នៅលើពិភពលោកបច្ចុប្បន្ន អត្រាជម្ងឺសរសៃឈាមបេះដូងនិងការស្លាប់ដោយសារជម្ងឺ នេះបាននឹងកំពុងកើនឡើងគួរឱ្យ កត់សម្គាល់។ ដោយឡែកជម្ងឺនេះក៏កំពុងតែកើតមាននៅប្រទេសកម្ពុជាយើងផងដែរហើយដែលចំនួននៃអ្នកកើតជម្ងឺនេះចេះតែកើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជម្ងឺនេះជាប្រភេទជម្ងឺធ្ងន់ធ្ងរហើយអ្នកដែលកើតជម្ងឺសរសៃឈាមបេះដូងត្រូវប្រឈមមុខនឹងគ្រោះ ថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនទទួលការព្យាបាលត្រឹមត្រូវទេនោះ។
នៅក្នុងទំព័រវេជ្ជសាស្ដ្ររបស់ទស្សនាវដ្ដី សុខភាពយើង ស្ដីពីជម្ងឺសរសៃឈាមបេះដូងត្រូវបានលោកវេជ្ជបណ្ឌិត ព្រំវិសេស អ្នកឯកទេសជម្ងឺបេះដូងនៃមជ្ឈមណ្ឌលជម្ងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតធ្វើការបកស្រាយជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់។
ជម្ងឺសរសៃឈាមបេះដូង ជាអ្វី?
ជម្ងឺសរសៃឈាមបេះដូងជាជម្ងឺមួយដែលកើតឡើងដោយសារកំណកបន្ទះជាតិខ្លាញ់ រុំសរសៃឈាមបេះដូង។ បន្ទាប់មក បានធ្វើឱ្យប្រហោងខាងក្នុងនៃសរសៃឈាមបេះដូងរួមតូចរហូតលើសពី៧០ភាគរយដែលនាំឱ្យអ្នកជម្ងឺមានអាការចុកទ្រូងនៅពេល ប្រឹងធ្វើការលំហាត់ប្រាណ ឬកីឡាផ្សេងៗ។ ការវិវឌ្ឍន៍មួយរយៈអាចធ្វើឱ្យឈានទៅដល់ដំណាក់កាលស្រួចស្រាវ គឺការប្រេះ ឬបាក់ បន្ទះខ្លាញ់នៃសរសៃឈាមបេះដូង។ ហើយមានការហូរឈាមនិងការកកឈាមនៅនឹងកន្លែងរហូតស្ទះជិតតែម្ដង ឬស្ទះមិនជិតដែលជាហេតុធ្វើឱ្យសាច់ដុំបេះដូងនៅផ្នែកខាងចុងមិនអាចទទួលយកនូវឈាមមកចិញ្ចឹមបានហើយស្ដែងចេញជាអាការចុកទ្រូងខ្លាំងសឹងនឹង ដាច់ខ្យល់ ពេលខ្លះអាចឱ្យអ្នកជម្ងឺគាំងបេះដូងស្លាប់តែម្ដង។
រោគសញ្ញាជម្ងឺសរសៃឈាមបេះដូង
ប្រសិនបើអ្នកជម្ងឺមិនបានបញ្ចេញពលកម្មទេនោះ ជម្ងឺនេះមិនបានបង្ហាញពីអាការណាមួយដែលអាចឱ្យលោកអ្នកដឹងបាន ទេ។ ផ្ទុយមកវិញជម្ងឺសរសៃឈាមបេះដូងស្ដែងចេញតាមសកម្មភាព នៅពេលដែលអ្នកជម្ងឺធ្វើការហាត់ប្រាណឬធ្វើការងារធ្ងន់ធ្ងរ។ នៅពេលនោះអ្នកជម្ងឺនឹងមានអាការដូចជា ៖
- ចុកទ្រូង ឬណែនទ្រូងខ្លាំង
- ចុករោយស្មាខាងឆ្វេង ឬចុកដៃខាងឆ្វេង
- រោយកញ្ចឹងក ឬរោយចង្កា
- ចុកទ្រូងកើតឡើងពេលធ្វើការ ពេលហាត់ប្រាណ ពេលសម្រាកស្ងៀម
- ចុកទ្រូងធូរស្រាល ឬមិនធូរស្រាល ជាមួយការប្រើប្រាស់ថ្នាំពង្រីកសរសៃឈាម។
មូលហេតុបង្កជម្ងឺសរសៃឈាមបេះដូង
មូលហេតុដែលនាំឱ្យកើតជម្ងឺសរសៃឈាមបេះដូងមានដូចតទៅ។
- កត្ដាជក់បារី ៖ ការពិសាបារីបង្កឱ្យបេះដូងមានបញ្ហា ជាពិសេសមានផលប៉ះពាល់ដល់សរសៃឈាមបេះដូង។
- កត្ដាជម្ងឺផ្សេងៗ ៖ ការមានជម្ងឺ ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសជាតិខ្លាញ់ក្នុងឈាមហើយត្រូវ ធ្វើការព្យាបាលឱ្យជា ព្រោះជម្ងឺទាំងនេះបណ្ដាលឱ្យបេះដូង និងសរសៃឈាមបេះដូងមានផលវិបាក។
- កត្ដាតំណពូជ ៖ ប្រសិនបើនៅក្នុងក្រុមគ្រួសារមានសមាជិកណាម្នាក់កើតជម្ងឺសរសៃឈាមបេះដូងនេះនោះសមាជិក ដទៃទៀតនៅក្នុងក្រុមគ្រួសារនោះ ក៏អាចកើតមានជម្ងឺនេះដែរ។
វិធីបង្ការជម្ងឺសរសៃឈាមបេះដូង
ដើម្បីបញ្ចៀសការកើតជម្ងឺសរសៃឈាមបេះដូង លោកអ្នកត្រូវអនុវត្ដនូវចំណុចមួយចំនួនដូចតទៅ។
- រៀបចំរបបអាហារផ្ទាល់ខ្លួនឱ្យបានសមរម្យ ដោយទទួលទានចំណីអាហារណាដែលមិនសូវមានជាតិខ្លាញ់ច្រើននិងជាប៊រ ច្រើន
- សូមបញ្ឈប់ការជក់បារី
- ធ្វើលំហាត់ប្រាណជាប្រចាំ ដូចជារត់ រាំ ឬហាត់កីឡាផ្សេងៗ
- ការពារកុំឱ្យមានការឡើងទម្ងន់ និងមានជាតិខ្លាញ់នៅក្នុងឈាម
- ទម្លាប់ឱ្យមានការតាមដានសុខភាពខ្លួនឯងរៀងរាល់បី ឬប្រាំំមួយខែម្ដង
- ព្យាបាលឱ្យបានត្រឹមត្រូវនូវជម្ងឺមួយចំនួនដែលផ្ដល់ផលវិបាកដល់ជម្ងឺសរសៃឈាមបេះដូងដែលអាចកើតមានលើរូប លោកអ្នក ជាពិសេសជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ជម្ងឺលើសខ្លាញ់នៅក្នុងខ្លួនជាដើម។
ការព្យាបាលជម្ងឺសរសៃឈាមបេះដូង
ជម្ងឺនេះត្រូវការការព្យាបាលឱ្យបានត្រឹមត្រូវ ដោយទាមទារគ្រូពេទ្យឯកទេសឬជំនាញត្រឹមត្រូវ។ ដូចនេះអ្នកជម្ងឺដេល សង្ស័យថា ខ្លួនកើតជម្ងឺសរសៃឈាមបេះដូងត្រូវប្រញាប់មកជួបគ្រូពេទ្យដើម្បីប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសបេះដូង។ លោកវេជ្ជ បណ្ឌិតឯកទេសធ្វើការពិនិត្យជូន ដោយវាស់ចង្វាក់បេះដូងនៅពេលសម្រាកស្ងៀម ឬធាក់កង់ឬរត់នៅលើតាប់ពីសរអិល មើល អេកូបេះដូងឬពេលខ្លះរហូតត្រូវថតឆ្លុះសរសៃឈាមបេះដូងដែលមាននៅមជ្ឈមណ្ឌលជម្ងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ មានន័យ ថា ជម្ងឺនេះនឹងត្រូវរកឃើញដោយលោកវេជ្ជបណ្ឌិតឯកទេសបេះដូងហើយការព្យាបាលធ្វើឡើងទៅតាមដំណាក់កាលនីមួយៗរបស់ វា។
- ការបញ្ឈប់បារី
- ព្យាបាលជម្ងឺផ្សេងៗ ដូចដែលបានរៀបរាប់ជូនខាងលើឱ្យបានត្រឹមត្រូវ
- ដំណាក់កាលស្បៀតមិនស្រួចស្រាវ ត្រូវការព្យាបាលដោយការប្រើប្រាស់ឱសថ។
- ដំណាក់កាលស្រួចស្រាវនៃជម្ងឺសរសៃឈាមបេះដូង ត្រូវធ្វើការព្យាបាលពីអ្នកឯកទេសយ៉ាងយកចិត្ដទុកដាក់និងដោយ ការប្រើប្រាស់ឱសថបេះដូង រួមផ្សំជាមួយការថែទាំអ្នកជម្ងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់។ ជួនកាលត្រូវធ្វើការឆ្លុះសរសៃឈាម បេះដូង និងពង្រីកសរសៃឈាមបេះដូងភ្លាមៗ ឬត្រូវធ្វើការព្យាបាលដោយវះកាត់ដើម្បីធ្វើការតសរសៃឈាមបេះដូងឡើងវិញ ឱ្យ សរសៃឈាមរត់បានល្អ។
ដំបូន្មានអ្នកឯកទេស
ជាទូទៅ ប្រសិនបើលោកអ្នកមានអាការឈឺក្នុងទ្រូងតិចតួច ឬចុកទ្រូងខ្លាំង នៅពេលដែលលោកអ្នកកំពុងធ្វើការពេល សម្រាក ពេលលំហាត់ប្រាណ ឬនៅពេលបញ្ចេញពលកម្មណាមួយនោះ។ លោកអ្នកកុំគិតថាវាជាអាការធម្មតាឱ្យសោះ។ មិនថាអ្នក ជាអ្នកជក់បារី ឬអ្នកមានជម្ងឺផ្សេងៗ ដូចបានរៀបរាប់ជូនខាងលើ ឬជម្ងឺក្រៅពីបានរៀបរាប់។ សូមលោកអ្នកកុំបណ្ដោយឱ្យជម្ងឺតាំង នោះមានការរីករាលដាល។ ព្រោះវាអាចបង្កផលវិបាកឱ្យមានជម្ងឺផ្សេងទៀតដែលនាំឱ្យកើតមានមកលើរូបលោកអ្នកកាន់តែទ្វេ ឡើង។ ហេតុដូចនេះ លោកអ្នកត្រូវមកធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសបេះដូងដើម្បីការពារមុនជាជាងបណ្ដោយឱ្យដំណាក់ កាលស្រួចស្រាវកើតមានឡើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply