាងទៀងទាត់ ៣ដងក្នុង១ថ្ងៃហើយកញ្ញាមិនចូលចិត្ដអាហារដែលមានជាតិ ខ្លាញ់ទេ។ សានសាណាចូលចិត្ដញ៉ាំផ្លែឈើ និងអាហារសាច់ បន្លែច្រើនព្រោះដើម្បីជួយឱ្យស្បែកមានសម្រស់។
បំណងសម្រាប់ថ្ងៃអនាគត
អាជីពជាពិធីការិនីពិតជាមិនអាចឋិតថេរនោះទេ។ ប៉ុន្ដែសានសាណានៅតែស្រឡាញ់អាជីពនេះ ហើយនៅតែបន្ដជាពិធីការិនីរហូតទៀត ប្រសិនបើមានទូរទស្សនិកជនគាំទ្រ។ ទោះបីជាយ៉ាងណាសានសាណាត្រូវការភាពរីកចម្រើនទៅថ្ងៃអនាគតដោយចង់មានក្រុមហ៊ុនដើម្បីធ្វើជំនួញមួយ។ នៅពេលនេះកញ្ញាមិនទាន់ហ៊ានប្រាប់ដល់ទូរទស្សនិកជនថាជាជំនួញអ្វីឡើយ។
បណ្ដាំផ្ញើរបស់ ខៀវ សានសាណា
សម្រាប់អ្នកដែលមានរវល់នឹងការងារច្រើន សូមងាកមកមើលសុខភាពខ្លួនឯងផងព្រោះប្រយ័ត្នសុខភាពទ្រុឌទ្រោមនាំឱ្យសម្រស់ធ្លាក់ចុះ ហើយថែមទាំងមានផលវិបាកទៅដល់ការងារជាច្រើនទៀត។ សម្រាប់សុភាពនារីវិញក្រៅពីចង់បានសុខភាពមាំមួន ហើយ ត្រូវចេះថែរក្សាសម្ផស្សផង កុំបណ្ដោយឱ្យសម្រស់ដ៏ស្រស់សោភាធ្លាក់ចុះទៅតាមអាយុកាលអី។ ចំណែកប្អូនៗដែលជាកុមារា កុមារីកំពុងសិក្សាត្រូវខិតខំរៀនសូត្រ ព្រោះប្អូនៗគឺជាសសរទ្រូងរបស់ប្រទេសជាតិ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដផ្ទាល់របស់កញ្ញា ខៀវ សានសាណាតែប៉ុណ្ណោះ។ សូម លោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ខៀវ សានសាណា ឈ្មោះក្រៅ ៖ តុប ឬ ស្រី
- អាយុ ៖ ២២ឆ្នាំ
- កម្ពស់ ៖ ១,៥៥ ម៉ែត្រ
- ទម្ងន់ ៖ ៤២ គីឡូក្រាម
- ទំហំទាំងបី ៖ ៣២ ២៥ ៣៦
- មានបងប្អូន ៖ ២នាក់ (ជាកូនទី២)
- កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍
- អាជីពបច្ចុប្បន្ន ៖ ជាពិធីការិនីនៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply