ជាការពិបាកណាស់ក្នុងការហាមឃាត់កុមារមានអាយុ២ខែឬ៣ខែ មិនឱ្យបៀមដៃ។ ការបៀមដៃត្បិតជាសកម្មភាពធម្មតាក៏ដោយ លោកឪពុកអ្នកម្ដាយមិនគួរបណ្ដោយឱ្យក្មេងមានទម្លាប់បៀមដៃឡើយ ព្រោះអាចមានមេរោគចម្លងចូលទៅក្នុងខ្លួន របស់ក្មេង ដែលនៅជាប់ដៃ។
ក្មេងបៀមដៃអាចបណ្ដាលមកពីបញ្ហាច្រើនយ៉ាង។ ដើម្បីឱ្យជ្រាបច្បាស់ លោកវេជ្ជបណ្ឌិត រឹត ច័ន្ទប្រធានផ្នែកសង្គ្រោះ បន្ទាន់ នៃមន្ទីរពេទ្យកុមារជាតិចូលរួមបកស្រាយបំភ្លឺជូនមិត្ដអ្នកអានតាមរយៈទស្សនាវដ្ដី សុខភាពយើង។
មូលហេតុក្មេងបៀមដៃ
ទារកកើតមកដំបូង មាតាបិតាមិនអាចសម្គាល់ឃើញកាយវិការរបស់ទារកភ្លាមៗនោះឡើយ។ បញ្ហាដែលបណ្ដាលឱ្យ ទារកបៀមដៃអាចមកពីនិស្ស័យពីកំណើត។ ម្យ៉ាងទៀតអាចបណ្ដាលមកពីសកម្មភាពដែលនៅជុំវិញខ្លួនស្ដែងចេញឱ្យឃើញ ទើប ក្មេងបៀមដៃតាម ដូចជាអាណាព្យាបាលពេលបញ្ចើចកូន ចូលចិត្ដកាយវិការបៀមដៃ លៀនអណ្ដាតជាដើម។ ទារកខ្លះទៀតបៀម ដៃដោយសារការឃ្លានបៅ និងស្រេកទឹក។ អាការបែបនេះគ្រាន់តែជាទម្លាប់និងជាការបញ្ជាក់ថាក្មេងត្រូវការអ្វីមួយតែប៉ុណ្ណោះ មិន មែនជាបញ្ហាធំដុំនោះឡើយ។ នៅពេលក្មេងមានអាយុ២ ឬ៣ឆ្នាំក្មេងអាចបញ្ឈប់ដោយខ្លួនឯងបាន ប្រសិនបើលោកអ្នកជាឪពុកម្ដាយ ឆ្លៀតពេលខ្លះដើម្បីបញ្ឈប់បញ្ហាទាំងនោះ។
វិធីទប់ស្កាត់ក្មេងបៀមដៃ
ក្មេងបៀបដៃអាចកើតមានរយៈពេលយូរ ប្រសិនបើមិនមានវិធីទប់ស្កាត់ទេនោះ។ ហេតុដូចនេះនៅពេលកូននៅតូចរបស់ លោកអ្នកមានអាការបៀមដៃ គួរទាញដៃរបស់កូនចេញ ដើម្បីចៀសវាងក្លាយជាទម្លាប់។ ម្យ៉ាងទៀតបើកុមារបៀមដៃត្រូវយកទឹក ឱ្យផឹក និងរកចំណីអាហារឱ្យកុមារទទួលទាន ហើយបើកុមារមិនបញ្ឈប់សកម្មភាពនេះទេគួរតែយកប្រដាប់ប្រដាក្មេងឱ្យលេង ដើម្បីបំបាត់សកម្មភាពបៀមដៃ។ លើសពីនេះទៅទៀតអ្នកនៅជុំវិញកុមារមិនត្រូវធ្វើសកម្មភាពអ្វីដែលពាក់ព័ន្ធនឹងការបៀមដៃឱ្យ ទារកឃើញឡើយ ព្រោះទារកអាចចម្លងបានយ៉ាងលឿន។ មិនតែប៉ុណ្ណោះគួរតែឧស្សាហ៍ឱ្យទឹកទៅទារកផឹក ដើម្បីកាត់បន្ថយការ បៀមដៃ។
ផលរំខាននៅពេលកុមារបៀមដៃ
កុមារបៀមដៃធ្វើឱ្យមានការពិបាកដល់អ្នកមើលថែក៏ដូចជាកុមារផ្ទាល់ ព្រោះកុមារហៀរទឹកមាត់ឥតឈប់។ ក្មេងបៀមដៃ អាចបង្កឱ្យមេរោគចូលតាមប្រព័ន្ធផ្លូវដង្ហើម ធ្វើឱ្យរលាកសួតនិងជម្ងឺផ្សេងៗទៀតដោយសារបាក់តេរីនៅជាប់នឹងដៃ។ កុមារតូចៗ ឧស្សាហ៍បៀមដៃជាញឹកញាប់អាចធ្វើឱ្យបបូរមាត់រីកជាងមុន។ ម្យ៉ាងទៀតវានាំឱ្យមានទម្លាប់ជាប្រចាំរហូតដល់ធំជាហេតុនាំឱ្យ ក្មេងខ្វះអនាម័យដោយសារការហៀរទឹកមាត់។
ដំបូន្មានអ្នកប្រឹក្សា
បើលោកអ្នកជាអាណាព្យាបាលរបស់ក្មេងបៀមដៃ គួរតែប្រុងប្រយ័ត្នដើម្បីចៀសវាងជម្ងឺចម្លងមេរោគពីការបៀមដៃ។ លោកអ្នកគប្បីលាងសម្អាតដៃកូនរបស់លោកអ្នកឱ្យបានញឹកញាប់ក្នុងមួយថ្ងៃៗ។ ពេលដែលក្មេងបៀមដៃលោកអ្នកត្រូវចាប់ដៃក្មេង ចេញ ដើម្បីជាសញ្ញាបញ្ជាក់ថាហាមបៀមដៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply