ក្លន​អាច​ព្យាបាល​ជា​រហ័ស

មាន​បញ្ហា​ច្រើន​ណាស់​ដែលមាន​ការពាក់​ព័ន្ធទៅ​នឹង​កន្សោម​នៃ​ប្រដាប់​ភេទ​របស់​បុរស។ ជម្ងឺ​ក្លនក៏​ជាជម្ងឺ​មួយ​ប្រភេទ​ដែរ ដែល​តែងតែ​ទាក់ទិន​រវាង​សរី​រាង្គ​ក្នុងពោះ និង​កន្សោម​ពង​ស្វាស។ ចាស់​បូរាណ​មួយ​ចំនួន​តែង​និយម​ហៅថា​ជម្ងឺ​ក្លនលូន។ ជម្ងឺ​នេះ អាច​កើតឡើង​ទាំង​ចំពោះ​ក្មេង​ទាំង​ចំពោះ​មនុស្ស​វ័យ​ចាស់ ហើយ​វាក៏​អាចបង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​ប្រសិន​បើអ្នក​ជម្ងឺ​បណ្ដែត បណ្ដោយ មិនធ្វើ​ការព្យា​បាលឱ្យ​ទាន់ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង លេខនេះ​បានជួប​សម្ភាស​លោក​វេជ្ជ​បណ្ឌិត កែវ ការីណូ​ជា​ប្រធាន​ផ្នែក​ម៉ូត្រ​សាស្ដ្រ​នៃមន្ទីរ​ពេទ្យ ព្រះកុ​សុមៈ ដើម្បី​ចែក​រំលែក​ព័ត៌មាន​ស្ដី​អំពី​ជម្ងឺ​ក្លន​លូនជូន​ប្រិយ​មិត្ដ​អ្នកអាន​បានជ្រាប។

អ្វីជា​ជម្ងឺ​ក្លន?

ខ្មែរ​យើង​តែង​ហៅជា​សាមញ្ញ​ថា​ជម្ងឺ​ក្លន ឬក្លន​លូន ឯនៅ​ក្នុង​ភាសា​បច្ចេក​ទេស​របស់​បារាំង​ហៅថា អ៊ែកនី។ ជម្ងឺ​ក្លន​អាច ចាប់​ផ្ដើម​កើតមាន​ឡើង​ចំពោះ​ក្មេង​តាំងពី​កំណើត​មកម្ល៉េះ ដោយ​សរីរាង្គ​ក្នុងពោះ​ធ្លាក់​ចូលទៅ​ក្នុង​ប្លោក​ពង​ស្វាស​ដែល​ច្រើនតែ​ជា ស្រទាប់​អេពី​ប្លុង និងពោះ​វៀនតូច។ ជម្ងឺ​ក្លនមាន​ពីរ​កម្រិត ៖

1 . ក្លន​ប្រភេទ​ទី១ ឬអ៊ែក​នីអាំង​ហ្គុយ​ណាល់ ៖ ជា​ប្រភេទ​ក្លនលូន​ដែល​សរីរាង្គ​ក្នុងពោះ​ធ្លាក់​ដល់​បំពង់​អាំង​ហ្គុយ​ណាល់

2 . ក្លន​ប្រភេទ​ទី២ ឬអ៊ែក​នីអាំង​ហ្គុយ​ណូស្កូ​តាល់ ៖ ជា​ប្រភេទ​ក្លនលូន​ដែល​សរីរាង្គ​ក្នុងពោះ​ធ្លាក់​ចូលដល់​ប្លោក​ពង​ស្វាស។

បំពង់​អាំង​ហ្គុយ​ណាល់ ជាផ្លូវ​ដែល​ពង​ស្វាស បំពង់​មេ​ជីវិត សរសៃ​ឈាម​និង​សរសៃ​ប្រសាទ​ធ្លាក់ចុះ​មកផ្នែក​ខាង​ក្រោម (ប្លោក​ពង​ស្វាស)។ ជា​ទូទៅ​បំពង់​អាំង​ហ្គុយ​ណាល់​នេះបិទ​ជិត​បន្ដិច​ម្ដងៗ ពេល​ទារក​ជិតកើត​ឬ​ប្រសូត​ពី​ផ្ទៃម្ដាយ​ទើបបិទ​ជិតជា ស្ថាពរ​ពេល​ទារក​ប្រសូត​រួច។ ក្នុង​ករណី​បិទមិន​ជិត​ដោយ​សារតែ​ការ​វិវត្ដ​យឺត អាចនាំ​ឱ្យកើត​ជម្ងឺក្លន។ ទន្ទឹម​នឹងការ​បិទមិន​ជិតនៃ បំពង់​អាំង​ហ្គុយ​ណាល់ ប្រសិន​បើក្មេង​យំច្រើន មាន​ជម្ងឺ​ក្អកយូរ​អង្វែង​ក៏ជា​ហេតុ​ធ្វើឱ្យ​មាន​សម្ពាធ​ក្នុងពោះ​ខ្លាំង ដែល​អាច​រុញ​ច្រាន​ធ្វើ ឱ្យ​សរីរៈ​ផ្សេងៗ ដូចជា​ស្រទាប់​អេពី​ប្លុង ពោះវៀន​តូច ពោះ​វៀនធំ​និង​ខ្នែង​ពោះវៀន​ជាដើម ងាយ​ធ្លាក់​ចូលទៅ​ក្នុង​ប្លោក​ពង​ស្វាស។ ការធ្លាក់​ចូលនេះ​ហើយ​ដែល​ហៅថា​ជម្ងឺ​ក្លន ឬក្លន​លូន។ ម្យ៉ាង​វិញ​ទៀត​មនុស្ស​ពេញ​វ័យ ឬ​មនុស្ស​ចាស់​ដែលធ្វើ​ការធ្ងន់ ខំប្រឹង​ធ្វើអ្វី មួយ មាន​ប្រព័ន្ធ​អាំង​ហ្គុយ​ណាល់​ខ្សោយ​ឬ​ខណៈ​ពេល​ដែលក្នុង​ពោះមាន​សម្ពាធ​ខ្លាំង ក៏អាច​មាន​ចលនា​រុញ​ច្រាន​សរីរាង្គ​ក្នុងពោះ​ឱ្យ ចូលទៅ​ក្នុង​ប្លោក​ពង​ស្វាស​បង្កើត​ជាជម្ងឺ​ក្លន​បានដែរ។

រោគ​សញ្ញា​ជម្ងឺក្លន

ចំពោះ​មនុស្ស​ពេញ​វ័យ គេអាច​សង្កេត​លក្ខណៈ​ក្លនលូន​បាន​ដោយ​ខ្លួនឯង។ ប៉ុន្ដែ​ចំពោះ​កុមារ​ដែល​ពុំទាន់​ដឹងក្ដី​គឺ​អាណា ព្យា​បាល​ទើបអាច​ដឹង​ដោយ​ប្រើការ​សង្កេត​ទៅលើ​លក្ខណៈ​ខុស​ប្រក្រតី​មួយ​ចំនួន។

  • នៅផ្នែក​ខាងក្រោម​នៃពោះ​ខាង​ឆ្វេង ឬខាង​ស្ដាំ នឹងឡើង​ប៉ោង​ជាង​ម្ខាងទៀត ពិសេស​ពេលវា​យំ ពេល​ក្អក​ឬពេល​ប្រឹង។ ហើយ​ជួនកាល​វាអាច​ឡើង​ប៉ោង​ទាំងសង​ខាងដែរ ប៉ុន្ដែ​មានពេល​ខ្លះអាច​ស្រក​រាប​ទៅវិញ​ជា​ពិសេស​ពេល​ឈប់​យំ ពេលដេក​ផ្ងារ​លើ ផ្ទៃ​រាប ឬពេល​យក​ម្រាមដៃ​សង្កត់​បញ្ចូល​តិចៗ
  • ករណី​ក្លន​លូន​ដែល​សរីរាង្គ​ធ្លាក់​ចូលដល់​ប្លោក​ពង​ស្វាស នោះ​ប្លោក​ពង​ស្វាស​នឹងឡើង​ធំ អាចតែ​ម្ខាង​ឬ​ទាំង​សងខាង
  • អាចមាន​ការចុក​ចាប់ខ្លាំង​នៅពេល​ដែល​សរីរាង្គ​ធ្លាក់​ចូលក្នុង​ប្លោក​ពង​ស្វាស​ហើយវា​មិនអាច​លូន​ត្រឡប់​មកក្នុង​ពោះ​វិញ នោះទេ។ ជា​ហេតុ​បង្កឬ​ធ្វើឱ្យ​ស្ទះ​ផោម និងការ​ធ្លាក់ចុះ​នូវ​លាមក​ក្នុង​ពោះវៀន
  • អាច​មានការ​ក្អួត​ចង្អោរ ក្រោយ​ពីមាន​ការស្ទះ​ដោយ​សារ​ការបត់​ពោះវៀន​នៅក្នុង​ប្លោក​ពង​ស្វាស

ការ​ព្យាបាល​ជម្ងឺក្លន

កន្លង​មក​មានការ​ព្យាបាល​តាម​បែប​បូរាណ ដូចជា​ការពាក់​ក្រវិល​ម្ខាង ការ​អុចតាម​សរសៃ ឆ្កឹះ​ឬកាយ​សរសៃ​ក្បែរៗ​បរិវេណ​ប្រដាប់​ភេទជា​ដើម។ បើមិន​ដូច្នោះ​ទេគេ​ប្រើបង់​ដារុំ​ព័ទ្ធ​ជុំវិញ​ចង្កេះ ដើម្បី​រឹតមិន​ឱ្យមាន​ការឡើង​ប៉ោង​និង​ធ្លាក់​ពោះវៀន​ចូល ទៅក្នុង​ប្លោក​ពង​ស្វាស តែពុំ​មាន​ប្រសិទ្ធ​ភាព​ឡើយ។ ការ​ព្យាបាល​តាម​បែប​វេជ្ជ​សាស្ដ្រ​ទំនើប​គឺជា​ការវះ​កាត់​ដើម្បី​ធ្វើការ​ព្យាបាល។ ក្នុង​ករណី​ដែល​ជម្ងឺ​កាន់តែ​ធ្ងន់ ដោយ​មានការ​ចុកចាប់ ដែល​បណ្ដាល​មកពី​ការស្ទះ​ពោះវៀន​អាចត្រូវ​ធ្វើការ​ព្យាបាល​ទាំងពោះ​វៀន ឬអាច​កាត់ត​ពោះវៀន​ក៏មាន។ ចំពោះ​ការវះ​កាត់​ព្យាបាល​នេះអាច​ធ្វើបាន​ចំពោះ​អ្នក​ជម្ងឺ​គ្រប់វ័យ​ដោយ​រាប់​បញ្ចូល​ទាំងក្មេង​តូចផង ដែរ។ នេះជា​មធ្យោ​បាយ​ប្រសើរ​មួយ​ដែរ។ ប្រសិន​បើអ្នក​ជម្ងឺ​ឆាប់ទៅ​ទទួល​សេវា​វះកាត់​ព្យាបាល ជា​ពិសេស​អ្នកជម្ងឺ​ដែលនៅ​ក្មេង មាន​ជម្ងឺ​មិនទាន់​ធ្ងន់ធ្ងរ ដោយ​មុខ​របួស​វះកាត់​ព្យាបាល​ឆាប់ជា​សះ​ស្បើយ។

ផល​ប៉ះពាល់​នៃ​ជម្ងឺក្លន

ដំណាក់​កាល​ដំបូង​នៃ​ជម្ងឺក្លន ពេលខ្លះ​ឈឺ ពេលខ្លះ​បាត់ឈឺ ឬមាន​អាការ​ធម្មតា​ដូចមិន​មានអ្វី​កើតឡើង​នោះទេ។ អ្នក​ជម្ងឺ មួយ​ចំនួន​យល់​ច្រឡំ​ថា ឈឺពោះ​បន្ដិច​បន្ដួច​ធម្មតា។ ប៉ុន្ដែ​នៅពេល​ដែល​អាការ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទើបអ្នក​ជម្ងឺ​ស្វែងរក​សេវា​ព្យាបាល។ នៅក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​នេះ ការ​សង្គ្រោះ​របស់​គ្រូពេទ្យ​ជំនាញ​កាន់តែ​ពិបាក​និងអាច​មានផល​ប៉ះពាល់​កាន់តែ​ច្រើនដែរ។

  • លាមក​ដែល​ស្ទះជាប់​ក្នុង​ពោះវៀន​បត់ជាប់​ក្នុងប្លោក​ពង​ស្វាស អាច​បង្កឱ្យ​មាន​មេរោគ​រីករាល​ដាលកាន់​តែច្រើន​និងអាច បង្ក​គ្រោះថ្នាក់​ដល់​ពង​ស្វាស​ថែម​ទៀតផង
  • អ្នក​ជម្ងឺ​មានការ​ឈឺចុក​ខ្លាំង ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ
  • អ្នក​ជម្ងឺ​អាច​រលាក​ជាំ​ពោះ​វៀន និងអាច​រលួយ​ដាច់​ពោះវៀន
  • អ្នក​ជម្ងឺ​អាច​ត្រូវវះ​កាត់ត​ពោះវៀន​ដែល​ខូច​ធ្ងន់ធ្ងរ
  • ជួន​កាល​អ្នកជម្ងឺ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​បន្ដ​ពូជ
  • អ្នក​ជម្ងឺ​ត្រូវ​ឆ្លង​កាត់​ការវះ​កាត់​ព្យាបាល​ជា​ចាំបាច់
  • អ្នក​ជម្ងឺ​អាច​ស្លាប់​បាន ប្រសិន​បើមាន​ការ​ធ្វេស​ប្រហែស

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ប្រសិន​បើ​លោក​អ្នក​មានកូន​ដែល​កើត​ជម្ងឺក្លន ឬបុរស​ទាំង​ឡាយ​ដែលកើត​ជម្ងឺ​នេះ​សូម​កុំមាន​ការ​បារម្ភ​ភ័យ​ខ្លាច​នូវការ វះកាត់​ព្យាបាល ព្រោះថា​ការវះ​កាត់​ព្យាបាល​បាន​ឆាប់គឺ​ជា​វិធី​ដ៏​ប្រសើរ​ក្នុងការ​បង្ការ​មិនឱ្យ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ។ ម្យ៉ាង​ទៀត​ការវះ​កាត់ ព្យាបាល​នេះជា​វិធី​ដ៏មាន​ប្រសិទ្ធ​ភាព ប្រើពេល​ប្រមាណ​ជា១​ម៉ោងតែ​ប៉ុណ្ណោះ​និងអាច​ជាសះ​ស្បើយ​ក្នុង​រយៈពេល​១សប្ដាហ៍​ក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *