ស្រែ​សរីរាង្គ និរន្តរភាព​និងការ​ចិញ្ចឹម​ជីវិត​

អង្ករ ឬ​ស្រូវ​សរីរាង្គ គឺ​ជា​ផលិត​ផល​មួយ​ដែល​ផលិត​តាម​ក្បួន​ខ្នាត និង​គោលការណ៏​ធម្មជាតិ ​ដោយ​ពុំប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ឬជី​គីមី ដែល​នាំ​អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។ ភាគ​ច្រើន​នៃប្រជាជន​ជាង ​៣​ពាន់​​លាន​​នាក់​ នៅ​អាស៊ី (ពាក់​​កណ្តាល​​នៃ​​ប្រ​ជាជន​ពិភព​លោក)​ រស់​​នៅ​ពឹង​​ផ្អែក​លើ​ស្រូវ-​អង្ករ ជា​អាហារ​សំខាន់។ កសិករ​ខ្មែរ​បាន​ប្រើប្រាស់​ថ្នាំ​ពុល​ពី​ធម្មជាតិ​ និង​ វិធី​សាស្រ្ត​ផ្សែងៗ​ទៀត​ដើម្បី​ការពារផល​ដំណាំ​ និង​ កសិផល​ផ្សែងៗ​ ពី​ការបំផ្លាញ​យាយី​ពីសំណាក់​កត្តា​ចង្រៃ​ តាំងតែ​ពី​មុន​ពេល​មាន​ជីគីមី​ និង​ថ្នាំ​កសិកម្ម​មក​ម្លេះ​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បច្ចុប្បន្ន អ្នក​ចូលរួម​ប្រមាណ ៧០​នាក់ រួម​មាន​តំណាង​កសិករ​ផលិត​ស្រូវ​សរីរាង្គ​មក​ពី​បណ្តា​ខេត្ត តំណាង​មន្ទីរ​កសិកម្ម​ខេត្ត តំណាង​អគ្គ​នាយដ្ឋាន​កសិកម្ម​នៃក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តំណាង​អង្គការ​កសិកម្ម​យុវ​សហគ្រិន​អ្នក​បរិភោគ បាន​នឹង​បន្ត​ចូល​រួម​អង្គ​សិក្ខា​សាលា​មួយ​ស្តី​អំពី “កែ​លម្អ​ដំណាំ​ស្រូវ និង​ជីវៈ​ចម្រុះ​របស់​យើង” នៅ​ការិ​យា​ល័យ​អង្គ​ការ​សេដាក។

ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​សារៈ​សំខាន់​របស់​ស្រូវ-អង្ករ ចំពោះ​ការ​ចិញ្ចឹម​ជីវិត​ និងការ​រស់​នៅ​របស់​ប្រជាជន​អាស៊ី សកម្មភាព​រួម​គ្នា​ដើម្បី ដំណាំ​ស្រូវ -Collective Rice Action (CORA) ឆ្នាំ ២០១២ បាន​នឹង​កំពុង​រៀប​ចំធ្វើ​ដោយ​បណ្តា​អង្គ​ការ​មហា​ជនក្រុម​កសិករ​ ក្រុម​ស្រ្តី​ជន​បទ​​ និងក្រុម​អ្នក​បរិភោគ ក្នុង​ប្រទេស​ចំនួន ១៤ នៅ​អាស៊ី​រួមមាន​ប្រទេស ចិន ជប៉ុន កូរ៉េ កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា នេប៉ាល់​ ប៉ាគី​ស្ថាន បង់​ក្លា​ដេស ម៉ាឡេ​ស៊ី និង​ប្រទេស​អ៊ីរ៉ង់ ចាប់​ពីថ្ងៃ​ទី ២២ ឧសភា​ដល់​ថ្ងៃទី ០៥ មិថុនា ឆ្នាំ ២០១២ ក្រោម​ប្រធាន​បទ “កែលម្អ​ដំណាំ​ស្រូវ និង​ជីវៈចម្រុះ​របស់​យើង” ក្នុង​គោល​បំណង​រួម​មួយ​ដើម្បី​ការពារ​សិទ្ធិ​ប្រជាជន​មាន​អាហារ គ្រាប់​ពូជ​ ការចិញ្ចឹម​ជីវិត សុខភាព​ និងបរិស្ថាន​ជីវៈ​ចម្រុះ។នៅ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​យុទ្ធនា​ការនេះ អង្គការ​សេដាក​ នឹងរៀប​ចំ​សិក្ខា​សាលា​ស្តី​អំពី “ស្រែ​​សរីរាង្គ​ដើម្បី​និរន្តរ​ភាព​ការ​ចិញ្ចឹម​ជីវិត” នៅ​ថ្ងៃទី ២៥ ខែ​ឧសភា ឆ្នាំ ២០១២ នៅ​ការិយាល័យ​អង្គការ​សេដាក ក្រុង​ភ្នំពេញ ក្នុង​គោល​បំណងៈ

1. បង្កើន​ការយល់​ដឹងអំពី​សារៈ​សំខាន់​នៃការ​ធ្វើស្រែ​សរីរាង្គ

2. បង្ហាញ​បទពិសោធន៌​របស់​កសិករ​ធ្វើ​ស្រែ​សរីរាង្គ ដែល​ចូលរួម​ចំណែក​ក្នុងការ​លើក​ស្ទួយ​ជីវ​ភាព​កសិករ 

3. ផ្សព្វ​ផ្សាយ​ផែន​ការជំរុញ​ការ​ធ្វើ​ស្រែ​សរីរាង្គ ដើម្បី​និរន្តរ​ភាពការ​ចិញ្ចឹម​ជីវិត និងសុវត្ថិ​ភាពចំណី​អាហារ។

គួររំលឹក​ថា​ ឥឡួវនេះ​នៅ​កម្ពុជា​ ស្រូវសរីរាង្គ​លក់​បាន​ថ្លៃ​ជាង​ស្រូវ​ធម្មតា​ ។ អ្នក​ជំនាញ​ការផ្នែក​អភិវឌ្ឍន៍​បាន​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​មាន​​ឱកាស​ដ៏​ធំធេង​ក្នុង​ការ​ឈាន​ទៅ​កាន់​ទីផ្សារសរីរាង្គ​ពិភព​លោក​ ហើយ​នឹង​ក្លាយ​ជា​សួន​ច្បារ​បៃតង​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

បច្ចុប្បន្ន​ស្ថាន​ភាព​នៃ​ការ​ប្រើ​ប្រាស់​ជី​គីមី​ និង​ថ្នាំ​កសិកម្ម​នៅ​កម្ពុជា​ កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ស្ថាប័ន និងសារធារណ​ជនផ្សេង​ៗ​ជា​ច្រើន​ ហើយ​កន្លង​មក ក៏​មាន​ការ​សិក្សា​មួយ​ចំនួន​បានធ្វើ​ឡើង​​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ទី​ផ្សារ ស្ថាន​ភាព​នៃ​ការ​ប្រើ​ប្រាស់​ និង ផល​ប៉ះ​របស់​ថ្នាំ​កសិកម្ម និងជី​គីមី​ទៅ​លើ​គ្រួសារ​កសិករ​ ព្រម​ទាំង​បាន​ផ្តល់​អនុសាសន៍​ ដល់​កសិករ​ យើង​ថា​ គួរ​តែ​អនុវត្ដ​តាម​វិធាន​ការ​ចម្រុះ​គ្រប់​គ្រង​ដំណាំ​ ឫ​ប្រព័ន្ធ​ប្រពល​វប្ប​កម្ម​ចម្រុះ​ និងជា​ពិសេស​ការផ្សព្វ​ផ្សាយឲ្យ​ប្រជាជន​កម្ពុជា និង​ប្រជា​កសិករ​ទាំងឡាយ​ងាក​មក​ប្រើប្រាស់​ជី និងថ្នាំ​ពុល​ធម្មជាតិ​ជំនួស​ជីគីមី និងថ្នាំ​ពុលគីមី​ជំនួស​វិញ។

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ ៖​ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *