ការគិតរបស់មនុស្សយើងមានលក្ខណៈមិនដូចគ្នាឡើយ។ ការគិតច្រើនហួសហេតុពេកអាចធ្វើឱ្យមានផលវិបាកចំពោះខ្លួន ឯង ព្រោះនាំឱ្យអារម្មណ៍សោកសៅ និងមានភាពតានតឹង។ ដើម្បីសម្រួលមិនឱ្យគិតច្រើនលោកអ្នកគួរតែរកដំណោះស្រាយមួយដ៏ ប្រសើរមកអនុវត្ដន៍ ព្រោះកាលណាទុកកាន់តែយូរអាចក្លាយជាបញ្ហាធ្ងន់ធ្ងរបាន។
លោកស្រីវេជ្ជបណ្ឌិត ចក ធីតាឯកទេសវិកលវិទ្យាបានចូលខ្លួនមកបកស្រាយនូវរឿងដែលពាក់ព័ន្ធនឹងការគិតច្រើនជូន លោកអ្នកបានជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ស្ថានភាពគិតច្រើន
គិតច្រើនជាកង្វល់ដែលពាក់ព័ន្ធនឹងការងារ បញ្ហាគ្រួសារឬបញ្ហាផ្សេងៗទៀតដែលបណ្ដាលឱ្យគិតច្រើនដោយសារដោះ ស្រាយមិនចេញ ឬពិបាកដោះស្រាយ។ បញ្ហានៃកង្វល់អាចមកពីកង្វះការទទួលខុសត្រូវនិងមិនយល់ចិត្ដគ្នារវាងអ្នកនៅជុំវិញខ្លួន។ បញ្ហានេះច្រើនកើតលើលោកអ្នកដែលឧស្សាហ៍ឬព្យាយាមនឹងការងារឬជាមនុស្សយកចិត្ដទុកដាក់ជាមួយអ្នកដទៃជាដើម។
មូលហេតុដែលនាំឱ្យគិតច្រើន
គ្មាននរណាម្នាក់លើលោកនេះមិនចេះគិត ឬគ្មានរឿងដែលត្រូវគិតនោះទេគ្រាន់តែតិចឬច្រើនទៅតាមស្ថានភាពជាក់ស្ដែង តែប៉ុណ្ណោះ។ បញ្ហាចម្បងដែលធ្វើឱ្យលោកអ្នកតែងតែជួប និងគិតជាប្រចាំនោះមានដូចជា ៖
- បញ្ហាគ្រួសារ ៖ គ្មានអ្វីពិបាកដោះស្រាយជាងរឿងនេះទេព្រោះបញ្ហាគ្រួសារស្មុគស្មាញដោះស្រាយមិនចេះចប់មិនេចេះ ហើយ។ រឿងរ៉ាវនេះហើយដែលធ្វើឱ្យលោកអ្នកមួយចំនួនស្មុគស្មាញរហូតដល់ក្លាយជាមានវិបត្ដិ។
- បញ្ហាការងារ ៖ សង្គមបច្ចុប្បន្នបញ្ហាការងារ និងគ្រួសារដើរទន្ទឹមគ្នា។ ការងារមានច្រើនយ៉ាងខុសៗគ្នាការងារមួយចំនួន ទាមទារការត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ ម្ល៉ោះហើយទើបលោកអ្នកចាំបាច់ត្រូវប្រើការគិតច្រើនដែលជួនកាលគិតហួសកម្រិតធ្វើឱ្យ មានបញ្ហា។ សម្ពាធការងារធ្ងន់ធ្ងរ បរិស្ថានកន្លែងធ្វើការមិនប្រសើរ គ្មានទំនាក់ទំនងមិត្ដរួមការងារសុទ្ធតែជាដើមចមនៃការគិត។
- បញ្ហាសេដ្ឋកិច្ច ៖ ប្រាក់ចំណូលមានកម្រិតតិចតួចមិនសមស្របនឹងតម្រូវការចំណាយបានក្លាយជាប្រធានបទចម្បងក្នុង ការគិត ព្រោះថាបើមិនមានប្រាក់គ្រប់គ្រាន់ នោះគ្រប់ចង្វាក់នៃការរស់នៅត្រូវរាំងស្ទះ ឬខកខាន។
- បញ្ហាសង្គម ៖ សង្គ្រាម អសន្ដិសុខ គ្រោះមហន្ដរាយ និងគ្រោះធម្មជាតិបានធ្វើឱ្យប្រជាពលរដ្ឋាមានកង្វល់នៅក្នុងចិត្ដ ភ័យខ្លាចគ្រប់ពេលវេលា។ នេះក៏ជាមូលហេតុនាំឱ្យមានការគិតច្រើនដែរ។ បញ្ហាសង្គមក៏អាចធ្វើឱ្យប្រជាពលរដ្ឋក្លាយទៅជាអ្នក ជម្ងឺផ្លូវចិត្ដដោយមិនដឹងខ្លួន។
វិធីព្យាបាលការគិតច្រើន
ដើម្បីបញ្ចៀសការគិតទាំងនេះ លោកអ្នកត្រូវតែហ៊ានទទួលយកអ្វីដែលជាការពិតចំពោះខ្លួនឯងនិងអ្នដែលនៅជុំវិញព្រោះគ្មានអ្នកណាដឹងអ្វីដែលពិតប្រាកដជាងលោកអ្នកខ្លួនឯងឡើយ។ ប្រសិនជាអាចគិតបែបនេះបាននោះលោកអ្នកប្រាកដជាទទួល ជោគជ័យសម្រាប់អ្វីកំពុងតែប្រតិបត្ដិ ជាពិសេសអាចបំបាត់នូវការគិតច្រើនទៀតផង។ ម្យ៉ាងទៀតលោកអ្នកមិនត្រូវទុកចិត្ដអ្នកដទៃ ច្រើនជាងខ្លួនឯងនោះទេ ព្រោះអាចមានវិប្បដិសារីនៅពេលក្រោយ។ ប្រការមួយទៀតលោកអ្នកគួររកពេលសម្រាកពីការសិក្សា ឬការងារទៅលម្ហែកម្សាន្ដខ្លះ ទើបជួយកាត់បន្ថយនូវការគិតច្រើនបាន។ សំខាន់លោកអ្នកត្រូវហ៊ានប្រឈមមុខនឹងការពិត និងរកវិធី ដោះស្រាយបញ្ហាដោយសន្ដិវិធី។ ការតវ៉ាយកចាញ់យកឈ្នះ និងគិតច្រើនឬគិតផ្ដេសផ្ដាសវាមិនបានរីកចម្រើនអ្វីឡើយ។
ផលវិបាកនៅពេលគិតច្រើន
ការគិតច្រើនអាចធ្វើឱ្យលោកអ្នកមួយចំនួនទៅជាអ្នកជម្ងឺផ្លូវចិត្ដ។ ការធ្វើអត្ដឃាតចំពោះខ្លួនឯងគឺដោយសារពិបាកក្នុង អារម្មណ៍ ឬឬចាកចេញពីផ្ទះ និងបង្កជម្លោះជាមួយអ្នកដទៃជាដើម។ លោកអ្នកមានទឹកមុខស្រពាប់ស្រពោននិងកាយវិការសោះ អង្គើយជាមួយអ្នកនៅជុំវិញខ្លួនរហូតដល់និយាយមិនចេញទៀតផង។ បើលោកអ្នកមិនព្រមបោះបង់នូវការគិតច្រើននោះទេ ការពិបាក នឹងត្រូវធ្លាក់មកលើខ្លួនឯងដដែល។
វិធីទប់ស្កាត់ការគិតច្រើន
ខាងក្រោមនេះជាវិធីទប់ស្កាត់មួយដ៏ល្អបំផុតចំពោះលោកអ្នក រឿងរ៉ាវដែលពាក់ព័ន្ធនិងការគិតផ្សេងៗ។
- គួរយកបញ្ហាមកដោះស្រាយ ចៀសវាងការលាក់ទុក ប្រសិនបើលោកអ្នកអាចធ្វើទៅបាន
- ពិភាក្សាជាមួយដៃគូ ដែលអាចទុកចិត្ដបាន
- ត្រូវគិតថាអ្នកណាក៏មានបញ្ហាដែរ មិនអាចចៀសបានឡើយ
- មិនត្រូវធ្វើអ្វីឱ្យអ្នកនៅជុំវិញខ្លួនមើលងាយ ឬវាយតម្លៃលោកអ្នកបាន(និយាយច្រើន ឆាប់ទុកចិត្ដអ្នកដទៃ)
- មិនត្រូវមើលមនុស្សក្នុងផ្លូវល្អពេកឡើយ ព្រោះអាចមានបញ្ហានៅពេលក្រោយ នាំឱ្យខកចិត្ដ
- សហការ និងបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកនៅជុំវិញខ្លួន
- ចៀសវាងទំនាស់ឱ្យបានច្រើនបំផុត
- ធ្វើលំហាត់ប្រាណឱ្យបានច្រើន
- បែងចែកពេលវេលាក្នុងការដើរកម្សាន្ដ
- ត្រូវប្រុងប្រយ័ត្នពាក្យសម្ដីដែលអ្នកដទៃនិយាយមកកាន់ខ្លួន ព្រោះមានអ្នកខ្លះមានបំណងល្អចំពោះយើងហើយក៏មាន អ្នកខ្លះមិនល្អផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
គិតច្រើនធ្វើឱ្យលោកអ្នកមួយចំនួនមានការលំបាកក្នុងអារម្មណ៍ រហូតអាចទៅជាគិតខ្លី។ ហេតុដូចនេះលោកអ្នកគួរគិតថា កើតមកជាមនុស្សត្រូវតែជួបទាំងរឿងល្អទាំងរឿងអាក្រក់។ ដើម្បីកាត់បន្ថយបញ្ហាគិតច្រើនលោកអ្នកគប្បីធ្វើដំណោះស្រាយចំពោះ ខ្លួនឯងជាមុនសិន ទើបដោះស្រាយជាមួយអ្នកដទៃបានសម្រេច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply