របៀប​ថែទាំ​គភ៌ និង​ទារក​ក្នុង​ផ្ទៃ

ការ​ស្វែង​យល់ពី​ដំណើរ​វិវត្ដ​ទៅនៃ​ការ​លូតលាស់​របស់​ទារក​នៅក្នុង​ផ្ទៃ គឺដើម្បី​ទទួល​បានបុត្រ​ម្នាក់​ប្រសូត​មកមាន​រាងកាយ មាំមួន ប្រាជ្ញា​វាងវៃ​គួរឱ្យ​ស្រឡាញ់​សមតាម​បំណង។ វាជា​រឿង​សំខាន់​ណាស់​សម្រាប់​​ឪពុក​ម្ដាយ​គ្រប់រូប​ដែល​ប្រាថ្នា​ចង់បាន​បុត្រ ព្រោះថា​ប្រសិន​បើមាន​ការថ្លោះ​ធ្លោយ នឹងធ្វើ​ឱ្យយើង​មាន​វិប្បដិ​សារី​មិនខាន​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោកស្រី អ៊ូ សារឿន​ឆ្មប​បម្រើការ​នៅមជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដើម្បី​ទទួល​ការ​ប្រឹក្សា។

ការ​វិវត្ដ​របស់​ទារក

ទារក​វិវត្ដឥត​ឈប់ឈរ ចាប់តាំង​ពីពេល​បង្ក​កំណើត​រហូត​ដល់ពេល​កើត។ ទារក​ចាប់ផ្ដើម​ទំក្នុង​ផ្ទៃ​របស់​មាតា​នៅអាយុ​៨ ទៅ១០​ថ្ងៃ ទារក​ចាប់ផ្ដើម​បង្កជា​រូបរាង​ដែលអាច​ឱ្យយើង​ប្រើ​ឧបករណ៍​ដើម្បី​ឆ្លុះ​ពិនិត្យ​មើល​ឃើញបាន​ហើយនៅ​អាយុ​១៦​សប្ដាហ៍ ទារក​មាន​ក្បាល​រីកធំ មាន​ត្រចៀក ច្រមុះ និងដៃ​ជើង។ នៅអាយុ​២០​សប្ដាហ៍​គ្រប់ផ្នែក​នៃរាង​កាយ​របស់​ទារក​ចាប់ផ្ដើម​វិវត្ដ​ពេញគ្រប់ លក្ខណៈ ដូចជា​មានរោម ក្រចក​ជាដើម។ លើសពី​នេះទៅ​ទៀតទារក​ចាប់ផ្ដើ​មក​ម្រើក​ខ្លួន​ចង្វាក់​បេះដូង​លោតដែល​អាចឱ្យ​យើង ស្ដាប់ដឹង។ អាយុ​២៤​សប្ដាហ៍​ទារក​មានស្បែក​ជ្រួញ​ពណ៌​ក្រហម មានក្បាល​រីកធំ​ហើយ​អាចប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ​មើល​ភេទ​របស់ ទារក​បាន។ ទារក​ដែលកើត​នៅ​កំឡុង​អាយុ​នេះអាច​ដក​ដង្ហើម​បាននៅ​ពេលកើត​ភ្លាម ប៉ុន្ដែពុំ​អាច​សង្គ្រោះ​ឱ្យមាន​ជីវិត​បាននោះ​ទេ។ ខួរក្បាល​មានការ​លូតលាស់​ប៉ុន្ដែពុំ​អាចត្រួត​ពិនិត្យ​សីតុណ្ហ​ភាពបាន​ទេ នៅពេល​ដែលទារក​មាន​អាយុ២៨​សប្ដាហ៍។ ទារក​មាន​ស្បែក​ពណ៌​ក្រហម​ដែល​គ្របដណ្ដប់​ទៅដោយ​សារធាតុ​ខ្លាញ់​ពិសេស​(ធាតុ​ពណ៌ស​ដែលមាន​នៅលើ​ស្បែក​ទារក​ពេលកើត) ទារក​ចាប់ ផ្ដើម​បង្វែរ​ក្បាលចុះ​ក្រោមទៅ​រកមាត់​ស្បូន។ ចំពោះ​ទារក​ដែលកើត​នៅអាយុ​នេះ ទារក​អាច​កម្រើក​អវយវៈ​ដោយខ្លួន​ឯងបាន ដូចជា ដក​ដង្ហើម យំខ្សាវៗ​កម្រើក​ដៃជើង​ជាដើម ក៏ប៉ុន្ដែ​ភាគរយ​ដែល​ជួយឱ្យ​ទារក​រស់រាន​មាន​ជីវិត​មានតិច​តួច​ណាស់។ រហូត​ដល់​៣២​សប្ដាហ៍​ទារក​នៅតែ​មានស្បែក​ជ្រួញ​ពណ៌​ក្រហម​ដដែល មានរោម​ឆ្មារៗ​នៅលើ​ស្បែក។ ចំពោះ​ទារក​ដែលកើត​នៅ​អាយុ​៣២​សប្ដាហ៍​នេះអាច​រស់មាន​ជីវិត​បាន ប៉ុន្ដែ​ត្រូវឋិត​ក្រោមការ​ថែទាំ​ជា​ពិសេស។ នៅអាយុ​៤០សប្ដាហ៍​ទារក​មានស្បែក​ពណ៌​ក្រហម​រលោង​គ្រប​ដណ្ដប់​ទៅ​ដោយ​សារជាតិ​ខ្មៅ និងស។ នៅអាយុ​នេះ​ទារកអាច​រស់នៅ​ក្រៅស្បូន​បាន ហើយវា​ក៏ជា​រយៈពេល​ដែលទារក​ប្រសូត ផងដែរ។

ប្រការ​គួរយក​ចិត្ដទុក​ដាក់ពេល​មានផ្ទៃ​ពោះ

ដើម្បី​សុខភាព​របស់​ទារក​នៅក្នុង​ផ្ទៃ មាតា​គ្រប់រូប​ត្រូវយក​ចិត្ដទុក​ដាក់អំពី​ការធ្វើ​អនាម័យ​ខ្លួន​ប្រាណ​និង​បរិភោគ​ចំណី​អាហារ​ប្រចាំថ្ងៃ។ អាហារ​ស្អាតមាន​អនាម័យ​ល្អ និង​គ្រប់គ្រាន់ ពិតជា​ធ្វើឱ្យ​ទារក​លូតលាស់​មាន​សុខភាព​ល្អជា​មិនខាន។ ផ្ទុយ​ទៅវិញ កង្វះ​ចំណី​អាហារ​របស់​ម្ដាយ និង​ចំណី​អាហារ​គ្មាន​អនាម័យ​ពុំឆ្អិន​ល្អ ធ្វើឱ្យ​ទារក​លូតលាស់​មិនបាន​ល្អ​និងមាន​បញ្ហានៅ​ពេលកើត ដូចជា កើតពុំ​គ្រប់​លក្ខណៈ កំសោយ​បញ្ញា ខ្សោយ​ភ្នែក​ជាដើម។

1. ចំណី​អាហារ

ចំណី​អាហារ​ដែលស្ដ្រី​មានមាន​ផ្ទៃពោះ​ត្រូវ​បរិភោគ​មានដូច​ជា ៖

  • អាហារ​ថាមពល ជា​ប្រភេទ​អាហារ​ដែលធ្វើ​ឱ្យរាង​កាយ​មាំមួន
  • អាហារ​ទ្រទ្រង់ ជា​ប្រភេទ​អាហារ​ជួយឱ្យ​រាងកាយ​លូតលាស់​បានល្អ
  • អាហារ​ការពារ ជា​អាហារ​ដែលការ​ពាររាង​កាយទប់​ទល់នឹង​ជម្ងឺ​ផ្សេងៗ

ក្រៅពី​ចំណី​អាហារ​ដែលគួរ​យល់ដឹង​ហើយនោះ ស្ដ្រីមាន​ផ្ទៃពោះ​ក៏ត្រូវ​ស្វែងយល់​អំពី​សារជាតិ​ដែលធ្វើ​ឱ្យប៉ះ​ពាល់ដល់​ទារក ក្នុងផ្ទៃ​ផងដែរ។ មាន​សារជាតិ​មួយចំនួន​ដែលធ្វើ​ឱ្យប៉ះ​ពាល់ដល់​ដំណើរ​ការ​លូតលាស់​របស់​ទារក​ឬធ្វើ​ឱ្យ​ទារក​កើតមក​ពុំគ្រប់​លក្ខណៈ ដូចជា​បារី សុរា និងសារ​ជាតិ​គីមី​មួយ​ចំនួន​ជាដើម។

2. ផ្លូវចិត្ដ​របស់​មាតា មាន​ឥទ្ធិពល​ដល់​ទារក​ក្នុងផ្ទៃ

ប្រព័ន្ធ​ផ្លូវចិត្ដ​របស់​មាតា​ដូចជា​ម៉ាស៊ីន​ថតដែល​ផ្ដិតយក​រូបភាព និង​បញ្ជូន​ព័ត៌មាន​ទៅ​ទារក​ក្នុងផ្ទៃ។ កាលណា​មាតា​មាន អារម្មណ៍​ភិតភ័យ ស្លន់ស្លោ​ខ្លាំងជា​ញឹក​ញាប់ ធ្វើឱ្យ​ទារក​មានការ​លូតលាស់​មិនបាន​ល្អ។ ការ​ទទួល​យកព័ត៌​មានពី​ខាង​ក្រៅ ដូចជា​ការ មើល​ឃើញ​នូវហេតុ​ការណ៍​មិនល្អ​ផ្សេងៗ​ការប៉ះ​ទង្គិច​ផ្នែក​សតិ​អារម្មណ៍​អាចធ្វើ​ឱ្យប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក និង អាចឱ្យ​ទារក​មាន​បញ្ហា​ផ្នែក​សតិ​អារម្មណ៍ មាន​ស្មារតី​មិន​គ្រប់គ្រាន់​ជាដើម។

សញ្ញា​សម្គាល់​ការ​លូតលាស់​របស់​ទារក

ជាការ​ពិតណាស់ ដូចបាន​រៀបរាប់​មកខាង​លើរួច​មកហើយ ទារក​លូតលាស់​ឥត​ឈប់​ឈរ​ចាប់​តាំងពី​ពេលមក​ចាប់​កំណើត ក្នុងផ្ទៃ​រហូត​ដល់ពេល​កើត។ ហេតុនេះ​ហើយ​មានតែ​ស្ដ្រី​ជាម្ដាយ​ទេ ដែល​បានដឹង​ច្បាស់​ពីការ​លូតលាស់​នេះ។ ការរើ​បម្រះ​ជាញឹកញាប់ បង្ហាញ​ពីការ​លូតលាស់​បានល្អ​របស់​ទារក។ ក៏ប៉ុន្ដែ​ផ្ទុយ​ទៅវិញ​ប្រសិន​បើ​ទារក​ពុំបម្រះ ឬពុំ​សូវបម្រះ​ពោះមិន​សូវធំ ស្ដ្រី​មាន​អាការ ឈឺ​ក្បាលខ្លាំង​ជាញឹក​ញាប់ ហើម​ដៃជើង បណ្ដាល​មកពី​ស្ដ្រីមាន​សម្ពាធ​ឈាមខ្ពស់​ជាដើម​ជា​សញ្ញា​បង្ហាញ​ថា​ទារក​មានការ​លូតលាស់ ពុំសូវ​បានល្អ ស្ដ្រីជា​ម្ដាយ​គួរទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដើម្បី​ទប់​ស្កាត់​ហេតុ​ការណ៍​អាក្រក់​ណាមួយ​ដែលអាច កើតលើ​ទារក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មាន​រោគ​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ដែលទាម​ទារឱ្យ​មានការ​ព្យាបាល​ជា​បន្ទាន់​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ​ដូចជា ៖

  • មាន​ទម្ងន់​កើនឡើង​មិន​គ្រប់គ្រាន់​(យ៉ាងតិច​កើនឡើង​៦គីឡូ​ក្រាមក្នុង​កំឡុង​ពេលមាន​ផ្ទៃពោះ)
  • មាន​ជម្ងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម មាន​ភាពស្លេក​ស្លាំង​នៅផ្នែក​ខាងក្នុង​នៃ​ត្របក​ភ្នែក​(ធម្មតា​មានពណ៌​ក្រហម​ឬពណ៌​ផ្កា ឈូក)​មានការ​អស់​កម្លាំង​ខ្លាំង ឬការ​ហត់ដង្ហក់
  • មាន​ហើម​ខុស​ធម្មតា​នៅជើង ដៃ និងមុខ
  • ទារក​ក្នុងផ្ទៃ​មាន​ចលនា​តិចតួច ឬមិន​មាន​ចលនា​សោះ
  • មានការ​ធ្លាក់​ឈាម​ច្រើន ឬតិច​តាម​ទ្វារមាស​ក្នុង​កំឡុង​ពេលមាន​ផ្ទៃពោះ ឬធ្លាក់​ឈាម​ខ្លាំង​មិនឈប់​មុនពេល​សម្រាល
  • ឈឺ​ក្បាល ឬឈឺ​ពោះខ្លាំង
  • ក្អួត​ខ្លាំងក្លា ឬក្អួត​មិនឈប់
  • គ្រុន​ក្ដៅខ្លាំង
  • មានការ​បែកទឹក​ភ្លោះមុន​ដល់ថ្ងៃ​សម្រាល
  • មានការ​ឈឺចុក​ចាប់ខ្លាំង​ក្លា
  • មាន​សញ្ញា​ប្រកាច់
  • ការ​ឈឺពោះ​យូរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ស្ដ្រី​គ្រប់រូប​ដែលចង់​បានបុត្រ​ត្រូវធ្វើ​ចិត្ដឱ្យ​ជ្រះថ្លា សប្បាយ​រីករាយ​ក្នុងការ​មានគភ៌​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ធ្វើជា​ម្ដាយ និងធ្វើ​យ៉ាងណា​ការពារ​កុំឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុងផ្ទៃ។ ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវ​ចៀស​វាងធ្វើ​ការងារ​ធ្ងន់ៗ​ចៀស​វាងធ្វើ​ដំណើរ​ឆ្ងាយផ្លូវ រលាក់​ខ្លាំង។ ម្យ៉ាងទៀត​គួរតម​រួមភេទ ឬកាត់​បន្ថយការ​រួមភេទ​នៅពេល​ទារក​មាន​អាយុ​ក្នុងត្រី​មាសទី​មួយ​ពោលគឺ​អាយុ​ពីមួយ​ខែ ដល់បី​ខែ។ ស្ដ្រីគួរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​យ៉ាងហោច​ណាស់៤​ដង ដើម្បី​តាមដាន​សុខភាព​និងការ​លូតលាស់​របស់​ទារក។

ម្ដ្កាយ​មាន​សុខភាព​ល្អ ទារក​ថ្លៃថ្លា កូនល្អ​ប្រពៃ វាងវៃ​គួរឱ្យ​ស្រឡាញ់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *