នៅលើរង្វង់ភ្នែកទាំងគូរបស់មនុស្ស រោមចិញ្ចើមពណ៌ខ្មៅកោងដូចដងធ្នូជាចំណែកមួយដែលជួយឱ្យសម្រស់កែវភ្នែកនិង ផ្ទៃមុខរឹងរឹតមានសោភ័ណគួរជាទីគយគន់និងទាក់ទាញបំផុត។ ដោយរោមចិញ្ចើមមានតួនាទីសំខាន់សម្រាប់សម្រស់ផ្ទៃមុខ ទើប សុភាពនារីមានរោមចិញ្ចើមតិច ឬរោមចិញ្ចើមស្ដើង តែងតែស្វែងរកសេវាកម្មតរោមចិញ្ចើមដើម្បីបន្ថែមសម្រស់របស់ខ្លួន។ តើផ្នែក កែសម្ផស្សអាចតរោមចិញ្ចើមបានយ៉ាងដូចម្ដេច?
លោកស្រី ងិន ម៉ានីយ៉ា នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្សសូហ្វីយ៉ាជួយបកស្រាយអំពីវិធីតរោមចិញ្ចើមជូនលោកស្រីអ្នកនាងកញ្ញាឱ្យបានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ហេតុអ្វីត្រូវតរោមចិញ្ចើម?
រោមចិញ្ចើមមានលក្ខណៈមិនដូចគ្នាទេ។ លោកស្រីអ្នកនាងកញ្ញាខ្លះមានរោមចិញ្ចើមក្រាស់ពីធម្មជាតិដោយមិនចាំបាច់ប្រើផលិតផលជំនួយអ្វីឡើយ។ អ្នកខ្លះទៀតបែរជាមានរោមចិញ្ចើមស្ដើង ជួនកាលស្ទើរតែគ្មានតែម្ដងទៀតផងនេះហើយជាមូលហេតុធ្វើ ឱ្យអ្នកទាំងនោះជ្រើសរើសវិធីតរោមចិញ្ចើមដើម្បីបានរោមចិញ្ចើមក្រាស់ ហើយវែងជាងមុន។ ម្យ៉ាងទៀតដោយសារមិត្ដនារីខ្លះកោរ រោមចិញ្ចើមអស់ ហើយការដុះលូតលាស់ជាថ្មីប្រើរយៈពេលយូរទើបសម្រេចចិត្ដតរោមចិញ្ចើមក៏មានដែរ។
វិធីតរោមចិញ្ចើម
រោមចិញ្ចើមដែលត្រូវតមាន៣ប្រភេទ តម្រូវទៅតាមរោមចិញ្ចើមដែលចង់បានឬធម្មជាតិ។ រោមចិញ្ចើមលេខ១មានសរសៃរាងធំហើយខ្មៅ រោមចិញ្ចើមប្រភេទលេខ២មានសរសៃតូចល្មម និងពណ៌មិនសូវខ្មៅឡើយលេខ៣ជាសរសៃឆ្មារស្ដើងហើយខ្លី។ ប៉ុន្ដែភាគច្រើននិយមតរោមចិញ្ចើមប្រភេទទី៣ ព្រោះមានសរសៃឆ្មារងាយស្រួលក្នុងការត និងនៅពេលតរួចស្អាតព្រមទាំងមាន ភាពសមរម្យជាមួយទម្រង់ចិញ្ចើមកំណើត។ ចំពោះបច្ចេសទេសក្នុងការតរោមចិញ្ចើមមុនដំបូងលោកស្រីអ្នកនាងកញ្ញាជ្រើសរើស ប្រភេទរោមចិញ្ចើមមួយណាក៏បានដែរ ឱ្យតែសក្ដិសមយកមកលាបជាមួយជ័រស្អិតរួចសូមយកទៅភ្ជាប់ជាមួយរោមចិញ្ចើមពីកំណើត ទៅតាមទំហំដែលត្រូវការ។ រោមចិញ្ចើមដែលតមិនអាចជាប់រហូតនោះទេគឺបានតែមួយរយៈប៉ុណ្ណោះ ហើយជ្រុះទៅវិញម្ដងបន្ដិចៗ។
ផលប្រយោជន៍នៃការតរោមចិញ្ចើម
ជាធម្មតានៅពេលតភ្ជាប់រួចរាល់ ធ្វើឱ្យមានរោមចិញ្ចើមក្រាស់ជាងមុន ងាយស្រួលក្នុងការតុបតែង។ ម្យ៉ាងទៀតវាអាច ជួយលើកសម្រស់ស្រស់ស្អាតបានមួយកម្រិត និងក្មេងជាងវ័យ ពិសេសគឺជាការផ្លាស់ប្ដូរទម្រង់ចិញ្ចើមឬប្លែកជាងពីមុនដោយសារការ ច្នៃប្រឌិត។
ដំបូន្មានអ្នកប្រឹក្សា
រោមចិញ្ចើមចៀសមិនផុតឡើយនូវការប៉ះទង្គិចនៅពេលតុបតែង។ ហេតុដូចនេះលោកស្រីអ្នកនាងកញ្ញាមិនត្រូវគូសចិញ្ចើមញឹកញាប់ពេកទេ ព្រោះធ្វើឱ្យរោមចិញ្ចើមងាយជ្រុះ។ លោកស្រីអ្នកនាងកញ្ញាគួរប្រើផលិតផលជំនួយបន្ថែមដើម្បីថែរក្សាមិនឱ្យជ្រុះ និងថែរោមចិញ្ចើមខ្មៅ ហើយក្រាស់ខុសពីចិញ្ចើមកំណើត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply