នៅពេលដែលមានផ្ទៃពោះគ្រប់ស្ដ្រីចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាមួយចំនួនដែលកើតមាន ឡើងចំពោះម្ដាយ និងកូនក្នុងផ្ទៃ។ ជាដំបូងគ្រូពេទ្យវាយតម្លៃទៅលើកត្ដាដែលអាចនាំឱ្យមានគ្រោះថ្នាក់សម្រាប់ម្ដាយនិងទារក ដែលនៅក្នុងផ្ទៃ។ មានបញ្ហាជាច្រើនដែលអាចបង្កគ្រោះថ្នាក់បានក្នុងនោះអាយុរបស់ម្ដាយក៏ជាកត្ដាមួយដែលគួរឱ្យព្រួយបារម្ភ។ ការ មានផ្ទៃពោះនៅពេលដែលមានអាយុតិច ឬច្រើនអាចនាំឱ្យមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតទាំងម្ដាយនិងកូន។
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈអត្ថបទការពពោះនៅវ័យចំណាស់មានគ្រោះថ្នាក់ដែលជា បទសម្ភាសន៍ជាមួយលោកសាស្ដ្រចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
បញ្ហារបស់ស្ដ្រីវ័យចំណាស់
ជាធម្មតាមនុស្សគ្រប់រូបនៅពេលដែលឈានដល់អាយុចាប់ពី៣៥ឆ្នាំឡើងទៅ គេចាត់ទុកថាជាវ័យចំណាស់។ វ័យនេះលោក អ្នកទាំងប្រុសទាំងស្រីភាគច្រើនជួបបញ្ហាមិនប្រក្រតីផ្នែកសុខភាព ដោយត្រូវប្រឈមមុខនឹងជម្ងឺមួយចំនួនដូចជាជម្ងឺលើសឈាម ទឹកនោមផ្អែម ទឹកនោមប្រៃ បេះដូង ឈឺសន្លាក់ជាដើម។ ក្នុងករណីដែលស្ដ្រីនោះមិនមានផ្ទៃពោះកម្រិតនៃការប្រឈមមុខនឹង គ្រោះមិនធ្ងន់ធ្ងរប៉ុន្មានទេ។ ផ្ទុយទៅវិញបើស្ដ្រីស្ថិតនៅក្នុងវ័យនេះហើយថែមទាំងពពោះទៀតនោះ អត្រានៃគ្រោះថ្នាក់កើនឡើងទ្វេ ដងលើសស្ដ្រីធម្មតា។ សណ្ឋានពពោះត្រូវបានបែងចែកជាពីរដំណាក់កាល។
- ស្ដ្រីដែលមានកូនដំបូងនៅពេលមានអាយុលើសពី៣៥ឆ្នាំ
- ស្ដ្រីដែលមានកូនចុងក្រោយនៅពេលមានអាយុលើសពី៤០ឆ្នាំ
គ្រោះថ្នាក់ដែលកើតលើការពពោះរបស់ស្ដ្រីចំណាស់
មិនមែនគ្រប់ស្ដ្រីដែលមានផ្ទៃពោះនៅពេលមានអាយុលើសពី៣៥ឆ្នាំសុទ្ធតែមានគ្រោះថ្នាក់ទាំងអស់នោះទេ។ លោកអ្នក ដឹងទេថាជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកមានស្ដ្រីប្រហែល១៤០០នាក់ស្លាប់ដោយបញ្ហាដែលទាក់ទងនឹងការមានផ្ទៃពោះ និង ការសម្រាលកូន។ មានស្ដ្រីរាប់ម៉ឺនអ្នកជួបប្រទះនឹងផលវិបាកក្នុងពេលមានផ្ទៃពោះដែលគំរាមកំហែងដល់ជីវិតស្ដ្រី និងទារក ឬក៏ បន្សល់ឱ្យពួកគេនូវពិការភាពធ្ងន់ធ្ងរ។ បញ្ហាសំខាន់ៗនៃគ្រោះថ្នាក់នោះរួមមានគ្រោះថ្នាក់ចំពោះម្ដាយនិងគ្រោះថ្នាក់ចំពោះទារក។
1 . គ្រោះថ្នាក់ចំពោះម្ដាយ
ស្ដ្រីជាម្ដាយមានអត្រាគ្រោះច្រើនជាងកូន ដែលជួនកាលអាចបណ្ដាលឱ្យបាត់បង់ជីវិតទៀងផងបើជួយសង្គ្រោះមិនទាន់ ពេលវេលា។
- អាចមានបញ្ហារលូតកូន ព្រោះតាមការសិក្សាបានបញ្ជាក់ឱ្យដឹងថាស្ដ្រីដែលអាយុលើសពី៤០ឆ្នាំឡើងទៅអាចប្រឈម មុខនឹងបញ្ហារលូតកូនរហូតដល់៥០ភាគរយឯណោះ។
- មិនអាចសម្រាលតាមធម្មតាបាន ហើយចាំបាច់ត្រូវវះកាត់ព្រោះស្ដ្រីជាម្ដាយអាចមានជម្ងឺផ្សេងៗដូចជាជម្ងឺលើសឈាម ទឹកនោមផ្អែមជាដើម។
- ស្ដ្រីខ្លះមានជម្ងឺទឹកនោមផ្អែមហើយមានផ្ទៃពោះ ឬមានផ្ទៃពោះហើយទើបមានជម្ងឺទឹកនោមផ្អែមនោះជាហេតុផលមួយ ដែលធ្វើឱ្យស្ដ្រីមានបញ្ហាក្រឡាភ្លើងនៅពេលសម្រាល
- មានបញ្ហាកើតមិនគ្រប់ខែ ទោះបីជាស្ដ្រីនោះព្យាយាមប្រតិបត្ដិតាមវេជ្ជបញ្ជាយ៉ាងណាក៏ដោយ
2 . គ្រោះថ្នាក់ចំពោះកូន
កូនដែលកើតមកពីម្ដាយដែលមានអាយុច្រើនអាចមានបញ្ហាមួយចំនួនដូចជា ៖
- កូនកើតមកមិនគ្រប់លក្ខណៈដែលទាក់ទងទាំងស្រុងទៅនឹងហ្សែនក្រូម៉ូសូមដែលនៅក្នុងខ្លួនស្ដ្រីជាម្ដាយនោះផ្ទាល់តែម្ដង ដោយមិនមែនពាក់ព័ន្ធទៅនឹងបញ្ហាចំណីអាហារ ឬក៏បរិស្ថាននោះទេ។ ហេតុផលទាំងនេះអាចនាំឱ្យមានបញ្ហាខាងប្រាជ្ញាស្មារតី មិន ឆ្លាត ឬមិនរហ័សរហួន រៀនមិនចេះជាដើម
- ទារកនៅក្នុងផ្ទៃមិនសូវលូតលាស់បានល្អ ជាហេតុធ្វើឱ្យទារកកើតមកមានទម្ងន់តិចជាង២គីឡូក្រាមកន្លះ
- អាចមានបញ្ហាមរណៈភាពរបស់កុមារ(កូនកើតមកស្លាប់)ច្រើនជាងចំណុចគ្រោះថ្នាក់ខាងលើនេះនៅមិនទាន់គិតដល់ស្ដ្រីដែលមានអាយុលើសពី៣៥ឆ្នាំ ធ្លាប់មានផ្ទៃពោះ៤ដងឬច្រើនជាងនេះនោះអត្រាមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងនោះទៅទៀត។
ប្រការគួរប្រតិបត្ដិ ពេលមានផ្ទៃពោះនៅវ័យចំណាស់
វ័យដែលសមស្របបំផុតសម្រាប់ស្ដ្រីមានផ្ទៃ ឬបន្ដពូជនោះគឺចាប់ពីអាយុ១៨ដល់៣៥ឆ្នាំ។ អត្រាមានគ្រោះថ្នាក់នៃការ សម្រាលនឹងត្រូវកាត់បន្ថយយ៉ាងច្រើនក្រៃលែង បើសិនស្ដ្រីជាម្ដាយមានសុខភាពល្អនិងមានអាហារគ្រប់គ្រាន់នៅពេលមានផ្ទៃពោះ។ ប្រការមិនអាចខ្វះបាននោះ គឺស្ដ្រីត្រូវទៅពិនិត្យសុខភាពនិងផ្ទៃពោះនៅពេលមានផ្ទៃពោះយ៉ាងតិចពីរដងក្នុងកំឡុងពេលមានផ្ទៃ ពោះ និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ ពីព្រោះបញ្ហាគ្រោះថ្នាក់អាចកើតឡើងដោយមិនបានដឹងជាមុនក្នុងពេល មានផ្ទៃពោះនិងពេលសម្រាល ឬក្រោយសម្រាល។
ដំបូន្មានអ្នកជំនាញ
គ្រប់ស្ដ្រីទាំងអស់គួរពិចារណាឱ្យបានល្អិតល្អន់ កំណត់ពេលវេលាក្នុងការមានផ្ទៃពោះដើម្បីចៀសវាងគ្រោះថ្នាក់ដូចដែល បានរៀបរាប់ខាងលើនេះ។ សូមចងចាំថាការមានផ្ទៃពោះមុនអាយុ១៨ឆ្នាំ ឬក្រោយអាយុ៣៥ឆ្នាំអាចបង្កនិងបង្កើនគ្រោះថ្នាក់ដល់ សុខភាពម្ដាយនិងទារក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply